ភ្នំពេញៈ នគរបាលជាតិបានសម្រេចបញ្ចូនលោក សេង សុភគ៌ ម្ចាស់ឃ្លាំងសេងហួត ទៅតុលាការ ដោយចោទប្រកាន់ពីបទឆបោក បន្ទាប់ពីចាប់ឃាត់ខ្លួនកាលពីថ្ងៃអាទិត្យតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាង ១០០ នាក់ដែលអះអាងថា ពួកគាត់បានចាញ់បោកជននេះ ក្នុងម្នាក់ៗ អស់រាប់ពាន់ដុល្លារក្នុងការទិញរថយន្តបង់រំលស់ពីក្រុមហ៊ុននេះ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថា សមត្ថកិច្ច កំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនជននេះទៅតុលាការចាត់ការបន្តតាមនីតិវិធី ជុំវិញការចោទប្រកាន់ពីបទឆបោក។
លោកថ្លែងថា៖ «រឿងហ្នឹងទាក់ទងនឹងការឆបោកឡានតៗគ្នាអីហ្នឹង។ យើងឃាត់ខ្លួន គាត់យ៉ាងយូរ ៤៨ ម៉ោង តែឥឡូវនេះ យើងកំពុងរៀបចំនីតិវិធីបញ្ចូនទៅតុលាការ ប្រហែលល្ងាច (ចន្ទ) បញ្ចូនទៅព្រោះច្រើនរឿងពេក មិនទុកទេ។ ចំណែកពលរដ្ឋដែលរងគ្រោះកំពុងតវ៉ាអីហ្នឹង សូមទៅផ្ទះសិនទៅ រង់ចាំការដោះស្រាយរបស់តុលាការ»។
អគ្គនាយកក្រុមហ៊ុន ឈ្មោះ សេង សុភគ៌ ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃចាប់ឃាត់ខ្លួន កាលពីម៉ោង ១ រសៀល ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៩ ក្នុងហាងស៊ុបមួយតាមផ្លូវ ២៨៩ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រួចបញ្ជូនទៅ ក្រសួងមហាផ្ទៃដើម្បីសាកសួរ។
បើតាមលោក គឹមខឿន ការឃាត់ខ្លួននេះ គឺធ្វើឡើង តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលចាញ់បោកក្រុមហ៊ុននេះ ជាបន្តបន្ទាប់តាំងពីចុងឆ្នាំ ២០១៨ ដោយពួកគេបានទិញរថយន្តបង់រំលស់ពីឃ្លាំង សេង ហួតនេះ ក្រោយមកត្រូវបានក្រុមហ៊ុននេះ ដកហូតរថយន្តវិញ និងអ្នកខ្លះបានបង់ប្រាក់កក់រួចហើយ តែមិនទាន់ទទួលបានរថយន្តនិងអ្នកខ្លះទៀតកំពុងភ័យខ្លាចការដកហូតរថយន្ត ដោយក្រុមហ៊ុនបានប្រើហេតុផល ផ្សេងៗដូចជាថា ត្រូវយករថយន្តមកជួសជុល ប៉ុន្តែនៅទីបំផុតក្រុមហ៊ុនមិនបានប្រគល់រថយន្តឲ្យវិញឡើយ។
លោក ម៉ាន់ សុផល មេធាវីលោក សេង សុភ័គ បានថ្លែងយ៉ាងខ្លីពីម្សិលមិញថា ពិតជាមានការឃាត់ខ្លួនកូនក្តីលោកមែន តែយ៉ាងណាលោកបដិសេធធ្វើអត្ថាធិប្បាយ។
បើតាមប្រជាពលរដ្ឋរងគ្រោះ អ្នកដែលបានចាញ់បោកឃ្លាំង សេង ហួត គឺមានជាង ១០០ នាក់ ដោយបានធ្វើកិច្ចសន្យាជាមួយម្ចាស់ឃ្លាំងនេះដើម្បីទិញរថយន្តបង់រំលស់ ដោយក្នុងម្នាក់ៗ ត្រូវបង់ប្រាក់កក់មុន ពី ៣០ ទៅ ៤០ ភាគរយគឺចន្លោះពី៣ពាន់ ទៅ ៨ ពាន់ដុល្លារ ទៅតាមប្រភេទរថយន្តដែលមានតម្លៃពីជាង ១ ម៉ឺន ទៅជិត ២ ម៉ឺនដុល្លារ មានម៉ាកព្រូស ម៉ាកហាយឡែនឌ័រ និងម៉ាកបាឡែនជាដើម ដោយត្រូវបង់ប្រាក់ជារៀងរាល់ខែ ជាថ្នូរនឹងការយកឡានមកប្រើប្រាស់។
លោក លឿង ស៊ីវម៉េង អ្នកទិញរថយន្តបង់រំលស់ម្នាក់ ក្នុងចំណោមអ្នកតវ៉ាទាំងនោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ទម្រាំតែមានការឃាត់ខ្លួនម្ចាស់ឃ្លាំងនេះ គឺពួកលោកបានស្វែងរកអន្តរាគមន៍ស្ទើរគ្រប់ទីកន្លែង។ លោកថា ជាមួយគ្នានេះ ពលរដ្ឋដែលត្រូវបានចាញ់បោកម្ចាស់ឃ្លាំងនេះ ក៏កំពុងប្រមូលផ្តុំគ្នានៅក្រសួងមហាផ្ទៃផងដែរ។
លោកបញ្ជាក់ថា៖ «យើងសង្ឃឹមថា នឹងទទួលបានការដោះស្រាយត្រឹមត្រូវ ហើយត្រូវកោះហៅអ្នកពាក់ព័ន្ធទាំងអស់ ទាំងឃ្លាំងឡានផ្សេងទៀតនិងធនាគារ ដែលមានជាប់ពាក់ព័ន្ធ ដើម្បីដោះស្រាយដល់ពួកយើង»។
បទល្មើស ឆបោក គឺជាប្រភេទបទល្មើសមជ្ឈិមដែលត្រូវបានចែងនៅក្នុងក្រមព្រហ្មទណ្ឌ តាមមាត្រា ៣៧៧ ហើយត្រូវបានគេឲ្យនិយមន័យ ថា គឺជាអំពើបន្លំ ចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភទៅលើឋានៈក្លែង ដោយរំលោភទៅលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិត ដែលបង្កឲ្យខូចប្រយោជន៍របស់តតិយជនដែលអាចប្រឈមនឹងការដាក់ពន្ធនាគារ ពី ៦ ខែទៅ ៣ ឆ្នាំនិងពិន័យជាប្រាក់ ពី ១ លាន រៀល ទៅ ៦ លានរៀល។
ឃ្លាំង សេង ហួត ទិញ លក់ ជួល រថយន្តបង់រំលស់ ដែលមានទីតាំងផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ ក៏មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ជាដៃគូផ្សេងទៀត ដូចជាក្រុមហ៊ុន NH Cars (ណំ ហម) ដែលមានទីតាំងស្ថិតនៅផ្លូវ ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ផងដែរបន្ទាប់ពីប្រជាពលរដ្ឋ បានជួបប្រទះឡានដែលខ្លួនបានបង់រំលស់ និងត្រូវបានដកហូតដោយក្រុមហ៊ុន សេង ហួត ត្រូវបានក្រុមហ៊ុន NH Cars (ណំ ហម) ផ្តល់ឲ្យអតិថិជនផ្សេងទៀត៕