ភ្នំពេញៈ លោក​ វេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​ថ្ងៃទី​ ៦ ​កក្កដា​បាន​បង្កើត​ក្រុមការងារ​ចុះ​ស្រាវជ្រាវ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដីព្រៃ​ដែល​ពលរដ្ឋ​កាន់កាប់​ជាក់ស្ដែង​លើ​ ២៤ ​ខេត្ដ​ទូទាំង​ប្រទេស ក្រោយពី​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ​ដាក់​បទបញ្ជា​កាលពី​សប្ដាហ៍​មុន​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ពន្លឿន​ការដោះស្រាយ​ដោយ​ហ្មត់ចត់ និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដល់​ពលរដ្ឋ​រស់នៅ​លើ​ទីតាំង​ដី​របស់​រដ្ឋ​។

សេចក្ដី​សម្រេច​របស់​លោក វេង សាខុន ស្ដីពី​ការបង្កើត​ក្រុមការងារ​ចុះ​ស្រាវជ្រាវ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដីព្រៃ​ដែល​ប្រជាពលរដ្ឋ​កាន់កាប់​អាស្រ័យផល​ជាក់ស្ដែង​នេះ​គឺ​យោង​តាម​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ដ្រី​ចុះ​ថ្ងៃទី​ ៣ ខែ​កក្កដា កន្លង​ទៅ​ផងដែរ​។ តាមរយៈ​សេចក្ដី​សម្រេច​ខាងលើ​លោក​ វេង សាខុន បាន​បង្កើត​ក្រុមការងារ​ចំនួន​ ១៨ ​ក្រុម​ដើម្បី​ចុះ​ស្រាវជ្រាវ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដីព្រៃ​ដែល​ប្រជាពលរដ្ឋ​កាន់កាប់​អាស្រ័យផល​ជាក់ស្ដែង​។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា​៖ «​ក្រុមការងារ​ទាំង​ ១៨ ​ក្រុម​ខាងលើ​មាន​តួនាទី​ចុះ​អនុវត្ត​ដោយផ្ទាល់​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ខេត្ដ​នីមួយៗ​លើ​ការប្រមូលផ្ដុំ​ចងក្រង​ទិន្នន័យ​ដែល​មាន​ស្រាប់​ពាក់ព័ន្ធ​នឹង​កិរិយា​នៃ​ការកាន់កាប់​ដីព្រៃឈើ​។ ស្រាវជ្រាវ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដីព្រៃ​ឈើ​ដែល​ប្រជាពលរដ្ឋ​កាន់កាប់ និង​អាស្រ័យផល​ជាក់ស្ដែង​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​៖ «​រៀបចំ​របាយការណ៍​ពិស្ដារ​ជូន​អគ្គលេខាធិការដ្ឋាន​ប្រតិបត្ដិ​នៃ​គណៈកម្មាធិការ​ជាតិ ដើម្បី​ធ្វើការ​បូកសរុប និង​មាន​ចំណាត់​ការបន្ត​»​។

លោក​ ចាន់ ហេង នាយក​ខុទ្ទកាល័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្ដី​សម្រេច​នេះ និង​ប្រាប់​ឱ្យ​សួរ​ទៅ​លោក ស្រី វុឌ្ឍី អគ្គលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​លោក​ថា ជា​អ្នក​ទទួល​បន្ទុក​ការងារ​នេះ​។ ប៉ុន្តែ​លោក​ វុឌ្ឍី ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។

កាលពី​ថ្ងៃទី​ ៣ ខែ​កក្កដា ឆ្នាំ​ ២០២០ ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ក៏​បានចេញ​បទបញ្ជា និង​បញ្ជាក់​យ៉ាងច្បាស់ៗ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​ដែនដី​គឺ​ត្រូវតែ​កាត់​ឆ្វៀល​ដី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានមក​រស់នៅ​លើ​ទីតាំង​ដី​ដែលជា​គម្រប​ព្រៃឈើ ឬ​ជា​តំបន់​ការពារ ឬ​តំបន់​អភិរក្ស​សត្វព្រៃ​របស់​រដ្ឋ ដូចជា​នៅ​ខេត្តកោះកុង ព្រះវិហារ​ជាដើម ដែល​មាន​ប្រជាពលរដ្ឋ​បាន​មក​ធ្វើ​ផ្ទះ​រស់នៅ​រយៈពេល​ជាង ១០-២០ ​ឆ្នាំ​មកហើយ​នោះ​។

លោកនាយក​រដ្ឋមន្ដ្រី​បាន​ថ្លែងថា​៖ «​ព្រោះ​កន្លងមក រដ្ឋ​មាន​តែ​ដី​ក្នុង​ផែនទី​ទេ តាមពិត​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​កសាង​លំនៅឋាន​រស់នៅ​បង្កើត​កូនចៅ រាប់សិប​ឆ្នាំ​មក​ហើយ​នៅលើ​ទីតាំង​ដី​ទាំងនោះ​។ នេះ​ជា​ការដោះស្រាយ​កង្វល់​ជូន​ពលរដ្ឋ​ពិតប្រាកដ​»​។

លោក​ ហ៊ុន សែន បាន​បញ្ជាក់​ថា​កុំ​ទុក​ប្រជាពលរដ្ឋ​ឱ្យ​ភ័យខ្លាច អត់ឃ្លាន រត់​ទៅ​ចំណាក​ស្រុក​គេ​តទៅទៀត​។ ទន្ទឹម​នឹង​នេះ​សូម​កុំឱ្យ​ពលរដ្ឋ​ពង្រីក​ថែមទៀត ព្រោះ​ត្រូវការ​រក្សាទុក​ព្រៃ​សហគមន៍​ខ្លះ​នៅ​ជិតៗ ដើម្បី​ជា​ប្រយោជន៍​សហគមន៍​រស់នៅ​ផងដែរ​។ លោក​នាយករដ្ឋមន្ដ្រី​បញ្ជា​ឱ្យ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​ដែនដី​ត្រូវ​ដោះស្រាយ​ឱ្យ​ដាច់ស្រេច​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​ខាងមុខ ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ហើយ​កិច្ចការ​នេះ​ត្រូវ​ធ្វើឱ្យ​បាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​បំផុត​៕