ភ្នំពេញៈ រដ្ឋលេខាធិការ​​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​ឲ្យ​ដឹងថា ជំងឺ​គ្រុនឈីក​បាន​ផ្ទុះ​រាលដាល​ដល់​ ១៥ ខេត្ត ​នៅ​កម្ពុជា​ដែល​ទាមទារ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​លុបបំបាត់​ជម្រក​មូសខ្លា ដើម្បី​ទប់ស្កាត់​ការរីករាលដាល​បន្ថែមទៀត ខណៈ​អ្នក​សង្ស័យ​ឆ្លង​ជំងឺ​នេះ​បាន​កើន​ដល់​ជិត ២ ០០០ ​នាក់​។

លោកស្រី ឱ វណ្ណឌីន ដែលជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ផង​នោះបាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា តាម​របាយការណ៍​ស្រាវជ្រាវ និង​តាមដាន​ពី​កម្មវិធី​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ បរាសិតសាស្ត្រ និង​បាណកសាស្ត្រ​ត្រឹម​ថ្ងៃទី​ ៥ ខែ​សីហា គឺមាន​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈីក​កើន​ដល់​ ១ ៧០០ ​ករណី​។ ​

លោកស្រី​បន្តថា ករណី​ជំងឺ​នេះ​គឺ​បាន​កើតឡើង​ក្នុង​ខេត្ត​ចំនួន ១៥ ទូទាំង​ប្រទេស​ដោយ​ខេត្ត​ខ្លះ​មាន​ច្រើន​ករណី ចំណែក​ខេត្ត​ខ្លះ​មាន​ត្រឹមតែ​ពី​ ១ ​ទៅ​ ២ ​ករណី​ទៅ​តាម​តំបន់​នៃ​​ខេត្ត​នីមួយៗ​។ ​

លោកស្រី​បញ្ជាក់​​ថា​៖ «​របាយការណ៍​លើក​មុន​នោះ​យើង​មាន​ ១២ ​ខេត្ត​ទេ តែ​លើក​នេះ​ថែម​ខេត្ត​ចំនួន​ ៣ ​ទៀត​​គឺ​ខេត្ត​កំពង់ធំ បាត់ដំបង និង​ខេត្តកណ្តាល​។ ​ខ្ញុំ​សុំ​ជូន​ឈ្មោះ​ខេត្ត​ទាំង ១៥ ​នេះ​គឺ​មាន​ស្ទឹងត្រែង កំពង់ធំ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ឧត្តរមានជ័យ កំពត​ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ព្រះវិហារ ខេត្ត​កណ្តាល បន្ទាយមានជ័យ កំពង់ចាម និង​ខេត្តសៀមរាប​»​។

លោកស្រី​បាន​បន្ថែមថា ចំពោះ ១ ៧០០ ​ករណី​សង្ស័យ​នេះ កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម កំពុង​វិភាគ​ដោយ​យកចិត្ត​ទុកដាក់ ហើយ​តាម​លទ្ធផល​ថា បន្ទាយមានជ័យ ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ស្ទឹងត្រែង ព្រះសីហនុ ​និង​បាត់ដំបង​ដែល​ធ្វើតេស្ត​លើ​អ្នក​សង្ស័យ​ទាំងនោះ បាន​រកឃើញ​អ្នកមាន​ជំងឺ​គ្រុនឈីក​ដល់​ទៅ ៧២,៤០ ​ភាគរយ​។

លោកស្រី​បាន​សង្កត់ធ្ងន់​ថា​៖ «​ខ្ញុំ​សូម​បញ្ជាក់​ថា យើង​រកឃើញ ៧២,៤០ ​ភាគរយ​ដែល​នេះ​ជា​ចំនួន​ខ្ពស់​ដែរ ហើយ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូមមេត្តា​យកចិត្ត​ទុកដាក់​ក្នុង​ការការពារ​ខ្លួន​ពីព្រោះ​យើង​មាន​រដូវភ្លៀង​ធ្លាក់​មកហើយ ដែល​កកើត​មូស​ក៏មាន​ច្រើន​ផងដែរ​»​។

ទោះ​យ៉ាងណា​ក្ដី​លោកស្រី ឱ វណ្ណឌីន បាន​បញ្ជាក់ថា ក្នុង​ចំនួន​នៃ​អ្នក​សង្ស័យ​សរុប​ទាំង​ ១ ៧០០ ​ករណី​នោះ​គឺ​ភាគច្រើន​បាន​ជា​សះស្បើយ និង​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ ដោយ​នៅ​សល់​តែ​មួយចំនួន​ប៉ុណ្ណោះ​ដែល​កំពុង​ទទួល​ការព្យាបាល ជាពិសេស​ករណី​រកឃើញ​ថ្មី​។

