ភ្នំពេញៈ រដ្ឋាភិបាល​បាន​ត្រៀម​បម្រុង​អង្ករ​ស្រូវពូជ និង​គ្រាប់ពូជ​សរុប​ជាង​ ១២ ០០០ តោន​សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​តំបន់​មួយ​ចំនួន​ដែល​ជួប​ប្រឈម​នឹង​គ្រោះមហន្តរាយ​នៃ​ធម្មជាតិ​ដែល​រួមមាន គ្រោះ​រាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ និង​ផ្គរ​រន្ទះ​។ នេះ​បើ​យោង​តាម​លោក កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។

លោក កែវ វី ថ្លែង​ថា​គ្រោះមហន្តរាយ​ពី​ធម្មជាតិ​ដែល​រួមមាន ភាព​រាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ និង​ផ្គរ​រន្ទះ​ត្រូវ​បាន​គេ​កត់សម្គាល់​ថា​បាន​បង្ក​ឡើង ដោយសារ​ការប្រែប្រួល​អាកាសធាតុ ឬ​ការកើនឡើង​កម្ដៅ​នៃ​ភព​ផែនដី​នោះ បាន​បង្ក​ជា​ក្ដីបារម្ភ​ជាទូទៅ​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដែល​ទាមទារ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល គ្រប់​បណ្ដា​ប្រទេស​លើ​ពិភពលោក​រួម​គ្នា​បង្កើត​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​ត្រៀម​បង្ការ​ទប់ស្កាត់ និង​ឆ្លើយតប​ជាបន្ទាន់ ទៅ​នឹង​គ្រោះមហន្តរាយ​ទាំងនេះ ។

លោក​ថ្លែង​ថា​៖ «​សម្រាប់​កម្ពុជា គ្រោះ​រាំងស្ងួត ទឹកជំនន់ និង​ខ្យល់ព្យុះ​បាន​បង្ក​ការ​ខាតបង់​ថវិកាជាតិ​រាប់សិប​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​ទៅ​លើ​ការជួសជុល​ស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ដែល​រង​ការខូចខាត​ដោយ​គ្រោះ​ធម្មជាតិ​ទាំងនេះ​»​។

លោក​ថា​៖ «​សម្រាប់​ឆ្នាំ​ ២០១៨ រដ្ឋាភិបាល​បាន​ត្រៀម​បម្រុង​ជាស្រេច​នូវ​អង្ករ​ចំនួន ១០ ០០០ តោន ស្រូវ​ពូជ ២០០០ ​តោន និង​គ្រាប់​បន្លែ​ចម្រុះ​ប្រភេទ​ ៥០ ​តោន សម្រាប់​ផ្គត់ផ្គង់​ដល់​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ខាង​លើ​នេះ​»​។

យោង​តាម​ទិន្នន័យ​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្ត​ដែល​ជួប​ប្រឈម​នឹង​គ្រោះធម្មជាតិ ទឹកជំនន់ ភាព​រាំងស្ងួត និង​ខ្យល់ព្យុះ ញឹកញាប់​ជាង​គេ​នាពេល​កន្លង​មក​រួម​មាន​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ ព្រៃវែង កណ្ដាល តាកែវ កំពង់ស្ពឺ និង​ខេត្តកោះកុង​។

នៅ​ខេត្ត​បន្ទាយមានជ័យ ជំនន់​ទឹកភ្លៀង​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បំផ្លាញ​ស្រូវ​ពង្រោះ​ប្រជាកសិករ​ក្នុង​ស្រុក​មង្គលបុរី​អស់​ជាង ២៣០០ ហិកតា ខណៈ​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​ ២០០ ​ខ្នង​ត្រូវ​បាន​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយសារ​ភ្លៀង​លាយឡំ និង​ខ្យល់​កន្ត្រាក់​។ នេះ​បើ​យោង​តាម​លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​កាលពី​ម្សិលមិញ​។

លោក សារី បាន​បញ្ជាក់​ថា​៖ «​ផលប៉ះពាល់​ដោយ​គ្រោះជំនន់​ទឹកភ្លៀង និង​ខ្យល់​កន្ត្រាក់​នៅ​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​នាពេល​ថ្មីៗ​កន្លង​មក​នេះ​គិត​ជា​ទឹកប្រាក់​អស់​ជាង ១០ ម៉ឺន​ដុល្លារ​»​។

ក្នុង​ជំនួប​ជាមួយ​កម្មករ-កម្មការិនី​រោងចក្រ​កាត់ដេរ​ជិត​ ២ ​ម៉ឺន​នាក់​នៅ​ខេត្ត​កំពង់ស្ពឺ​កាលពី​ម្សិលមិញ​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ក្រើន​រំឭក​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ផ្ដោត​ការចាប់​អារម្មណ៍​អំពី​បញ្ហា​គ្រោះ​ទឹកជំនន់ ខណៈ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាករ​ថា​ចាប់ពី​ដើម​រដូវវស្សា​នេះ​ទៅ​ភ្លៀង​នឹង​ធ្លាក់​រាយប៉ាយ​យ៉ាង​ជោកជាំ​ពេញ​ផ្ទៃ​ប្រទេស​ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​បាន​៕