ភ្នំពេញ: នៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការគ្រប់គ្រងបុរីក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ៥ ខែសីហា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រាប់ឲ្យម្ចាស់បុរីនៅក្នុងរាជធានីភ្នំពេញទាំងអស់ត្រូវតែពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ចឲ្យបានល្អបន្ថែមទៀត ដើម្បីការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនពលរដ្ឋដែលរស់នៅមូលដ្ឋានខ្លួន។ ក្នុងនោះលោកក៏បានស្នើផងដែរដល់ម្ចាស់បុរីត្រូវមានឡានពន្លត់អគ្គិភ័យគ្រប់ៗគ្នាក្នុងការបង្ការគ្រោះអគ្គិភ័យនៅក្នុងបុរី។
លោក ឃួង ស្រេង បានថ្លែងថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមានសំណង់បុរីជាច្រើន ហើយមានលក្ខណៈរស់នៅដាច់ដោយឡែក ខណៈកន្លែងខ្លះមានភាពស្មុគស្មាញកើតឡើងបទល្មើសមួយចំនួនដែលទាមទារឲ្យភាគីសមត្ថកិច្ច និងម្ចាស់បុរីត្រូវមានកិច្ចសហការល្អជាមួយគ្នាទ្វេដង ដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី។
លោកបានណែនាំដល់ម្ចាស់បុរីត្រូវពង្រឹងការគ្រប់គ្រងសន្តិសុខបន្ថែមទៀតលើបញ្ហាការត្រៀមបង្ការពន្លត់អគ្គិភ័យ ការបំពាក់កាមេរ៉ាសុវត្ថិភាពត្រូវមានប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ២៤ ម៉ោងលើ ២៤ ម៉ោងមានច្រកចេញ-ចូលត្រឹមត្រូវ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីខ្លួន ហើយត្រូវមានសន្តិសុខយាមកាមជាប្រចាំ។
លោក ស្រេង ថ្លែងថា៖ «ម្ចាស់បុរីធំៗនៅរាជធានីភ្នំពេញត្រូវមានឡានពន្លត់អគ្គិភ័យគ្រប់ៗគ្នា ហើយរដ្ឋបាលរាជធានីយើងនឹងស្នើទៅរាជរដ្ឋាភិបាល ដើម្បីផ្ដល់ការអនុគ្រោះពន្ធនាំចូលឡានអគ្គិភ័យទាំងនេះក្នុងការបង្ការគ្រោះអគ្គិភ័យនៅក្នុងបុរី។ យើងឃើញកន្លងមក មានបុរីមួយចំនួនបានធ្វើជាគំរូល្អហើយ គឺបុរី ប៉េង ហួត និងនៅកោះពេជ្រតែងបានចេញឡានទឹកមកជួយអន្តរាគមន៍នៅខាងក្រៅ នៅពេលមានគ្រោះអគ្គិភ័យកើតឡើងម្តងៗ»។
លោក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងពីថ្ងៃទី ៥ ខែសីហាថា ប្រសិននៅតាមបុរីនីមួយៗមានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អគឺអតិថិជននឹងនាំគ្នាសម្រុកទៅទិញផ្ទះក្នុងបុរីនោះរស់នៅច្រើនជាក់ជាមិនខាន ព្រោះប្រជាពលរដ្ឋគិតថា បរិយាកាសនៅក្នុងបុរីនោះអាចធានាសុវត្ថិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិពួកគាត់បានល្អដែលជាទីទុកចិត្ត។
លោកបញ្ជាក់ថា៖ «បើបុរីយើងសុវត្ថិភាព បរិស្ថានស្អាត នរណាៗក៏គេចង់ទៅរស់នៅដែរ ព្រោះគ្មានចោរលួច ចោរគាស់ផ្ទះគាត់។ រីឯបុរីខ្លះដែលម្ចាស់ផ្ទះទៅផ្សារតែបន្ដិច ហើយមកវិញ ចោរលួចលុយ លួចមាសប្រាក់អស់ អ៊ីចឹងគ្មាននរណាគេចង់ទៅរស់នៅទេ។ ដូច្នេះចំណុចនេះ យើងទាំងអស់គ្នាត្រូវធ្វើរួមគ្នា ទើបការងារសន្ដិសុខ សុវត្ថិភាពហ្នឹងប្រព្រឹត្តទៅបានល្អ»។
