ភ្នំពេញៈ របាយការណ៍​ប្រចាំឆ្នាំ​របស់​អង្គភាព​ការពារ​កុមារ​ (CPU) ​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០១៩ ​កន្លងទៅ CPU ​បាន​សហការ​ជាមួយ​នគរបាលជាតិ​កម្ពុជា ធ្វើការ​ស៊ើបអង្កេត​បទល្មើស​ដែល​កើតមាន​លើ​កុមារ​ចំនួន​ ២៧៤ ​ករណី​នៅ​ទូទាំង​ប្រទេស​ក្នុង​នោះ​ករណី​ឃាតកម្ម​មាន​ការថយចុះ​ពី​ឆ្នាំ​ ២០១៨ ​ខណៈ​អត្រា​ឃាត់ខ្លួន​ជនល្មើស​មាន​កម្រិត​ខ្ពស់​ដល់​ ៨៧%​។

អង្គភាព​ការពារ​កុមារ​បាន​ចាត់ទុកថា ឆ្នាំ​ ២០១៩ កន្លងទៅ​​នេះ​គឺជា​ឆ្នាំ​ដ៏មមាញឹក​មួយ​ក្នុងការ​បង្ក្រាប​បទល្មើស​ទៅលើ​កុមារ ហើយ​ក៏​ជា​ការបង្ក្រាប​មួយ​ដែល​ឈានដល់​មាន​ការចាប់ខ្លួន​ជនដៃដល់​បាន​ខ្ពស់បំផុត​រហូតដល់​ទៅ​ ៨៧ ​ភាគរយ​ ដែល​នេះ​ជា​លទ្ធផល​មួយ​គួរ​ឲ្យ​មោទនភាព​។ ​នេះ​បើតាម​របាយការណ៍​​របស់​អង្គការ​នេះ​ដែល​បាន​បង្ហោះ​នៅ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ២៤ កុម្ភៈ​។

CPU បាន​អះអាង​បន្ថែម​ថា​ចំនួន​បទល្មើស​ឃាតកម្ម​ទៅលើ​កុមារ​បាន​ធ្លាក់​ចុះ​ដល់​ ២៤ ​ករណី ​ក្នុង​ឆ្នាំ​ ២០១៩ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​ ២០១៨ ដែលមាន​ដល់​ទៅ​ ៣៣ ​ករណី​។ ​ជាងនេះទៀត​ក្រុម​ការងារ​ស៊ើបអង្កេត​បទល្មើស​មនុស្ស​ឃាត​ក៏បាន​ស៊ើបអង្កេត​លើ​គ្រប់​ករណី​ឃាតកម្ម​ទៅលើ​អនីតិជន​ក្រោម​អាយុ​ ១៥ ​ឆ្នាំ​ទូទាំង​កម្ពុជា​ផងដែរ​។

តាម​របាយការណ៍​នេះ CPU ​ក៏បាន​ថ្លែងអំណរគុណ​ដល់​អ្នកផ្តល់​ជំនួយ​ដល់​អង្គភាព​ការពារកុមារ​ផងដែរ​ក្នុង​នោះ​រាប់ទាំង​អ្នក​ឧបត្ថម្ភ អ្នកគាំទ្រ ក្រុមការងារ​ស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា និង​នគរបាល​ជា​ដៃគូ​នៅក្រៅ​ប្រទេស​ជាដើម​។ ​«​យើង​មិនអាច​ទទួលលទ្ធផល​ដ៏ល្អ​នេះ​បានទេ​ប្រសិន​បើ​គ្មាន​ការគាំទ្រ ការប្តេជ្ញា និង​ការខិតខំ​ប្រឹងប្រែង​ពី​អ្នក​​ទាំងអស់​គ្នា​»​។

បើតាម​របាយការណ៍​ដដែល​ក្នុង​ឆ្នាំ​ ២០១៩ CPU ​បាន​កសាង​ក្រុមការងារ​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​ដែល​មាន​លោក Ray KIRWAN មន្ត្រី​ជំនាញ​កោសល្យវិច័យ​មកពី​អូស្ត្រាលី​ជា​ប្រធាន​ក្រុម​។ បន្ថែម​ពីនេះ​ក៏​​បាន​បង្កើត​ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​ទៅលើ​កុមារ​តាម​បណ្តាញ​អ៊ីនធឺណិត​ (ICAC) ​ដែលជា​ក្រុមការងារ​ដំបូង​ប្រភេទ​នេះ​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។

