ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបប្រជុំគ្នារយៈពេល ២ ថ្ងៃ ក្នុងទីក្រុងឈៀងម៉ៃប្រទេសថៃ ដើម្បីពិភាក្សាលើវិស័យអាទិភាពជាច្រើន ដែលអាស៊ានត្រូវអនុវត្តក្នុងឆ្នាំ ២០១៩ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់នេះ និងទំនាក់ទំនងជាមួយ ដៃគូខាងក្រៅ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលចេញកាលពីថ្ងៃទី ១៥ ខែមករា តបតាមការអញ្ជើញរបស់លោក ដូន ប្រាំម៉ូដវិណៃ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានឹងដឹកនាំគណៈប្រតិភូ ១ ក្រុមទៅចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងឈៀងម៉ៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៩។
សេចក្ដីប្រកាសព័ត៌មានដដែលបានគូសបញ្ជាក់ថា៖ «នៅក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិភាក្សាពីវិស័យអាទិភាពជាច្រើនដែលមានចំណាប់អារម្មណ៍រួមដែលអាស៊ាន ត្រូវអនុវត្តនៅក្នុងឆ្នាំ ២០១៩ នៅក្នុងដំណើការកសាងសហគមន៍អាស៊ាន និងធ្វើការឆ្ពោះទៅកាន់សហគមន៍អាស៊ានមួយ ដែលផ្ដោតការយកចិត្តទុកដាក់ លើប្រជាជន និងឲ្យមានភាពរឹងមាំថែមទៀត ក៏ដូចជាពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅដើម្បីផលប្រយោជន៍ទៅវិញទៅមក»។
ក្នុងឋានៈជាប្រធានប្ដូរវេនរបស់អាស៊ាន នៅក្នុងឆ្នាំ ២០១៩ ប្រទេសថៃបានជ្រើសយកប្រធានបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» ដែលស្របតាមវត្ថុបំណងរួមរបស់អាស៊ាន ក្នុងការលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ភ្នំពេញប៉ុស្តិ៍ បានព្យាយាមទាក់ទងជាច្រើនដងទៅកាន់ លោក កេត សុផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដើម្បីស្នើសុំការពន្យល់បន្ថែម ទាក់ទងទៅនឹងថាតើវិស័យជាអាទិភាពណាខ្លះ ដែលនឹងត្រូវលើកយកទៅពិភាក្សាក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីអាស៊ាននេះ ប៉ុន្តែទូរស័ព្ទរបស់លោកពុំមានអ្នកទទួល៕