ភ្នំពេញ៖ វគ្គ​ហ្វឹកហ្វឺន​មន្ត្រី​មុខងារ​សាធារណៈ​ជា​ឧទ្យានុរក្ស​ស្តីពី​ «វិធីសាស្រ្ត​ល្បាត​ក្នុង​តំបន់​ការពារ​ធម្មជាតិ» ​ធ្វើ​ការ​ហ្វឹកហ្វឺន​បាន ​៩ ជំនាន់​ហើយ ​ដែល​ក្នុង​នោះ​មាន​មន្ត្រី​ឧទ្យានុរក្ស​ដែល​បាន​បណ្តុះបណ្តាល​សរុប​ទាំង​អស់​ចំនួន ​៥៩៤ នាក់ ​ស្រ្តី​ចំនួន ​៦ នាក់​។ នេះ​បើតាម​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​បញ្ជាក់​ពី​ថ្ងៃទី ២៣ កញ្ញា។

រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ​លោក ​នេត្រ ភក្ត្រា ​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ថា ​នៅ​ទូទាំង​ប្រទេស​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន​មាន​ចំនួន ​១ ២៦០ នាក់។ មន្ត្រី​ឧទ្យានុរក្ស​ទាំង​អស់​បាន​ទទួល​ការ​ហ្វឹកហាត់​ បណ្តុះបណ្តាល​ និង​បាន​ស្បថ​នៅ​តុលាការ​សាលា​ឧទ្ធរណ៍​ឱ្យ​ក្លាយ​ទៅ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌។ ​

លោក ​ភក្ត្រា ​បាន​ប្រាប់​ថា ​មន្ត្រី​ឧទ្យានុរក្ស​ដែល​ក្រសួង​បរិស្ថាន​ជ្រើសរើស​មក​ពី​តាម​បណ្តា​ខេត្ត​នានា​នោះ​ពួក​គាត់​មិន​មាន​ជំនាញ​ ​ខាង​ផ្នែក​យោធា​ទេ ​ពួក​គាត់​ជា​ជន​ស៊ីវិល ​ឬ​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ ហេតុ​នេះ​ក្រសួង​បរិស្ថាន​បាន​សហការ​ជាមួយ​សាលា​នាយ​ទាហាន​សកម្ម​ត្មាតពង​ ដើម្បី​បាន​ទទួល​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ផ្សេងៗ។

មន្ត្រី​នាំពាក្យ​រូប​នេះ​ថ្លែង​ថា​៖ «​អ៊ីចឹង​ការ​បណ្តុះបណ្តាល​ពី​បែប​បទ​ ពី​ច្បាប់ ​ពី​របៀប​នៃ​ការ​ល្បាត​ របៀប​​នៃ​ការ​ធ្វើ​អន្តរាគមន៍​ ពេល​មាន​បទល្មើស​មាន​អី​ហ្នឹង ​វា​ជា​ការ​ពង្រឹង​សមត្ថភាព​បន្ថែម ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​របស់​យើង។ មន្ត្រី​​ឧទ្យានុរក្ស​មិនមែន​តែ​ជា​អ្នក​ការពារ​ព្រៃឈើ​ទេ ​ប៉ុន្តែ​ជា​អ្នក​ដែល​បង្ក្រាប​បទល្មើស ​និង​ទប់ស្កាត់​បទល្មើស​ថែម​ទៀត​ផង»។

ក្រៅ​ពី​ការ​សហការ​ជាមួយ​សាលា​នាយ​ទាហាន​សកម្ម ​ក្រសួង​បរិស្ថាន​ក៏​មាន​កិច្ចសហការ​ជាមួយ​​គម្រោង​ជា​ដៃគូ​ពី​សហរដ្ឋ​អាមេរិក​ផង​ដែរ ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​របស់​មន្ត្រី​ឧទ្យានុរក្ស​ អំពី​របៀប​នៃ​ការ​ស៊ីប​អង្កេត​ របៀប​នៃ​ការ​ប្រមូល​​ភ័ស្តុតាង​ របៀប​នៃ​ការ​ចងក្រង​បទល្មើស ​និង​របៀប​នៃ​ការ​សិក្សា​អំពី​ច្បាប់​ផ្សេងៗ ​ដើម្បី​ឱ្យ​បាន​យល់​ដឹង​ជា​រួម​ផង​ដែរ។

ក្រសួង​បរិស្ថាន​បាន​ចាត់​មន្ត្រី​ឧទ្យានុរក្ស​ដែល​បាន​ហ្វឹកហ្វឺន​ចប់ ​ឱ្យ​ចេញ​ទៅ​ធ្វើ​ការ​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ ​និង​របៀង​អភិរក្ស​ជីវចម្រុះ​ចំនួន ​៥៥ តំបន់ ​ដែល​មាន​ទំហំ​ប្រមាណ ​៧ លាន ​៥ សែន​ហិកតា​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ តំបន់​ទាំង​នោះ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​​ ខេត្ត​កំពង់ធំ ​ព្រះវិហារ ​ត្បូងឃ្មុំ ​ស្ទឹងត្រែង ​ក្រចេះ ​កំពង់ស្ពឺ ​កោះកុង ​រតនគិរី ​និង​ខេត្ត​មណ្ឌលគិរី​ជាដើម។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ​ភក្ត្រា។

តាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​មាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​និង​ទទួល​ស្គាល់​ដោយ​ក្រសួង​បរិស្ថាន​មាន ​១៦៩ សហគមន៍។ រាល់​ថ្ងៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ទាំង​អស់​នោះ​បាន​ចូលរួម​​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​ ចុះ​ល្បាត​នៅ​តាម​ព្រៃ​តំបន់​ការពារ​​​ធម្មជាតិ​នានា។ ក្នុង​នោះ​មាន​ខេត្ត​បន្ទាយមានជ័យ និង​ក្នុង​ដែន​ជម្រក​ ​សត្វព្រៃ​សង្ឃ​រុក្ខវន្ត​ផង​ដែរ។

ចំណែក​នៅ​តំបន់​ព្រៃឡង់​ មាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន ១៩ ​បាន​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន​។​ លោក ​នេត្រ ភក្ត្រា ​ប្រាប់​ថា សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ដែល​អាច​ចូលរួម​បាន​ទាំង​នោះ ​គឺ​ចាំបាច់​ត្រូវ​ធ្វើ​កិច្ច​សហការ ​ក៏​ដូចជា​ទទួល​ស្គាល់​ដោយ​ក្រសួង​បរិស្ថាន​ជា​មុន​សិន។ ​

លោក​ថ្លែង​ថា​៖ «ហេតុ​នេះ ​ចំពោះ​បណ្តាញ​សហគមន៍ ​ឬ​អ្នក​មួយ​ចំនួន​ដែល​ចង់​ចូលរួម​កិច្ច​ការពារ​ធម្មជាតិ ​គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​សិន។ មាន​ន័យ​ថា​ត្រូវ​ទទួល​ស្គាល់​ពី​ក្រសួង​បរិស្ថាន​មាន​កិច្ច​ព្រមព្រៀង​មាន​អី​ អ៊ីចឹង​ទៅ ​ដើម្បី​យើង​ធ្វើ​ការងារ​ជាមួយ​គ្នា​ជា​លក្ខណៈ​មួយ​ដែល​យើង​រួមគ្នា ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​របស់​យើង​ហ្នឹង»។

លោក ​គ្រើង តុលា ​អ្នក​ប្រឹក្សាយោបល់​ក្រុម​ការងារ​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ ខេត្ត​មណ្ឌលគិរី ​កត់​សម្គាល់​ឃើញ​ថា ​មន្ត្រី​ឧទ្យានុរក្ស​មាន​ក្រម​សីលធម៌ ​ធ្វើ​ការងារ​សកម្ម​ក្នុង​កិច្ចការពារ ​និង​អភិរក្ស​ធនធាន​ធម្មជាតិ។ ប៉ុន្តែ​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​តំបន់​អភិរក្ស​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ។

លោក ​តុលា ​និយាយ​ថា​៖ «ការ​អនុវត្ត​របស់​គាត់​មើល​ទៅ​នៅ​មាន​​កម្រិត​ ព្រោះ​អ្នក​ប្រព្រឹត្ត​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​អីហ្នឹង​សុទ្ធ​តែ​អ្នក​មាន​ស័ក្តិ​មាន​បុណ្យ​ហូរហែ ១.២.៣. ​អ៊ីចឹង​ទៅ​។ មិនមែន​មន្ត្រី​ឧទ្យានុរក្ស​មិន​ខំ​ទេ ​គាត់​ខំ ​ប៉ុន្តែ​ដោយសារ​តែ​អ្នក​មាន​អំណាច​ធំៗ ​ក្បាល​ពោះ​ធំ​ជាង​គាត់​ អ៊ីចឹង​គាត់​ម៉េច​ហ៊ាន»។

មន្ត្រី​ឧទ្យានុរក្ស​នៅ​ខេត្ត​កំពង់ស្ពឺ ​លោក ​កែវ សុផាត ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ទី ២៣ កញ្ញា ថា ​ពេល​មាន​បទល្មើស​កើត​ឡើង​នៅ​តំបន់​ការពារ​ធម្មជាតិ​នៅ​មាន​ការ​ឆក​ល្វែង​ខ្លះ ​ប៉ុន្តែ​យុទ្ធសាស្ត្រ​ដែល​មន្ត្រី​ឧទ្យានុរក្ស​ចុះ​បង្ក្រាប ​មាន​ក្បួន​ខ្នាត​ត្រឹមត្រូវ។

លោក ​សុផាត ​បាន​បញ្ជាក់​ថា​ វគ្គ​ហ្វឹកហ្វឺន​មន្ត្រី​ឧទ្យានុរក្ស​មាន​រយៈពេល​ខ្លី ​ធ្វើ​ឱ្យ​មាន​ការ​ហត់​នឿយ​ខ្លាំង​ក្នុង​ការ​ហ្វឹកហាត់។ ព្រោះ​សម្រាក​បាន​តិច ​ប៉ុន្តែ​វា​ជួយ​ឱ្យ​មាន​សមត្ថភាព​ជំនាញ ​ទាំង​ទ្រឹស្តី ​និង​ការ​អនុវត្ត​ជាក់​ស្តែង​នៅ​ទី​វាល។​ មាន​ប្រសិទ្ធភាព​ ល្អ​ប្រសើរ​ច្រើន​នៅក្នុង​កិច្ច​ការងារ​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ ​និង​ការ​អភិរក្ស​ជីវចម្រុះ៕