លោក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងនៅថ្ងៃទី ៥ ខែសីហា ថា នៅរាជធានីភ្នំពេញមានក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជនកំពុងដំណើរការចំនួន ១៩១ ក្រុមហ៊ុនដោយមានភ្នាក់ងារសន្តិសុខឯកជនចំនួន ៦ ៣៨៨ នាក់ស្មើនឹង ១ ៤៣៦ គោលដៅ។ ដោយឡែកសហគ្រាសគ្រឹះស្ថាន ៨៨២ គ្រឹះស្ថានមានភ្នាក់ងារសន្តិសុខឯកជនចំនួន ៥ ៦៨០ នាក់ស្មើនឹង ៨៨២ គោលដៅ។
លោកបន្តថា ក្រុមការងារទទួលបានទិន្នន័យបុរីនៅក្នុងរាជធានីភ្នំពេញដែលបានចុះបញ្ជីសុំច្បាប់នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានចំនួន ១៥២ បុរី ប៉ុន្តែក្រុមការងារបានចុះជាក់ស្តែងបានត្រឹមតែ ១២៥ បុរីប៉ុណ្ណោះដោយមានបុរីមួយចំនួនបានបោះបង់គម្រោង និងមួយចំនួនទៀតកំពុងសាងសង់មិនបានប្រើប្រាស់ភ្នាក់ងារសន្ដិសុខឯកជន។ នៅក្នុងចំនួន ១២៥ បុរីនេះមានចំនួនខ្នងផ្ទះចំនួន ៧០ ១៦២ ខ្នង នៅលើផ្ទៃដី ៣ ៧៩១ ហិកតា និងមានភ្នាក់ងារសន្តិសុខឯកជនចំនួន ១ ១៨២ នាក់កំពុងថែរក្សាសន្ដិសុខ។
លោកបញ្ជាក់ថា៖ «ភ្នាក់ងារសន្តិសុខឯកជននេះបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងទ្រព្យសម្បត្តិ អាយុជីវិតប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ សមិទ្ធផលទាំងនេះបានធ្វើឲ្យថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់គាំទ្រ គាំពារនូវវិស័យសន្តិសុខឯកជន ជាពិសេសភ្នាក់ងារសន្តិសុខឯកជនដែលជាកម្លាំងជំនួយដ៏សំខាន់ដល់កម្លាំងនគរបាលជាតិក្នុងការរួមចំណែកថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនសង្គមជាតិ»។
តំណាង បុរី ប៉េង ហួត ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានធ្វើបទបង្ហាញនៅក្នុងវិធីនោះថា បុរី ប៉េង ហួត មានទស្សនៈវិស័យវែងឆ្ងាយដោយបានគិតគូរពីសន្ដិសុខ សុវត្ថិភាព និងអនាម័យជាចម្បង។ បុរី ប៉េង ហួត នៅមានគម្រោងអភិវឌ្ឍន៍ជាច្រើន ជាពិសេសការចូលរួមក្នុងកិច្ចការសង្គម មនុស្សធម៌ និងកិច្ចការបរិស្ថានជាដើម។
លោកថា៖ «សន្ដិសុខយើងនៅក្នុងបុរី ប៉េង ហួត គឺសុទ្ធតែមានជំនាញ វិជ្ជាជីវៈ និងការអប់រំបានច្បាស់លាស់ អ៊ីចឹងការមានសន្ដិសុខល្អ គឺជាការផ្ដល់ទំនុកចិត្ត ភាពកក់ក្ដៅដល់អតិថិជនរស់នៅក្នុងបុរីយើង។ លើសពីនេះ យើងពិនិត្យសុខភាពគាត់តាមរយៈការពិនិត្យទឹកនោមរកគ្រឿងញៀន និងជួសឈាមគាត់រកមេរោគផ្សេងៗទៀត។ ក្រៅពីនេះយើងបានដាក់កាមេរ៉ាសុវត្ថិភាពតាមច្រកចេញចូល និងរថយន្តពន្លត់អគ្គិភ័យ ដើម្បីការពារគ្រោះអគ្គិភ័យជាយថាហេតុ»៕