ភ្នំពេញៈ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​ឲ្យ​ដឹង​កាលពី​សប្ដាហ៍​មុន​ថា រាជរដ្ឋាភិបាល​នឹង​មាន​វិធានការ​ត្រួតពិនិត្យ​ឡើង​វិញ​ចំពោះ​អាជីវកម្ម​រុករក​រ៉ែ​មាស​ក្នុង​ខេត្ត​មណ្ឌលគិរី ក្រោយ​ពី​មាន​ការ​ស្រាវជ្រាវ​រកឃើញ​សារធាតុ​ស្យានីដ (Cyanide) ​នៅ​ក្នុង​ទឹក​ដែល​បាន​ធ្វើឲ្យ​មនុស្ស​ស្លាប់​ ១៤ ​នាក់​ និង​រាប់រយ​នាក់​ធ្លាក់​ខ្លួន​ឈឺ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​រួច​ជីវិត​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដ៏ខ្លី​មួយ​កាលពី​ថ្ងៃទី​ ១៧ ខែ​ឧសភា​លោក ចម ប្រសិទ្ធ ថ្លែង​ថា​៖ «​វិធានការ​របស់​រាជរដ្ឋាភិបាល​នឹង​មាន​នៅ​ពេល​ខាង​មុខ​ទៀត ចំពោះ​ការធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​ទាំង​មាន​អាជ្ញាប័ណ្ណ​ ឬ​គ្មាន​អាជ្ញាប័ណ្ណ ហើយ​ត្រូវ​បន្ទោស​គឺ​អា​គ្មាន​អាជ្ញាប័ណ្ណ​ហ្នឹង​ហើយ​។ ហើយ​អា​ស្យានីដ​មិន​ដឹង​ថា​យក​ពី​ណា​បាន​មក​ចេះ​តែ​ឲ្យ​នាំ​ចូល​»​។

លោក រដ្ឋមន្ត្រី​ថ្លែង​បន្ត​ថា​៖ «​ចំពោះ​អាជីវកម្ម​រុករក​រ៉ែ​មាស រាជរដ្ឋាភិបាល​នឹង​ត្រូវ​ត្រួតពិនិត្យ​ឡើង​វិញ ដើម្បី​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​មាន​ករណី​នេះ​កើតឡើង​បន្ដ​ទៀត​។ យើង​ទៅ​ស្រាវជ្រាវ​ពី​សារធាតុ​ស្យានីដ​សម្រាប់​លាង​សម្អាត​មាស រហូត​ទៅ​ដល់​ខេត្ត​មណ្ឌលគិរី ហើយ​យើង​បាន​ឃើញ​កន្លែង​មួយ​ចំនួន​ធ្វើ​រ៉ែ​មាស ទាំង​មាន​អាជ្ញាប័ណ្ណ ទាំង​មិន​មាន​អាជ្ញាប័ណ្ណ ហើយ​ឃើញ​ទាំង​សារធាតុ​ស្យានីដ​នៅ​ទី​នោះ​។ ពួកគេ​បាន​ប្រើ​វា​ហើយ​អត់​មាន​ប្រព័ន្ធ​ការពារ​អី​ទេ​។ ដល់​ពេល​ភ្លៀង​មក អត់​មាន​អាង​ស្ដុក អ៊ីចឹង សារធាតុ​ស្យានីដ​នោះ​វា​ហូរ​ធ្លាក់​ចូល​ទៅ​ក្នុង​ព្រែក បណ្ដាល​ឲ្យ​ទឹក​ព្រែក​ពុល​»​។

លោក​ ចម ប្រសិទ្ធ បាន​អះអាង​ថា​ក្រោយ​ការស្រាវជ្រាវ​ដល់​ការដ្ឋាន​ធ្វើ​រ៉ែ​មាស រកឃើញ​មាន​សារធាតុ ស្យានីដ នៅ​ទី​នោះ​ត្រូវ​បាន​គេ​ចាក់​ចោល​ដោយ​គ្មាន​អាង​ចម្រោះ​ ឬ​ស្តុក​ទុក​ឡើយ​។ ដូច្នេះ​ករណី​ពុល​ទឹក​នៅ​ឃុំ​កន្តួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ កន្លង​មក​នេះ​គឺ​មាន​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​រ៉ែ​មាស​ដែល​ខ្វះ​ការទទួល​ខុសត្រូវ​មួយ​ចំនួន​បង្ហូរ​កាកសំណល់ សារធាតុ​ស្យានីដ​ (Cyanide) ទៅក្នុង​ទឹក​ព្រែក​។

កាលពី​ដើម​ខែ​ឧសភា​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ​ប្រជាពលរដ្ឋ​នៅ​ភូមិ ស្រែនន និង ភូមិ​អាលច ឃុំ​កន្តួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​ប្រមាណ​ ៣០០ ​នាក់​បាន​ឈឺពោះ​, ក្អួតចង្អោរ​, ឈឺក្បាល​, អស់កម្លាំង​, ទន់ដៃទន់ជើង​, វិលមុខ និង​ថប់ដង្ហើម​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ជា​បន្តបន្ទាប់​នៅ​មន្ទីរពេទ្យ​ខេត្ត​ក្រចេះ និង​មន្ទីរពេទ្យ​កាល់ម៉ែត​ក្នុង​ទីក្រុង​ភ្នំពេញ និង​ដែល​បាន​បណ្ដាល​ឲ្យ​អ្នកជំងឺ ១៤ ​នាក់​បាន​ស្លាប់​។ អាការ​ជំងឺ​ដ៏ចម្លែក​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​បង្ក​ឡើង​ដោយសារ​ករណី​ពុល ស្រា និង ពុល​ទឹក​ដែល​បណ្ដាល​មក​​ពី​ថ្នាំ​បាញ់សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត​។

