ភ្នំពេញៈ រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃពុធទី ២៦ ខែកុម្ភៈ នេះបានឯកភាពផ្ដល់ជំនួយឥតសំណងចំនួន ១ ៤៣១ ៨៥២ ដុល្លារអាមេរិក ដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន ៣ លើការបោសសម្អាតគ្រាប់បែកចង្កោម ការលើកកម្ពស់សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ និងការលើកកម្ពស់លក្ខខណ្ឌកសិកម្មប្រកបដោយចីរភាពសម្រាប់កាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ការចុះកិច្ចសន្យាផ្ដល់ជំនួយនេះត្រូវបានចុះហត្ថលេខាដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងតំណាងអង្គការការក្រៅរដ្ឋាភិបាលជប៉ុនទាំង ៣ នៅស្ថានទូតជប៉ុន។
សេចក្ដីប្រកាសព័ត៌មានស្ដីពីការផ្ដល់ជំនួយរបស់ស្ថានទូតជប៉ុនកាលពីថ្ងៃទី ២៦ ខែកុម្ភៈ បានបញ្ជាក់ថា៖ «រដ្ឋាភិបាលជប៉ុនយល់ព្រមផ្តល់ថវិកាសរុប ១ ៤៣១ ៨៥២ ដុល្លារអាមេរិក ដល់អង្គការចំនួន ៣ ក្រោមគោលការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន»។
សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ថា ថវិកាចំនួន ២៦៥.៥៥២ ដុល្លារអាមេរិក សម្រាប់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្ដគម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងខេត្តកំពង់ឆ្នាំង។
ថវិកាចំនួន ៧២៩ ៥០៩ ដុល្លារអាមេរិក សម្រាប់អង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្តគម្រោងផ្ទេរបច្ចេកទេសមេកានិចគ្រប់ជ្រុងជ្រោយក្នុងការបោសសម្អាតមីនក្នុងខេត្តកំពង់ធំ និងថវិកាចំនួន ៤៣៦ ៧៩១ ដុល្លារអាមេរិក សម្រាប់វិទ្យាស្ថានកែលម្អ និងអភិរក្សបរិស្ថាន (ERECON) ដើម្បីអនុវត្តគម្រោងលើកកម្ពស់ស្ថានភាពកសិកម្មប្រកបដោយចីរភាព ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងខេត្តកំពង់ចាម។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេស ជប៉ុន ប្រចាំកម្ពុជាថ្លែងថា រហូតមកដល់ពេលនេះស្ថានទូតជប៉ុនបានផ្ដល់ជំនួយជាង ១២០ គម្រោង នៅកម្ពុជាតាមរយៈកម្មវិធីហិរញ្ញប្បទានឥតសំណងសម្រាប់អង្គការក្រៅរដ្ឋាភិបាលដើម្បីជួយទៅដល់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
លោកថ្លែងថា៖ «ខ្ញុំសង្កេតឃើញថានាពេលថ្មីៗនេះប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ប៉ុន្ដែនៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយដើម្បីកែលម្អនូវគុណភាពជីវភាពរស់នៅរបស់ប្រជាជន ដូចជា ការបោសសម្អាតមីន ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសង្គម បរិស្ថាន និងការអប់រំជាដើម»។
លោក ទូត សង្ឃឹមថាជំនួយទាំងនេះនឹងកែលម្អនូវគុណភាពជីវភាពរបស់ប្រជាជនក្នុងតំបន់របស់គម្រោងដែលទទួលបានជំនួយនេះ។
លោកថាប្រទេសជប៉ុននឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ ទាក់ទងនឹងសកម្មភាពបោសសម្អាតមីននេះកាលពីថ្ងៃពុធ ទី ២៦ ខែកុម្ភៈនេះដែរ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ អង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចុះហត្ថលេខាស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាដៃគូលើគម្រោងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដោយប្រើប្រាស់គ្រឿងចក្រកម្ទេចមីនក្នុងខេត្តកំពង់ធំផងដែរ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងនេះ គម្រោងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនេះនឹងប្រើប្រាស់ថវិកា ៣១៧.០១៩.៦១ ដុល្លារអាមេរិកក្នុងរយៈពេល ១ ឆ្នាំចាប់ពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ នឹងអនុវត្តនៅក្នុងស្រុកចំនួន ២ គឺស្រុកកំពង់ស្វាយ និងស្រុកសន្ទុក ខេត្តកំពង់ធំ៕