ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានលើកឡើងថា បំណងរបស់នាយករដ្ឋមន្ត្រីកម្ពុជាចង់ឱ្យវ៉ាក់សាំងដែលផ្តល់ដោយចិនមកដល់កម្ពុជា មុនចូលឆ្នាំចិន ខណៈពលករខ្មែរមកពីថៃ ៤ នាក់ទៀត និងពីអាមេរិកម្នាក់ទើបរកឃើញមានកូវីដ១៩។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានលើកឡើងពីថ្ងៃទី ២០ មករាថា ទាក់ទងនឹងវ៉ាក់សាំងការពារកូវីដ១៩ ដែលផ្ដល់ដោយប្រទេសចិនគឺលោកនាយករដ្ឋមន្ត្រីនៃកម្ពុជាចង់ឱ្យមកដល់កម្ពុជានៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។
លោកស្រីបានបញ្ជាក់ថា៖ «អ្វីដែលជាជំហរ និងជាក្តីប្រាថ្នាហើយក៏ដូចជាប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាយើង លោកចង់បានឱ្យវ៉ាក់សាំងនេះមកដល់នៅមុនថ្ងៃចូលឆ្នាំចិនគឺអាចនឹងក្នុងសប្តាហ៍ទី ២ នៃខែកុម្ភៈ។ ដូចនេះយើងនឹងពិនិត្យលទ្ធភាពប្រសិនបើអ្វីៗអាចដំណើរការទៅដោយរលូនដោយមិនមានបញ្ហាអ្វីផ្សេងៗទៀត នោះយើងរំពឹងថាយើងនឹងអាចទទួលបាន»។
យ៉ាងណាក្ដី លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ប្រសិនបើកម្ពុជាមិនទាន់អាចទទួលបាននៅពេលនោះទេ ក៏រំពឹងថានៅខែមីនា ខាងមុខអាចនឹងទទួលបាន។
លោកស្រីបានបញ្ជាក់ថា៖ «និយាយឱ្យខ្លីទៅវ៉ាក់សាំងនេះនឹងមក ប៉ុន្តែឱ្យដឹងថ្ងៃពិតប្រាកដនោះ គឺយើងមិនដឹងទេ គ្រាន់តែជាពេលវេលាមួយដែលជាការចង់បានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីហើយក៏ជាការគិតគូរមួយទៀតដែលយើងត្រូវតែធ្វើការជាមួយគ្នាបន្ថែមហើយក៏ជាការត្រៀមលក្ខណៈរួចជាស្រេចរបស់យើងដែរ»។
ជុំវិញប្រសិទ្ធភាពវ៉ាក់សាំងវិញ លោកស្រី ឱ វណ្ណឌីន បានពន្យល់ថា នៅពេលចាក់វ៉ាក់សាំងចូលទៅក្នុងសរីរាង្គគឺវាបានជួយឱ្យវាយបកចំពោះការវាយលុករបស់វីរុសកូវីដ១៩ នៅពេលវីរុសចូលមកក្នុងសរីរាង្គ។
លោកស្រីថា៖ «វ៉ាក់សាំងកូវីដ-១៩នេះនៅពេលដែលយើងចាក់ចូលទៅក្នុងសរីរាង្គរបស់យើង គឺសរីរាង្គរបស់យើងនឹងបង្កើតបាននូវកងការពារសម្រាប់វាយតទល់ជាមួយវីរុសកូវីដ១៩។
នេះជាចំណុចសំខាន់ណាស់»។ លោកស្រីបានបន្តថា ការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩គឺដើម្បីជួយកុំឱ្យសរីរាង្គមានការវិវត្តទៅរកសភាពធ្ងន់ធ្ងរដែលអាចឱ្យគ្រប់គ្នាអាចប្រកបរបររកស៊ីបានជាធម្មតាដោយមិនមានបារម្ភ ប៉ុន្តែមិនមែនមានន័យថា ឈប់ការពារពីវីរុសកូវីដ១៩នោះទេ។
កាលពីម្សិលមិញ ក្រសួងសុខាភិបាលបានឱ្យដឹងថា មានពលករខ្មែរមកពីថៃ ៤ នាក់ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩និងអ្នកដំណើរម្នាក់ទៀតមកពីអាមេរិកត្រូវបានរកឃើញវិជ្ជមានពីថ្ងៃ ២០ មករា។ ទន្ទឹមនឹងនេះ ពលករខ្មែរមកពីថៃ ៤ នាក់បានព្យាបាលជា បន្ទាប់ពីធ្វើតេស្តអវិជ្ជមានកូវីដ១៩ចំនួន ២ ដង។
គិតត្រឹមថ្ងៃទី ២១ ខែមករា ឆ្នាំនេះ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដចំនួន ៤៥៣ នាក់ ក្នុងនោះអ្នកជាសះស្បើយមាន ៣៩៦ នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៥៧ នាក់៕