ភ្នំពេញៈ ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​រវាង​ប្រទេស​ជា​សមាជិក ហ្វ្រង់កូហ្វូនី នៅមាន​កម្រិត​ទាប​នៅឡើយ ព្រោះ​ខ្វះ​ភាពជាក់ស្តែង​ដែល​បណ្តា​ប្រទេស​ជា​សមាជិក​ទាំងនេះ​ត្រូវ​កំណត់​គោលដៅ​ជាក់ស្តែង ដើម្បី​ធានា​បាន​នូវ​ការកាត់បន្ថយ​ភាពក្រីក្រ​សម្រាប់​ប្រជាជន​ងាយ​រងគ្រោះ​។ នេះ​បើតាម​រដ្ឋមន្ត្រីការបរទេស លោក​ ប្រាក់ សុខុន ថ្លែង​ក្នុង​សន្និសីទ​កាលពី​ថ្ងៃ​អង្គារ​។

ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី ហ្វ្រង់កូហ្វូនី​លើក​ទី​៣៧ តាម​ប្រព័ន្ធ​វីដេអូ​នៅ​ល្ងាច​ថ្ងៃទី ​២៤ ខែវិច្ឆិកា រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ ប្រាក់ សុខុន ថ្លែងថា​៖ «​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ដាកា​កាលពី​ឆ្នាំ​ ២០១៤ ​មក​យើង​ត្រូវ​ទទួលស្គាល់​ថា ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​រវាង​បណ្តា​ប្រទេស​ហ្វ្រង់កូហ្វូនី​របស់​យើង គឺ​នៅ​មាន​កម្រិត​ទាប​នៅឡើយ​»​។

លោក​បន្ថែមថា​៖ «​យើង​ខ្វះ​ភាពជាក់ស្តែង​និយម​។ យើង​ត្រូវ​កំណត់​គោលដៅ​ជាក់ស្តែង ដើម្បី​ធានាបាន​នូវ​ការកាត់បន្ថយ​ភាពក្រីក្រ​សម្រាប់​ប្រជាជន ដែល​ងាយ​រងគ្រោះ​»​។

បើ​តាម​លោក​ ប្រាក់ សុខុន ក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ដ្យែរបា​ (Djerba) ប្រទេស​ទុយនីស៊ី នៅពេល​ខាង​មុខ​នេះ​លោក​នឹង​ស្នើសុំ​ឱ្យ​មាន​ការអនុម័ត​នូវ​ផែនទី​បង្ហាញផ្លូវ​មួយ ដើម្បី​កំណត់​គោលដៅ​កំណើន​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​ពី​ ៥% ទៅ​ ៦% រវាង​សមាជិក ហ្វ្រង់កូហ្វូនី និង​ការបង្កើត​នូវ​ «​ទីភ្នាក់ងារ​សង្កេតការណ៍​សេដ្ឋកិច្ច​របស់​អង្គការ OIF»​។

តាមរយៈ​វីដេអូ​ពី​ចម្ងាយ​លោក​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ក្នុង​នាម​កម្ពុជា​ដែលជា​ប្រទេស​និយាយ​ភាសា​បារាំង​ដែរ​នោះបាន​អញ្ជើញ​សហគ្រិន វិនិយោគិន ហ្វ្រង់កូហ្វូន មក​ជួប​ដៃគូ ហ្វ្រង់កូហ្វូន​នៅ​កម្ពុជា ដើម្បី​សហការ​វិនិយោគ​រួមគ្នា​ប្រកប​ដោយ​ថាមពល​។

លោក​ ប្រាក់ សុខុន ថ្លែងថា​៖ «​សហគ្រិន អ្នក​វិនិយោគិន ហ្វ្រង់កូហ្វូន​ទាំងនោះ នឹង​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជា​ភាសា​បារាំង​ជាមួយ​អ្នកទទួលបន្ទុក​ផ្នែក​សេដ្ឋកិច្ច​មកពី​វិស័យ​សាធារណៈ និង​ឯកជន ហើយ​ពួកគេ​នឹង​បាន​មើលឃើញ​នូវ​ឱកាស​វិនិយោគ​នានា​ដែល​គួរ​ចាប់យក​»​។

លោក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ពី​ក្តីរីករាយ​ចំពោះ​គម្រោង​បំពេញ​ទស្សនកិច្ច​របស់​លោកស្រី ល្វីស មូស៊ីគីវ៉ាបូ នៅ​កម្ពុជា និង​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ឆ្នាំ​ ២០២១ ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​របស់​អង្គការ OIF​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ខិតខំ​ធ្វើឱ្យ​ទស្សនកិច្ច​នេះ​ទទួល​បាន​ជោគជ័យ និង​សូម​លើកទឹកចិត្ត​លោកជំទាវ [​ល្វីស មូស៊ីគីរ៉ាបូ​] សូម​ឱ្យមាន​គណៈប្រតិភូ​សហគ្រិន​ឯកជន​មកពី​ប្រទេស​ជា​សមាជិក​នៃ​អង្គការ OIF អញ្ជើញ​ចូលរួម​អបអរ​លោកជំទាវ​ឱ្យ​បាន​ច្រើន​ក្នុង​ទស្សនកិច្ច​នេះ​»​។

