ភ្នំពេញ: លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កាល​ពី​ម្សិលមិញ​បាន​ប្រកាស​បដិសេធ​រាល់​ខ្លឹមសារ​ទាំង​ឡាយ​ណា​ដែល​បាន​បង្ហោះ​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Gro Angel ដែល​ប្រើ​រូបថត​របស់​លោក ទន្ទឹម​គ្នា​នេះ​ដែរ មន្ត្រី​យោធា​ជាន់​ខ្ពស់​នៃ​កង​យោធពល​ខេមរភូមិន្ទ​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

លោក ទៀ បាញ់ បាន​សរសេរ​ប្រកាស​លើ​ហ្វេសប៊ុកផ្ទាល់​ខ្លួន​របស់​លោ​ក​​ពី​ម្សិល​មិញ​ថា​៖ ​«​សូម​ជម្រាប​ជូន​ដល់​សាធារ​ណ​ជន​ឱ្យ​បាន​ជ្រាប​ថា​ គណនី​ហ្វេ​ស​ប៊ុក ​(Facebook Account)​ ឈ្មោះ ​Gro Angel​ មិន​មែន​ជា​ គណ​នី​ហ្វេ​ស​ប៊ុ​ក របស់​ខ្ញុំ​នោះ​ទេ។​ ខ្ញុំ​មិន​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​រាល់​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​របស់ គណ​នី​ហ្វេ​ស​ប៊ុ​ក​ ឈ្មោះ ​Gro An​gel​ នេះ​ឡើយ។​ ហេតុ​ដូច្នេះសូ​​សាធារណ​ជន​ជ្រាប​ជា​ព័ត៌មាន»។​

​លោក ​ឈុំ ​សុជាតិ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​​ពី​ម្សិល​មិញ​ថា ពេល​ថ្មីៗ​នេះ ​មាន​ហ្វេ​សប៊ុក​មួយ​ឈ្មោះ ​Gro Angel​ បាន​យក​រូប​លោ​ក​ ទៀ បាញ់ ​ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ ទៅ​ប្រើ​ប្រាស់​ដាក់​តាំង​ក្នុង​គណ​នី​​ហ្វេ​ស​ប៊ុ​ក​ (Face​book​) ​របស់​ខ្លួន​ ដោយ​បាន​សរសេរ​ពាក្យ​រិះគន់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ ក្នុង​ចេតនា​បង្ក​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ដល់​សាធា​រណជន។​

​លោក​បន្ត​ថា​៖​ ​«​សូម​បញ្ជាក់​ជូន​សាធារ​ណ​ជន​ឱ្យ​បាន​ជ្រាប​ថា ​ខ្លឹម​សារ​ចោទ​ប្រកាន់​នានា​ ដែល​បាន​បង្ហោះ​នៅ​លើ​ហ្វេ​សប៊ុក​ ឈ្មោះ ​Gro Angel​ នេះ​មិន​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​នោះ​ទេ»។​

​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​ រូប​នេះ​ក៏​បាន​ព្រមាន​ដល់​ជន​ដែល​បង្កើត​ហ្វេ​សប៊ុ​ក​មួយ​នេះ ​ឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រាស់​រូប​ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ ទៀ ​បាញ់​ ហើយ​បាន​អំពាវ​នាវ​ដល់​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ ស្រាវ​ជ្រាវ​ចំពោះ​ហ្វេ​សប៊ុ​ក​ឈ្មោះ ​Gro Angel​ នេះ​ ដើម្បី​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។​

​លោក​ ឆាយ ​គឹម​ខឿន ​អ្នកនាំ​​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ កា​ល​ពី​ម្សិល​មិញ​បាន​ថ្លែង​ថា ​មិន​ទាន់​បាន​ទទួល​ពាក្យ​ប​ណ្ដឹង​ជា​ផ្លូវ​ការ​នៅ​ឡើយ​ ប៉ុន្ដែ​សមត្ថកិច្ច​ក៏​ធ្វើការ​លើ​រឿង​នេះ​ដែរ។​

​លោក​បញ្ជាក់​ថា​៖​ «​ខ្ញុំ​ដឹង​រឿង​ហ្នឹង​ហើយ ​តែ​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ក្រសួង​ការពារ​ជាតិ​ទេ។ ​ទោះ​បី​គាត់​មិន​ទា​ន់​​ដាក់​ពាក្យ​បណ្ដឹង​មក ​ប៉ុន្ដែ​សមត្ថ​កិច្ច​យើង​កំពុង​ធ្វើ​ការ​ងារ​ហើយ​ ព្រោះ​វា​ពាក់​ព័ន្ធ​បញ្ហា​សន្ដិសុខ​ជាតិ​យើង។ ​ឥ​ឡូវ​នេះ ខ្ញុំ​អត់​ហ៊ាន​សន្និ​ដ្ឋាន​ថា​ ជន​សង្ស័យ​រស់​នៅ​ក្រៅ​ប្រទេស ​ឬ​នៅ​ក្នុ​ង​ប្រទេស​ទេ ដោយ​រង់ចាំ​សមត្ថកិច្ច​យើង​ចាប់​បាន​សិន»។