បើតាម​លោកស្រី ឱ វណ្ណឌីន ករណី​សង្ស័យ​នៃ​ជំងឺ​គ្រុនឈីក​នេះ​មាន​ការកើនឡើង​ជាពិសេស​​នៅ​ខេត្ត​សៀមរាប​កើន​ពី​ ៤៦៧ ​ករណី ដល់​ ៦៧៤ ​ករណី​,​ខេត្តកំពង់ចាម​កើន​ពី​ ១៤៦ ​ករណី​ដល់​ ២៨០ ​ករណី​,​ខេត្តកណ្តាល​កើន​ពី​ ១៤២ ​ករណី ដល់​ ១៦៤ ​ករណី និង​ខេត្ត​បន្ទាយមានជ័យ​កើន​ពី​ ២១១ ​ករណី ដល់​ ២២៧ ​ករណី​។ ចំណែក​ខេត្ត​មួយ​ចំនួន​ទៀត​មាន​ការកើនឡើង​តិចតួច​បំផុត ខណៈ​ខេត្ត​ខ្លះ​មិនទាន់​មាន​ការកើនឡើង​ករណី​សង្ស័យ​នេះ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ទី ​២៣ កក្កដា បាន​ឲ្យ​ដឹងថា ជំងឺ​គ្រុនឈីក​បាន​កើតឡើង​ដំបូង​បំផុត​នៅក្នុង​ឆ្នាំ​ ១៩៥៣ នៅ​ទ្វីប​អាហ្វ្រិក និង​ធ្លាប់​បាន​រកឃើញ​ដំបូង​នៅ​កម្ពុជា​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​កាលពី​ឆ្នាំ​​ ១៩៦១ និង​នៅ​ឆ្នាំ​ ២០១១​។

ក្រសួង​សុខាភិបាល​បានដឹង​ទៀតថា ជំងឺ​គ្រុនឈីក​គឺជា​ជំងឺ​បង្កឡើង​ដោយ​វីរុស​ឈីក ហើយ​ចម្លង​តាមរយៈ​មូស​ខ្លាញី​ខាំ ជាពិសេស​ខាំ​នៅពេល​ថ្ងៃ​។ រោគសញ្ញា​ជំងឺ​នេះ​ស្រដៀង​នឹង​ជំងឺ​​គ្រុន​ឈាម​ដែរ ដោយ​គ្រាន់តែ​អ្នក​ផ្ទុក​ជំងឺ​គ្រុន​ឈីក មាន​អាការ​ក្តៅខ្លួន ឡើង​កន្ទួល​ក្រហម និង​ឈឺសន្លាក់​រាងកាយ​។

ជំងឺ​គ្រុនឈីក​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​នោះ​​ទេ ដោយ​វា​នឹង​ជាសះស្បើយ​ក្នុង​អំឡុងពេល​ ១ ​សប្តាហ៍ ឬ​យូរ​ជាង​នេះ​ដោយ​គ្រាន់តែ​ធ្វើឲ្យ​អ្នក​ជំងឺ​មាន​អាការ​ឈឺសន្លាក់​ដៃជើង​យូរ​ឆ្នាំ​។ ប៉ុន្តែ​ប្រសិន​បើ​អ្នកជំងឺ​ឈី​កកើត​ក្នុង​អំឡុងពេល​មាន​ជំងឺ​ផ្សេងទៀត​ដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ នឹង​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​បាន​។

លោកស្រី ឱ វណ្ណឌីន បាន​បន្ថែមថា ការបាញ់​ថ្នាំ​សម្លាប់​មូស និង​ដាក់​ថ្នាំ​អាបែត​គឺ​អាច​ការពារ​ពី​ការចម្លង​ជំងឺ​ឈីក​បាន​តែ​ជាង​ ៣៣ ​ភាគរយ​ប៉ុណ្ណោះ ខណៈ​វិធាន​ការបំបាត់​ជម្រក​មូសខ្លា និង​ការគេង​ក្នុង​មុង គឺ​អាច​ការពារ​ពី​ជំងឺ​នេះ​រហូត​​ដល់​ទៅ ៦៦ ​ភាគរយ​។

លោក បូ សាវី ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ដែរ​ថា កូន​របស់​លោក ៣ ​នាក់​ក្នុង​ចំណោម​កូន​ ៥ ​នាក់​​បាន​ឆ្លង​ជំងឺ​គ្រុនឈីក​ក្នុងពេល​តែមួយ​ខណៈ​លោក​កំពុង​បារម្ភ​ពី​ការឆ្លង​ទៅ​សមាជិក​គ្រួសារ​បន្តទៀត ព្រោះ​ជំងឺ​នេះ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​​ទៀត​យ៉ាង​ឆាប់រហ័ស​។

លោក សាវី ដែល​បាន​នាំ​កូន​ទៅពិនិត្យ​ព្យាបាល​ជំងឺ​ឈីក​នៅ​ពេទ្យ​ឯកជន​បាន​បញ្ជាក់​​ថា​៖ «​កូនក្មេង​មិន​ដឹង​វា​ទៅ​​លេង​នៅ​ណា នៅឯ​ណី​ទេ ព្រោះ​​មាន​ភ្លៀង​ធ្លាក់ ដី​ក៏សើម ហើយ​ជុំវិញ​ផ្ទះ​ក៏​មាន​ព្រៃ មាន​ស្មៅ​អី​។ មាន​អ្នក​មក​ពេទ្យ​ច្រើន​​ដែរ ថា​ឈឺ​ឈីក​ដូចគ្នា ហើយ​ជុំវិញ​ផ្ទះ​របស់​ខ្ញុំ​ក៏​មាន​អ្នក​ឈឺ​ឈីក​ដែរ​។ អា​ជំងឺ​នេះ​វា​ឆ្លង​លឿន​មែន ដូច្នេះ​យើង​ត្រូវ​រក្សា​អនាម័យ និង​សម្អាត​ផ្ទះសំបែង ព្រោះ​ការបាញ់​ថ្នាំ​មូស មិនមាន​ប្រសិទ្ធភាព​បាន​យូរ​ទេ​»៕

វីដេអូ៖