ពោធិ៍សាត់: អាជ្ញាធរខេត្ត​ពោធិ៍សាត់​ព្រមាន​ចាត់វិធានការ​ទៅ​លើ​ប្រជាពលរដ្ឋ​ ៣១ ​គ្រួសារ ដែល​មក​តាំង​ទីលំនៅ​ដោយ​ខុសច្បាប់​ដោយ​រំលោភ​កាន់កាប់​ដី​ប្រមាណ​ជា​ ១០០ ​ហិកតា​​ នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​នៅក្នុង​ភូមិ​ស្ទឹងថ្មី ស្រុក​វាលវែង​ដោយ​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃទី​ ១៨ ខែ​វិច្ឆិកា​សប្ដាហ៍​​ក្រោយនេះ​។ នេះ​បើ​យោង​តាម​លិខិត​ជូនដំណឹង​របស់​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ចុះ​ថ្ងៃទី​ ៨ ​​ខែ​វិច្ឆិកា​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួល​បាន​។

លិខិត​ជូនដំណឹង​នេះ​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ចំនួន​ ៣១ គ្រួសារ​ ដែល​កំពុង​មក​តាំងទីលំនៅ និង​កាប់គាស់​រុករាន ឈូសឆាយ​ដីព្រៃ ព្រមទាំង​បោះបង្គោល​របង​ហ៊ុមព័ទ្ធ​ដី​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ភូមិ​ស្ទឹងថ្មី​នៃ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស ស្រុក​វាលវែង ត្រូវ​បាន​ការពារ​ដោយ​ព្រះរាជក្រឹត្យ ដែល​មាន​ក្រសួង​បរិស្ថាន​ជា​សមត្ថកិច្ច​គ្រប់គ្រង និង​បាន​បង្កើត​ជា​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ស្ទឹង​ថ្មី ដើម្បី​ថែរក្សា​រួចរាល់​ហើយ​។ ដូចនេះ​ការ​មក​តាំង​ទីលំនៅ​នេះ ផ្ទុយ​ពី​ច្បាប់​ស្តីពី​តំបន់​ការពារធម្មជាតិ​ទាំងស្រុង​។

លិខិត​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ដោយ​ទុក​រយៈពេល​ ៧ ​ថ្ងៃ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៣១ ​គ្រួសារ ធ្វើការ​រុះរើ​ក្រោលគោ ពពែ ខ្ទម ផ្ទះ ៣៥ ខ្នង បង្គោលរបង និង​ដំណាំ​ផ្សេងៗ​យក​ទៅ​សាងសង់​នៅ​ទីតាំង​ផ្សេង​ដោយ​ខ្លួនឯង​ចាប់ពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ រហូតដល់​ថ្ងៃទី​ ១៨ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ជា​កំណត់​»​។ «​ដល់​ថ្ងៃ​ផុតកំណត់​ក្នុង​សេចក្តី​ជូនដំណឹង​នេះ មន្ទីរ​បរិស្ថាន​ខេត្ត​នឹង​ចាត់​វិធាន​ចុះ​រុះរើ​ដោយ​មិន​ទទួល​ខុសត្រូវ​លើ​ការបាត់បង់ និង​ការខូចខាត​ផ្សេងៗ​នោះ​ទេ​ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​រឹងរូស ឬ​ប្រឆាំង​តបត​ដោយ​ហិង្សា​នឹង​ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​»​។

ទោះ​យ៉ាងណា​ក៏ដោយ​ក្នុង​លិខិត​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា កន្លងមក​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​បាន​សម្រប​សម្រួល​ឲ្យ​ពួកគាត់​រុះរើ និង​ទៅ​តាំង​ទីលំនៅ​កន្លែង​ផ្សេង​ជាច្រើន​លើក​មកហើយ​។ ដូចនេះ​ដើម្បី​ថែរក្សា​ព្រៃឈើ និង​ដី​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ដែល​ជា​ប្រភពធនធាន​ធម្មជាតិ​ដ៏សំខាន់​បំផុត​សម្រាប់​បម្រើ​ដល់​ជីវភាព​សមាជិក​សហគមន៍ និង​ប្រជាពលរដ្ឋ​ស្របច្បាប់​ក្នុង​ស្រុក​វាលវែង​ទាំងមូល មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​នឹង​ចាត់​វិធានការ​រដ្ឋបាល​បោសសម្អាត​ទីលំនៅ​មិន​ស្របច្បាប់​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នេះ​។

លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​បាន​ថ្លែង​ថា​៖ «​រហូត​មក​ដល់​ពេលនេះ ពួកគាត់​មិនទាន់​បាន​រុះរើ​នៅ​ឡើយ ហើយ​ក៏​មិនមាន​ប្រតិកម្ម​អ្វី​ពី​ពួកគាត់​ដែរ ប៉ុន្ដែ​អាជ្ញាធរ​បាន​ផ្ដល់​ឱសានវាទ​ចាប់ពី​ថ្ងៃទី​ ១១ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ រហូត​ដល់​ថ្ងៃទី​ ១៨ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ជា​កំណត់​»​។ «​អាជ្ញាធរ​បាន​ពន្យល់​ណែនាំ​ពួកគាត់​អំពី​នីតិវិធី​ច្បាប់​នៃ​ការមក​ចាប់ដី និង​ទន្ទ្រាន​ដីព្រៃ​តំបន់​ការពារ​នេះ​រហូត​ចាប់​តាំងពី​ឆ្នាំ ២០១៧ ខណៈ​ដែល​ពួកគាត់​មក​តាំងទី​លំនៅ​ដំបូង​ម្ល៉េះ ហើយ​ក៏បាន​ជូនដំណឹង​ជាច្រើន​លើក​ទៀត ប៉ុន្ដែ​ពួកគាត់​នៅតែ​មិន​បាន​គោរព​តាម​ការណែនាំ​នេះ​ទេ​»​។

