ភ្នំពេញៈ ​លោក​ ទៀ ​បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ កាល​ពី​ម្សិល​មិញ​បាន​ថ្លែង​ថា ការ​ដាក់​ទណ្ឌកម្ម​ពី​ប្រទេស​មហាអំណាច​ គឺ​អយុត្តិធម៌​ និងបាន​​រិះគន់​ចំពោះប្រ​ទេស​មហា​​អំណាច​ ​និង​អង្គ​ការ​មួយ​ចំនួន​ដែល​ដាក់​ទណ្ឌ​កម្ម​មក​លើកម្ពុជា​​គឺ​ជា​រឿង​អយុត្តិ​ធម៌​ និង​មាន​និន្នា​​ការ​នយោ​​បាយ​ចំពោះ​កម្ពុជា​និង​ បាន​ចាត់​ទុក​វិធាន​ការ​នេះ​​ថា​ ជា​ការ​រា​រាំង​ដល់​ការ​រី​កចម្រើន​របស់​ប្រ​ទេស ​កម្ពុ​ជា​។

ការ​ថ្លែង​របស់​លោក​ ទៀ ​បាញ់ ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២២ ​ខែ​ កក្កដា​ ម្សិល​មិញ​នៅ​ក្នុ​ង​ពិ​ធី​បិទ​វគ្គ​ហ្វឹកហ្វឺន​គ្រូ​បង្គោល​ វាស់​ស្ទង់​សម្រា​ប់​ប្រតិ​បត្តិ​ការ​សន្តិ​ភាព​ អង្គ​​ការ​សហ​ប្រ​ជា​ជាតិ​ ដើម្បី​បង្កើន​សមត្ថ​ភាព​ និង​​សិក្សា​ស្រាវ​ជ្រាវ​ជំ​នាញ​ ​TOPO​ នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ដែល​មាន​ការ​ចូល​រួម​ពី​ លោក​ នី​ហ្សី​ដា ​យ៉ា​សាន​ណូរី​ អនុ​រដ្ឋ​មន្ត្រី​ក្រសួងការពារ​ជាតិ​ជប៉ុន។​

​ថ្មី​ៗនេះ​សភា​តំណាង​រាស្ត្រ​សហ​រដ្ឋ​អា​មេរិក​បាន​អនុ​ម័ត​ ​សេច​ក្តី​ព្រាង​ច្បាប់​មួយ​ហៅ​ថា ​«ច្បាប់​លទ្ធិ​ប្រជា​ធិប​តេយ្យ​កម្ពុជា ​H.R ​៥២៦»​ ឬ​ច្បាប់​លទ្ធិ​​ប្រជា​ធិប​តេយ្យ​កម្ពុ​ជា​​ឆ្នាំ​ ​២០១៩​។​ ​ ​សេច​ក្ដី​ព្រាង​ច្បាប់​នេះ​មាន​គោល​បំណង​ ​«​លើក​កម្ពស់​ការ​បោះ​ឆ្នោ​ត​ សេរី​ និង​យុត្តិ​ធម៌ សេរី​ភាព​ខាង​នយោ​បាយ ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុ​ជា ​និង​ក្នុង​គោល​បំណង​ផ្សេង​ទៀត»។​

​លោក​ ទៀ ​បាញ់ ​បាន​ថ្លែង​ថា​កម្ពុជា​មាន​ការ​សោក​ស្តាយ​ ​ផង​ដែរ​ ចំពោះ​ប្រទេស​ខ្លះ​ អង្គ​ការ​ខ្លះ​ ដែល​មាន​សមត្ថ​ភាព​ធំធេង មាន​អំណាច​ ​សម្ភារ​ ​ថវិកា​ ​និង​កម្លាំង​មិន​បាន​ជួយ​លើក​កម្ពស់​ក្នុង​ការ​អភិ​វឌ្ឍប្រទេស​កម្ពុជា​ តែ​ពួក​គេ​បែរ​ជា​រក​គ្រប់​វិធី​ដាក់ ទណ្ឌ​កម្ម​តាម​រយៈ​ការ​ចោទ​គ្មាន​ហេតុ​ផល​ ​និង​គ្មាន​ការពិត។​

