ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានចេញ​សេចក្ដី​ប្រកាស​ណែនាំ​ដល់​មន្ត្រី​ក្រោមបង្គាប់​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​អនុវត្ត​វិធាន​ការបង្ការ​ទប់ស្កាត់​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី (2019-nCoV) ខណៈ​ដែល​ក្រសួង​សុខាភិបាល​បាន​អះអាង​ថា អ្នក​ផ្ទុក​វីរុស​នៅ​ខេត្ត​ព្រះសីហនុ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​បាន​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃ​ចន្ទ​បាន​ចុះហត្ថលេខា​លើ​សេចក្ដី​ប្រកាស​របស់​លោក​ដោយ​បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ទូទាំង​ប្រទេស​ត្រូវ​អនុវត្ត​នូវ​វិធានការ​ការពារ​ខ្លួន​បណ្ដោះអាសន្ន​តាម​ការណែនាំ​ដោយ​ក្រសួង​សុខាភិបាល​។

សេចក្តី​ណែនាំ​នោះបាន​បញ្ជាក់ថា​៖ «​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ទាំងអស់​ត្រូវ​ណែនាំ​បន្ត​ដល់​បុគ្គលិក​អប់រំ និង​អ្នកសិក្សា​ឲ្យ​អនុវត្ត​វិធានការ​ការពារ​ខ្លួន​»​។

ដោយឡែក​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ធ្វើការ​ណែនាំ​ដល់​និយោជក កម្មករនិយោជិត ដែល​ធ្វើដំណើរ​មកពី​តំបន់​ដែល​មាន​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា​ថ្មី និង​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​តំបន់​នោះ​ត្រូវ​ប្រញាប់​ធ្វើការ​ត្រួតពិនិត្យ និង​តាមដាន​រយៈពេល ១៤ ​ថ្ងៃ​នៅតាម​សេវា​សុខាភិបាល​ដែល​នៅ​ជិត​ក្នុង​ករណី​ដែលមាន​រោគសញ្ញា​មួយចំនួន​ដូចជា កម្តៅ​ឡើង​ចាប់ពី ៣៨ អង្សាសេ ក្អក ហៀរ​សំបោរ ឈឺបំពង់ក ដក​ដង្ហើម​ខ្លី ឬ​ពិបាក​ដកដង្ហើម​។

សេចក្តី​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា​៖ «​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស គ្រឹះស្ថាន និង​កម្មករ​និយោជិត​ទាំងអស់​នឹង​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តី​ណែនាំ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។

សេចក្តី​ណែនាំ​របស់​ក្រសួង​ទាំង​ ២ ​នេះ​បាន​ណែនាំ​ឲ្យ​អ្នកក្រោមបង្គាប់​ និង​ប្រជាពលរដ្ឋ​គួរ​ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់ ការប៉ះពាល់​ជិតស្និទ្ធ ឬ​ទៅ​ទីផ្សារ​លក់​គ្រឿង​សមុទ្រ​វូហាន និង​ត្រូវ​លាងដៃ​ឱ្យ​បាន​ទៀងទាត់ បន្ទាប់ពី​ការប៉ះពាល់​សត្វ ត្រូវ​បរិភោគ​អាហារ​ឆ្អិន​ជាពិសេស​សាច់ និង​ស៊ុត ហើយ​ត្រូវ​ស្ថិត​នៅ​ចម្ងាយ​ជាង ១ ម៉ែត្រ​ពី​បុគ្គល​ដែល​មាន​រោគសញ្ញា​ផ្លូវដង្ហើម​ស្រួចស្រាល់​។ បន្ថែម​ពីនេះ​គឺ​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​អនាម័យ​ស្អាត និង​ត្រូវ​ណែនាំ​បន្តទៅ​អ្នកដទៃ​នូវ​វិធានការ​ទាំងអស់នេះ​។

