ភ្នំពេញៈ មិត្តភក្ដិ និងសាច់ញាតិបាននាំគ្នាធ្វើពិធីដាក់កម្រងផ្កា និងអុជធូបរំឭកវិញ្ញាណក្ខន្ធនៅទីតាំងរូបសំណាកលោក ជា វិជ្ជា គម្រប់ខួប ១៥ ឆ្នាំ កាលពីម្សិលមិញ ខណៈឃាតករដែលបានបាញ់សម្លាប់លោក ជា វិជ្ជា បន្តមានសេរីភាពនៅឡើយ ហើយខាងអាជ្ញាធរវិញបានធ្វើការអះអាងថា ការស៊ើបអង្កេតករណីឃាតកម្មលើមេដឹកនាំសហជីពរូបនេះ កំពុងបន្ត។
ក្នុងពិធីរំឭកវិញ្ញាណក្ខន្ធ ១៥ ឆ្នាំនៃមរណភាពរបស់លោក ជា វិជ្ជា ដែលជាអតីតប្រធានសហជីពសេរីកម្ពុជា ក្រុមអ្នកចូលរួមមួយចំនួនបានថ្លែងសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវបើកការស៊ើបអង្កេតរកយុត្តិធម៌ជូនក្រុមគ្រួសាររបស់លោក ជា វិជ្ជា។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានអះអាងថា ការអូសបន្លាយរកឃាតករពិត មិនទាន់ឃើញនេះ គឺជារូបភាពមួយបន្តគំរាមកំហែងដល់អ្នកធ្វើការងារផ្នែកសិទ្ធិមនុស្ស ក៏ដូចជាសហជីពទាំងអស់ដែលកំពុងបំពេញការងារការពារសិទ្ធិជូនកម្មករ ខ្លាចញញើតក្នុងការបំពេញតួនាទីតាមវិជ្ជាជីវៈរបស់ខ្លួន។
លោក ធន់ បានថ្លែងថា៖ «រដ្ឋាភិបាលមិនត្រូវទុកឱ្យជនណាម្នាក់ត្រូវគេបាញ់សម្លាប់ទាំងអយុត្តិធម៌ឡើយ ព្រោះកម្ពុជាមានច្បាប់ដើម្បីការពារសិទ្ធិបុគ្គល សិទ្ធិជនរងគ្រោះ និងច្បាប់ការពារជីវិតរបស់
ពលរដ្ឋគ្រប់រូប»។
លោក ធន់ បានថ្លែងបន្តថា លោក ជា វិជ្ជា ត្រូវបានបាញ់សម្លាប់កណ្ដាលទីក្រុងភ្នំពេញកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៤ ហើយក្រោយមកមានលោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត ក៏ជាតំណាងសហជីពនៅតាមមូលដ្ឋានទៀត ហើយអ្នកទាំងអស់នេះ ក៏អត់ទាន់រកឃាតករឃើញដែរ។
កាលពីឆ្នាំ ២០១៣ តុលាការកំពូលបានសម្រេចទម្លាក់ចោលការចោទប្រកាន់ទៅលើជនសង្ស័យចំនួន ២ នាក់ គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលគេហៅថាជាឃាតករសិប្បនិម្មិតសម្លាប់លោក ជា វិជ្ជា ឱ្យមានសេរីភាពវិញ ក្រោយពីពួកគេត្រូវឃុំឃាំងក្នុងពន្ធនាគារព្រៃសអស់ប្រហែល ៦ ឆ្នាំ តាមការសម្រេចផ្ដន្ទាទោសឱ្យជាប់គុក ២០ ឆ្នាំរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ១៤ មករាកន្លងមកនេះថា អាជ្ញាធរមិនទាន់រកឃើញភ័ស្ដុតាងអ្វីថ្មី ប៉ុន្តែការស៊ើបអង្កេតនៅតែបន្តធ្វើឡើងជាដដែល។