លោក James McCabe Director of Operations CPU បានលើកឡើង​នៅលើ​ទំព័រ​ហ្វេសប៊ុក​កន្លងទៅ​ថា លោក​បាន​បង្កើត​អង្គភាព​ការពារ​កុមារ​ដោយ​ចាប់​ដៃគូ​ជាមួយ​អង្គការ Cambodian Children''s Fund និង​នគរបាលជាតិ​កម្ពុជា តាំងពី​ឆ្នាំ​ ២០១៣ មក​។ លោក បន្តថា​ការបង្កើត​អង្គការ​នេះ​ឡើង​ក៏​ដើម្បី​ការពារ​កុមារ​កម្ពុជា ដែល​មិនអាច​ការពារ​ខ្លួន​របស់​ពួកគេ​​បាន​ខ្លួនឯង​ក្នុង​ន័យ​ធានា​បាន​ថា ជនល្មើស​ដែល​ប្រព្រឹត្ត​សកម្មភាព​រំលោភបំពាន​លើ​កុមារ ត្រូវ​បាន​ទទួលទោស​ទៅតាម​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​នឹង​មិន​បង្ហាញ​រូបភាព​ (​កុមារ​) ​ដែល​ធ្វើឲ្យ​តក់ស្លុត​ដែល​ខ្ញុំ​បាន​ជួបប្រទះ​នៅពេល​ចុះ​បំពេញ​ការងារ​ជា​រៀងរាល់ថ្ងៃ​នោះទេ​។ ស្ថានភាព​ទាំងនោះ​គឺជា​សោកនាដកម្ម​ដែល​មិនត្រូវ​បន្តធ្វើ​ការចែករំលែក បើទោះ​ជា​រូបភាព​សោកនាដកម្ម​ទាំងនេះ​បាន​ផ្តល់​ចំណេះដឹង​ខ្លះ នាំឲ្យ​មាន​ការភ័យខ្លាច​ទៅនឹង​ការរំលោភបំពាន​ទាំងនោះ​ក៏ដោយ​»​។

លោកស្រី ជូ ប៊ុនអេង អនុប្រធាន​អចិន្រៃ្តយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រដ្ឋាភិបាល​ស្វាគមន៍​ចំពោះ​កិច្ចសហការ​ដោយស្មោះ​ត្រង់​របស់​អង្គការ​សង្គមស៊ីវិល​ទាំងអស់ ដូចជា អង្គភាព​ការពារ​កុមារ​នេះ​ជាដើម​។ ​លោកស្រី​ក៏បាន​លើកឡើង​ដែរ​ថា ការសហការ​បង្ក្រាប​បទល្មើស​ដែល​កើតមាន​លើ​កុមារ​នេះ​គឺ​អាទិភាព​បំផុត​ដែល​រដ្ឋាភិបាល​តែងតែ​ដាក់​គោលដៅ​ និង​ផ្តល់​ការសហការ​ជាមួយ​អង្គការ​ជា​ដៃគូ ខណៈ​បទល្មើស​កើតមាន​លើ​កុមារ​ទាំងនេះ​កំពុង​បន្ត​កើតមាន​នៅឡើយ​មិន​ថា​តែ​នៅ​កម្ពុជា​នោះទេ​។

លោកស្រី​បន្ថែមថា​៖ «​ចាប់ផ្តើម​មាន​កត្តា​ជាច្រើន​ដែល​ក្នុងនោះ​ក៏មាន​ការទាក់ទាញ​តាម​ប្រព័ន្ធ​អនឡាញ​ដែល​ធ្វើឲ្យ​កុមារ មាន​ភាព​រងគ្រោះ​ច្រើនជាង​មុន​។ ​តាមពិត​ទៅ​រដ្ឋាភិបាល​កម្ពុជា​យើង​មិនអាច​ធ្វើបាន​តែម្នាក់ឯង​ទេ គឺ​ត្រូវការ​ការចូលរួម​ពី​ពលរដ្ឋ គ្រប់​ទីកន្លែង និង​អង្គការ​ជា​ដៃគូ​»​។

ជាមួយ​នឹង​ការលើកឡើង​នេះ​លោកស្រី ជូ ប៊ុនអេង បាន​​ប្រកាស​ទទួល​ការសហការ​ជាមួយ​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ដទៃទៀត​ដែលមាន​គោលដៅ​រួមគ្នា​ ដើម្បី​ទប់ស្កាត់​អំពើហិង្សា ការរំលោភបំពាន​លើ​កុមារ ជាពិសេស​ឃាតកម្ម​មក​លើ​កុមារ​កម្ពុជា​ដែល​នៅតែ​បន្ត​កើតមាន​ក្នុងពេល​បច្ចុប្បន្ន​៕