ភ្នំពេញ៖ លោក ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ការបរទេស​បាន​អំពាវនាវ​​ឱ្យ​​អាស៊ាន និង​អូស្ត្រាលី ​ប្រុងប្រយ័ត្ន​​​ចំពោះ​​​រលក​ទី២ នៃ​​ជំងឺ​កូវីដ ១៩ ​ដោយ​ត្រូវ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​កម្ចាត់​​ជំងឺ​នេះ និង​សហការ​គ្នា​ផលិត​​ឱសថ និង​វ៉ាក់សាំង ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​​បាន​ទាន់​ពេល​វេលា​។

ការ​ថ្លែង​របស់​លោក​ ប្រាក់​ សុខុន ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន-អូស្រ្តាលី តាម​ប្រព័ន្ធ​វីដេអូ ស្តីពី​ជំងឺ​ឆ្លង​កូវីដ ១៩ កាល​ពី​ថ្ងៃទី ​៣០ ខែ​មិថុនា។ ​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការ​បរទេស​កាល​ពី​ថ្ងៃទី​ ៣០ ខែ​មិថុនា លោក ប្រាក់ សុខុន​ បាន​ថ្លែង​ថា៖ «អាស៊ាន និង​អូស្ត្រាលី ​ត្រូវ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ចំពោះ​ការ​ឆ្លង​រលក​ទី២ នៃ​ជំងឺ​រាត​ត្បាត​នេះ ខណៈ​ដែល​បណ្តា​​ប្រទេស​ទាំង​ឡាយ​កំពុង​ចាប់​ផ្តើម​រៀបចំ​ផែនទី​បង្ហាញ​ផ្លូវ​រៀងៗ​ខ្លួន​ ដើម្បី​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​ចំពោះ​ជំងឺ​កូវីដ ​១៩»​។

លោក​បន្ត​ថា៖ «យើង​ទាំង​អស់​គ្នា​ត្រូវ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ដើម្បី​កម្ចាត់​ជំងឺ​រាតត្បាត​នេះ​ជាមួយគ្នា​លើ​គ្រប់​ផ្នែក​ទាំង​អស់​ ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នា​ នៅ​មហាសន្និបាត​សុខភាព​ពិភព​លោក​លើក​ទី​៧៣»។

លោក​បន្ត​ថា អាស៊ាន និង​អូស្ត្រាលី​ គួរ​តែ​សហការ​គ្នា​នៅ​គ្រប់​កម្រិត​ ដើម្បី​អភិវឌ្ឍ​ធ្វើ​តេស្ត និង​ផលិតកម្ម​ឱសថ និង​វ៉ាក់សាំង​ការពារ​សម្រាប់​ជំងឺ​រាតត្បាត​កូវីដ ១៩ ​នេះ​ឱ្យ​បាន​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និង​មាន​តម្លៃ​សមរម្យ​ដោយ​ធានា​ថា ប្រជាពលរដ្ឋ​ដែល​មាន​សេចក្តី​ត្រូវ​ការ​​អាច​មាន​ឱកាស​ទទួល​បាន​ទាន់​ពេល​​វេលា​នូវ​ឱសថ និង​វ៉ាក់សាំង​ទាំង​នេះ ​ដោយ​គ្មាន​ការ​​រារាំង។

លោក ប្រាក់ សុខុន ថ្លែង​ថា អាស៊ាន​បាន​ធ្វើ​ការ​យ៉ាង​សកម្ម​ចាប់​តាំង​ពី​ការ​ផ្ទុះ​​ឡើង​នៃ​វិបត្តិ​ជំងឺ​កូវីដ ១៩ នេះ​ក្នុង​ការ​ឆ្លើយ​តប​ជា​សមូហភាព​ដែល​មិន​ត្រឹម​​តែ​ធ្វើ​ការ​ឆ្លើយ​តប​រវាង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជាមួយ​ដៃ​គូ​ខាង​ក្រៅ​ទៀត​ផង។

លោក​ថ្លែង​ថា៖ «ដំណោះ​​​ស្រាយ​​ដែល​ប្រកប​ដោយ​បុរេសកម្ម​របស់​អាស៊ាន​អាច​ផ្ញើ​សារ​យ៉ាង​ច្បាស់​មួយ​ថា នៅ​ក្នុង​ពេល​មាន​វិបត្តិ​សហគមន៍​អន្តរជាតិ ​ចាំបាច់​ត្រូវ​បង្កើន​ការ​សម្របសម្រួល​ និង​ការ​ឆ្លើយ​តប​រួម​គ្នា​ ក៏​ដូចជា​សាមគ្គីភាព​ជា​អន្តរជាតិ»។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​អូស្ត្រាលី​ បាន​ឯកភាព​គ្នា​ ធ្វើ​កិច្ច​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​នានា​ ជា​ពិសេស​អង្គការ​សុខភាព​ពិភព​លោក និង​សហគមន៍​អន្តរជាតិ ដើម្បី​លើក​កម្ពស់​ការ​ត្រៀម​ខ្លួន​ និង​ការ​ឆ្លើយ​តប​រួមគ្នា​ ចំពោះ​ជំងឺ​រាត​ត្បាត និង​ទប់​ស្កាត់​ផល​ប៉ះពាល់​ក្នុង​រយៈពេល​វែង។

