ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានចេញផ្សាយវីដេអូឯកសារដោយបានចាត់ទុកអតីតបក្សប្រឆាំង និងចលនានានាដែលរិះគន់រដ្ឋាភិបាលថាជា «ក្រុមចលនាដែលនាំគ្រោះថ្នាក់សម្រាប់ជាតិ» និងប្ដេជ្ញាទប់ស្កាត់ និងបំផ្លាញផែនការ «ទុច្ចរិត» របស់ពួកគេដោយចាត់ទុកថាជា «ក្រុមភេរវករ» ប៉ុន្តែអ្នករងការចោទប្រកាន់ម្នាក់បានច្រានចោល។
នៅក្នុងវីដេអូឯកសាររយៈពេល ១៨ នាទីចេញផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីយប់ថ្ងៃចន្ទក្រោមចំណងជើងថា «ក្រុមចលនាដែលនាំគ្រោះថ្នាក់សម្រាប់ជាតិ» មានរូបភាពលោក សម រង្ស៊ី ដឹកនាំបាតុកម្មក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ ដែលឈានដល់អំពីហិង្សានៅលើកំណាត់ផ្លូវវេងស្រេង និងបណ្ដាលឲ្យកម្មករយ៉ាងតិច ៥ រូបបានបាត់បង់ជីវិត ខណៈរាប់សិបនាក់ផ្សេងទៀតរងរបួស និងត្រូវបានចាប់ខ្លួន។
វីដេអូនេះអមដោយខ្លឹមសារជាសំឡេងថា៖ «...សុខសន្តិភាព...តែងតែមានការរំខានពីក្រុមឧទ្ទាមមួយចំនួនដែលសហការជាមួយបរទេសបង្កើតចលាចល បង្កភាពវឹកវរម្ដងហើយម្ដងទៀត ក្រោមមហិច្ឆតាដណ្ដើមអំណាចផ្លូវកាត់ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តែទោះជាយ៉ាងណា ចេតនាទុច្ចរិតទាំងនោះមិនបានសម្រេចទេ ក្រោមការដឹកនាំរបស់ស្ថាបនិកសន្តិភាពសម្ដេច [ហ៊ុន សែន] ។ លោកមិនអនុញ្ញាតឲ្យជនទុច្ចរិតទាំងនោះឆក់ប្លន់សន្តិភាព ដែលយកអាយុជីវិតរបស់វីរជនខ្មែរទៅប្ដូរមកនោះបានជាដាច់ខាត»។
ដោយបានរំឭកពីការព្រមានរបស់លោក ហ៊ុន សែន ចំពោះការរៀបគម្រោងបំផ្ទុះគ្រាប់បែកចំនួន ២ កន្លែងក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនៅវត្តភ្នំ រាជធានីភ្នំពេញ និងខេត្តសៀមរាបរបស់លោក សម សេរី ប្រធានរណស្សិរំដោះជាតិខ្មែរ និងចាត់ទុកថាជា «មេភេរវករ» ប៉ុន្តែត្រូវចលនាបានបដិសេធភ្លាមនោះ វីដេអូនេះក៏បានបន្តចាក់ផ្សាយឡើងវិញនូវខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទដែលចោទថាជាសំឡេងទាក់ទងគ្នារបស់ក្រុមភេរវករជាដើម។ ទន្ទឹមនឹងនេះវីដេអូនេះក៏ជំនួសមកវិញនូវសកម្មភាពរាំសប្បាយរបស់ពលរដ្ឋ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយានាឱកាសអង្គរសង្ក្រាន្តនៅក្នុងខេត្តសៀមរាបផងដែរ។
