កំពតៈ ប្រមុខ​ការពារជាតិ​កម្ពុជា លោក​ ទៀ បាញ់ បាន​លើកឡើងថា កងទ័ព​កម្ពុជា-ចិន បាន​បន្សល់ទុក​នូវ​និមិត្តសញ្ញា​ដ៏រឹងមាំ​មួយ​ក្នុង​ប្រវត្តិសាស្ដ្រ​នៃ​កិច្ចសហប្រតិបត្តិការ​គ្នា​។ លោក​អះអាងថា កងទ័ព​ប្រទេស​ទាំង​ ២ បាន​កៀក​ស្មា​គ្នា​ឆ្លងកាត់​ភាពលំបាក​ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​ជំងឺ​កូវីដ ​១៩ ដើម្បី​ជម្នះ​រៀបចំ​សមយុទ្ធ​នាគ​មាស​ប្រចាំឆ្នាំ​ដោយ​ជោគជ័យ​។

នៅក្នុង​ពិធី​បិទ​ការធ្វើ​សមយុទ្ធ​នាគមាស​លើក​ទី​ ៤ ​រវាង​កងទ័ព​កម្ពុជា-ចិន ដែល​បាន​ធ្វើឡើង​រយៈពេល​ ១៥ ​ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៥-៣០ ​ខែ មីនា ​នៅ​ខេត្តកំពត ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក​ ទៀ បាញ់ បាន​ថ្លែងថា ការធ្វើ​សមយុទ្ធ​នេះ​គឺ​ដើម្បី​លើកកម្ពស់​ចំណង​សាមគ្គីភាព មិត្តភាព និង​ការបណ្ដុះបណ្ដាល​ចំណេះដឹង ការផ្លាស់ប្ដូរ​បទពិសោធ​នៃ​កងទ័ព​ប្រទេស​ទាំង​ ២​។

លោក​បន្តថា ការរៀបចំ​សមយុទ្ធ​នេះ​ក៏​មិនមែន​ជា​ការគំរាមកំហែង​ដល់​ប្រទេស​ណាមួយ​ឡើយ​។ ផ្ទុយទៅវិញ​គឺជា​ការរួម​គ្នា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​ដែល​ជា​ភារកិច្ច​រួម​ដែល​បណ្ដា​ប្រទេស​នៅលើ​ពិភពលោក​ត្រូវ​សហការ​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ថែរក្សា​សុខ​សុវត្ថិភាព​ក្នុង​តំបន់ និង​ពិភពលោក​។

លោក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «[​សមយុទ្ធ​នាគមាស​] ​បាន​បន្សល់ទុក​នូវ​និមិត្តសញ្ញា​មួយ​ដ៏រឹងមាំ​កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​យោធា​នៃ​កិច្ចសហប្រតិបត្តិការ​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២ និង​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​ ២ ​ដោយសារ​ការរៀបចំ​សមយុទ្ធ​នេះ​»​។

លោក​បន្ថែមថា​៖ «​ស្រប​ពេល​ដែល​បណ្ដា​ប្រទេស​ទាំងអស់​នៅលើ​សកលលោក​និយាយ​ជារួម និយាយ​ដោយឡែក ប្រទេស​កម្ពុជា-ចិន បាននិង​កំពុង​ប្រយុទ្ធប្រឆាំង​យ៉ាងសកម្ម​ជាមួយ​ការរីករាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​ Covid-19 ​ដ៏ធ្ងន់ធ្ងរ​។ ប៉ុន្តែ​ទោះជា​មានការ​លំបាក​យ៉ាងណាក៏ដោយ ក៏​ប្រទេស​យើង​ទាំង​ ២ ​ជម្នះ​គ្រប់​ឧបសគ្គ​បាន​។ រួមចិត្ត​តែមួយ​កៀក​ស្មា​គ្នា និង​ធ្វើ​ជាមួយគ្នា​គ្រប់​ការលំបាក​រៀបចំ​សមយុទ្ធ​នេះ​សម្រេច​បាន​ជោគជ័យ​តាម​ផែនការ​គ្រោងទុក​»​។

