ព្រះសីហនុៈ មន្ត្រី​ខេត្ត​ព្រះ​សីហនុ​អះ​អាង​ថា ​ម្ចាស់​កាស៊ី​ណូ​ចិន​ឈ្មោះ ​«ជីន ទីង» ស្ថិត​នៅលើ​​កោះរ៉ុង​សន្លឹម​កំពុង​ផ្គើន​ជា​មួយ​អាជ្ញាធរ​ដោយ​សារ​មិន​បាន​សហ​ការ​បិទ​អាជី​វកម្ម​របស់​ខ្លួនហើយ​នៅ​តែ​បន្តលួច​បើក​លេង​ល្បែង​ទាំង​ខុស​ច្បាប់​ បើទោះ​ជា​សា​លា​ខេត្ត​បាន​សម្រេច​ឱ្យ​បិទ​ទ្វារ​តាំងពី​ថ្ងៃ​ទី​ ២២​ ខែ​មីនា មក​ក៏ដោយ។

លោក​ ឃាង ភារ​ម្យ ​មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសី​ហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ថា​ រដ្ឋបាល​ខេត្ត​ធ្លាប់​បាន​យក​លិខិត​ចុះទៅ​បិទ​អាជីវ​កម្ម​របស់​កាស៊ី​ណូ «ជីន ទីង» ដែល​មាន​ម្ចាស់​ជា​ជន​ជាតិ​ចិន​ឈ្មោះ ZHOU JIANHUA ម្ដង​រួច​ហើយ ហើយ​សាលា​ខេត្ត​ក៏​ថែម​ទាំង​បាន​ផ្ញើ​លិខិត​ ១​ ទៀត​ចុះ​ថ្ងៃទី​ ១ ​ខែ មេសា​ ទៅកាន់​ស្នងការ​ដ្ឋាន​នគ​របាល​ខេត្ត​ដើម្បីឱ្យ​ចុះទៅ​បិទ​អាជី​វកម្ម​កាស៊ី​ណូ​នេះ​ម្ដង​ដែរ ប៉ុន្តែ​លោក​ថា មក​ទល់​ពេល​នេះ ម្ចាស់​កាស៊ីណូ​នោះ នៅ​តែ​បើក​ដំណើរការ​លួច​លាក់​ទាំង​ខុស​ច្បាប់​ដដែល។

លោក​ថា៖​ «យើង​ពិបាក​ក្នុងការ​សន្និ​ដ្ឋាន យើង​គ្រាន់តែ​កំណត់​ថា គាត់​អត់​សហ​ការ​ទី១ ទី២ (គាត់) បើក​លួច លាក់​លេង​អ៊ីចឹងទៅ អានេះ​ហើយ​ផ្គើន​នឹង​សេចក្ដី​ណែនាំ​របស់​អាជ្ញាធរ»។

ការលើកឡើង​របស់​លោក​ ឃាង ភា​រម្យ​ នេះ បន្ទាប់ពី​អង្គការ​មាតា​ធម្មជាតិ​បាន​បង្ហោះ​វីដេអូ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី ២២ ឧសភា ដោយ​បង្ហាញ​ពីការរក​ឃើញថា មជ្ឈ​មណ្ឌល​កម្សាន្ត​កាស៊ីណូ​ឈ្មោះ«ជីន ទីង» នេះ នៅតែ​បន្ត​បើក​ឱ្យ​ជនជាតិ​ចិន​ចូលទៅ​លេងល្បែង​ខុសច្បាប់ក្នុងនោះ​មាន​ទាំង​ការអ​នុញ្ញាត​ឱ្យ​ជន​ជាតិ​ខ្មែរ​ចូល​លេង​ផងដែរ។

ទោះជា​យ៉ាងណា លិខិត​ចុះ​ទី ១១ ខែ មី​នា របស់​សាលាខេត្ត​ព្រះសីហនុ​បានសម្រេច​បិទ​កាស៊ីណូ​នេះ ​ចាប់ពី​ថ្ងៃទី ២២ ខែ មីនា ​មក​ម្ល៉េះ បន្ទាប់ពី​អាជ្ញាធរ​អះអាងថា កាស៊ីណូ​នេះ​បាន​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ​ប៉ះពាល់​ដល់បរិស្ថាន​ធ្ងន់ធ្ងរ ចាក់ធុងបាស់​បង្ក​សំឡេង​រំខាន អនុញ្ញាតឱ្យ​មានការ​បា​ញ់​បោះ​សេរី ផុត​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម និង​ជាពិសេស​សាងសង់​សំណង់​លើ​ឆ្នេរសមុទ្រ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

ទោះ​ជាយ៉ា​ងណា​ ​លោក ឃា​ង ភារ​ម្យ ​មិន​បាន​បញ្ជាក់​ថា ​តើ​សមត្ថ​កិច្ច​នឹង​ចុះ​ទៅពិ​និត្យ​ដើម្បី​បិទ​កាស៊ី​ណូ​នេះ​ម្ដង​ទៀត​នៅ​ពេល​ណា​ឡើយ​ ដោយ​លោក​បាន​ជំរុញ​ឱ្យ​សួរ​ខាង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​វិញ។

លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួល​លិខិត​ពី​រដ្ឋបាលខេត្ត គឺ​ខាង​សមត្ថកិច្ច​ធ្លាប់បាន​យក​លិខិត​នោះ​ទៅ​ប្រគល់ឱ្យ​ម្ចាស់​កាស៊ីណូ​នោះ​បិទ​រួចហើយ ប៉ុន្តែ​ចំពោះ​វិធានការ​ខាងមុខបន្ថែមទៀត​ក្នុងករណី​កាស៊ីណូ​នេះ​នៅតែ​បន្ត​បើកដំណើការ គឺ​មិនមែន​ខាង​នគរបាលជា​អ្នកសម្រេច​នោះទេ តែ​ជាការ​សម្រេច​របស់​គណៈ​​បញ្ជាការ​ឯកភាព​ខេត្ត។

លោក​ថា៖ «បិទ​ហ្នឹងត្រូវ​បិទ​របៀប​ម៉េចអាហ្នឹង​ទាល់តែ​គណៈបញ្ជាការ​ឯកភាព​ខេត្តបើ​ខាង​ប៉ូលិស​ខ្ញុំ​បានតែ​យក​លិខិត​ប្រគល់​ឱ្យ​ហើយ»។

ជា​មួយ​គ្នា​នេះ​ លោ​ក សាមុត​ សុធា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​ព្រះ​សីហនុ​ បាន​បញ្ជាក់​ថា លោក​នៅពុំ​បាន​ដឹង​អំពី​ករណី​កាស៊ីណូ «ជីន ទីង» បន្ត​បើក​ដំណើរការ​ឡើយ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា ការបញ្ឈប់​ការ ហូរ​ទឹកស្អុយ​ចូល​សមុទ្រ​ពី​កាស៊ីណូ​នេះធ្វើឡើង​បន្ទាប់ពី​មានការ​សម្រេច​ឱ្យ​បិទ​កាស៊ីណូ​របស់​សាលា​ខេត្ត។លោក​ថា៖ «ចាំ​មើល​ខ្ញុំ​ឆែក​ព័ត៌មាន​តិច​សិន»។

លោក ឈឺ​ន ចន្ថា ចៅសង្កាត់​កោះរ៉ុង​សន្លឹម​បានលើកឡើង​ដែរ​ថា កាស៊ីណូ​នេះ​នៅតែ​បន្ត​លួច​បើក​ដំណើ​រ ការ​ពិតមែន ប៉ុន្តែ​នៅពេល​លោក​ឱ្យ​មន្ត្រី​ប៉ុស្ដិ៍​ចុះ​ទៅ​តាម​ឃ្លាំ​មើល​គឺ​មិន​បាន​ឃើញ​នោះទេ។

លោក​ថា៖ «នៅពេល​អាជ្ញាធរ​ចុះទៅ​គឺ​អត់​លេង​ទេ ប៉ុន្តែ​ដល់អាជ្ញាធរ​មកវិញគេលេង ប៉ុន្តែ​ព័ត៌មាន​ហ្នឹង​មិន​ទាន់​ច្បាស់​ការ​ទេ»។

ចំណែក​លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) បានថ្លែងថា ប្រសិនបើ​ម្ចាស់​កាស៊ីណូ​នេះ​មិន​គោរ​ពតាម​សេចក្ដីណែនាំ អាជ្ញាធរ​មិនគួរ​ចំណាយ​ពេលវេលា​ពិចារណា​ទៀត​ទេ ហើយ​គួរ​ចាប់ផ្ដើម​អនុវត្ត​តាមច្បាប់​ដែលមាន ព្រោះ​លោក​ថា កាស៊ីណូ​នេះ បាន​សាងសង់​ខុសច្បាប់​លើដី​ឆ្នេរនិង​ការ បើក​ដំណើរការ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ជាដើម។

លោក​ថា៖ «ទី​១​ វា​សាង​សង់​លើ​ចំណី​សមុទ្រ​ហើយ ​មាន​វិធានការ​តាមច្បាប់​តែ​ហ្មង​ទៅ​មិនត្រូវ​ឱ្យ​លួច​បើក​អ៊ីចឹង​ទៀត​ទេ»។

ប៉ុន្តែ​បើ​តាម​ លោក ​ឃាង ភារ​ម្យ នៅ​ពេល​ខាង​មុខ​ អាជ្ញា​ធរ​នឹង​ទុក​ពេល​ឱ្យ​ម្ចាស់​កាស៊ី​ណូ​ត្រូវ​រុះរើ​ចេញពី​តំបន់​ឆ្នេរ​វិញ បើ​ពុំ​ដូច្នេះ​ទេ អាជ្ញា​ធរ​នឹង​មាន​វិធាន​ការ​ចុះ​ទៅ​រុះរើ​ដោយ​ខ្លួន​ឯង៕