ភ្នំពេញៈ មន្ត្រី​ជំនាញ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ស្ទូច​សាឡង់​ដឹក​ខ្សាច់ ដែល​កឿង​ជាប់​នឹង​សសរស្ពាន​ព្រែកតាមាក់​កាលពី​ដើម​ខែកញ្ញា​ចេញ​បាន​ហើយ បន្ទាប់ពី​ផ្អាក​ប្រតិបត្តិការ​មួយរយៈ​ក្រោយ​ចំណាយពេល​ជិត ១ ​សប្តាហ៍​ នៅតែ​មិនអាច​ទាញ​សាឡង់​ចេញ​បាន ព្រោះ​តែ​សម្ពាធ​ទឹក​បុក​ខ្លាំង​។

ជាមួយ​នឹង​ការទទួល​បាន​ជោគជ័យ​ក្នុង​ការស្ទូច​សាឡង់​នេះ​ចេញ​បាន​លោក គង់ វិមាន អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រុម​ការងារ​បាន​ដំណើរការ​យក​សាឡង់​នេះ​បន្ត​តាំងពី​ថ្ងៃ​អាទិត្យ​រហូត​ដល់​ថ្ងៃត្រង់​ម្សិលមិញ​ដោយ​បាន​បូម​ខ្សាច់ និង​ទឹក​ដែល​នៅ​សេល​សល់​ក្នុង​សាឡង់ ហើយ​ក្រុម​ជំនាញ​ក៏​បាន​ប្រើប្រាស់​សាឡង់​ផ្សេង​ទៀត ដើម្បី​អូស​ចេញ​ដោយ​ជោគជ័យ​ស្រប​ពេល​ដែល​ទឹកទន្លេ​មិន​សូវ​ហូរ​ខ្លាំង​។

លោក​បន្តថា​៖ «​ពិនិត្យ​ទៅលើ​ទិដ្ឋភាព​ជាក់ស្តែង យើង​បាន​ធ្វើ​ការងារ​នេះ​យ៉ាង​យក​ចិត្ត​ទុកដាក់ ដោយសារ​តែ​បេសកកម្ម​នៃ​ការយក​សាឡង់​ដែល​ជាប់គាំង​តាំងពី​ថ្ងៃទី​ ៨ ខែ​កញ្ញា​កន្លងមក​នេះ​គឺ​ដោយសារ​តែ​យើង​យក​រយៈពេល ៥ ទៅ ៦ ​ថ្ងៃ​គឺ​ស្ទះ​ដោយសារ​ទំហំ​ទឹក​ច្រើន បុក​ខ្លាំង​មិន​អាច​យក​បាន​។ ប៉ុន្តែ​ឥឡូវ​នេះ​ដោយសារ​ទឹកទន្លេ​បាន​ស្រក​ច្រើន​ដែល​អំណោយផល​ដល់​ក្រុមការងារ​បំពេញ​បេសកកម្ម​បន្ត​នេះ​»​។

លោក គង់ វិមាន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុម​ជំនាញ​ដែល​ជា​អ្នកបច្ចេកទេស​រួមមាន​កម្ពុជា និង​ចិន​បាន​ពិនិត្យ​ហើយ​ថា ការជាប់គាំង​សាឡង់​ក្នុង​មួយរយៈ​ពេល​កន្លងមក​នេះ​គឺ​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សសរស្ពាន​នោះ​ទេ ព្រោះ​តែ​បាន​ធ្វើការ​បូម​ខ្សាច់​ចេញ​ខ្លះ​ពី​សាឡង់ ដើម្បី​សម្រាល​បន្ទុក និង​បានដាក់​ពោង​ជាច្រើន​សម្រាប់​ទប់​កម្លាំង​ទឹក​រុញ​។

លោក​បញ្ជាក់​បន្ត​ថា​៖ «​សម្រាប់​ក្រសួង​សាធារណការ គឺ​ដោយសារ​តែ​ភាពជាក់ស្តែង​សាឡង់​ដែល​ជាប់គាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ មិន​មាន​ផលប៉ះពាល់​ផ្នែក​ណាមួយ​ដល់​ស្ពាន​នោះទេ​។ ដូច្នេះ​ចំពោះ​វិធានការ​ផ្សេងៗ​ទៅ​ម្ចាស់​សាឡង់​ហ្នឹង គឺ​ផ្អែក​ទៅ​លើ​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​យើង​»​។

យ៉ាងណា​ក៏ដោយ​អ្នក​នាំពាក្យ​រូបនេះ អំពាវនាវ​ឲ្យ​នាវាចរ និង​ក្រុមហ៊ុន​សាឡង់​ដែល​កំពុង​ចរាចរ​ក្នុង​តំបន់ គួរ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែម ខណៈ​ចំពោះ​មុខ​ក្រសួង​នឹង​បង្កើន​ការផ្សព្វផ្សាយ និង​ចេញ​លិខិត​ណែនាំ​ជា​បន្តបន្ទាប់​បន្ថែម​ទៀត​ក្នុង​នោះ​ក៏បាន​ដាក់​ពោង​បណ្តែត​នៅលើ​ផ្ទៃ​ទឹក និង​ដាក់​សញ្ញា​សម្គាល់​នៅ​កន្លែង​មួយ​ចំនួន ដើម្បី​ងាយស្រួល​ឲ្យ​នាវា និង​សាឡង់​នានា បង្កើន​ការយកចិត្ត​ទុកដាក់ និង​បញ្ចៀស​នូវ​ការគ្រោះថ្នាក់​។