សមយុទ្ធ​នាគមាស​ដែល​កាន់តែ​មាន​ទ្រង់ទ្រាយ​ធំ​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​លើក​ទី​ ៤ ​នេះ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ «​រួមគ្នា​ប្រឆាំង​ភេរវកម្ម និង​ការងារ​មនុស្សធម៌​» ដែល​មាន​ការចូលរួម​ពី​កងទ័ព​កម្ពុជា-ចិន​ជាង​ ៣ ​ពាន់​នាក់ និង​អាវុធយុទ្ធភណ្ឌ​ធុន​ធ្ងន់​មាន​ដូចជា​រថក្រោះ រថពាសដែក ឧទ្ធម្ភាគចក្រ រួម​ជាមួយនិង​កាំភ្លើង​ស្វ័យប្រវត្តិ ឧបករណ៍​សម្រាប់​ស៊ើបការណ៍ ឧបករណ៍​សម្រាប់​ដោះមីន និង​ឧបករណ៍​សម្រាប់​បន្សាប​សារធាតុ​គីមី​ជាដើម​។

លោក​ ទៀ បាញ់ ក៏បាន​បង្ហាញ​ពី​ការចូលរួម​សោកស្តាយ​ និង​ចូលរួម​រំលែកទុក្ខ​ចំពោះ​ការបាត់បង់​អាយុជីវិត​ប្រជាជនចិនរាប់ពាន់​នាក់​ រួមទាំង​ការប៉ះពាល់​វិស័យសេដ្ឋកិច្ច​ធ្ងន់ធ្ងរ​របស់​ប្រទេស​ ចិន ​ដែល​បណ្ដាល​មកពី​មេរោគ​ជំងឺ​ផ្លូវដង្ហើម​កូវីដ​ ១៩​។

លោក​បន្តថា​៖ «​បើទោះបី​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាងណា​ក៏ដោយ ក៏​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល​នៅតែ​មាន​គោលជំហរ​មិន​ងាករេ​ក្នុង​កិច្ចសហប្រតិបត្តិការ​រឹងមាំ ដើម្បី​រួមសុខ​រួមទុក្ខ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដោយ​ពុំ​មាន​ការរើសអើង ហើយ​សង្ឃឹមថា ជំងឺ​ដ៏កាចសាហាវ​មួយ​នេះ​នឹង​ត្រូវ​បានបញ្ចប់​នៅក្នុងពេល​ដ៏ឆាប់​ខាងមុខនេះ​ពី​ពិភពលោក​ទាំងមូល​»​។

លោក​ វ៉ាង វិនធៀន អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ដែល​ធ្វើដំណើរ​ទៅ​ចូលរួម​ប្រកាស​បិទ​សមយុទ្ធ​នាគ​មាស​ដែល​ធ្វើឡើង​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេជោសែន​ជុំគិរី​នៃ​សាលា​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​របស់​កងពលតូច​លេខ​ ៧០​ ស្ថិត​ក្នុងភូមិ​ត្រពាំងវែង ឃុំ​ត្រពាំងរាំង ស្រុក​ជុំគីរី ខេត្តកំពត​ ក៏​បាន​លើកឡើង​ដែរ​ថា កងទ័ព​ប្រទេស​ទាំង​ ២ ​បាន​បង្ហាញ​ឱ្យឃើញ​នូវ​មិត្តភាព​ដែល​រឹងមាំ​ប្រៀប​ដូច​ដែកថែប​។

លោក​ថ្លែងថា​៖ «​លំហាត់​ហ្វឹកហ្វឺន​លើក​នេះ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុងស្ថានភាព​ដ៏ពិសេស និង​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ត្រូវ​បាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កិច្ច​សហប្រតិបត្តិការ​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២ និង​កងទ័ព​ទាំង​ ២ ​ប្រទេស​»៕