អ្នកអត្ថាធិប្បាយក្នុងវីដេអូថា៖ «ជាលទ្ធផល ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានប្រព្រឹត្តទៅដោយរលូន ប្រជាពលរដ្ឋទូទាំងប្រទេសសប្បាយរីករាយដោយមិនមានការរំខានអ្វីឡើយ»។
ក្រៅពីនោះក៏បានលើកឡើងពីទំនាក់ទំនងរវាងអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី និងលោក សម សេរី នៅក្រៅប្រទេសរៀបចំកម្លាំងបង្កប់ដើម្បីបំផ្លាញការបោះឆ្នោត និងចាត់ទុកលោក «សម សេរី មានទំនាក់ទំនងជាមួយជនក្បត់ជាតិ សម រង្ស៊ី យ៉ាងស្អិតល្មួត និងបានឃុបឃិតគ្នាធ្វើសកម្មភាពជាសម្ងាត់ដើម្បីប្រឆាំងរាជរដ្ឋាភិបាល» ផងដែរ។
ទន្ទឹមនឹងនេះរដ្ឋាភិបាលក៏បានចោទប្រកាន់ចំពោះការសហការគ្នានាពេលកន្លងមកក្នុងការធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងបានដុតទង់ជាតិវៀតណាមជាដើម។ ការសហការជាមួយលោក សួន សេរី រដ្ឋា ប្រធានគណបក្សអំណាចខ្មែរ មុនពេលលោកត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារពីបទបង្ខូចទឹកចិត្តកងទ័ព។
ជាមួយគ្នានេះនៅក្នុងវីដេអូក៏ឮនិយាយពីចលនាផ្សេងៗដែលមិនសូវឮឈ្មោះផងដែរ ដូចជាចលនារំដោះទឹកដីកម្ពុជាក្រោម ដឹកនាំដោយ តាំង ម៉េងគូ ជាដើម។
វីដេអូនេះសង្កត់ធ្ងន់ថា៖ «ភ័ស្តុតាងនេះបានបញ្ជាក់ឲ្យឃើញថាក្រុមចលនាឧទ្ទាមក្បត់ជាតិដឹកនាំដោយ សម រង្ស៊ី និង សម សេរី និងបក្ខពួកពិតជាបានសហការគ្នាជាប្រព័ន្ធដោយមានការជ្រោមជ្រែងពីបរទេស ពិតជាមានចេតនាបំផ្លាញភាពសុខសាន្តរបស់ពលរដ្ឋក្នុងមហិច្ឆតាដណ្ដើមអំណាចឲ្យខាងតែបាន បើទោះបីជាអំពើទាំងនោះបង្កការខូចខាតធ្ងន់ធ្ងរ ឬនាំឲ្យប្រទេសជាតិវឹកវរចលាចលយ៉ាងណាក្ដី។
ដោយបានបង្ហាញពីការប្រើប្រាស់គ្រឿងសព្វាវុធទំនើបៗរបស់កងយោធពលខេមរភូមិន្ទ រួមមាន រថក្រោះ រថពាសដែក ព្រមទាំងកាំជ្រូច BM21 ផងនោះ រដ្ឋាភិបាលប្ដេជ្ញា «បំផ្លាញផែនការទុច្ចរិត» របស់ចលនាទាំងនោះ ទោះក្នុងតម្លៃណាក៏ដោយ។
រដ្ឋាភិបាលប្ដេជ្ញាតាមរយៈអ្នកអត្ថាធិប្បាយថា៖ «ដូច្នេះទោះក្នុងតម្លៃណាក៏ដោយរាល់ចំណាត់ការតាមផ្លូវច្បាប់របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ឬបំផ្លាញផែនការទុច្ចរិតរបស់ក្រុមភេរវជន ឬចលនាឧទ្ទាមណាមួយដែលមានផែនការកខ្វក់បង្កគ្រោះថ្នាក់ដល់សង្គមជាតិគឺជាការចាំបាច់បំផុតដើម្បីការពាររដ្ឋធម្មនុញ្ញ និងធានាឲ្យបានជាដាច់ខាតនូវសុខសន្តិភាពដើម្បីភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជា។
