ភ្នំពេញៈ មន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលរបាយការណ៍ពីគណៈកម្មការស្វែងរកការពិតរបស់សហភាពអឺរ៉ុបទៅលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធស្ដីពីកម្ពុជាដែលសហភាពអឺរ៉ុបនឹងធ្វើការសម្រេចចិត្តជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ ២០២០ ថាតើត្រូវព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធមកលើកម្ពុជា។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងកាលពីថ្ងៃពុធថា៖ «ក្រសួងការបរទេសកម្ពុជាបានទទួលរបាយការណ៍នោះហើយកាលពីម្សិលមិញ (ថ្ងៃទី ១២ វិច្ឆិកា) ហើយនឹងធ្វើការសិក្សាទៅលើរបាយការណ៍នោះ»។
នៅក្នុងសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបកាលពីថ្ងៃ ១២ វិច្ឆិកាបានឲ្យដឹងថា គណៈកម្មការស្វែងរកការពិតរបស់អឺរ៉ុបបានបញ្ចប់របាយការណ៍របស់ខ្លួន ហើយបានបញ្ជូនឱ្យរដ្ឋាភិបាលកម្ពុជាពិនិត្យ និងឆ្លើយតប។ ការឆ្លើយតបនេះ គឺមានរយៈពេល ១ ខែបន្ទាប់មកសហភាពអឺរ៉ុបនឹងធ្វើសេចក្តីសម្រេចជាផ្លូវការរបស់ខ្លួននៅខែកុម្ភៈ ឆ្នាំ ២០២០។
ដោយឡែកលោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុបបានសរសេរលើបណ្តាញសង្គម Twitter របស់លោកស្រីកាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុបមានការព្រួយបារម្ភខ្លាំងពីបញ្ហាសិទ្ធិមនុស្ស។
លោកស្រី Cecilia Malmstrom ថា៖ «យើងបានបញ្ចប់របាយការណ៍បឋមរបស់យើងស្តីពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើកម្ពុជា។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ កម្ពុជាមានរយៈពេល ១ ខែដើម្បីធ្វើការឆ្លើយតប ហើយយើងនឹងធ្វើការសម្រេចចិត្តរបស់យើងជាចុងក្រោយនៅក្នុងខែកុម្ភៈ ឆ្នាំក្រោយ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃទី ១៣ វិច្ឆិកាថា រាជរដ្ឋាភិបាលបានបន្ត និងកំពុងបន្តជជែកពិភាក្សាជាមួយសហភាពអឺរ៉ុបក្នុងភាពជាដៃគូដោយមិនមានការដាក់សម្ពាធលើគ្នាទៅវិញទៅមកនោះទេ ហើយរាជរដ្ឋាភិបាលកម្ពុជាបន្តធ្វើការពន្យល់សហភាពអឺរ៉ុបពីស្ថានភាពជាក់ស្តែងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យតាមរយៈការធ្វើកំណែទម្រង់ផ្សេងៗ។
លោកបានបញ្ជាក់ថា៖ «យើងជាដៃគូជាមួយសហភាពអឺរ៉ុបហើយសហភាពអឺរ៉ុបមិនមែនជាចៅហ្វាយ ឬអាណានិគមមកលើកម្ពុជានោះទេ»។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងបង្ហាញទៅសហភាពអឺរ៉ុបថា កម្ពុជាចង់រក្សានូវប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយបានបន្ធូរបន្ថយលក្ខខណ្ឌលើលោក កឹម សុខា ដោយអនុញ្ញាតឲ្យមានសិទ្ធិដើរហើរក្នុងប្រទេសបាន តែស្ថិតនៅក្រោមលក្ខខណ្ឌមិនអនុញ្ញាតឲ្យធ្វើនយោបាយ និងចេញក្រៅពីទឹកដីកម្ពុជា។
នៅក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំនៅកម្ពុជាលោកស្រី Carmen Moreno ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន កាលពីថ្ងៃទី ៨ ខែវិច្ឆិកា នោះលោកស្រីបានបង្ហាញក្ដីសង្ឃឹមថា កម្ពុជានឹងអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ។
ទោះយ៉ាងណាក៏ដោយលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៅក្នុងរាជរដ្ឋាភិបាលបានឲ្យដឹងជាសាធារណៈតាមបណ្ដាញសង្គមថា៖ «សម្តេចតេជោ ហ៊ុន សែន នឹងរក្សាបានប្រព័ន្ធអនុគ្រោះ EBA សម្រាប់ជាផលប្រយោជន៍ប្រជាជនកម្ពុជា ពីព្រោះសម្តេចមានភាពចាស់ទុំក្នុងការធ្វើការងារទាំងកម្រិតការទូត នយោបាយ និងបច្ចេកទេសជាមួយ EU និងបណ្តាប្រទេសជាសមាជិក។ នៅក្នុងការពិតនៃនយោបាយ បរទេសនឹងបន្តជ្រើសយកសម្តេចតេជោ ហ៊ុន សែន ដែលជារដ្ឋបុរសខ្លាំងធ្វើជាដៃគូបន្តទៀត ដើម្បីរក្សា និងពង្រឹងផលប្រយោជន៍ទូលំទូលាយទាំងនយោបាយ និងសេដ្ឋកិច្ច។ បរទេសមិននៅត្រាំត្រែងជាមួយអ្នកខ្សោយ នាំខាតពេលវេលានោះឡើយ»។
សេចក្ដីថ្លែងការណ៍ដដែលរបស់សហភាពអឺរ៉ុបបានឲ្យដឹងថា៖ «សហភាពអឺរ៉ុបនៅតែតាំងចិត្តដើម្បីធ្វើការជាមួយអាជ្ញាធរកម្ពុជាដើម្បីបង្ហាញនូវបញ្ហាដែលព្រួយបារម្ភ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា ការបន្ធូរបន្ថយលក្ខខណ្ឌដល់លោក កឹម សុខា បានបង្ហាញដល់ការកែប្រែដំណើរនយោបាយនៅក្នុងប្រទេសកម្ពុជា។
លោកថា៖ «វានឹងមានការវិវត្តវិជ្ជមានផ្សេងៗបន្តទៀត តែយើងមិនដឹងច្បាស់ថា វាអាចនឹងជះឥទ្ធិពលវិជ្ជមានកម្រិតណាដល់ EBA នោះទេ»៕