ភ្នំពេញៈ សាលាដំបូងរាជធានីនឹងប្រកាសសាលក្រម លើបណ្តឹងទាស់របស់លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ នៅថ្ងៃព្រហស្បតិ៍ខានស្អែក ក្រោយ ពីបញ្ចប់សវនាការកាលពីម្សិលមិញ បន្ទាប់ពីរូបលោក បានប្តឹងទាស់ទៅនឹងការកាត់សេចក្តីកំបាំងមុខឲ្យរូបលោក និងសមាជិក ៦ រូបទៀត មានទោសក្នុងម្នាក់ៗ ៨ ខែ ពីបទ ធ្វើឲ្យខូចខាត ដោយចេតនា លើរោងចក្រអូសេអង់ហ្គាមីន ខូអិលធីឌី កាលពីខែសីហា ឆ្នាំ ២០១២។
កាលពីឆ្នាំ ២០១៨ សាលាដំបូងរាជធានី បានសម្រេចផ្តន្ទាទោសលោក ប៉ាវ ស៊ីណា អាយុ ៣៧ ឆ្នាំ, ឆេង ឈាន់ អាយុ ៣៣ ឆ្នាំ, ឆេង ស៊ីណា អាយុ ៣៤ ឆ្នាំ, ប៉ែន ស៊ីថូ អាយុ ៣២ ឆ្នាំ, ហ៊ួន ប៊ុនណ្ណា អាយុ ៣២ ឆ្នាំ, ទុយ ស៊ួត អាយុ ៣៨ ឆ្នាំ និង អ៊ុន វ៉ាន់ឌុយ អាយុ ៣២ ឆំ្នា ដោយម្នាក់ៗ ជាប់ពន្ធនាគារ ៨ ខែ ពីបទធ្វើឲ្យខូចខាតដោយចេតនា តាមមាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌ តែទោសនេះ ត្រូវព្យួរទាំងស្រុង។
លោកចៅក្រម អុឹម វណ្ណៈ បានប្រកាសនៅក្នុងសវនាការក្រោយពីបញ្ចប់ការសួរដេញដោលជាង ៣០ នាទី ដោយពុំមានតំណាងរោងចក្រចូលរួម កាលពីម្សិលមិញថា «ក្រោយស្តាប់ចម្លើយរបស់គូភាគី សេចក្តីសម្រេចនឹងប្រកាសនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ២ និង ៣០ នាទីរសៀល»។
លោក ប៉ាវ ស៊ីណា បានថ្លែងម្សិលមិញ ក្រោយពីដើរចេញពីតុលាការថា ក្រោយទទួលបានការកាត់ទោសទាំងកំបាំងមុខ ហើយខ្លួនលោក ពុំដែលទទួលបានដីកាណាមួយ ទាក់ទងនឹងសំណុំរឿងនេះលោកក៏បានប្តឹងទាស់ លើសេចក្តីសម្រេចនេះនិងស្នើឲ្យតុលាការលើកលែងការចោទប្រកាន់ទាំងស្រុង លើពួកលោកទាំង ៧ នាក់។
លោក ស៊ីណា អះអាងថា ការចោទប្រកាន់នេះ ពុំត្រឹមត្រូវនោះទេ ព្រោះក្នុងបាតុកម្មរបស់កម្មករពេលនោះ លោកគ្មានវត្តមានទេ ហើយក៏មិនដែលញុះញង់ឲ្យកម្មករធ្វើបាតុកម្មនោះដែរ។ «កាលហ្នឹងគឺកម្មករបានផ្ទុះការតវ៉ារួចទៅហើយ ដោយខឹងនឹងតំណាងរោងចក្រ បានរំលោភបំពានលើពួកគាត់ ជាកម្មករស្រី។ ដល់មានការទាមទារឲ្យដកតំណាងរូបនោះ ខាងរោងចក្រមិនព្រមដោះស្រាយ បាតុកម្ម ក៏បានអូសបន្លាយ។ ខ្ញុំពុំដឹងថា រោងចក្រប្តឹងខ្ញុំផង ហើយរហូតដល់ប្រកាសសាលក្រមកំបាំងមុខ ទើបខ្ញុំដឹង»។
កាលពីឆ្នាំ ២០១២ បន្ទាប់ពីកម្មករប្រមាណ ២០០០ នាក់ បានផ្ទុះបាតុកម្ម ភាគីក្រុមហ៊ុន អូសេអង់ ដែលមានទីតាំងនៅខណ្ឌពោធិ៍សែនជ័យ បានប្តឹងប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា និងមន្ត្រីសហជីពមូលដ្ឋាន ៦ រូប។
ភ្នំពេញប៉ុស្តិ៍ មិនអាចទាក់ទងភាគីរោងចក្រអូសេអង់ បានទេ ខណៈរោងចក្រនេះបានបិទទ្វារតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។
លោក ហេង ផេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីលើកឡើងក្នុងសវនាការថា សំណុំរឿងនេះ ពីដំបូង ត្រូវបានចោទប្រកាន់ចំនួន ២ ករណីគឺបទធ្វើឲ្យខូចខាតដោយចេតនា និងបទជេរប្រមាថជាសាធារណៈ តែតុលាការបានទម្លាក់បទចោទមួយករណីវិញ ដោយចោទលើពួកគេពីបទធ្វើឲ្យខូចខាតដោយចេតនា។ «បើក្នុងករណីមានការប្តឹងទាស់ត្រូវមានភ័ស្តុតាងផ្ទុយដែលអាចឲ្យចៅក្រមជឿទុកចិត្តបាន»៕