ភ្នំពេញៈ ​មន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់ថា ករណី​អតីតស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​លោក អ៊ុក កុសល ដែល​ទើប​ត្រូវបាន​ដកតំណែង និង​ស្នើសុំ​បញ្ចុះ​ឋានន្តរស័ក្តិ ក្រោយ​មន្ត្រីនគរបាល​ស្ត្រី​ក្រោម​ឱវាទ​ប្តឹង​ពី​ករណី​បៀតបៀន​កេរ​ភេទ​នោះ មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ទេ ដោយសារ​ជនរងគ្រោះ​បាន​ប្តឹង​តែ​ក្នុង​ការងារ​រដ្ឋបាល​។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ ៩ កញ្ញា​ ថា ក្រសួង​​មហាផ្ទៃ​បាន​បញ្ចប់​តួនាទី​លោក អ៊ុក កុសល ពី​ស្នងការ​ខេត្ត​កំពង់ធំ​ជា​ផ្លូវការ​ហើយ​។ ជាមួយ​នេះ​ក្រសួង​ក៏បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ដើម្បី​បន្ថយ​ឋានន្តរស័ក្ដិ​ពី​ឧត្តមសេនីយ៍ទោ​មក​ត្រឹម​វរសេនីយ៍ឯក​ផងដែរ​។ ក៏ប៉ុន្តែ​លោក​ថា សំណុំ​រឿង​នេះ​មិន​ពាក់ព័ន្ធ​នឹង​បទ​ព្រហ្មទណ្ឌ​ទេ ដោយសារ​ជន​គ្រោះ​ទាំងនោះ​មិន​បាន​ប្តឹង​លោក អ៊ុក កុសល ពីបទ​ព្រហ្មទណ្ឌ​នោះឡើយ​។

លោក ខៀវ សុភ័គ បញ្ជាក់ថា​៖ «​ជនរងគ្រោះ​បាន​ប្តឹង​តែ​ក្នុង​ការងារ​រដ្ឋបាល ហើយ​យើង​ក៏​​បាន​រកឃើញ​ពី​កំហុស​របស់​​បុគ្គលិក​នេះ​ថា បាន​ប្រព្រឹត្ត​ដូច​ការប្តឹង​នេះ​មែន ហើយ​ក្រសួង​ក៏បាន​ចេញ​លិខិត​សម្រេច​បញ្ចប់​តំណែង​របស់គាត់​ជា​ស្ថាពរ​រួម​នឹង​ការស្នើសុំ​បញ្ចុះ​ឋានន្តរស័ក្ដិ​​គាត់​ផងដែរ​។ ​ខ្ញុំ​គិតថា ជា​ការសមរម្យ​ហើយ​ចំពោះ​កិច្ចការ​នេះ​ដែល​ជា​ការដាក់ទោស​ធ្ងន់​...»​។

លោក​បន្តថា ការរិះគន់​ចំពោះ​ការដាក់ទោស​ត្រឹម​បញ្ចប់​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​​នេះ មិន​ចេះ​អស់​ទេ គឺ​វា​តែងតែ​កើតឡើង​ជាធម្មតា​។ បើតាម លោក ខៀវ សុភ័គ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ថ្មី​ដែល​ត្រូវ​ចូល​ជំនួស​លោក​ អ៊ុក កុសល គឺ​លោក​ ម៉ែន លី ជា​អតីត​ស្នងការ​ខេត្ត​ឧត្តរមានជ័យ​។

លោកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR) ​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោកស្រី​ថា ការផ្តល់​ព័ត៌មាន​ពី​លទ្ធផល​ស៊ើបអង្កេត​របស់​ក្រសួង​មហាផ្ទៃ​បង្ហាញពី​​តម្លាភាព​មួយកម្រិត​លើ​ករណី​បៀតបៀន​កេរ​ភេទ​លើ​មន្ត្រី​ក្រោម​បន្ទុក​។ ក៏ប៉ុន្តែ​ការមិន​ចាត់ការ​ផ្លូវច្បាប់​នេះ​មិនមែន​ជា​ដំណោះស្រាយ​ប្រកប​ដោយ​គតិយុត្ត​ទេ តែ​ជា​ការផ្តល់​សារ​ដល់​ជនល្មើស​ថា ខ្លួន​នឹង​រួច​ពី​សំណាញ់​ច្បាប់​នូវ​ទង្វើ​បំពាន​របស់ខ្លួន​។

លោកស្រី​ថា​៖ «​ហេតុផល​នៃ​សេចក្តី​ថ្លៃថ្នូរ កិត្តិយស​ដល់​ជនរងគ្រោះ​អាច​ការពារ​តាម​នីតិវិធី​របស់​តុលាការ​ដែល​មាន​ជាធរមាន បើ​មិន​ដូច្នោះ បាន​ន័យថា គ្រប់​ករណី​បៀតបៀន​បែប​នេះ​នឹង​មិន​ត្រូវ​បញ្ជូន​ទៅ​តុលាការ និង​បាន​យុត្តិធម៌​ទេ ព្រោះ​មិន​មាន​យន្តការ​ការពារ​ជនរងគ្រោះ​ផង​នោះ​»​។

រីឯ​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​លោកស្រី រស់ សុភាព បាន​សាទរ​ចំពោះ​ការស៊ើបអង្កេត​រហូត​ដល់​បញ្ចប់​តំណែង​របស់​លោក​ អ៊ុក កុសល នេះ​។ ប៉ុន្តែ​លោកស្រី​ថា ទោស​នេះ​មិនទាន់​គ្រប់គ្រាន់ ព្រោះ​វា​នៅ​បង្ហាញ​ពី​ការធ្លាក់ចុះ​នៃ​សីលធម៌​សង្គម​។

លោកស្រី​បញ្ជាក់​ថា​៖ «​ការលើក​ស្ទួយ​សីលធម៌​សង្គម​​ដោយ​គ្រាន់តែ​ទម្លាក់​បុណ្យស័ក្តិ​បន្តិចបន្តួច​ដូចនេះ​មិនទាន់​គ្រប់គ្រាន់​ដើម្បី​ឱ្យ​ជន​ដែល​ប្រព្រឹត្ត​ករណី​បែប​នេះ​រាងចាល​ទេ​។ ​ខ្ញុំ​គិតថា​មុន​ស្រី្ត​រងគ្រោះ​សម្រេចចិត្ត​ប្តឹង​នេះ​គឺ​វា​កើតឡើង​ច្រើន​ដង​ហើយ​...​។ ដូចនេះ​ក្រសួង​គួរតែ​បន្ត​ធ្វើតាម​នីតិវិធី​ដើម្បី​ឱ្យ​ស្ត្រី​រងគ្រោះ​ទទួល​បាន​នូវ​យុត្តិធម៌​មាន​ភាពកក់ក្តៅ​លើ​ថ្នាក់ដឹកនាំ​បន្តទៀត​»​។

លោកស្រី​ក៏​បាន​ជំរុញ​ឱ្យ​ក្រសួង​កិច្ចការនារី​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការការពារ​​ផ្នែក​ផ្លូវច្បាប់​នេះ គួរតែ​ពិនិត្យ​មើល​លើ​ករណី​នេះ ដោយសារ​ជនរងគ្រោះ​ជា​ស្ត្រីភេទ​។

គួរ​បញ្ជាក់ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ផ្អាក​ការងារ​លោក អ៊ុក កុសល បណ្តោះអាសន្ន​ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​កាលពី​ខែ​សីហា​​កន្លងមក បន្ទាប់ពី​ក្រុម​នគរបាល​នារី​ក្នង​ខេត្ត​នេះ សុំ​ឲ្យ​ជួយ​រក​យុត្តិធម៌​លើ​ការបៀតបៀន​កេរខ្មាស​ពួកគាត់​៕