ព្រះវិហារ៖ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ ​លោក ​វេង សាខុន ​អះអាង​ថា ​ការ​បាត់បង់​ព្រៃឈើ​ និង​ប្រព័ន្ធ​បរិស្ថាន​ព្រៃ​ឈើ ​បូក​រួម​ទាំង​ការ​ប្រើ​ជី ​និង​ថ្នាំ​ពុល​កសិកម្ម​លើស​​កម្រិត ​ការ​ជីក​យក​រ៉ែ ​ការ​ពង្រីក​វិសាលភាព​ទីប្រជុំជន​ធំៗ​ជាពិសេស​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​នៃ​គុណភាព​ដី ​ដែល​នាំ​ឲ្យ​មាន​ការ​ថយ​ចុះ​​នូវ​ផលិតភាព​សេដ្ឋកិច្ច​នៃ​ដី​ស្រែ ​ចម្ការ​ វាល​ស្មៅ​ និង​ព្រៃ​ឈើ។

លោក​រដ្ឋមន្ត្រី ​ថ្លែង​បែប​នេះ ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ពិភព​លោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្លាក់​ចុះ​គុណភាព​ដី ​និង​គ្រោះ​រាំង​ស្ងួត​ ឆ្នាំ ២០២០ ​ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​កាល​ពី​ថ្ងៃទី ៣០ ​ខែ​មីនា ​នៅ​ភូមិ​កំពត ​ឃុំ​រហ័ស ​ស្រុក​រវៀង ​ខេត្ត​ព្រះវិហារ​ ក្រោម​ប្រធាន​បទ​ «ការ​ផលិត ​និង​ប្រើប្រាស់ ​ស្បៀង​អាហារ ​ចំណី​សត្វ ​និង​សរសៃ​អំបោះ ​ប្រកប​ដោយ​និរន្តរភាព»។

លោក​ថ្លែង​ថា ​កម្ពុជា​គឺ​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​សហប្រជាជាតិ​ទប់ស្កាត់​រហោឋានកម្ម ​ឬ​ឱនភាព​ដី ​នៅ​ថ្ងៃទី ​១៥​ ខែ តុលា ​ឆ្នាំ ​១៩៩៤។ ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​មាន​កាតព្វកិច្ច​ចូលរួម ​និង​សហការ​ជាមួយ​ពិភព​លោក​ អនុវត្ត​សកម្មភាព​នានា​ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​នេះ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង ​ឬ​ទប់ស្កាត់​រហោឋានកម្ម ​ឬ​ការ​ធ្លាក់ចុះ​គុណភាព​ដី​យ៉ាង​ពេញលេញ ​និង​ខ្ជាប់ខ្ជួន​ក្នុង​បំណង​ចម្បង​ថែ​រក្សា​បរិស្ថាន ​ជីវចម្រុះ ​និង​ធនធាន​ធម្មជាតិ។

លោក​បញ្ជាក់​ថា​៖ «ដី​ គឺ​ជា​ផ្នែក​មួយ​នៃ​អាយុជីវិត​របស់​មនុស្ស​ សត្វ ​និង​រុក្ខជាតិ។ មាន​ដី​ប្រកប​ដោយ​គុណភាព ​ទើប​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​មាន​ចីរភាព ​និង​និរន្តរភាព ​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង ​កាត់​បន្ថយ​ភាព​ក្រីក្រ ​និង​ការ​បន្សាំ​ទៅ​នឹង​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ»។​

បើ​តាម​ប្រសាសន៍​លោក ​វេង សាខុន ​បច្ចុប្បន្ន​កំណើន​ប្រជាជន​នៅ​ទូទាំង​សកល​លោក​​បាន​ធ្វើ​ឲ្យ​តម្រូវ​ការ​ដី​កសិកម្ម​ ដើម្បី​ផលិត​ស្បៀង​អាហារ ​ចំណី​សត្វ ​និង​សរសៃ​អំបោះ​មាន​ការ​កើន​ឡើង​រហូត​ដល់ ​៧០% ​និង​កំពុង​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​របស់​មនុស្ស​ជាង ​២៥០ ​លាន​នាក់​ទទួល​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ តាមរយ:​ការ​ធ្លាក់ចុះ​នូវ​កំណើន​សេដ្ឋកិច្ច ​និង​ការ​ធ្លាក់​ចុះ​នូវ​សកម្មភាព​សង្គម ​និង​បរិស្ថាន​ដែល​បណ្ដាល​មក​ពី​ការ​ធ្លាក់​ចុះ​នូវ​គុណភាព​ដី។

