ភ្នំពេញៈ ​ការជំនុំជម្រះ​ក្តី​ពិសេស​នៅ​សាលាឧទ្ធរណ៍​ត្រូវ​បាន​មន្ត្រី​ទទួល​ស្គាល់​ថា នៅ​មាន​បញ្ហា​រាំងស្ទះ​ខ្លះ ខណៈ​ជនជាប់ចោទ​មាន​វត្តមាន​ក្នុង​សវនាការ តែ​គ្មាន​មេធាវី​ការពារ​ក្តី បើ​ទោះ​ជា​ចៅក្រម​បាន​​ធ្វើ​លិខិត​ស្នើសុំ​មេធាវី​ទៅ​ក្រសួង​យុត្តិធម៌​ក្ដី​។

លោក ទូច ថារិទ្ធិ អ្នក​នាំពាក្យ​សាលាឧទ្ធរណ៍​ប្រាប់​កាលពី​ម្សិលមិញ​ថា ករណី​នេះ​ខាង​សាលាឧទ្ធរណ៍​ធ្លាប់​បាន​ធ្វើ​លិខិត​ទៅ​ក្រសួង​យុត្តិធម៌​ដើម្បី​សុំ​មេធាវី​មក​ការពារ​ក្តី​​ឲ្យ​ជន​ជាប់ចោទ ព្រោះ​ខាង​ក្រសួង​យុត្តិធម៌​ជា​អ្នក​ធ្វើ​លិខិត​​ទៅ​គណៈមេធាវី​ទើប​មាន​ការ​បញ្ជូន​មេធាវី​មក​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ ខណៈ​សំណុំ​រឿង​ខ្លះ​ចាំបាច់​ត្រូវ​តែ​មាន​អ្នក​ការពារ​ក្ដី​។

លោក​បាន​ថ្លែង​ថា​៖ «​ករណី​ជំនុំជម្រះ​លើ​ជនជាប់ចោទ​​ជា​បទឧក្រិដ្ឋ ដូច្នេះ​ត្រូវតែ​មាន​មេធាវី​ជា​ចាំបាច់​។ ព្រោះ​តាម​នីតិវិធី​ច្បាប់ កាលណា​សំណុំ​រឿង​នោះ​ជា​បទឧក្រិដ្ឋ​គឺ​ត្រូវ​​តែ​មាន​មេធាវី​ដើម្បី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​ ឬ​ជនល្មើស​ហើយ​​បើ​គ្មាន​មេធាវី​ទេ​គឺ​មិន​អាច​ដំណើរការ​បាន​ទេ​»​។

ជុំវិញ​បញ្ហា​នេះ​លោក សួន វិសាល ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៤ ​តុលា​ថា​លោក​បាន​ដឹង​បញ្ហា​ប្រឈម​របៀប​ហ្នឹង​ដែរ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​មិន​មាន​ទៀត​ទេ​ ឬ​បើ​មាន​មែន​គឺ​មាន​តិចតួច​បំផុត​ដោយសារ​បច្ចុប្បន្ន​យើង​មាន​មេធាវី​ប្រចាំ​នៅ​តុលាការ​។

លោក​បញ្ជាក់​ថា​៖ «​យើង​មាន​តំណាង​មេធាវី​របស់​យើង​នៅ​ប្រចាំការ​ជា​អចិន្រៃ្តយ៍​នៅ​តាម​តុលាការ​នីមួយៗ​។ អ៊ីចឹង​នៅ​ពេល​ដែល​មាន​ជន​ជាប់ចោទ​មក​គឺ​មេធាវី​របស់​យើង​ដែល​មាន​ចំនួន​ ៥០០ ​រូប​ដែល​ស្ម័គ្រចិត្ត​នោះ​គឺ​យើង​មាន​ប្រចាំការ​គ្រប់​តុលាការ​ទូទាំង​ប្រទេស​តែ​ម្តង​...«​អ៊ីចឹង​នៅ​ពេល​តុលាការ​ត្រូវការ​មេធាវី​គឺ​តុលាការ​គ្រាន់តែ​ជូន​ដំណឹង​ទៅ​ការិយាល័យ​ប្រតិភូ​របស់​យើង​គឺ​មេធាវី​របស់​យើង​មក​ទទួល​ការងារ​ភ្លាម​។ ដូច្នេះ​មិន​មាន​បញ្ហា​ដល់​នីតិវិធី​នៃ​ការជម្រះក្តី​ទៀត​ទេ​។ នេះ​គឺ​យើង​ប្រឹងប្រែង​ធ្វើ​រហូត​មក​ដល់​ពេល​នេះ​ការរាំងស្ទះ​គឺ​ដោះស្រាយ​បាន ហើយ​យើង​បាន​រៀបចំ​យន្តការ​ដែល​ធ្វើឲ្យ​ជនជាប់ចោទ​នៅ​តុលាការ​នោះ​បាន​ប្រើប្រាស់​សេវា​របស់​យើង​ទាន់​ពេលវេលា​»​។

