ភ្នំពេញ: មន្ត្រី​ត្រួត​ពិនិត្យ​បច្ចេក​ទេស ​៦ រូប​ត្រូវ​បាន​រដ្ឋ​មន្ត្រី​ក្រសួង​សា​ធារ​ណ​ការ ​និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ដកចេញ​ពី​តួនាទី​ជា​អ្នក​ត្រួត​ពិនិត្យ​និង​គ្រប់​គ្រង​ការងារស្ថាប​នា​កំណាត់​ផ្លូវជាតិ​លេខ ​៧ ឲ្យប្រសើរឡើងវិញ បន្ទា​ប់​ពី​​រកឃើញ​ចំណុច​ខ្វះ​ខាត​ក្នុងការងារ​ខណៈ​ក្រុមហ៊ុន​មួយ​ចំនួន​ត្រូវ​បា​ន​ព្រមាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ប៉ុន្តែ​តម្រូវ​ឲ្យ​​ដោះ​ស្រាយ​គុណភាព​ផ្លូ​វបន្ទាន់។

លោក ​ហ៊ាង សុទ្ធា​យុត្ត អ្នកនាំ​ពាក្យ​ក្រសួង​នេះ​​ បាន​ថ្លែង​ថា ការផ្លាស់ប្ដូរ​មន្ត្រីទាំង ៦​ រូបនេះ​ ដោយសារពួក​គាត់​គ្រប់គ្រង​ ការស្ថាបនា​​ផ្លូវជា​តិលេខ​ ៧ មា​ន​ការ​ខ្វះ​ចន្លោះ​ធ្វើឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​មិន​ប្រក្រតី​ច្រើន។

លោក​បន្តថា ក្នុង​អំឡុ​ងពេល​ជិះ​កង់​ត្រួត​ពិនិត្យ​ផ្លូវ​នោះ លោក​ទេសរ​ដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​មិនបាន​ពេញ​ចិត្ត​ទេ​ នៅ​ពេល​លោក​ឃើញ​ផ្លូវ​ដែល​សាង​សង់​ក្នុង​កម្រិត​ AC ​មួយ​នេះរង​ការ​ខូច​ខាត​ច្រើន​កន្លែង​ទាំង​ដំណើរការ​សាងសង់​​មិន​ទាន់​ចប់។

លោកថា៖ «យើង​បានណែនាំ​ដល់​ក្រុម​ហ៊ុន​សាង​សង់ និងក្រុមហ៊ុន​ពិនិត្យ​បច្ចេក​ទេស ត្រូវ​តែ​កែលម្អ​ឡើង​វិញ​ត្រង់​ចំណុច​ដែល​រង​ការ​ខូច​ខាត​នោះ​ ហើយ​ឯក​ឧត្តម​រដ្ឋមន្ត្រីក៏​គាត់​លើក​ឡើង​ដែរ​ថា ការធ្វើ​ផ្លូវ​មិនបាន​ល្អ​ប្រសើរ​នេះ វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ដល់​កិត្តិ​យស​របស់​កម្ពុជា ក៏​ដូច​ជា​រដ្ឋាភិ​បាល​ចិន​ដែរ អ៊ីចឹង​ក្រុម​ហ៊ុន​ត្រូវ​ពង្រឹង​គុណភាព»។

បើតាម លោក​ សុទ្ធា​យុត្ត​ ​មន្ត្រី​គម្រោង ​៦ រូប​ ដែល​ក្រសួង​សម្រេច​ប្តូរនោះ​​រួមមាន៖ ​ប្រធាន​ក្រុម​ទីប្រឹ​ក្សា​បច្ចេ​ក​ទេ​ស​ម្នាក់ អនុ​ប្រធាន​ក្រុម​ទីប្រឹក្សា​បច្ចេកទេស​ម្នាក់ និង​សមា​ជិក​ក្រុម​ទីប្រឹក្សា​បច្ចេក​ទេស​ ៤ នាក់ ប៉ុន្ដែ​លោក​មិន​អា​ច​​បង្ហាញ​ឈ្មោះ ឬ​អត្តសញ្ញាណ​​បាន​ទេ។

ខណៈចុះ​ត្រួត​ពិនិត្យ​ផ្លូវ​ជាតិ​លេខ​ ៧​ កាល​ថ្ងៃទី​ ២៤​ ខែ កក្ក​ដា លោក​ ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា បញ្ហា​ផ្លូវ​ខូច​នេះ​ គឺម​កពី​បច្ចេក​ទេស​ក្រុម​ហ៊ុន​សាងសង់​មិន​ត្រឹម​ត្រូវ​ដូច​ជា ចា​ក់​កៅ​ស៊ូ​កម្រិត ​AC មិន​ត្រូវ​តាម​​បច្ចេកទេ​ស។​ រីឯ​ការ​ប្រេះ​ស្រការ​នាគ​មកពី​ការ​លាយ​បេ​តុង​កៅស៊ូ​មិន​បាន​ត្រឹម​ត្រូវ ឬ​អាច​ពេ​ល​​ចាក់​កៅស៊ូ​កម្តៅ​មិន​គ្រប់​គ្រាន់​តាម​បច្ចេកទេស។

