ភ្នំពេញៈ មន្ត្រី​សង្ឈ​ជាន់​ខ្ពស់​ចំនួន​ ៣ ​ព្រះអង្គ​នៃ​គណៈមហានិកាយ​ត្រូវ​បាន​ប្រកាស​តែងតាំង​គោរមងារ​កិត្តិយស​ជា​ «​សម្ដេច​» ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ខណៈ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ពី​គុណសម្បត្តិ​របស់​ព្រះសង្ឃ​នៅ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​។

សម្តេចព្រះ​កិត្តិយស​ទាំង ៣ អង្គ​ដែល​ត្រូវ​បាន​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​ព្រះសុគន្ធវារី​នៅ​ព្រឹក​ថ្ងៃទី​ ២៤ ខែ​ឧសភា​ដែល​ត្រូវ​បាន​ធ្វើ​ឡើង នៅ​វត្ត​បទុមវតី​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​ការ​និមន្ត​ និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​សម្តេច​ព្រះសង្ឃ​នាយក សម្តេច​ព្រះសង្ឃ​នាយករង ព្រះអនុគណ​ក្នុង​រាជធានី​ភ្នំពេញ និង​គ្រប់​ខេត្ត​ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ពិសេស​លោក​នាយក​រដ្ឋមន្ត្រី និង​ភរិយា​របស់​លោក​គឺ​លោកស្រី ប៊ុន រ៉ានី​។

មន្ត្រី​សង្ឃ​ដែល​ត្រូវ​បាន​តែងតាំង​រួម​មាន ព្រះតេជគុណ ជា សំអាង ព្រះមេគណ​ខេត្ត​កណ្តាល​ត្រូវ​តែងតាំង​ជា​ «​សម្តេចព្រះ​ឧត្តមមុនី ជា សំអាង​»​។ ព្រះតេជគុណ​ ឃឹម សន ព្រះមេគណ​រាជធានី​ភ្នំពេញ​ត្រូវ​ទទួល​គោរមងារ​ជា​ «​សម្តេចព្រះ​ពុទ្ធជ័យមុនី ឃឹម សន​» ​ខណៈ​ព្រះតេជគុណ រ័ត្ន សារឿន ព្រះអនុគណ​ខណ្ឌ​សែនសុខ​ទទួល​បាន​គោរមងារ​ជា​ «​សម្តេចព្រះ​សក្យមុនី រ័ត្ន សារឿន​»​។

នៅក្នុង​ពិធី​នោះ​លោក ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ចំពោះ​ព្រះសង្ឃ​ទាំង​ ៣ ​​អង្គ​ដែល​ត្រូវ​បាន​ទទួល​ព្រះ​គោរមងារ​ជា​ «​សម្តេច​» ​នាពេល​នេះ​ដោយសារ​ការខិតខំ​ប្រឹងប្រែង​របស់​ព្រះអង្គ​ក្នុង​សកម្មភាព​ព្រះពុទ្ធសាសនា​កន្លង​មក​។

លោក​ថ្លែង​ថា​៖ «​​នេះ​ក៏​បាន​សង្កេត​ឃើញ​ពី​តួនាទី​របស់​ព្រះអង្គ​...​ព្រះអង្គ​បាន​បំពេញ​តួនាទី​ដ៏ល្អ​ប្រសើរ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​ដែល​សមរម្យ​ដើម្បី​ថ្វាយ តាមរយៈ​សំណើសុំ​ព្រះរាជក្រឹត្យ​សម្រាប់​តែងតាំង​ជា​សម្ដេច​។ នេះ​រឿង​សំខាន់​ទាក់ទិន​នឹង​គុណសម្បត្តិ​ដែល​ត្រូវ​ផ្តល់​តួនាទី​សម្រាប់​គោរមងារ​ជា​សម្ដេច​»​។

លោក ហ៊ឹម ឆែម រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​ថ្លែង​ក្នុង​ពិធី​កាលពី​ម្សិលមិញ​ថា មក​ទល់​បច្ចុប្បន្ន​នេះ​នៅ​ទូទាំង​ប្រទេស​មាន​វត្ត​សរុប​ទាំងអស់​ចំនួន ៤៩២៥ វត្ត​ និង​មាន​ព្រះសង្ឃ​សរុប​ចំនួន ៦៦០៥៦ អង្គ​ក្នុង​នោះ​គណមហានិកាយ​មាន​វត្ត​ ៤៧០០ ​វត្ត​មាន​ព្រះសង្ឃ ៦២១៥៦ អង្គ គណធម្ម​យុត្តិកនិកាយ​មាន​វត្ត​ ២២៥ វត្តមាន​ព្រះអង្គ​ ៣៩០០ អង្គ​។

