ភ្នំពេញៈ មេធាវី​តំណាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​ទាមទារ​សំណង​ចំនួន ៤ ពាន់​លាន​រៀល​ពី​លោក​ សោ ចាន់ដេត អតីត​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រឆាំង។

លោក​មេធាវី គី តិច បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «នៅក្នុង​បណ្តឹង​នេះ យើង​ស្នើ​សុំ​ព្រះរាជ​អាជ្ញា​ចោទ​ប្រកាន់​និង​ផ្តន្ទាទោស​ធ្ងន់ធ្ងរ​ចំពោះ​លោក សោ ចាន់ដេត ទៅ​តាម​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។ ទី២ យើង​ទាមទារ​សំណង​ចំពោះ​ទង្វើ​របស់​គាត់​ដែល​ប៉ះពាល់​ដល់​កិត្តិយស និង​កេរ្តិ៍​ឈ្មោះ និង​សេចក្តី​ថ្លៃថ្នូ​របស់​សម្តេច​តេជោ។ សម្តេច​តេជោ​បាន​ទាមទារ​សំណង ៤ ពាន់​លាន​រៀល (ប្រហែល ១ លាន​ដុល្លារ​អាមេរិក)»។

លោក​មេធាវី អះអាងថា លោក សោ ចាន់​ដេ​ត បាន​ផ្សព្វផ្សាយ «ការ​ប្រមាថ» សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​គោល​បំណង «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា ៣០៧ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​មាន​ភ័ស្តុតាង​ចំនួន ៣២ ទំព័រ​ប្រឆាំង​នឹង​លោក ចាន់ដេត ដែល​កូ​ពី​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក ចាន់​ដេត ទាំង​អស់​នេះ​ត្រូវ​បាន​ដាក់​ទៅ​តុលាការ​ជាមួយ​នឹង​បណ្តឹង។

លោក សោ ចាន់​ដេ​ត ជាអតីត​សមាជិក​ព្រឹទ្ធសភា​នៃ​អតីត​គណបក្ស​សម រង្ស៊ី ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក ១១៨ នាក់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ ឆ្នាំ ទៅ​តាម​សាល​ដីកា​របស់​តុលាការ​កំពូល​ដែល​បាន​រំលាយ​គណបក្ស​ប្រឆាំង​កាល​ពី​ខែវិច្ឆិកា ឆ្នាំ ២០១៧។

កាលពី​ម្សិលមិញ លោក ចាន់​ដេ​ត បាន​ថ្លែងថា៖ «ខ្ញុំ​នៅ​តែ​ប្រកាន់​ភាព​មុតមាំ​ថា ខ្ញុំ​មិន​ខ្វល់។ ឥឡូវ​នេះ លោក ហ៊ុន សែន អាច​ធ្វើ​អ្វីៗ​ក៏បាន។ របប​របស់​លោក​នឹង​រលាយ។ ដូច្នេះ គាត់​កំពុង​តែ​បត់​ខ្លួន​របស់​គាត់​ដូច្នេះ ខ្ញុំ​មិន​ខ្វល់ មិន​ថា គាត់​ប្តឹង​ខ្ញុំ​ជាមួយ​នឹង​បណ្តឹង​ជា​ច្រើន​បន្ថែម​ទៀត​ក៏ដោយ»។

លោក​បាន​ថ្លែងថា៖ «គាត់​កំពុង​ដាក់ពាក្យ​បណ្តឹង​ប្រឆាំងនឹង​ខ្យល់​ដោយសារ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស។ ខ្ញុំ​នៅ​បរទេស ខ្ញុំ​មាន​សេរីភាព ហើយ​ខ្ញុំ​នឹង​បន្ត​បេសកកម្ម​របស់​ខ្ញុំ»។

យោងតាម​ក្រមព្រហ្មទណ្ឌ ការប្រមាថ​ជា​សាធារណៈ​ត្រូវ​ផ្តន្ទា​ទោស​ពិន័យ​ពី ១០ ម៉ឺន​រៀល​ដល់ ១០ លាន​រៀល ខណៈ​អ្នក​ប្រព្រឹត្ត​ការ​ញុះញង់​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៦ ខែ​ទៅ ២ ឆ្នាំ និង​ពិន័យ​ពី ១ លាន​រៀល​ទៅ ៤ លាន​រៀល៕