ភាគី​ទាំង ២ ​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ការ​រួមគ្នា​ ឱ្យ​កាន់​តែ​ជិតស្និទ្ធ​បន្ថែម​ទៀត​ ដើម្បី​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ផែនការ​សកម្មភាព​អាស៊ាន-អូស្ត្រាលី (២០-២០-២០២៤) ដើម្បី​កសាង​ការ​ឆ្លើយ​តប​តំបន់​មួយ​ដែល​អាច​កាត់​បន្ថយ​បាន​នូវ​ផល​ប៉ះពាល់​លើ​វិស័យ​សុខាភិបាល និង​សេដ្ឋកិច្ច​សង្គម ដែល​បណ្តា​ល​មក​ពី​ជំងឺ​ឆ្លង និង​ដើម្បី​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ​នៅ​ក្នុង​ដំណាក់កាល​ជា​សះស្បើយ​ឡើង​វិញ។

លោកស្រី Hon Marise Payne រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី ត្រូវ​បាន​ដក​ស្រង់​សម្តី​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​ការ​បរទេស​អូស្ត្រាលី កាល​ពី​ថ្ងៃទី ​៣០ ខែ​មិថុនា ថា ​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​នៃ​កិច្ច​ប្រជុំ​នេះ​លោកស្រី​បាន​ប្រកាស​ផ្តល់​ថវិកា​ ចំនួន ២៣ លាន​ដុល្លារ ​ដើម្បី​ជួយ​អាស៊ាន​​ពង្រឹង​សន្តិសុខ​ផ្នែក​សុខភាព ​ការ​ស្តារ​​​សេដ្ឋកិច្ច និង​ស្ថិរភាព នៅ​ក្នុង​តំបន់​របស់​ភាគី​​ទាំង ២។

លោកស្រី​ថ្លែង​ថា៖ «កញ្ចប់​ថវិកា​នេះ​បំពេញ​បន្ថែម​ទៅ​លើ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​អូស្រ្តាលី​​​ជាមួយ​អាស៊ាន ក៏​ដូច​ជា​ការងារ​ទ្វេភាគី​ដ៏​សំខាន់​ ដែល​បាន​ដំណើរការ​ជាមួយ​ប្រទេស​ជិត​ខាង​​នៅ​អាស៊ី​អាគ្នេយ៍​របស់​យើង និង​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​របស់​យើង ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាសកល ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩​»។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ថ្លែង​​ពី​ថ្ងៃ​ពុធ​ថា ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​វា​អាច​ជា​មេរៀន​មួយ​ល្អ​ ដែល​អាស៊ាន​អាច​គ្រប់គ្រង​ជំងឺ​កូវីដ ​១៩​ មាន​ប្រសិទ្ធភាព​ជាង​គេ​បើ​ធៀប​នឹង​តំបន់​ផ្សេងៗ ប៉ុន្តែ​ប្រសិន​​បើ​មាន​ការ​ធ្វេស​ប្រហែស​វា​អាច​នឹង​មាន​រលក​ទី២ នៃ​ការ​ឆ្លង​ជំងឺ​នេះ។​

លោក​ថ្លែង​ថា ការ​អំពាវនាវ​របស់​លោក ប្រាក់ សុខុន គឺ​ជា​ការ​ពញ្ញាក់​ស្មារតី​ក្នុង​ក្របខ័ណ្ឌ​តំបន់​អាស៊ាន​ក៏​ដូចជា​អូស្ត្រាលី ដែល​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន។ លោក គិន ភា បាន​ថ្លែង​ថា៖ «ចំពោះ​ប្រទេស​មួយ​ចំនួន​ដែល​យក​បញ្ហា​កូវីដ ១៩ ជា​ការ​សាច​ទឹក​ដាក់​គ្នា​ពី​បញ្ហា​ប្រភព​នៃ​ការ​ឆ្លង​អី​ជា​ដើម​ហ្នឹង អាហ្នឹង​ខ្ញុំ​យល់​ថា ​ប្រសិន​បើ​យើង​នាំ​គ្នា​ឆ្លើយ​ដាក់​គ្នា ​សាច​ទឹក​ដាក់​គ្នា​ពី​បញ្ហា​នេះ​ គឺ​យើង​អត់​អាច​រក​ដំណោះស្រាយ​អី​បាន​ទេ»។

លោក ​គិន ភា បាន​បញ្ជាក់​ទៀត​ថា​៖ «អ្វី​ដែល​​ប្រជាជាតិ​ទាំង​អស់​ប្រឈម ហើយ​និង​ខំ​ដុត​ដៃ​ដុត​ជើង​ហ្នឹង ​គឺ​ធ្វើ​ម៉េច​ផលិត​វ៉ាក់សាំង​ ថ្នាំ​ព្យាបាល​ឱ្យ​បាន​ ហើយ​ជា​ថ្នាំ​ព្យាបាល​មួយ​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​ហ្នឹង​គាត់​អាច​មាន​លទ្ធភាព​ក្នុង​ការ​ទិញ ដើម្បី​ផ្តល់​ការ​ព្យាបាល​ដល់​ប្រជាជន​របស់​ខ្លួន​បាន។ អាហ្នឹង​ជា​រឿង​ដែល​ប្រសើរ»៕