លោក​ថា​៖ «​ក្រោយ​ពី​រស់រាន​មាន​ជីវិត​ឡើង​វិញ​ក្នុង​ដំណាក់កាល​តែ​មួយ​គឺ​នៅ​ថ្ងៃ ៧ មករា​ឆ្នាំ​ ១៩៧៩ តាមរយៈ​ការយក​ចិត្ត​ទុកដាក់​ដ៏ខ្ពង់ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្ដេច [​ហ៊ុន សែន​] នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ខិតខំ​យក​កម្លាំងកាយ កម្លាំង​ចិត្ត​ប្រាជ្ញា ស្មារតី​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ ជាពិសេស​ធ្វើឲ្យ​សាសនា​ទាំងអស់​នៅ​កម្ពុជា​មាន​ការ​បោះជំហាន​ទៅ​មុខ​ជា​លំដាប់​ក្នុង​នោះ​វិស័យ​ព្រះពុទ្ធសាសនា​មាន​ការវិវត្ត​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​»​។

កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​ក្នុង​ពិធី​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​ ២៦ សម្ដេច​ព្រះសង្ឃរាជ ទេព វង្ស បាន​អំពាវនាវ​ឲ្យ​ព្រះសង្ឃ​នៅ​ទូទាំង​ប្រទេស ចូលរួម​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់ពី​ព្រះអង្គ​ធ្លាប់​បាន​អំពាវនាវ​កាលពី​មុន​ការបោះឆ្នោត​ឆ្នាំ ២០១៣ កុំ​ឲ្យ​ព្រះសង្ឃ​ទៅ​បោះឆ្នោត ឬ​ចូលរួម​ក្នុង​សកម្មភាព​ការបោះឆ្នោត​ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដាក់​ការហាម​ឃាត់​ និង​ចង់​ឲ្យ​មាន​ច្បាប់​ហាម​ព្រះសង្ឃ​ទៅ​បោះឆ្នោត​។

ព្រះតេជគុណ បូរ បេត សមាជិក​ជាន់​ខ្ពស់​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ដែល​សកម្ម​ក្នុង​ការជួយ​ការងារ​សង្គម​ និង​បរិស្ថាន​មាន​សង្ឃដីកា​ថា បច្ចុប្បន្ន​សីលធម៌​សង្គម​បាន​ធ្លាក់​ចុះ​ហើយ​ព្រះសង្ឃ គួរ​តែ​ចូលរួម​ចំណែក​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ស្តារ​សីលធម៌​សង្គម​ដែល​កំពុង​ធ្លាក់​ចុះ​នេះ​។

ព្រះអង្គ​មាន​ថេរដីកា​ថា​៖ «​ព្រះសង្ឃ​យើង​ត្រូវ​តែ​នាំ​គ្នា​ចូលរួម​អប់រំ​សង្គម ព្រោះ​អី​សង្គម​មួយ​នេះ​ដូច​បច្ចុប្បន្ន​មើល​ទៅ​គឺ​ធ្លាក់​ចុះ​សីលធម៌ ធ្លាក់​ចុះ​ទាំង​ការ​ឲ្យ​តម្លៃ​គ្នា​ជា​មនុស្ស​ខ្សោយ​មែនទែន​។ ...​គួរតែ​នាំគ្នា​លើក​នូវ​គុណ​តម្លៃ​ព្រះពុទ្ធសាសនា ជាពិសេស​អប់រំ​ប្រជាជន​ឲ្យ​គាត់​ចូលរួម​ក្នុង​ការ​ការពារ​ព្រៃឈើ​ការពារ​ធនធាន​ធម្មជាតិ វប្បធម៌ ប្រពៃណី​សង្គមជាតិ​យើង​នេះ​ឲ្យ​បាន​ប្រសើរ​»​។

ព្រះអង្គ​ក៏​បាន​លើក​ឡើង​ដែរ​ថា​បុគ្គល​ដែល​ស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច​តែងតែ​ទទួល​បាន​នូវ​តំណែង​មុខងារ​។ «​យើង​ដឹង​ស្រាប់​ហើយ យើង​ឃើញ​ថា​ឲ្យ​តែ​ព្រះសង្ឃ​ណា​ដែល​កៀក​ជាមួយ​នឹង​រដ្ឋាភិបាល​...​សេពគប់​រដ្ឋាភិបាល​បាន​តួនាទី​បាន​ឋានៈ​បាន​បុណ្យស័ក្តិ​មាន​ឡាន មាន​អី​ជិះ តែ​ដូច​ក្រុម​អាត្មា អ្នក​តស៊ូ​បញ្ចេញមតិ តស៊ូ​ការពារ​ព្រៃឈើ​...​ក្រុម​អាត្មា​អត់​ឃើញ​មាន​អី​ទេ មាន​តែ​គេ​ឲ្យ​ទោស​»៕