កាលពី​ដើម​ខែ​កញ្ញា សាឡង់​បូម​ខ្សាច់​មួយ​នេះ​ដែល​មាន​ទម្ងន់​ទាំង​ខ្សាច់ និង​សាឡង់​ជាង ៤០០ ម៉ែត្រគុប​ បាន​ជួប​ឧបទ្ទវហេតុ​រលត់​ម៉ាស៊ីន ខណៈ​កំពុង​ធ្វើ​ដំណើរ​ស្របតាម​បណ្ដោយ​ខ្សែទឹក [​ទឹកទន្លេ​មេគង្គ​] មក​ប្រកៀក​នឹង​ស្ពាន​ព្រែក​តាមាក់ ហើយ​ត្រូវបាន​ទឹក​ហូរ​កួច​ទៅ​ប៉ះទង្គិច​សសរស្ពាន​បណ្ដាល​ឲ្យ​កឿង​ជាប់​លើ​ខឿន​សសរស្ពាន​។ ប៉ុន្តែ​ក្នុង​ហេតុការណ៍​នោះ​មិន​បង្ក​ឲ្យ​នាវិក​ណា​ម្នាក់​នៅក្នុង​សាឡង់​នោះ​រងរបួស ឬ​គ្រោះថ្នាក់​ដល់​ជីវិត​នោះឡើយ​។

លោក ចាន់ ណា ម្ចាស់​សាឡង់​ដឹក​ខ្សាច់​ខាង​លើ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​ពិតជា​មាន​ការសោកស្តាយ​ចំពោះ​ឧបទ្ទវហេតុ​នេះ​ដែល​លោក​អះអាង​បន្តថា​នឹង​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត​ចំពោះ​ការចរាចរ​សាឡង់​របស់​លោក​។

លោក ចាន់ ណា បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​ជួប​ឧបទ្ទវហេតុ​បែបនេះ​មិន​ដែល​ចំណេញ​ទេ​បាទ ប៉ុន្តែ​វា​ខូចខាត​តិច សាង​ឡង់​ហ្នឹង​គ្រាន់តែ​វៀច​បន្តិច​ទេ ព្រោះ​វា​ប៉ះ​បន្តិចបន្តួច​ទេ ហើយ​យើង​បាន​អូស​មក​ច្រាំង​ហើយ អូស​យក​មក​ដាក់​នៅ​កំពង់ផែ​ហើយ​។ គេ​អត់​មាន​និយាយ​អី អត់​មាន​ពិន័យ​អី​ទេ ព្រោះ​គេ​បាន​ពិនិត្យ​មើល​ហើយ អត់​មាន​ប៉ះពាល់​ស្ពាន​អី​ទេ​»​។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា ក្នុង​ប្រតិបត្តិការ​នេះ​ក្រសួង​ជំនាញ​បាន​សហការ​គ្នា​យ៉ាង​យកចិត្ត​ទុកដាក់​ក្នុង​នោះ​ក៏មាន​ក្រសួង​រ៉ែ​ និង​ថាមពល​ផង​ដែរ​។

លោក​បញ្ជាក់ថា៖ «​លោក​ ចាន់ណា ជា​អាជីវករ​ដឹកជញ្ជូន និង​ចែកចាយ​ខ្សាច់ តែ​មិនមែន​ជា​អ្នក​ធ្វើ​ប្រតិបត្តិការ​រ៉ែ​ខ្សាច់​ទេ​។ គាត់​ទិញ​​ខ្សាច់​ពី​អ្នក​មាន​អាជ្ញាប័ណ្ណ​​បូម​ដាក់​ឲ្យ​គាត់​ដឹកជញ្ជូន​យក​ទៅ​លក់​បន្ត​។ តែ​ទោះ​ជា​យ៉ាងនេះ​ក្តី ក្រសួង​រ៉ែ​បាន​​ចូលរួម​ជួយ​ជា​បច្ចេកទេស​​ និង​សហប្រតិបត្តិការ​ពី​អ្នក​ជំនាញ​បូម​ខ្សាច់​ដើម្បី​យក​ខ្សាច់​ចេញ​ពី​សាឡង់​ដឹក​នេះ​។ ក្រោយពី​ឧបទ្ទវ​ហេតុ​នេះ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ណែនាំ​ឱ្យ​អាជីវករ​ទាំងអស់​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវទឹក​ឲ្យ​បាន​ខ្ជាប់ខ្ជួន​»៕