រតនគិរីៈ មន្ត្រី​បរិស្ថាន​រតនគិរី​គ្រោង​នឹង​ចុះ​ពិនិត្យ​បឹង​ធម្មជាតិ​មួយ​ស្ថិត​ក្នុង​ស្រុក​កូន​មុំ បន្ទាប់ពី​សហគមន៍​នេសាទ​បាន​ចោទ​ក្រុមហ៊ុន​វៀតណាម​ថា បាន​ចាក់​កាកសំណល់​ចេក​ និង​សំរាម​ប្លាស្ទិក​ចូល​ទៅក្នុង​ទឹក​ធ្វើឱ្យ​ពុល​ត្រី និង​មិន​អាច​ចុះ​នេសាទ​ត្រី​បាន​។ ប៉ុន្តែ​អាជ្ញាធរ​បាន​អះអាង​ថា ក្រុមហ៊ុន​វៀតណាម គ្រាន់​តែ​ជីករណ្ដៅ​ដាក់​សំរាម​នៅក្បែរ​បឹង​នោះ​តែប៉ុណ្ណោះ​។

លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​នៅ​ថ្ងៃ​ចន្ទ​ថា កន្លងមក​ក្រុម​ការងារ​ពាក់ព័ន្ធ​ខេត្ត​ធ្លាប់​បាន​ចុះទៅ​ណែនាំ​ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ហ័ង អាញ់យ៉ា ឡាយ​ (Hoang AnhGia Lai) ​រៀបចំ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ការរាយការណ៍​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​បាន​ចាក់​កាកសំណល់​ចេក និង​សំរាម​ប្លាស្ទិក​ចូល​បឹង​ស្ថិត​ក្នុង​ភូមិ​ប្រាំ ឃុំ​​ត្រពាំងច្រេស ស្រុក​កូនមុំ គឺ​មន្ទីរ​មិនដឹង​ច្បាស់​នៅ​ឡើយ ហើយ​នឹង​ចាត់​ក្រុមមន្ត្រី​ចុះ​ពិនិត្យ​នៅពេល​ខាងមុខ​។

លោក ខេមរិន្ទ ថ្លែង​ថា​៖ «​បើ​ពិនិត្យ​ឃើញ​ថា គាត់​ (​ក្រុមហ៊ុន​) ​ពិត​ធ្វើឱ្យ​មាន​ផលប៉ះពាល់​មែន យើង​នឹង​ពិន័យ​គាត់​ទៅ​តាម​ច្បាប់​។ មិន​ថា​ក្រុមហ៊ុន​ ឬ​ផ្ទះ​ទេ គឺ​ត្រូវ​មាន​កន្លែង​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​យើង​នឹង​ចុះ​ពិនិត្យ​មើល​សិន​»​។

លោកស្រី ឌុក ចាន់នី ប្រធាន​សហគមន៍​នេសាទ​នៅ​ភូមិ​ប្រាំ​បាន​ឲ្យ​ដឹងថា កាលពី​អំឡុង​ខែឧសភា ពលរដ្ឋ​បាន​ប្រទះឃើញ​ក្រុមហ៊ុន​វៀតណាម​បាន​ដឹក​សំរាម​យក​មក​ចាក់​ក្នុង​បឹង ហើយ​ក្រោយពី​អាជ្ញាធរ​ឃុំ និង​ស្រុក​ និង​សហគមន៍​នេសាទ​បាន​ចុះទៅ​ពិនិត្យ​កាលពី​ថ្ងៃទី​ ២៦ ខែមិថុនា ខាង​ក្រុមហ៊ុន​បាន​ព្យាយាម​យក​ដី​ទៅ​ចាក់​លុប​សំរាម​ទាំងនោះ​។

លោកស្រី​បន្តថា កាកសំណល់​ទាំងនោះ​ភាគច្រើន​គឺជា​ផ្លែ​ចេក និង​ត្រយូងចេក​រួមទាំង​ថង់ និង​ដប​ប្លាស្ទិក​ដែល​បាន​ធ្វើឱ្យ​ទឹក​បឹង​ប្រែ​ទៅជា​ពណ៌​ខៀវ​មាន​ក្លិនស្អុយ និង​ធ្វើឱ្យ​មាន​ជាតិពុល ហើយ​ពលរដ្ឋ​បាន​នាំគ្នា​ឈប់​ចុះទៅ​ងូតទឹក និង​ផ្អាក​នេសាទ ក្រោយពី​មាន​អ្នក​កើត​រមាស់​ក្រោយពី​ចុះទៅ​ក្នុង​ទឹក​បឹង​នោះ និង​ធ្វើឱ្យ​មាន​ត្រី​ពុល​អណ្ដែត​ងាប់​។