លោក​ថា៖ «យើង​ពិនិត្យ​មើល​ថា តើ​គាត់ (ក្រុមហ៊ុន) ខុស​លក្ខណៈ​បច្ចេក​ទេសឬ​​គាត់​កេង​ប្រវ័ញ្ច។ នេះ​អាច​ឈា​ន​ទៅ​ដល់​ការ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​មិន​ឲ្យ​ដេញ​ថ្លៃ​រាល់​គម្រោង​ក្រោយៗទៀ​ត​ ប៉ុន្តែ​ខូច​លក្ខណៈ​បច្ចេកទេស​អ៊ីចឹ​ង ​យើង​អាច​ពិភាក្សា​គ្នា​បាន ហើយ​ពិនិត្យ​ទៀត​បើគាត់​ចេះតែ​ខុស​ហើយខុស​ទៀត ​អាហ្នឹ​ង​គួរ​ពិចារណា​ពេល​ដាក់​ដេញ​ថ្លៃ​យើ​ង​​ប្រាប់​ទៅ​ធនាគា​រពិភព​លោក​ថា កុំ​ឲ្យ​ក្រុមហ៊ុនហ្នឹង​ចូល​រួម​ដេញ​ថ្លៃ​បន្ត​សាង​សង់​ផ្លូវ​ក្នុង​ស្រុក​ខ្មែរ​ត​ទៅ​ទៀត»។

លោក​ ស៊ុន ​ចាន់ថុល បាន​ប្រកា​ស​ថា​ អាច​នឹងមាន​វិធាន​ការ​តឹងរ៉ឹង​ ចំពោះ​ក្រុម​ហ៊ុន​ណា​ដែល​សាង​សង់​ផ្លូវ​មិន​សូវ​មាន​គុណ​ភាព​ដោយ​ស្នើ​ទៅ​រដ្ឋាភិបាល​ចិន​ និង​ម្ចាស់​កម្ចី​ដទៃទៀត​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​​ចូល​រួម​ដេញថ្លៃ​​ធ្វើ​ផ្លូវ​​ទៀត​ទេ។

មន្ត្រី​បច្ចេកទេ​ស​ម្នាក់​ សុំ​មិនបញ្ចេញ​ឈ្មោះក្នុ​ងចំណោ​ម ៦ នា​ក់​នៃ​ក្រុមហ៊ុន​ពិនិត្យ​ផ្លូវ​របស់​កូរ៉េ​ខាង​ត្បូង​ឈ្មោះ Korea Consultants International (KCI) បាន​ថ្លែង​ពី​ម្សិល​មិញ​ថា លោក​បាន​ត្រួត​ពិនិ​ត្យ និង​តាមដាន​ការស្ថា​បនា​ផ្លូវ​ជាតិ​លេខ​ ៧ នេះ​ជា​ប្រចាំ​ ប៉ុន្ដែ​ពេល​ឃើញ​កំហុស​​របស់​ក្រុមហ៊ុ​ន​សាងស​ង់ លោ​ក​បាន​ប្រាប់​​មេការ​ ប៉ុន្ដែ​ពួក​គាត់​មិន​បាន​ស្ដាប់​តាម​ការ​ណែនាំ​ទេ។​

លោក​បញ្ជាក់​ថា៖ «ពេល​ខ្ញុំ​បាន​ឃើញ​ធ្វើ​ខុស​អ៊ី​ចឹង​ ដល់ពេល​ខ្ញុំ​ទៅ​ប្រាប់​ថា កុំ​ឲ្យ​គាត់ធ្វើអ៊ីចឹង​ទៀតគឺ​ធ្វើ​អ៊ីចឹង​ខុស​បច្ចេកទេស​ទេ ប៉ុន្ដែ​បុគ្គលិក​ក្រុមហ៊ុន​សាង​សង់​ហ្នឹង គាត់​អត់​ព្រម​បញ្ឈប់​ធ្វើ​ទេគឺ​គាត់​នៅតែ​បន្តធ្វើ​ទៀត ហើយ​ខ្ញុំ​ក៏​បណ្ដោយ​ឲ្យ​​គាត់​ធ្វើ​ត​ទៀត​ទៅ»។

តំណាង​ក្រុមហ៊ុន​ចិន​ ឈ្មោះ Sichuan Road and Bridge (Group) Corporation Ltd ដែលជា​អ្នក​ម៉ៅ​ការ​ធ្វើ​ឲ្យផ្លូវជាតិ​លេខ​ ៧ ប្រសើ​រ​ឡើង​វិញ មិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​ពី​ករ​ណី​នេះ​​បាន​ទេ កាលពី​ថ្ងៃ​ម្សិលមិញ ។