លោក ​សាខុន ​ថ្លែង​ថា​៖ «ដើម្បី​ឈាន​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​សុខុមាលភាព​ដី​ដែលជា​ធនធាន​​ដ៏​ចាំបាច់​មិន​អាច​ខ្វះ​បាន​ក្នុង​​វិស័យ​កសិកម្ម​ ទាមទារ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ​ពិសេស​សហគមន៍​កសិករ​ និង​ពាណិជ្ជករ​ ​ក្នុង​វិស័យ​កសិកម្ម​រួម​គ្នា​គិត ​និង​ដោះស្រាយ​នូវ​បញ្ហា​នេះ​ជាបន្ទាន់​​ និង​ឲ្យ​មាន​ប្រសិទ្ធ​ភាព ​តាមរយ:​​ការ​សិក្សា​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ។ ការ​ដាំ​ឈើ​ឡើង​វិញ ​ដើម្បី​ទប់ស្កាត់​ការ​ហូរ​ច្រោះ​គុណភាព​ដី​ស្រទាប់​លើ។ ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ ​ការ​រក្សា​ជីវ​ចម្រុះ ​ការ​ដាំ​​ដំណាំ​ឆ្លាស់ និង​ការ​កាត់​បន្ថយ​ការ​​ប្រើប្រាស់​ថ្នាំ ​និង​ជី​កសិកម្ម​ព្រម​​ទាំង​ការ​កាយ​រុករក​រ៉ែ​ក្នុង​ដី»​​។

ក្នុង​ឱកាស​នោះ​ដែរ ​លោក ​ប្រាក់ សុវណ្ណ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ​ ថ្លែង​ថា ​តាមរយ:​ការ​ធ្វើ​ពិពិធកម្ម​កសិកម្ម ​ការ​បង្កើន​ផលិតភាព​ផលិតកម្ម​លើ​ផ្ទៃ​ដី​ដែល​មាន​ស្រាប់ ​ដោយ​គិតគូរ​យក​ចិត្ត​ទុក​ដាក់​ការពារ ​ថែរក្សា ​និង​បង្កើន​គុណភាព​ដី​ឲ្យ​បាន​សម​ស្រប​តាម​ប្រភេទ​ដំណាំ ​និង​រដូវ​ដាំ​ដុះ។ ប្រជាកសិករ ​ពាណិជ្ជករ​​ក្នុង​វិស័យ​កសិកម្ម ​និង ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ទូទាំង​ខេត្ត​នេះ ​បាន​រួម​សហការ​គ្នា​យ៉ាង​សកម្ម​ក្នុង​ការ​ផលិត​ស្បៀង ​បង្កើន​បរិមាណ ​និង​គុណភាព ​ធានា​ឲ្យ​បាន​នូវ​ការ​ផ្គត់ផ្គង់​ក្នុង​មូលដ្ឋាន​របស់​ខេត្ត ​និង​នាំចេញ​ទៅ​ផ្គត់ផ្គង់​បន្ត​ដល់​បណ្ដា​មូលដ្ឋាន​នៃ​ខេត្ត​មួយ​ចំនួន​ទៀត​ផង​ដែរ។

ទន្ទឹម​នឹង​នេះ ​លោក​អភិបាល​ខេត្ត​ក៏​បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន​ឲ្យ​មក​សិក្សា​ពី​លទ្ធភាព​ធ្វើ​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ក្នុង​ខេត្ត​ព្រះវិហារ ​ដែល​មាន​សក្តានុពល​ក្នុង​ការ​ពង្រីក​ផលិតភាព​ផលិតកម្ម ​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ស្រុក ​និង​នាំ​ចេញ៕