កំពង់ធំ: រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​ស្រុក​ថ្មី​មួយ​ក្នុង​ខេត្ត​កំពង់ធំ​ដែល​មាន​ឈ្មោះ​ថា «ស្រុក​តាំង​គោក» ដោយ​កាត់​យក​ឃុំ​ចំនួន ៨ ចេញ​ពី​ស្រុក​បារាយណ៍​ជា​អ្វី​ដែល​មន្ត្រី​អះអាង​ថា ដើម្បី​សម្រួល​ដល់​ការ​គ្រប់គ្រង​ប្រព័ន្ធ​រដ្ឋបាល ប៉ុន្ដែ​សង្គម​ស៊ីវិល​យល់​ថា គួរ​ពង្រឹង​ការ​ផ្ដល់​សេវា​សាធា​រណៈ​វិញ ល្អ​ជាង​បង្កើត​ស្រុក​ថ្មី។

តាម​អនុក្រឹត្យ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ៨ មករា ឆ្នាំ ២០១៩ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួល​បាន​ពី​ម្សិលមិញ​បាន​បង្ហាញ​ថា៖ ត្រូវ​បង្កើត «ស្រុក​តាំង​គោក» នៃខេត្ត​កំពង់ធំ ដោយ​កាត់​យក​ឃុំ​ចំនួន ៨ ពី​ស្រុក​បារាយណ៍​រួម​មាន ឃុំ​ពង្រ ឃុំ​ច្រនាង ឃុំ​ជ្រលង ឃុំ​ទ្រៀល ឃុំ​សូយោង ឃុំ​ស្រឡៅ ឃុំ​ស្វាយ​ភ្លើង និង​ឃុំ​អណ្តូង​ពោធិ៍។ ព្រំ​ប្រទល់​រដ្ឋបាល ស្រុក​តាំង​គោក ត្រូវបាន​កំណត់​ដូច​មាន​ក្នុង​ផែនទី​ជា​ឧបសម្ព័ន្ធ​នៃ​អនុក្រឹត្យ​នេះ។

អនុក្រឹត្យ​បន្តថា ស្រុក​តាំងគោក ដែលមាន​ឃុំ​ចំនួន៨ ដូច​បាន​រៀបរាប់​ខាង​លើ​នឹង​ត្រូវ​បាន​ជ្រើស​យក​ឃុំ​សូយោង ធ្វើ​ជា​ទីតាំង​សាលា​ស្រុក។ ការ​រៀបចំ​រចនា​សម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ស្រុក​តាំង​គោក​ត្រូវ​អនុ​លោម​តាម​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការ​បង្កើត​ស្រុក​ថ្មី​នេះ គឺជា​តម្រូវការ​ថ្នាក់​មូលដ្ឋាន ព្រោះ​ប្រព័ន្ធ​រដ្ឋបាល​ក្នុង​ស្រុក​បារាយណ៍​កន្លង​មក​មាន​ទំហំ​ធំ​ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​ដល់​ពលរដ្ឋ​ដែល​នៅ​ឆ្ងាយ​ពី​សាលា​ស្រុក​សព្វថ្ងៃ ហើយ​ត្រូវ​ការ​សេវា​សា​ធារណៈ​ផ្សេងៗ​ពី​មន្ត្រី​សាលា​ស្រុក។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​ថា ល្អ​មែនទែន ព្រោះ​ស្រុក​បារាយណ៍​យើង​សព្វថ្ងៃ​នេះ វា​មាន​ទំហំ​ធំ​ណាស់ បារាយណ៍​មួយ​ហ្នឹង​ស្ទើរ​តែ​ធំ​ជាង​ខេត្ត​ខ្លះ​ផង។ស្រុក​បារាយណ៍​ហ្នឹង​វា​មាន ១៨ ឃុំ បើ​យើង​កាត់​មកស្រុក​តាំង​គោក ៨ ឃុំ អ៊ីចឹង​នៅ​ស្រុក​បារាយណ៍​សល់ ១០ ឃុំ អ៊ីចឹង​វា​សម​ល្មម​ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល និង​ងាយ​ស្រួល​ដល់​ពលរដ្ឋ​មក​ទទួល​សេវា​សាធា​រណៈ​ដែរ»។

លោក​បន្ថែមថា ទីតាំង​សាលា​ស្រុក​បារាយណ៍​រក្សា​នៅ​ដដែល ហើយ​ទីតាំង​សាលា​ឃុំ​សូយោង នឹង​យក​មក​ជា​កន្លែង​សាលា​ស្រុក​តាំង​គោក។

ចំពោះ​អ្នក​រិះគន់​ការបង្កើត​ស្រុក​ថ្មី​នេះ លោក​ថា វា​ជា​ការគិត​បែប​អវិជ្ជមាន និង​មិន​យល់​ពី​ការ​លំបាក​របស់​ពលរដ្ឋ​ឬ​មិន​យល់​ពី​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ។