​លោក​ក៏​បាន​លើក​ឡើង​ដែរ​​ថា​ប្រទេស​កម្ពុជា​បាន​កំពុង​បំពេញ​អ្វី​គ្រប់​បែប​យ៉ាង​​រួមទាំង​ការ​ចូល​រួម​បំពេញ​បេស​កកម្ម​រក្សា​សន្តិ​​ភាព ហើយ​កម្ពុ​ជាបាន​បំពេញ​យ៉ាង​ពេញ​លេញ​ជា​ទី​បំផុត​នូវ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ការ​គោ​រពសិទិ្ធ​ ​មនុស្ស ​ដោយ​មាន​ការ​បោះ​ឆ្នោ​ត​យ៉ាង​ទៀង​ទាត់​ ហើយ​​ធ្វើ​​អ្វី​គ្រប់​បែប​យ៉ាង​ត្រឹម​ត្រូវ​ ​និង​អនុ​វត្ត​ ​ត្រឹមត្រូវ​តាម​ ​បទដ្ឋាន​និង​ច្បាប់។​

លោក​​បាន​បញ្ជាក់​ដូច្នេះ​ថា៖​ «វា​អយុត្តិ​ធម៌​ណាស់​ចំពោះ​អ្នក​ដែល​ទើប​តែ​បាន​រស់​រាន​មាន​ជីវិត​​បែរ​បង្កើត​នូវ​បញ្ហា​មួយ​ចំនួន​ដែល​មាន​និន្នា​ការ​នយោ​​បាយ​ ​ធ្វើ​ការ​ដាក់​ទ​ណ្ឌ​កម្ម​ហ៊ុម​ព័ទ្ធ​ ​ពួក​គេ​មិន​ត្រឹម​តែ​មិន​ជួយ​ចូក​ចែវ​បែរ​ជា​ដាក់​ទណ្ឌ​ក​ម្ម​ និង​រា​រាំង​គ្រប់​បែប​យ៉ាង​ ក្នុង​រយៈ​ពេល​​កន្ល​ង​មក​។​ ​(​ពួក​គេ)​ ចោទ​ប្រកាន់​​ទាំង​គ្មាន​ ​មូលដ្ឋាន​ ថា​បាន​សម្លាប់​​ប្រជាធិបតេយ្យ»។​

លោក​បន្ត​ថា៖ «​ការ​ដាក់​ទណ្ឌ​​កម្ម​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​និង​បន្ថែម​បន្ទុក​ដល់​កិច្ចការ​ខិត​ខំ​របស់​រា​ជ​រដ្ឋា​ភិ​បា​ល​ ​ពួ​ក​គេ​គួរ​ជួយ​ចូក​ជួយ​ចែវ​ ​និង​លើ​ក​តម្កើង​ឬ​ក៏​មិន​បាន​អី​ទទួល​ស្គាល់​ការ​ពិត​នូវ​ការ​ខិត​ខំ​របស់​កម្ពុជា​ ដែល​បាន​ធ្វើ​កន្លង​មក​នេះ​តែ​គេ​បែរ​ជា​យក​សិទ្ធិនិង​អំណាច​និង​យក​ភាព​ខ្លាំង​របស់​ខ្លួន​ ​និង​ប្រើ​វិធី​គ្រប់​បែប​យ៉ាង​ ​មក​ដាក់​ទណ្ឌ​​កម្ម​ហ៊ុមព័ទ្ធ​ ផ្តាច់​នោះ​ឬ​ផ្តាច់​នេះ។ ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា​រីក​ចម្រើន​ទៅ​បាន​ បែរ​ជា​រាំង​ស្ទះ​ ​ខ្ទប់​នេះ​ ហើយ​គឺ​ជា​ធាតុ​ពិត​ប្រាក​ដ​នៅ​ក្នុង​ពិភព​លោក​នេះ ​និង​វា​មិន​មាន​យុត្តិ​ធម៌​ និង​ស្តង់​ដា​ពិត​ប្រាក​ដ​ទេយុត្តិ​ធម៌​នេះហាក់​ ដូច​ជា​សំដៅ​ទៅ​លើ​ភាព​ពេញ​ចិត្ត​ឬ​សំដៅ​ទៅ​លើ​អ្វី​ដែល​ខ្លួន​ចង់​បាន»។​

លោ​ក​បាន​បន្ថែម​ថា​ ​រាជ​រដ្ឋាភិ​បាល​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ក្នុង​ការ​ទប់​ស្កាត់​រា​ល់​សកម្ម​​ភាព​ ល្បិច​កិច្ច​កល​ ការជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង ការ​អុជ​អាល​រើស​អើង​​ពូជ​សាសន៍​ ​ដែល​អាច​បង្ក​ហិង្សា ​ការ​បះ​បោ​រ​ និង​បំបែក​បំបាក់​សាម​គ្គី​ភាព​ជាតិ​ ក្រោម​ស្លាក​លទ្ធិ​ប្រជា​ធិប​តេយ្យ និង​សិទ្ធិ​មនុស្ស ​ដែល​មាន​គោល​ ​បំណង​បម្រើ​ផល​ប្រ​យោជន៍​នយោ​បាយ​បុគ្គល​ ឬ​ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​ និង​បរទេស​ដែល​ចង់​ផ្លាស់​ប្ដូរ​រាជ​​រដ្ឋាភិ​បាល​ ស្រប​ច្បាប់។​