លោក មរកត បាន​ឲ្យ​ដឹងថា តំបន់​នោះ​មាន​ប្រជាពលរដ្ឋ​ចំនួន ៧ ​គ្រួសារ​ដែល​រស់នៅ​ស្របច្បាប់ ហើយ​ត្រូវបាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ពួកគាត់​ចងក្រង​គ្នា​ធ្វើ​ជា​សហគមន៍ ដើម្បី​ការពារ​តំបន់​ធម្មជាតិ​សំកុស​នេះ ប៉ុន្ដែ​នៅ​ឆ្នាំ​ ២០១៧ ​នេះ​មាន​ពលរដ្ឋ​ចំណាកស្រុក​ពី​ខេត្ត​បាត់ដំបង ប៉ៃលិន ព្រៃវែង និង​ខេត្ត​មួយ​ចំនួន​ទៀត​សរុប​ប្រមាណ ៣១ ​គ្រួសារ​នាំគ្នា​ចាប់ដី កាប់​ទន្ទ្រាន​ដីព្រៃ​ការពារ​ធម្មជាតិ​សំកុស​ប្រមាណ​ជាង ១០០ ​ហិកតា​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។

លោក មរកត បញ្ជាក់​ថា​៖ «​កន្លងមក​យើង​បាន​អនុវត្ត​ច្បាប់​ចាប់​បាន​មេខ្យល់​ប្រមាណ ៦ ​នាក់​រួចហើយ ដោយ​ដាក់​ពន្ធនាគារ​ដែល​ពួកគាត់​តាំងខ្លួន​ជា​អ្នកគ្រប់គ្រង​តំបន់​នោះ ដោយ​មាន​ដីកា​ពី​តុលាការ​ចាប់ខ្លួន​ប៉ុន្មាន​ខែ​នេះ ព្រោះ​ពួកគាត់​តែងតែ​ដឹកនាំ​ពលរដ្ឋ​ទៅ​ចាប់ដី​កន្លែង​នេះ កន្លែង​នោះ​ជាច្រើន​កន្លែង​ទៀត​។ ឥឡូវ​យើង​ប្រាប់​ឲ្យ​ពលរដ្ឋ​ទាំង ៣១ ​គ្រួសារ​នេះ ត្រូវ​រុះរើ​ចេញ​ពី​តំបន់​ការពារ​»​។​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​ទៅ​ប្រជាពលរដ្ឋ​ដែល​រង​ការចោទប្រកាន់​ថា​មក​រស់នៅ​ខុសច្បាប់​នៅ​តំបន់​នេះ​បានទេ​។

លោក សំ ចាន់គា មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​គាំទ្រ​ចំណាត់ការ​របស់​អាជ្ញាធរ ប្រសិនបើ​ពួកគាត់​ពិតជា​មក​រស់នៅ​ក្នុង​តំបន់​ការពារ​មែន ប៉ុន្ដែ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ត្រូវតែ​ដោះស្រាយ និង​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​ពួកគាត់​ពិតជា​ពលរដ្ឋ​ក្រីក្រ​គ្មាន​ទីពឹង​មែន ឬ​យ៉ាងណា​?​។

លោក​បន្តថា បើ​ពួកគាត់​ពិតជា​អ្នកក្រីក្រ​មែន អាជ្ញាធរ​ត្រូវ​តែ​ចែក​ដី ឬ​រក​ទីតាំង​ណា​ដែល​មិន​ប៉ះពាល់​តំបន់​ការពារ ដោយ​បង្វែរ​ជា​ដី​សង្គមកិច្ច ហើយ​កាត់​ចែក​ពួកគាត់ ព្រោះ​បើ​បណ្ដេញ​ពួកគាត់​ចេញ​ទាំង​បង្ខំ​ដោយ​គ្មាន​កន្លែង​រស់នៅ​នោះ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ធ្ងន់ធ្ងរ និង​អាច​ជា​ការរំលោភ​សិទ្ធិមនុស្ស​ទៀតផង​។

លោក នេត្រ ភក្ដ្រា អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​ធ្លាប់​បាន​ឲ្យ​ដឹងថា ដើម្បី​ទប់ស្កាត់​នូវ​រូបភាព​ការទន្ទ្រាន​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​ការពារធម្មជាតិ ក្រសួងបរិស្ថាន​ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​ល្មើស​ដូច​បាន​រៀបរាប់​ខាងលើ​ដោយ​ផ្អែកលើ​នីតិវិធី​ច្បាប់​ជា​ធរមាន​៕