លោក​ ប្រាក់ សុខុន បាន​ប្រាប់​ទៅ​អន្តរជាតិ​ថា ប្រជាធិបតេយ្យ​សេរីពហុបក្ស ចាំបាច់​ត្រូវការ​វិស័យ​ឯកជន​មួយ​ដែល​រឹងមាំ​។ កម្ពុជា​បាន​កាត់បន្ថយ​អត្រា​នៃ​ភាពក្រីក្រ​ពី ៥៣% មក​ត្រឹម​ ១០% ក្នុង​រយៈពេល​តិចជាង​ ២០ ​ឆ្នាំ​គឺ​ដោយសារ​តែ​កម្ពុជា​មាន​សមត្ថភាព​ក្នុង​ការធានាបាន​នូវ​សន្តិភាព ស្ថិរភាព​ដែល​ជា​បរិយាកាស​ដ៏អំណោយផល​សម្រាប់​សហគ្រាស និង​ពលករ​។

ជំនួសមុខ​ឱ្យ​កម្ពុជា​លោក​រដ្ឋមន្ត្រី​ការបរទេស​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​កំណែទម្រង់​នានា​ដែល​បាន​ផ្តូចផ្តើម​ឡើង​ដោយ​លោកស្រី​អគ្គលេខាធិការ អង្គការ​ហ្វ្រង់កូហ្វូនី ដែល​បានអនុម័ត​ដោយ​អង្គប្រជុំ ហ្វ្រង់កូហ្វូនី នៅ​ថ្ងៃទី​ ២៤ និង ២៥ ខែ​វិច្ឆិកា ឆ្នាំ​ ២០២០​។

ជាមួយ​គ្នា​នេះ​លោក​ស្នើឱ្យ​អ្នក​ទទួល​ខុសត្រូវ​តាម​កម្រិត​ផ្សេងៗ​គ្នា​នៅក្នុង​អង្គការ​អន្តរជាតិ ហ្វ្រង់កូហ្វូនី​ផ្តោត​ការយក​ចិត្ត​ទុកដាក់​ជាប្រចាំ​លើ​គោលការណ៍​មិន​អាច​បដិសេធ​បាន​នៃ​ឯករាជភាព ការមិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង ការមិន​ចូលបក្ស​សម្ព័ន្ធ សិទ្ធិ​ស្វ័យ​សម្រេច និង​អត្តសញ្ញាណ​ជាតិ​កម្ពុជា​។

លោក​ ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់​ឃើញ​ថា ក្នុង​រយៈពេល​កន្លងមក​នេះ​ប្រទេស​បារាំង​ដែល​ជា​ប្រទេស​សាមី​ខាង​ភាសា​នោះ គឺ​មាន​ភាពស្ទើរ​ក្នុង​ការវិនិយោគ​នៅ​បរទេស មិន​ថា​នៅ​តំបន់​អាស៊ី ឬ​នៅ​អឺរ៉ុប​នោះទេ​។ ប្រទេស​បារាំង​មិនមាន​ឈ្មោះ​បោះ​សំឡេង​ឈានមុខ​គេ​ឡើយ​ក្នុង​កិច្ចសហការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​។

លោក​ថ្លែងថា​៖ «​ប្រទេសមួយ​ចំនួន​ដែល​ធ្លាប់​នៅក្រោម​អាណានិគម​បារាំង ប៉ុន្តែ​មិន​សូវ​ជា​មាន​ការរីកចម្រើន​នៅក្រោម​ដៃ​វិនិយោគ​របស់​ប្រទេស​បារាំង​ ​ទេ​។ បើ​យើង​គិត​នៅ​ជុំវិញ​ពិភពលោក ឬ​ក៏​ក្នុង​តំបន់ ភាសា​បារាំង​ហាក់ដូចជា ថមថយ​ឥទ្ធិពល​របស់​ខ្លួន​។ ការថមថយ​ឥទ្ធិពល​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ គឺ​មកពី​កត្តា​ជនជាតិ​បារាំង ឬ​ក៏​គោលនយោបាយ ប្រទេស​បារាំង​ ហាក់​ដូចជា​មិន​បាន​ពង្រីក​សេដ្ឋកិច្ច​របស់ខ្លួន​ទៅកាន់​បណ្តា​ប្រទេស​ផ្សេងៗ​ឱ្យបាន​ទូលំទូលាយ​»៕