​លោក​ថា​៖​ «​ប្រ​ទេស​ខ្លះ​មាន​ការ​ជឿន​លឿន​ទាំង​ធន​ធាន​ថវិ​​កា ប៉ុន្តែ​គេ​មិន​ប្រើ​ប្រាស់​​ថវិកា​ និង​​ធន​ធាន​ទាំង​នោះ​ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​ដែល​ជួប​ការ​លំ​បាក​នោះ​ទេ​បែ​រជា​ប្រើ​​ប្រាស់​ដើម្បី​ទប់​ស្កាត់​ រាំង​ស្ទះ ​ដាក់​ទណ្ឌកម្ម​ ​ស្តីបន្ទោស»។

លោក​ ​គិ​ន​ ភា​ ប្រធាន​វិទ្យា​​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រា​ជ​​បណិ្ឌ​ត្យ​សភា​កម្ពុជា​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ​ការ​ព្រួត​ដៃ​របស់​ប្រទេស​មហា​អំណាច​ ​និង​អង្គ​​ការ​មួយ​ចំនួន​គឺ​មាន​របៀប​វរៈ​នយោ​បាយ​ដែល​មាន​គោល​ដៅ​ ​ប្រើ​ប្រាស់​ធ្វើ​ជា​​ល្បែង​នយោ​​បាយ​ដើ​ម្បី​កេងចំណេញ​ភូមិ​​សាស្ត្រ​នយោ​បាយ​ហើយ​ថា​ប្រទេស​កម្ពុជា​បាន​និង​កំពុង​ទទួល​រង​ភាព​អយុ​ត្តិ​ធម៌​វិធាន​ការ​របស់​ប្រទេស​មហា​អំណាច​និង​អង្គការ​ទាំងនេះ។

​​លោក​​បញ្ជាក់​ថា​៖ ​«​​អ្វី​ដែល​ពួ​ក​គេ​ធ្វើ​គឺ​គ្មាន​​ស្តង់​ដាទេ​ និង​អយុត្តិ​ធម៌​ចំពោះ​ប្រទេស​កម្ពុជា​ដែល​អាច​រាំង​ស្ទះ​ទៅ​ដល់​ការ​អភិ​វឌ្ឍរបស់​ប្រទេស​ កម្ពុជា»។​

លោក​ ​ឡៅ ​ម៉ុង​ហៃ ​អ្នក​វិភាគ​នយោ​បា​យ​បាន​លើក​ឡើង​ថា​ ​ប្រទេស​មហា​អំណាច​នឹង​អង្គ​​ការ​​ទាំង​នោះមិន​បាន​រារាំង​ការ​រីក​ចម្រើនរបស់​​ប្រទេស​កម្ពុជា​ដូច​ការ​លើក​ឡើង​របស់​រ​ដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​នោះ​ទេ​តែ​ផ្ទុយ​ទៅ​ ​​វិញ​ប្រទេស​ទាំង​នោះ​បាន​និង​កំពុ​ង​តែ​ជួយ​ប្រទេស​កម្ពុ​ជា​វិញ​ទេ​​។​ ​«​ភ័ស្តុ​តាង​ពិត​កំពុង​តែ​បង្ហាញ​ថា​ ​យើង​បាន​ចាត់​ទុក​ (គេ)​ ថា ​រារាំង​ការ​រីក​ចម្រើន​របស់​កម្ពុជា​នោះ ​(តែគេ) បាន​និង​កំពុង​តែ​បរិច្ចាគ​យ៉ាង​ក្រាស់​​ក្រែលដល់​កម្ពុ​ជា​ ​ចាប់​តាំង​ពី​ចុះ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារី​ស​ក្នុង​ឆ្នាំ​ ១៩៩១​។ ​គ្មាន​ហេតុ​ផល​ណាមួយ​ដែល​ត្រូវ​ជឿ​ថា ​ពួកគេ​នឹង​​បំផ្លាញ​វា​វិញ​នៅ​ទេ។​

លោក​ស្រី ​Emily​ Zeeberg ​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហ​រដ្ឋអា​មេ​រិក​ប្រចាំ​កម្ពុជា​បាន​បដិ​​សេធ​ធ្វើ​អត្ថា​ធិប្បាយ​ជុំ​វិញ​ការ លើក​ឡើង​​របស់​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​កម្ពុជា៕