លោក សុភ័គ ថ្លែងថា៖ «ចង់បញ្ជាក់ថា សំណុំរឿង (ឃាតកម្មលើលោក ជា វិជ្ជា) មិនទាន់ចប់ទេ»។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានថ្លែងថា៖ «សំណុំរឿងរបស់ ជា វិជ្ជា ហាក់មានការជាប់ពាក់ព័ន្ធច្រើនជាមួយអ្នកមានអំណាច ព្រោះខ្ញុំបាននាំលោក ជា វិជ្ជា ទៅប្ដឹងដល់អាជ្ញាធរព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បន្ទាប់ពីលោក ជា វិជ្ជា រងការគំរាមសម្លាប់ ប៉ុន្តែ ២-៣ ថ្ងៃក្រោយមក អាជ្ញាធរព្រហ្មទណ្ឌកម្រិតស្រាលបានឆ្លើយតបមកពួកយើងវិញថា បុគ្គលដែលខលទូរស័ព្ទគំរាមសម្លាប់លោក ជា វិជ្ជា គឺជាអ្នកមានអំណាចខ្ពង់ខ្ពស់ម្នាក់ ដែលពួកគេមិនហ៊ានប៉ះពាល់ឡើយ។ (ប៉ុន្តែ) ខ្ញុំមានជំនឿថារដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការវែកមុខរកឃាតករពិត»។
ក្នុងពិធីរំឭកវិញ្ញាណក្ខន្ធ នោះផងដែរ លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងថា មូលហេតុដែលកម្មករមិនអាចបំភ្លេចបានចំពោះស្នាដៃរបស់លោក ជា វិជ្ជា គឺដោយសារបុគ្គលតែម្នាក់នេះបានបង្រៀន និងកសាងសមត្ថភាពដល់កម្មករ ក្នុងការបង្កើតឱ្យមានចលនាសហជីពនៅក្នុងប្រទេសកម្ពុជា។
លោក ពៅ ថ្លែងថា៖ «ខ្ញុំចាំមិនភ្លេចទេកាលខ្ញុំនៅធ្វើការនៅក្នុងរោងចក្រ ខ្ញុំតែងតែជួបលោក ជា វិជ្ជា រៀងរាល់ថ្ងៃអាទិត្យនៅពេលខ្ញុំសម្រាកពីការងារ គាត់បានបង្រៀនយើងខ្ញុំនៃការកសាង ចងក្រងចលនាសហជីពនៅតាមបណ្ដារោងចក្រសហគ្រាស ហើយគឺជាគ្រឹះនៃការទាមទារដំឡើងប្រាក់ខែជូនកម្មករ នេះគឺជាចំណុចសំខាន់ដែលយើងទាំងអស់គ្នាជាអតីតកម្មករមិនអាចបំភ្លេចបាន»។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ បានអះអាងថា ជុំវិញករណីឃាតកម្មលើមេដឹកនាំសហជីព ជាពិសេសសំណុំរឿងរបស់លោក ជា វិជ្ជា គឺខាងអង្គការ ILO និងសហគមន៍អន្តរជាតិតែងតែទទូចឱ្យមានការស៊ើបអង្កេតប្រកបដោយឆន្ទៈពិតប្រាកដក្នុងការរកឱ្យឃើញឃាតករពិត និងអ្នកនៅពីក្រោយ។
លោក សំអាត ថ្លែងថា៖ «បើយើងមើលទៅហាក់ដូចជាអំពើនិទ្ទណ្ឌភាពមួយពីព្រោះ ១៥ ឆ្នាំហើយទោះបីរដ្ឋាភិបាលថានៅតែបន្តក៏ដោយ ប៉ុន្តែការបង្កើតគណៈកម្មការធ្វើការស៊ើបអង្កេតស្រាវជ្រាវជាញឹកញាប់ អត់ទាន់មានបង្ហាញអំពីលទ្ធផលឬការវិវឌ្ឍទេ»៕