លោក ម៉ម ប៊ុនហេង បង្ហាញ​ការណែនាំ​ការពារ​ជំងឺឆ្លង​កូរ៉ូណា​។ រូបថត សហការី

កាលពី​ថ្ងៃ​ចន្ទ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ទទួលស្គាល់​ពី​ការរកឃើញ​ជា​លើក​ដំបូង​ទៅលើ​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​មកពី​ទីក្រុង​វូហាន​ប្រទេស​ចិន ទើប​មក​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី ២៣ ​ខែមករា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC នៃ​ក្រសួង​សុខាភិបាល​បានបញ្ជាក់​នៅលើ​ទំព័រ​ហ្វេសបុក​របស់ខ្លួន​កាលពី​ម្សិលមិញ​ថា គិត​ត្រឹម​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៨ មករា ឆ្នាំ​ ២០២០ ស្ថានភាព​អ្នកជំងឺ​រលាក​សួត បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ​មាន​សុខភាព​ល្អ និង​គ្មាន​រោគសញ្ញា​​ធ្ងន់ធ្ងរ​នោះទេ​។

នាយកដ្ឋាន​នេះ​បាន​បន្ត​​ថា​៖ «​ក្រសួង​បាន​រកឃើញ​អ្នក​ប៉ះពាល់ និង​អ្នកជិះ​យន្តហោះ​ជាមួយ​អ្នកជំងឺ​ដែល​រហូតដល់​ពេលនេះ​ពុំមាន​អ្នកចេញ​រោគសញ្ញា​អ្វី​នៅ​ឡើយ​ដែរ​។ មន្ត្រី​​ជំនាញ​នឹង​បន្ត​តាមដាន​សុខភាព​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ទាំងអស់​ជា​រៀងរាល់​ថ្ងៃ ហើយ​គ្រូពេទ្យ​ថែទាំ​អ្នកជំងឺ គ្មាន​ចេញ​រោគសញ្ញា​អ្វី​ទេ និង​គ្រប់​គ្រូពេទ្យ​បម្រើការ​នៅ​មន្ទីរពេទ្យ​ក្រុងព្រះសីហនុ​កំពុង​បម្រើការងារ​ក្នុង​មន្ទីរពេទ្យ​ជាធម្មតា​»​។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC ក៏បាន​អះអាង​ដែរ​ថា នៅ​កម្ពុជា​មិន​ទាន់​រកឃើញ​ករណី​ជំងឺ​កូរ៉ូណា​វីរុស​ថ្មី​ទៀត​ទេ​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កាលពី​ម្សិលមិញ​ក៏​បាន​ចុះទៅ​ដល់​ខេត្ត​ព្រះសីហនុ​ផ្ទាល់ ដើម្បី​​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ឲ្យ​យកចិត្ត​ទុកដាក់​ត្រៀម​បង្ការ​គ្រប់ពេលវេលា ចំពោះ​បច្ចុប្បន្នភាព​នៃ​ជំងឺ​នេះ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ​។

លោកស្រី​បាន​បន្តថា​៖ «​រដ្ឋមន្ត្រី​ចុះទៅ​ខេត្ត​ព្រះសីហនុ​នេះ ដើម្បី​ពិនិត្យ​ការងារ​ទប់ស្កាត់ ការចម្លង​វីរុស​កូរ៉ូណា​ថ្មី និង​ដើម្បី​ជួប​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ជា​ជន​ជាតិចិន​ដែល​យើង​រក​ឃើញ​ភាព​វិជ្ជមាន​នៃ​វីរុស​។ ទន្ទឹម​នឹងនេះ ឯកឧត្តម ក៏បាន​ជួប​ជាមួយ​អាជ្ញាធរ​ដែនដី​ខាង​ផ្នែក​ពាក់ព័ន្ធ​ក៏ដូចជា​មន្ត្រី​ផ្នែក​សុខាភិបាល​ខេត្ត ដើម្បី​ផ្តល់​ការណែនាំ​បន្ថែម​ទៀត និង​បង្កើន​កិច្ចសហការ​រួមគ្នា​ក្នុង​ការទប់ស្កាត់​ការចម្លង​»​។

លោកស្រី​ក៏​បាន​បញ្ជាក់​ដែរថា គ្រូពេទ្យ​បានដាក់​បុរស​ជា​ជនជាតិ​ចិន​នេះ នៅក្នុង​បន្ទប់​មួយ​ដាច់​ដោយឡែក​តែ​ម្នាក់ឯង ដោយ​មិន​ដាក់​លាយ​ជាមួយ​អ្នកជំងឺ​ផ្សេង​ទៀត​នោះទេ ហើយ​ពេទ្យ​ជំនាញ​ក៏​បន្ត​ត្រួតពិនិត្យ​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​៕