លោកស្រី​ថ្លែង​ថា​៖ «​វា​ជា​បឹង​អភិរក្ស​របស់​សហគមន៍​នេសាទ​។ វា​មិន​ត្រឹមតែ​ធ្វើឱ្យ​ទឹក​ពុល​ត្រី​ងាប់ ហើយ​ពេល​មនុស្ស​ចុះទៅ​ងូតទឹក​កើត​រមាស់​ទេ ប៉ុន្តែ​វា​នឹង​អាច​ហៀរ​ចូល​ទៅក្នុង​ទន្លេស្រែពក​ទៀត នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង ព្រោះ​បឹង​ហ្នឹង​ស្ថិត​នៅ​ជិត​ទន្លេ​តែ​ ២ ​ទៅ​ ៣០០ ​ម៉ែត្រ ហើយ​នឹង​ធ្វើឱ្យ​ពលរដ្ឋ​កើត​រមាស់​ថែមទៀត បើ​ចុះទៅ​ងូតទឹក​ក្នុង​ទន្លេ​ហ្នឹង​»​។

លោកស្រី ចាន់នី ថ្លែងថា​៖ «​សំរាម​ទាំង​ហ្នឹង​ច្រើនណាស់ មិនមែន​តិច​ទេ រាប់រយ​ឡាន និង​រាប់សិប​តោន ព្រោះ​អណ្ដែត​នៅលើ​ផ្ទៃ​ទឹក​ ៥០ ​ម៉ែត្រ​ ៤ ​ជ្រុង​ហើយ​ហ្នឹង​។ ឥឡូវ​គេ​បាន​យក​ដី​ទៅ​ចាក់​លុប​ (​សំរាម​) ប៉ុន្តែ​ទោះ​ជា​ចាក់​លុប​យ៉ាងណា​ក៏ដោយ ក៏​នៅតែ​ចេញ​ទឹក​មក​ខៀវៗ បន្ទាប់ពី​ពួកខ្ញុំ និង​អាជ្ញាធរ​ចុះ​ទៅ​មើល ក្រុមហ៊ុន​ដឹង​ខ្លួន​បាន​ចាក់ដី​លុប​»​។

លោកស្រី​បញ្ជាក់ថា បឹង​ធម្មជាតិ​នេះ​គឺ​មាន​ទំហំ​ផ្ទៃ​ប្រហែល​ ២ ​ហិកតា និង​ស្ថិត​ពី​ក្រុមហ៊ុន​ចម្ងាយ​ប្រហែល​ ៥០០ ​ម៉ែត្រ និង​ពី​ផ្ទះ​ពលរដ្ឋ​ចម្ងាយ​ប្រហែល​ ៣ ​គីឡូ​។

លោក សេក ហៃ អភិបាលស្រុក​កូនមុំ​បាន​បញ្ជាក់ថា ខាង​ក្រុមហ៊ុន​គឺ​បាន​កាយ​កាកសំណល់​ទាំងនោះ​ចេញ​ពី​បឹង​វិញ​អស់ហើយ​។

លោក ហៃ ថ្លែង​ថា​៖ «​គេ​បាន​កាយ​អស់ហើយ​។ មិនមែន​ចាក់សំរាម​ទេ គឺ​ចាក់​ផ្លែ​ចេក​ចូល​បឹង​។ យើង​បាន​ធ្វើ​កិច្ចសន្យា​ឱ្យ​កាយ​យកចេញ​អស់ហើយ​»​។

លោក ង៉ែត សុភឿន មេឃុំ​ត្រពាំងច្រេស​បាន​បញ្ជាក់ថា ការចុះពិនិត្យ​រកឃើញ​ថា ក្រុមហ៊ុន​គ្រាន់តែ​កាយ​ដី​ជា​រណ្ដៅ​សម្រាប់​ដាក់​សំរាម​នៅក្បែរ​បឹង​ប៉ុណ្ណោះ កន្លែង​ដាក់​សំរាម​នោះ គឺ​មិនមែន​ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំងច្រេស​ទេ​គឺ​ស្ថិត​នៅក្នុង​ឃុំ​ស្រែ​អង្គ្រង​ឯណោះ​។

លោក​បន្តថា អាជ្ញាធរ​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​កាយ​យក​សំរាម​ទាំងនោះ ទៅ​ដាក់​នៅ​កន្លែង​ផ្សេង ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​បឹង ហើយ​ចំណែក​ការលើកឡើង​របស់​សហគមន៍​ថា​បាន​ធ្វើឱ្យ​ទឹក​មាន​ជាតិពុល និង​ធ្វើឱ្យ​ត្រី​ងាប់​នោះ គឺ​មិនមែន​ជា​ការពិត​ឡើយ​។

លោក​មេឃុំ សុភឿន បាន​ឲ្យ​ដឹង​ទៀតថា​៖ «​គេ​បាន​កាយ​រណ្ដៅ​ដាក់​សំរាម​ទាំង​ហ្នឹង​ដាក់​ត្រឹមត្រូវ​ហើយ ក្រោយពី​ពួកយើង​បាន​ចុះទៅ​ពិនិត្យ ហើយ​ឃើញ​គេ​កាយ​រណ្ដៅ​ហ្នឹង គឺ​ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​»៕