
គ្រឿងចក្រកាយដីភ្នំ និងរថយន្តដែលធ្លាក់ចំណោតពីសប្តាហ៍មុន។ រូបថត នគរបាលជាតិ
បន្ទាយមានជ័យៈ ម្ចាស់អាជីវកម្មកាយដីភ្នំលៀប និង បក្ខពួករបស់ខ្លួនម្នាក់ទៀតត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់បញ្ជូនខ្លួនទៅកាន់តុលាការពីម្សិលមិញ ដើម្បីចាត់ការបន្តតាមនីតិវិធី បន្ទាប់ពីរកឃើញថា ពួកគេធ្វើអាជីវកម្មកាយដីភ្នំមិនមានច្បាប់អនុញ្ញាត និងបង្កឲ្យមានគ្រោះថ្នាក់ស្លាប់កម្មករបើកបររថយន្តដឹកដីម្នាក់កាលពីដើមសប្ដាហ៍នេះ។
លោក ស៊ិន រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាលោក សឿម សំបូរ ម្ចាស់អាជីវកម្មកាយដីភ្នំលក់ និងបក្ខពួកម្នាក់ទៀតឈ្មោះ ស៊ឹម រិទ្ធី អ្នកបើកបរគ្រឿងចក្រអេស្កាវ៉ាទ័រ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ៦ ខែវិច្ឆិកា បន្ទាប់ពីក្រុមគណៈកម្មការចម្រុះនៃមន្ទីរជំនាញពាក់ព័ន្ធរកឃើញថាការធ្វើអាជីវកម្មកាយដីភ្នំរបស់ពួកគាត់នៅក្នុងតំបន់ភ្នំលៀបស្ថិតក្នុងភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យមិនមានច្បាប់អនុញ្ញាត។
លោក រ៉ាស៊ី ឲ្យដឹងទៀតថាការចុះត្រួតពិនិត្យរបស់ក្រុមគណៈកម្មការជំនាញ បានធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានអំពីឧបទ្ទវហេតុធ្លាក់រថយន្តដឹកដីមួយគ្រឿងពីលើចំណោតភ្នំលៀបនៃការដ្ឋានអាជីវកម្មកាយដីភ្នំរបស់ក្រុមហ៊ុនសឿម សំបូរ ដែលបង្កឲ្យកម្មករបើកបររថយន្តដឹកដីម្នាក់ឈ្មោះ ឃ្លិញ ស៊ី អាយុ ២៧ ឆ្នាំបានស្លាប់។
លោកបញ្ជាក់ថា៖ «ក្រោយពីធ្វើការចុះត្រួតពិនិត្យ និងសាកសួរដល់ទីតាំងកើតហេតុ ក្រុមគណៈកម្មការជំនាញយើងបានរកឃើញថាម្ចាស់អាជីវកម្មនេះគ្មានច្បាប់ធ្វើអាជីវកម្មកាយដីភ្នំនោះទេ។ បន្ទាប់មកក្រុមគណៈកម្មការបានសម្រេចបិទអាជីវកម្មនោះទាំងស្រុង និងបានឃាត់ខ្លួនពួកគាត់បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់»។
បើតាមការបញ្ជាក់ពីលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីម្សិលមិញគឺលោក សឿម សំបូរ និងបក្ខពួកឈ្មោះ ស៊ឹម រិទ្ធី ត្រូវបានក្រុមមន្ត្រីជំនាញកងរាជអាវុធហត្ថផ្នែកបង្ក្រាបបទល្មើសធនធានធម្មជាតិសម្រេចធ្វើការចោទប្រកាន់ពីបទ «បំផ្លិចបំផ្លាញធនធានធម្មជាតិ» ហើយជនសង្ស័យទាំង ២ ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
ជុំវិញករណីនេះលោក សឿម សំបូរ ប្រាប់ ភ្នំពេញប៉ុស្តិ៍តាមរយៈទូរស័ព្ទ គ្រាដែលលោកទៅបំភ្លឺនៅតុលាការខេត្តបន្ទាយមានជ័យថាលោកមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មកាយអាចម៍ដីលក់ដែលចេញដោយអាជ្ញាធរខេត្តបន្ទាយមានជ័យ ប៉ុន្តែលោកទទួលស្គាល់ថា សកម្មភាពកាយដីរបស់បុគ្គលិកលោកធ្វើឲ្យមានផលប៉ះពាល់ដល់ធនធានធម្មជាតិពិតប្រាកដមែន។
លោក សំបូរ បញ្ជាក់ថា៖ «ខ្ញុំទទួលស្គាល់ពីសកម្មភាពកាយដីរបស់បុគ្គលិកកម្មកររបស់ខ្ញុំគឺពួកគេបានកាយខុសគោលដៅដោយកាយរំលោភចូលដីភ្នំពិតប្រាកដមែន។ ខណៈនេះ មន្ត្រីតុលាការនៅមិនទាន់បញ្ចប់ការសាកសួរខ្ញុំនៅឡើយទេ»។
បើតាមការអះអាងរបស់ប្រជាពលរដ្ឋនៅភូមិ-ឃុំភ្នំលៀប និង អាជ្ញាធរមូលដ្ឋាន ករណីកាយដីភ្នំខាងលើនេះបានកើតឡើងជាយូរណាស់មកហើយ និងមិនមែនមានតែក្រុមហ៊ុនរបស់លោក សឿម សំបូរ មួយនោះទេគឺមានក្រុមហ៊ុនមួយចំនួនទៀតដូចជាក្រុមហ៊ុន អៀន ជា ក៏បានធ្វើសកម្មភាពកាយដីភ្នំនេះដែរ ប៉ុន្តែក្រុមហ៊ុន អៀន ជា បានបញ្ឈប់សកម្មភាព និងជម្លៀសគ្រឿងចក្រចេញភ្លាមៗ ក្រោយពីមានករណីធ្លាក់រថយន្តដឹកដីមួយរបស់ក្រុមហ៊ុន សឿម សំបូរ បង្កឲ្យអ្នកបើកបរម្នាក់ស្លាប់។
លោក អែម ណុយ មេឃុំភ្នំលៀបប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការឃាត់ខ្លួនលោក សឿម សំបូរទំនងមកពីឧបទ្ទវហេតុនោះ និងអាចមកពីការកាយដីខុសគោលដៅ ប៉ុន្តែករណីនេះក្រុមហ៊ុន អៀន ជា ក៏បានប្រព្រឹត្តបទល្មើសដូចគ្នានេះផងដែរ៕