យ៉ាងណាក្ដី លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) យល់​ឃើញ​ថា ការ​បង្កើត​ខេត្ត​ឬ​ស្រុក​ថ្មីៗ​នេះ គេ​តែង​ឃើញ​មន្ត្រី​អះអាង​ថា​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ពលរដ្ឋ​ក្នុង​ការ​ទទួល​សេវា​សាធា​រណៈ​និង​ងាយ​ស្រួល​គ្រប់គ្រង​រដ្ឋបាល ប៉ុន្ដែ​ហេតុផល​ទាំង​នេះ មិន​ចាំបាច់​ទៅ​បំបែក​ស្រុក​ទេ ដោយ​គ្រាន់​តែ​ពង្រឹង​ភាពជា​អ្នក​ដឹកនាំ​របស់​មន្ត្រី និង​ជំរុញ​មន្ត្រី​ធ្វើការ​ឲ្យ​សកម្ម​ជាមួយ​ពលរដ្ឋ​ជាការ​ស្រេច។

លោក​បញ្ជាក់ថា៖ «សម្រាប់​ខ្ញុំ ខ្ញុំ​ថា វា​មិនចាំបាច់​បង្កើត​ថ្មី​អ្វី​ទេ បើ​យើង​ចង់​ឲ្យ​ការ​គ្រប់គ្រង​មាន​ប្រសិទ្ធ​ភាព​គឺ​យើង​ត្រូវ​ពង្រឹង​សមត្ថភាព​មន្ត្រី​ពាក់​ព័ន្ធ​ឬ​ធនធាន​មនុស្ស ហើយ​បែង​ចែក​ថវិកា​តាម​តម្រូវ​ការ​ជំរុញរដ្ឋបាល​ស្រុក​បង្កើន​ភាព​ម្ចាស់​ការ និង​លើក​ផែនការ​តាម​តម្រូវ​ការ​ចាំបាច់​ទៅ​បាន​ហើយ»។

លោក​បន្តថា ការបង្កើត​នេះ គេ​មើលឃើញថា​ជាការ​ចែក​កៅអី​ឬ​តួនាទី​គ្នា និង​ចំណាយ​ថវិកា​ជាតិ​ខ្ជះខ្ជាយ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត​ក៏ត្រូវ​ចំណាយ​ពេល​រៀបចំ​ផ្នែក​រដ្ឋបាល​គ្រប់​លំដាប់​ថ្នាក់​ផង​ដែរ បើ​គេ​ពង្រឹង​នូវ​អ្វី​ដែល​មាន​ស្រាប់ វា​អាច​នឹង​មិន​សូវ​ចំណាយ​ថវិកា​ជាតិ​ច្រើន។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ៥ តុលា ឆ្នាំមុន ធ្លាប់បាន​បញ្ជា​ឱ្យ​ក្រសួង​មហាផ្ទៃ​បញ្ឈប់​ការ​សិក្សា​បង្កើត​ខេត្ត​ថ្មី​ដែល​គ្រោង​បំបែក​ចេញ​ពី​ខេត្ត​កណ្ដាល និង​ខេត្ត​មណ្ឌលគិរី​ក្រោយ​ពេល​ដំណឹង​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​សាធារណៈ។

លោក​បាន​ថ្លែងថា៖ «ថ្ងៃនេះ ខ្ញុំ​សុំ​បញ្ចប់​ការសិក្សា​អំពី​ការបែង​ចែក​ខេត្ត​កណ្ដាល និង​ខេត្ត​មណ្ឌលគិរី​ឲ្យ​បញ្ចប់​ការ​សិក្សា​ទាំង​អស់ គ្មាន​បង្កើត​ខេត្ត​ថ្មី​អី​បន្ថែម​ទេ ហេតុ​អី កាល​ពី​យើង​ធ្វើ​ខេត្ត​ត្បូងឃ្មុំ​វា​ស្ងាត់​ឈឹង រហូត​ដល់​ចេញ​ព្រះរាជ​ក្រឹត្យ​បង្កើត​ខេត្ត ទើប​បាន​យើង​ផ្សាយ​ចេញ​មក​ក្រៅ ប៉ុន្ដែ​លើក​នេះ ចំណារ​ចេញ​ពី​នាយក​រដ្ឋមន្ត្រី​មក​បែក​ធ្លាយ​ចេញ​អស់​អា​លីង...»។

គួររំឭកថា បច្ចុប្បន្ន​ខេត្តកំពង់ធំ​ស្ថិតនៅ​ចំ​កណ្តាល​ផ្ទៃ​ប្រទេស​ កម្ពុជា មាន​ផ្ទៃដី​សរុប ១៣ ៨១៤ គីឡូម៉ែត្រ​ការ៉េ ដោយ​បែង​ចែក​ជា ៨ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់ និង ៧៣៤ ភូមិ។ដោយ​បូក​បន្ថែម​ស្រុក​ទើប​បង្កើត​ថ្មី​នេះ ដូច្នេះ​ស្រុក-ក្រុង ខេត្ត​កំពង់ធំ​បាន​កើន​ដល់​ ៩ រួម​មាន៖ ក្រុង​ស្ទឹងសែន, ស្រុក​បារាយណ៍, ស្រុក​កំពង់ស្វាយ, ស្រុក​ប្រាសាទ​បល្ល័ង្ក, ស្រុក​ប្រាសាទ​សំបូរ, ស្រុក​សណ្ដាន់, ស្រុក​សន្ទុក, ស្រុក​ស្ទោង និង​ស្រុក​តាំង​គោក៕

(កែសម្រួល ព្រុំ ភ័ក្ត្រ)