ភ្នំពេញៈ អង្គការ​យូនីសេហ្វ ដែល​ទទួល​បាន​ជំនួយ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ (USAID) ​ផ្តល់​សម្ភារ​អនាម័យ​សំខាន់ៗ​ដល់​សាលារៀន​ចំនួន​ ៤១៧ នៅ​រាជធានី-ខេត្ត​ចំនួន​ ៦ ដើម្បី​ជា​ការចូលរួម​ចំណែក​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ក្នុង​អំឡុងពេល​ដែល​សាលារៀន​ទូទាំង​ប្រទេស បើក​ដំណើរការ​ឡើងវិញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ USAID ឲ្យ​ដឹង​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​សាលារៀន​ចំនួន​ ៤១៧ ក្នុង​ខេត្ត​ចំនួន​ ៥ និង​រាជធានី​ភ្នំពេញ​នឹង​ទទួល​បាន​សម្ភារ​អនាម័យ ដែល​មាន​ដូចជា​សាប៊ូ​លាងដៃ ជែល ទឹក​អាល់កុល និង​ឧបករណ៍​វាស់កម្តៅ​។ សេចក្តីប្រកាស​បន្តថា ការប្រគល់​ជូន​សម្ភារ​ទាំង​នេះ​ដល់​សាលារៀន​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ការិយាល័យ​អប់រំ យុវជន​ និង​កីឡា​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​ដោយ​មាន​មន្ត្រី​ពាក់ព័ន្ធ សង្គម​ស៊ីវិល​ចូលរួម​។

លោក​ មាស ប៊ុនលី មន្ត្រី​ទំនាក់ទំនង​យូនីសេហ្វ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា អង្គការ​យូនីសេហ្វ​បាន​ទទួល​គម្រោង​ជា​ជំនួយ​របស់ USAID ជាច្រើន​ក្នុង​ទិសដៅ​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​។ ជាពិសេស​នោះ​លោក​ថា ចំពោះ​គម្រោង​ផ្តល់​ជា​សម្ភារ​អនាម័យ​នេះ គឺជា​ការរួមចំណែក​ជំរុញ​លើក​ទឹកចិត្ត​ដល់​កុមារ​ឲ្យ​មាន​ទំនុកចិត្ត​ក្នុង​ការវិលត្រឡប់​ចូល​សាលារៀន​ជាថ្មី​។

លោក​បន្ថែមថា ក្នុង​អំឡុងពេល​បើក​សាលារៀន​ក្នុង​ដំណាក់កាល​នេះ​ទោះ​ជា​មិន​អាច​និយាយ​បាន​ថា​សាលា​ទាំងអស់​អាច​ទទួល​បាន​ការសិក្សា​ដ៏ពេញលេញ​ ១០០% ​ក៏ដោយ ប៉ុន្តែ​វា​គឺជា​ការប្រសើរ​សម្រាប់​កុមារ​ដែល​អាច​ឲ្យ​កុមារ​ទាំងអស់​បាន​វិល​មក​រក​ថ្នាក់រៀន និង​ជួប​លោកគ្រូ អ្នកគ្រូ ដើម្បី​ទទួល​បាន​ការអប់រំ​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​យើង​ចង់​ឲ្យ​សិស្ស​ចូលរៀន​វិញ​ប្រកប​ដោយ​សុវត្ថិភាព​ដែល​សម្ភារ មានដូចជា ទឹក​លាងដៃ ជែល អាល់កុល ដែល​ធ្វើ​ម៉េច​ឲ្យ​ចំ​គោលដៅ​ក្មេងៗ​ដែល​ចូលរៀន​វិញ​ត្រូវ​ប្រើ ហើយ​នេះ​គឺ​គ្រាន់តែ​សកម្មភាព​មួយ​ដែល​យើង​បានធ្វើ​។ អ្វីដែល​ធ្វើបាន​ធ្វើ​ទៀត គឺ​ការចូលរួម​សកម្មភាព​ផ្សព្វផ្សាយ ដោយ​ធ្វើយ៉ាងណា​ឲ្យ​កុមារ អាណាព្យាបាល និង​គ្រូបង្រៀន ចេះដឹង​ថែរក្សា​ខ្លួន​ដោយ​ខ្លួនឯង​»​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែង​អំណរគុណ និង​លើក​ទឹកចិត្ត​គ្រប់ភាគី​ពាក់ព័ន្ធ​ឲ្យ​បន្ត​កិច្ចសហការ​ជា​វិជ្ជមាន​តាម​គ្រប់​រូបភាព​ក្នុង​ឱកាស​ដែល​ក្រសួង​អប់រំ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​បើក​ដំណើរការ​សាលារៀន​ឡើងវិញ ដើម្បី​គ្រប់គ្រង បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩​។

លោក​បញ្ជាក់ថា​៖ «​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ទទួល​គោលការណ៍​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បើក​ដំណើរការ​សាលារៀន​ទូទាំង​ប្រទេស​តាមរយ:​ ៣ ​ដំណាក់កាល ហើយ​ការបើក​ដំណើរការ​ដំណាក់កាល​ទី​ ១ សាលារៀន​ស្តង់ដា​សុវត្ថិភាព​ខ្ពស់​ចំនួន​ ២០ ​គ្រឹះស្ថានសិក្សា​បាន​ចាប់ផ្ដើម​ក្នុង​ខែ​សីហា ឆ្នាំ​ ២០២០»​។

លោក​ថា​៖ «​ការបើក​ដំណើរការ​ដំណាក់កាល​ទី​ ២ បាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ៧ ខែ​ កញ្ញា ឆ្នាំ​ ២០២០​។ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ត្រៀម​លក្ខណ:​បច្ចេកទេស កត្តា​សុវត្ថិភាព សុខភាព​សិក្សា និង​ទិដ្ឋភាព​ពាក់ព័ន្ធ​សម្រាប់​ត្រៀម​បើក​ដំណើការ​ដំណាក់កាលទី៣ នាពេលខាងមុខ។