លោក ចម ប្រសិទ្ធ បាន​ថ្លែង​ថា​កន្លង​មក​នេះ​ក្រុម​មន្ត្រី​ជំនាញ​ជាច្រើន​ស្ថាប័ន បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ប្រមូល​នូវ​រាល់​សំណាក​មួយ​ចំនួន​ដូចជា​ស្រាស និង ទឹក ដែល​មាន​ប្រភព​មកពី​ព្រែក​ទេ និង​អូរគគីរ ដែល​ត្រូវ​បាន​សង្ស័យ​មក​ពិសោធ ដើម្បី​ស្វែងរក​ការពិត​នៃ​ករណី​ពុល ហើយ​ក្នុង​ជំហាន​ដំបូង​ក្រុម​មន្ត្រី​ជំនាញ​បាន​រកឃើញ​មាន​សារធាតុ​មេតាណុល​ខ្ពស់​នៅ​ក្នុង​ស្រាស ខណៈ​ក្នុង​ទឹក​រកឃើញ​នូវ​សារធាតុ Chromium និង​សារធាតុ Nitrite Acid ដែល​សារ​ធាតុគីមី​ពុល​ទាំង​នេះ​មាន​នៅក្នុង​ថ្នាំ​បាញ់​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត​។ ក្រៅពី​សារធាតុ​ក្រូម និង​នីទ្រីត ការពិសោធ​ទៅ​លើ​ទឹក​ក៏​បាន​រកឃើញ​មាន​សារធាតុ​ស្យានីដ (Cyanide)​ ផង​ដែរ ដែល​សារធាតុ​នេះ​ត្រូវ​បាន​គេ​ប្រើ​នៅក្នុង​ឧស្សាហកម្ម​អណ្ដូង​រ៉ែ​មាស​។

លោក យស មុន្នីរ័ត្ន អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ម្សិលមិញ​បាន​អះអាង​ថា​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ​ និង​បរិស្ថាន​បាន​កំពុង​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​អណ្ដូងរ៉ែ​។ ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​មាស​ចំនួន​ ៣ ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​នៅ​តំបន់​ដែល​សង្ស័យ​មាន​កាកសំណល់​សារធាតុ​ស្យានីដ​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​អ្នក​ខ្លះ​បន្ទោស​ថា សារជាតិ​ក្រូម​បណ្ដាល​មកពី​អ្នក​ប្រើ​ថ្នាំ​សម្លាប់​ស្មៅ​នៅ​ក្នុង​កសិដ្ឋាន​ផ្នែក​ខាង​លើ​ព្រែក​ទេ ដូច្នេះ​នៅ​ពេល​ភ្លៀង សារធាតុ​ក្រូម​ហូរ​ចូល​ព្រែក ប៉ុន្ដែ​ថ្នាំ​សម្លាប់​ស្មៅ​នេះ​អត់​មាន​សារធាតុ​ស្យានីដ​ទេ​។

យោង​តាម​របាយការណ៍​ព័ត៌មាន​ដែល​ដក​ស្រង់​ពី WIKIPEDIA សារធាតុ Cyanide នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សុខភាព ដូចជា​ធ្វើឲ្យ​បេះដូង​លោត​ញាប់​ខុស​ប្រក្រតី ថប់​ដង្ហើម ឈឺក្បាល វិលមុខ ប្រកាច់ និង​ធ្វើឲ្យ​ស្លាប់​ភ្លាមៗ​បាន​។

លោក ចម ប្រសិទ្ធ ថា​វិធានការ​ឆ្លើយតប​ភ្លាមៗ​ដើម្បី​ទប់ស្កាត់​នូវ​បញ្ហា​ពុល ដែល​បង្ក​ឡើង​ដោយសារ​ធាតុ​ខាង​លើ​នេះ​គឺ​គ្រប់​បណ្ដា​អង្គភាព​រដ្ឋាករ​ទឹក​ទាំងអស់​ក្នុង​បណ្ដា​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ និង​ឲ្យ​ប្រាកដ​ថា​ទឹក​ដែល​អង្គភាព​របស់​ខ្លួន​ត្រូវ​ធ្វើការ​ចែកចាយ​ដល់​អ្នក​បរិភោគ និង ប្រើប្រាស់ គឺ​គ្មាន​សារធាតុ ស្យានីដ​។

លោក ហង្ស ចាន់ឌី អភិបាលស្រុក ចិត្របុរី ម្សិលមិញ​នេះ​អាជ្ញាធរ​ដែនដី​នៅ​ពុំ​ទាន់​មាន​ការ​ប្រកាស​ឲ្យ​អ្នក​ភូមិ​ក្នុង​តំបន់​រងគ្រោះ ប្រើប្រាស់​ទឹក​ព្រែក​ទេ និង អូរគគីរ​វិញ​នៅ​ឡើយ​ទេ​ ខណៈ​ទឹកស្អាត​ត្រូវ​បាន​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​៕