លោក ឯក ថា អនុប្រធាននាយកដ្ឋានព័ត៌មាននៃទីស្ដីការគណៈរដ្ឋមន្ត្រីបានបដិសេធអត្ថាធិប្បាយចំពោះវីដេអូនេះដោយបង្វែរសំណួរទៅលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីដែលមិនអាចទាក់ទងបានកាលពីម្សិលមិញ។
ទាក់ទងនឹងបញ្ហានេះលោក សម សេរី បានថ្លែងពីក្រៅប្រទេសមកថា៖ «ខ្ញុំគ្មានផែនការក្នុងការប្រព្រឹត្តអំពើហិង្សាណាមួយ ដូចការចោទប្រកាន់ខ្ញុំទេ។ ពួកគេខ្លួនឯងចង់បង្កើតព្រឹត្តិការណ៍ និងច្នៃប្រឌិតភ័ស្តុតាងដើម្បីធ្វើឲ្យមានវិបត្តិនយោបាយកាន់តែជ្រៅទៅ។ ខ្ញុំគឺជាខ្មែរ ខ្ញុំមានសិទ្ធិបញ្ចេញមតិយោបល់ ឬក៏បើកគណបក្សនយោបាយយោងតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ»។
លោកបន្តថា៖ «នៅពេលដែលគេហាមឃាត់ខ្ញុំវាគឺជាកំហុសរបស់ពួកគេដែលបានភ្ជាប់ខ្ញុំ ប្រសិនបើពួកគេដោះលែងអ្នកទោសនយោបាយ និងបើកផ្លូវឲ្យយើងបង្កើតគណបក្សនយោបាយដើម្បីចូលរួមការបោះឆ្នោតដូចអ្នកដទៃ ដំណោះស្រាយនយោបាយនឹងត្រូវបានដោះស្រាយ និងមិនមានវិបត្តិនយោបាយទៀតនោះទេ។ បើពួកគេបន្តតាមចាប់ខ្ញុំ ឬក៏សមាជិកចលនារំដោះជាតិខ្មែរផ្សេងទៀត នោះវិបត្តិនយោបាយនឹងកាន់តែជ្រៅទៅ»។
លោក សម រង្ស៊ី មិនទាន់បានឆ្លើយតបយ៉ាងណានៅឡើយទេកាលពីម្សិលមិញ។
លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេងបានគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ប្រសិនបើក្រុមឧទ្ទាមណាចង់បំផ្លាញសន្តិភាពមែន «ប៉ុន្តែមុនការចោទប្រកាន់ទៅលើនរណាមួយគឺយ៉ាងហោចក៏ត្រូវតែមានការបញ្ជាក់ភ័ស្តុតាងឲ្យបានច្បាស់លាស់ មិនមែនចេះតែថា ហើយពេលខ្លះក៏យើងត្រូវមើលភ័ស្តុតាងឯកសារ ឬមួយការទម្លាយទិន្នន័យមួយចំនួន តើវាជាការរៀបចំ ឬជាភ័ស្តុតាងពិតប្រាកដ»។
លោកបានបញ្ជាក់ថា៖ «ការបង្ហាញសាច់ដុំ កម្លាំងទ័ព កាំភ្លើងធុនធ្ងន់អីមុនការបោះឆ្នោត ខ្ញុំយល់ឃើញថារដ្ឋាភិបាលអាចមានគំនិត ២ គំនិតទី ១ ចង់បង្ហាញ ឬពញ្ញាក់អារម្មណ៍ទៅបក្សប្រឆាំង ឬក៏ក្រុមណាមួយដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលដើម្បីកុំឲ្យហ៊ានធ្វើចលនាណាមួយដែលនាំកើតទុក្ខភ័យ មានន័យថាអាចនឹងកើតមានសង្គ្រាម ឬក៏ប្រសិនបើចូលមកក៏មិនអាចហក់រួចពីរដ្ឋាភិបាលដែរ។ ទី ២ ការបង្ហាញសព្វាវុធ ឬកម្លាំងទ័ពបែបនេះនៅមុនថ្ងៃបោះឆ្នោតគឺអាចជាការបង្ហាញទៅប្រជាជនថាមានតែរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនទេដែលអាចការពារប្រទេសជាតិបាន»៕