សៀមរាបៈ គណៈកម្មការ​អន្តរក្រសួង​បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​ចំនួន ៩ ​ក្រុម ដើម្បី​ចុះ​ត្រួតពិនិត្យ​តាមដាន​លើ​លក្ខណៈ​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង ៣៨ ​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប ដោយ​ចុះ​ពិនិត្យ​ផ្ទាល់​ជាប្រចាំ​នៅ​តាម​ទីកន្លែង​សាងសង់​នីមួយៗ ដើម្បី​ឱ្យ​អង្គភាព​សាងសង់​អនុវត្តតាម​លក្ខខណ្ឌ​តម្រូវ​តាម​គោលការណ៍ និង​ស្តង់ដា​លក្ខណៈ​បច្ចេកទេស ដែល​បាន​កំណត់​។

លោក គង់ វិមាន អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ ​ធ្នូ​ថា ក្រុមការងារ​បច្ចេកទេស​ចម្រុះ​នីមួយៗ​ត្រូវធ្វើ​ការរាយការណ៍​ជាប្រចាំ​រៀងរាល់ ២ ​សប្តាហ៍​ម្តង​ជូន​ក្រុមការងារ​ត្រួតពិនិត្យ និង​វាយតម្លៃ និង​គណៈកម្មការ​អន្តរក្រសួង​ផងដែរ​។

លោក​បន្ថែមថា​៖ «​ក្រុមការងារ​បច្ចេកទេស​ទាំង​ ៩ ក្រុម​នេះ​មាន​ ១ ​ក្រុម​ជា​ក្រុមការងារ​សំណង់ និង​សុរិយាដី​ពាក់ព័ន្ធ​នឹង​ការធ្វើ​ប្លង់គោល​សម្រាប់​ប្រើប្រាស់​នៅក្នុង​ក្រុង​សៀមរាប​ទាំងមូល​»​។

លោក ប៉ិច ពិសី ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា ​( IT) ​ថ្លែងថា ក្រុមការងារ​បច្ចេកទេស​ដែល​ត្រូវបាន​បង្កើតឡើង​នេះ​ត្រូវតែ​បែងចែក តួនាទី និង​ភារកិច្ច​ឱ្យបាន​ច្បាស់លាស់​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការត្រួតពិនិត្យ​មាន​ភាពរលូន​។ លោក​ថ្លែងថា​៖ «​បើ​ក្រុមការងារ​ច្រើនពេក វា​អាច​ប៉ះពាល់​ដល់​ចង្វាក់​នៃ​ការបញ្ជា​ការងារ​ប្រៀប​ដូចជា​គ្នាច្រើន​អន្សម​ខ្លោច​។ អ៊ីចឹង​ទេ​គួរតែ​បង្កើត​តែ​ ២ ឬ​ ៣ ​ក្រុម ហើយ​មាន​កូន​ក្រុម​តូចៗ​ក្នុង​ការចុះ​ត្រួតពិនិត្យ​»​។

ក្រៅពីនេះ​លោក ប៉ិច ពិសី ក៏​ចង់ឱ្យ​មាន​គណនេយ្យភាព និង​តម្លាភាព​ក្នុង​ការប្រើប្រាស់​ថវិកា​លើ​ការអនុវត្ត​គម្រោង​សាងសង់​ផ្លូវ​ទាំង​ ៣៨ ខ្សែ​នៅក្នុង​ក្រុង​សៀមរាប​នេះ​ផងដែរ​។

លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​សាធាណការ និង​ដឹកជញ្ជូន បាន​ថ្លែង​នៅ​ថ្ងៃទី ១៤ ខែ​ធ្នូ​ថា​ក្នុង​ចំណោម​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​ទាំង​ ៩ ​ក្រុម​នោះ​ក្រៅពី​ក្រុម​ការងារ​ត្រួតពិនិត្យ​លើ​គុណភាព​ផ្លូវ​ត្រួតពិនិត្យ​តាមដាន​លើ​គម្រោង​សាងសង់​ផ្លូវ ត្រួតពិនិត្យ​តាមដាន​គម្រោង​ស្ថាបនា​បណ្ដាញ​លូទឹក​ភ្លៀង និង​លូទឹកកខ្វក់​ក្រុម​ការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​ស្ថាបនា​បំពាក់​សម្ភារ​កាមេរ៉ា​សុវត្ថិភាព អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ បរិក្ខារ​ភ្លើង​សញ្ញា​ចរាចរណ៍ និង​ការដាំ​ដើមឈើ​ក៏​មាន​ក្រុមការងារ​សិក្សា​ពី​នគរូបនីយកម្ម​ផ្លូវ គូរ​ប្លង់ ស្ថាបត្យកម្ម​ផ្លូវ លម្ហ​សាធារណៈ និង​រចនា​កម្មវត្ថុ​ស្ថាបត្យកម្ម​នានា​ដែល​ទាក់ទង​នឹង​គម្រោង​ផងដែរ​។

គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ទីក្រុង​សៀមរាប​ចំនួន​ ៣៨ ខ្សែ​នេះ មាន​ប្រវែង​សរុប​ ១០៨,៧៤ គីឡូម៉ែត្រ​គ្រោង​ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង​ ១៤០ ​លាន​ដុល្លារ​ និង​ថវិកា​ប្រមាណ​ជាង ៩ ​លាន​ដុល្លារ​ទៀត សម្រាប់​ការងារ​ចាំបាច់​ក្នុង​ការរៀបចំ​ស្ថាបនា ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅក្រៅ​គម្រោង​សាងសង់​ផ្លូវ​ទាំង​ ៣៨ ​ខ្សែ​នេះ​។

ការសាងសង់​ផ្លូវ​ទាំងនេះ​គ្រោង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​ ១៣ ​ខែ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២១​។ រចនាសម្ព័ន្ធ​ផ្លូវ​ទាំង​ ៣៨ ​ខ្សែ​នេះ​ត្រូវបាន​បែងចែក​ជា​ប្រភេទ​ផ្លូវ​ស្ថិត​ក្នុង​តំបន់​ដែលមាន​ភ្ញៀវទេសចរ​ធ្វើដំណើរ​ច្រើន ប្រភេទ​ផ្លូវ​មិន​ស្ថិត​នៅ​តំបន់​មាន​ភ្ញៀវទេសចរ​ធ្វើដំណើរ​ច្រើន ប្រភេទ​ផ្លូវ​វាង​ក្រុង​ជាដើម​៕