លោក សន ជ័យ នា​យក​ប្រតិ​បត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា (ANSA) បាន​ថ្លែង​ថា ការ​ផ្លា​ស់ប្ដូរឬ​បញ្ឈប់​មន្ត្រី​អ្នក​ទទួល​ខុសត្រូវ​ការ​ដ្ឋា​ន​នេះ​ គឺជា​ចំណុច​ចាប់ផ្ដើម​មួយ​ល្អ​ ប៉ុន្ដែ​ចំនួន​ផ្លូវ​មិន​ប្រក្រតី​មាន​ច្រើ​ន​​ខ្សែ​ទៀត ដែល​ការត្រួ​តពិនិ​ត្យ​របៀប​នេះ គួរមា​ន​វិសា​លភាព​ធំ​ទូលាយ​ថែម​ទៀត។

លោកប​ញ្ជាក់​ថា៖ «យើងបាន​ឃើញ​គំរូ​ផ្លូវ​មួយ​ចំនួន​ដែរ​ ដូចជា នៅ​ផ្លូវជាតិ​លេខ ៦ ដែល​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​សាង​សង់​ជា​អ្នក​ទទួល​ខុស​ត្រូ​វឬ​សង​ជា​សំណង។​ទោះ​យ៉ាង​ណាការ​ចា​ប់ផ្ដើ​ម​​នេះ វា​ក៏​អាច​បន្លាច​ក្រុម​ហ៊ុន​ទទួល​ម៉ៅ​ការ​ផ្សេងៗ​ទៀត​ឲ្យ​ប្រុង​ប្រ​យ័ត្ន ប៉ុន្ដែ​ពាក្យ​ចាក់​ស្ដើង​ស៊ី​ក្រាស់​នេះ ក៏​នៅ​តែ​មាន​វិសាលភាព​នៅ​ឡើយ​ទេ»។

តាម​របាយ​ការណ៍​រប​ស់​ក្រសួង​សា​ធារ​ណ​កា​រ ​និង​ដឹក​ជញ្ជូន​បាន​បង្ហាញ​ថា គម្រោង​ធ្វើ​ឲ្យ​ប្រ​សើរឡើង​វិញ​នូវ​ផ្លូវ​ជាតិ​​លេខ ៧​ នេះត្រូវ​បាន​គេ​​ហៅ​ថា ​Ro​ad Asset Management Project II (RAMPII) មាន​ប្រវែង​សរុប ៤៦០​,៨​៣០ គី​ឡូម៉ែត្រជា​ប្រភេទ​បេតុង​កៅស៊ូ​ (AC) ចាប់ពី​ភូមិ​ស្គន់ផ្លូ​វជាតិ​​លេខ ៦ (P​K៧៥+​០០០) ឃុំសូ​ទិ​ប ​ស្រុក​​ជើង​ព្រៃ ខេត្ត​កំពង់ចាម​ឆ្លង​កា​ត់​​ខេត្ត​ត្បូង​ឃ្មុំ ក្រចេះ រហូត​ទៅ​ដល់​តំបន់​ត្រពាំង​ក្រៀល (ព្រំដែន​កម្ពុជា-ឡាវ) ក្នុង​ខេត្ត​ស្ទឹងត្រែង។

របាយ​ការ​ណ៍​​បន្តថា ក្នុងនោះ​ប្រវែង​ ២៧៥,​៥​៦០ គី​ឡូម៉ែ​ត្រ ត្រូវបាន​ជួសជុ​ល​ ដោយ​ក្រុម​ហ៊ុន​ចិន​ ឈ្មោះ Sichuan Road and Bridge (Group) Corporation Ltd និង​ត្រួតពិ​និត្យ​គុណ​ភាព​ដោយ​ក្រុម​ហ៊ុ​ន​​កូរ៉េខាង​ត្បូង​ឈ្មោះ Korea Consultants International (KCI) ចាប់ពី​បង្គោល​គីឡូ​ម៉ែត្រ​លេខ ១៣៦ ដោយ​ប្រើប្រាស់​ថវិកា​អន្តរជាតិ​សរុប​ចំនួន ៦៩,៨២ លាន​ដុល្លារ​អាមេរិក​ពោល​គឺ​ចាប់ពី​បង្គោល​គីឡូម៉ែត្រ​លេខ PK136-PK300 ក្រោម​ហិរញ្ញប្បទាន​ពី​ធនា​គារពិភ​ពលោក​ក្នុង​ទឹក​ប្រាក់​ចំនួន ៣៦,៤៥ លាន​ដុល្លារ​អាមេរិកនិង​ចាប់ពី​បង្គោ​ល​គីឡូម៉ែត្រ​លេខ PK332.125 ដល់ PK-424.690 គឺជា​ជំនួយឥ​តសំណង​​របស់​រដ្ឋាភិ​បាល​ចិន​ក្នុង​ទឹក​ប្រាក់​ចំនួន ​៣៣,៣៧ លានដុល្លារ​អាមេរិក៕