ជា​មួយ​គ្នា​នេះ​ដែរ​ ​រូប​ថត​របស់​លោក ​ហ៊ីង​ ប៊ុន​ហៀ​ង​ អគ្គ​មេ​បញ្ជា​កា​រ​រង​នៃ​កង​យោធ​ពល​ខេម​រ​ភូមិ​ន្ទ ​និង​ជា​មេ​បញ្ជា​ការ​បញ្ជា​ការ​ដ្ឋា​ន​​អង្គ​រក្ស ​ក៏​ត្រូ​វ​បាន​គេ​យក​ទៅ​ដាក់​តាំង​ក្នុង​គណ​នី​ហ្វេស​ប៊ុក​មួយ​ ​ដែល​មាន​ឈ្មោះ​ថា​ ​«​Hang Hing» ដែរ​ ​ប៉ុន្ដែ​កាល​ពី​ម្សិលមិញ​ ​ភ្នំពេញប៉ុស្ដិ៍​ ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការបញ្ជាក់​ពី​លោក​ ​ហ៊ីង​ ​ប៊ុន​ហៀង ​បាន​ទេ។​

តាម​សារ​ព័ត៌​មាន ​Fresh News ​បាន​ផ្សាយ​កាលពី​ម្សិល​មិញ​ថា​ បញ្ជា​ការ​ដ្ឋានអង្គរក្ស​ នៅ​ថ្ងៃ​ទី ​២២​ ឧស​ភា ​​នេះ​ បាន​ប្រកា​ស​ច្រាន​ចោល​ និង​ថ្កោល​ទោស​ចំពោះ​គណ​នី​ហ្វេ​ស​ប៊ុ​ក​ (Facebook)​ មួយ​​ឈ្មោះ «​H​a​n​g​ Hin​g​»​ ដែល​បាន​រូប​​របស់​លោក​ ហ៊ីង​ ប៊ុន​ហៀ​ង​ អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធ​ពល​ខេម​រ​ភូមិ​ន្ទ​ ​និង​ជា​មេ​បញ្ជា​ការ​បញ្ជា​ការ​ដ្ឋា​ន​​អង្គ​រក្ស​ ទៅ​ប្រើ​ប្រាស់ ​និង​បង្ហោះ​សារ​វាយ​ប្រហារ​រាជ​រដ្ឋា​ភិបាល​ផង​ដែរ​។​ បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​លោក​នាយ​ក​​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ព្រមាន​ជន​ដែល​បង្កើត Facebook​ មួយ​នេះ ​ឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រាស់​រូប​ថត​លោក ​ហ៊ីង​ ប៊ុន​ហៀ​ង​ ហើយ​បាន​អំពាវ​នាវ​ដល់​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ស្រាវជ្រាវ​ចំពោះ ​អ្នក​ប្រើ ​Face​book ឈ្មោះ​ Hang​ Hing​ នេះ​ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។​

លោក​ អុឹម ​សុធី​ នាយក​ប្រតិ​បត្តិ​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា ​(YCC)​ បាន​គាំ​ទ្រ​វិធាន​ការ​ទាំងឡាយ​ណា​ដែល​ប្រឆាំង​ទង្វើ​ល្មើស​ច្បាប់​ ទន្ទឹម​គ្នា​​នេះ​ដែរ​ក៏​បាន​ជំរុញ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​ត្រូវ​តែ​បន្ថែម​ការ​ផ្សព្វ​ផ្សាយ​ទៀត​ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​ទទួល​ដំណឹង​នេះ ​ហើយ​ពួក​គាត់​អាច​នឹង​ចៀស​វាង​ពី​ការ​ប្រព្រឹត្ត​បទ​ល្មើស។​

​លោក​បញ្ជាក់​ថា​៖​ «​ការ​អនុវត្ត​ច្បាប់​គឺ​ល្អ​ហើយ ​ប៉ុន្ដែ​សូម​អ្នកពាក់ព័ន្ធ​ជួយ​ផ្សព្វ​ផ្សាយ​បន្ថែម​ទៀត​ផង​ ព្រោះ​មាន​ពលរដ្ឋ​មួយ​ចំនួន​ គាត់​ទើប​តែ​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក ហើយ​គាត់​អត់​ដឹង​ថា​ ចែក​រំលែក​ ឬ​ដាក់​រូប​ហ្នឹង​ទៅ​វា​ខុស​ច្បាប់​ ហើយ​អា​ជ្ញាធរ​ទៅ​ចាប់​គាត់​ភ្លាមៗ​ គឺ​គាត់​គិត​ថា ​វាអ​យុតិ្តធម៌​ ប៉ុន្ដែ​បើ​យើង​ផ្សព្វផ្សាយ​បាន​ទូលាយ​ ​គឺ​គាត់​នឹង​ចៀស​វាង​ជា​មិន​ខាន»។​

​លោ​ក ​សុធី​ ថ្លែង​ថា ​ការ​ចាត់​វិធាន​ការ​ច្បាប់ វា​អាច​នឹង​មាន​ផល​ប៉ះ​ពាល់​ដល់​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរ​ដ្ឋ ​ប៉ុន្ដែ​ស្នើ​ឲ្យ​ពលរដ្ឋ​បញ្ចេញ​មតិ​កុំ​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​អ្នក​ដ​ទៃ​ឬ​មួល​បង្កាច់​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ។

លោក​ថា​៖ ​«​ព័ត៌​មាន​ទាំងឡាយ​ណាដែល​មិនមាន​ប្រភព​ត្រឹមត្រូវ​ កុំ​នាំ​គ្នា​ចែក​រំលែក​ ហើយ​​ត្រូវ​ពិចារ​ណា​ឲ្យ​បា​ន​​គ្រប់​ជ្រុង​ជ្រោយ​សិន»៕​