ដោយឡែក​ចំពោះ​សំណុំ​​រឿង​ និង​ចំណាយ​លើ​ការការពារ​ក្តី​ជូន​ជនក្រីក្រ​នេះ​ក្នុង​ ១ ​ឆ្នាំៗ​វិញ​លោក សួន វិសាល បាន​ឱ្យ​ដឹង​ថា​មាន​សំណុំ​រឿង​ដែល​ត្រូវ​ការពារ​ក្តី​មាន​ប្រមាណ​ជា ៥ ​ពាន់​ករណី ខណៈ​រាជរដ្ឋាភិបាល​ជួយ​ផ្តល់​ថវិកា​សម្រាប់​ចំណាយ​ក្នុង​ ១ ​ឆ្នាំ​ ១២០០ ​លាន​រៀល​។ តែ​ក្នុង​ចំនួន​ថវិកា​នេះ​ធ្វើ​បាន​តែ​ប្រហែល ៣ ​ពាន់​ករណី​ប៉ុណ្ណោះ​។

លោក​បន្ត​ថា​ទន្ទឹម​នឹង​នេះ​លោក​ក៏​បាន​ជួប​ប្រជុំ​ជាមួយ​តុលាការ​គ្រប់​ស្ថាប័ន​ដើម្បី​ដឹង​​ថា គណៈមេធាវី​បាន​ធ្វើអ្វី​ខ្លះ ហើយ​និង​ដឹង​ថា​ការិយាល័យ​របស់​គណៈមេធាវី​នៅ​កន្លែង​ណា​? ​គឺ​កន្លែង​ ឬ​បន្ទប់​របស់​គណៈមេធាវី​នៅ​ជាប់​នឹង​តុលាការ​តែ​ម្តង​។ ព្រោះ​តុលាការ​បាន​ឲ្យ​បន្ទប់​មក​គណៈមេធាវី​ ១ ​ឬ​ ២ ​បន្ទប់​សម្រាប់​ធ្វើ​ការិយាល័យ​របស់​គណៈមេធាវី​ប្រចាំ​នៅ​តុលាការ​។

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក យុង ផានិត អនុប្រធាន​​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា តាម​នីតិវិធី​ពី​មុនៗ​មក​តុលាការ​ត្រូវ​ធ្វើ​លិខិត​ស្នើ​សុំ​ទៅ​ក្រសួង​យុត្តិធម៌ ហើយ​បន្ទាប់​មក​ខាង​ក្រសួង​យុត្តិធម៌​ផ្ញើ​បន្ត​ទៅ​គណៈមេធាវី​។ ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ក៏​នៅ​តែ​អនុវត្ត​នីតិវិធី​នេះ​ដដែល តែ​ការ​ផ្តល់​ព័ត៌មាន​ធ្វើ​តែ​តាម​​តេឡេក្រាម​ទេ​។

លោក​បាន​បន្ថែម​ថា​៖ «​ឥឡូវ​នេះ​បញ្ហា​កកស្ទះ​គ្មាន​មេធាវី​នេះ​​គឺ​កាត់បន្ថយ​បាន​ ៩០ ​ភាគរយ​ហើយ​ចំពោះ​វិបត្តិ​គ្មាន​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​នេះ​។​ ប៉ុន្តែ​យើង​ក៏​នៅ​តែ​ទទួល​ស្គាល់​ថា​នៅ​មាន​បញ្ហា​មួយ​ចំនួន​តូច​ដែរ តែ​ទោះ​យ៉ាង​ណា​ការ​អនុវត្ត​នីតិវិធី​ផ្តល់​ព័ត៌មាន​ស្នើសុំ​មេធាវី​តាម​តេឡេក្រាម​នេះ​ជា​នីតិវិធី​លឿន​បំផុត​»៕