ភ្នំពេញៈ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែននៃរាជរដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញបានបើកកិច្ចប្រជុំមួយនៅទីស្ដីការគណៈរដ្ឋមន្ត្រីជាមួយប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដើម្បីបង្ហាញ និងពន្យល់ពីបញ្ហាព្រំដែននៃប្រទេសកម្ពុជាជាមួយប្រទេសជិតខាង ជាពិសេសបញ្ហាព្រំដែនរវាងកម្ពុជាវៀតណាម ដែលប្រទេសទាំង ២ នេះបានចុះហត្ថលេខាកាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៩ លើឯកសារច្បាប់ចំនួន ២ មានសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានដាក់លិខិតស្នើទៅលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីឲ្យមានការបំភ្លឺឲ្យបានច្បាស់អំពីបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាមរួមទាំងប្រទេសជិតខាងមួយចំនួនទៀត។
ក្រោយពីកិច្ចប្រជុំបិទទ្វារលោក ពេជ្រ ស្រស់ បានថ្លែងទៅកាន់អ្នកកាសែតដោយព្រមទទួលយកការបំភ្លឺលើបញ្ហាព្រំដែនដែលបានពន្យល់ដោយលោក វ៉ា គឹមហុង ប៉ុន្តែក៏បានអះអាងផងដែរថានឹងបន្តការស៊ើបអង្កេតបន្ថែមទៀត។
លោក ពេជ្រ ស្រស់ ថ្លែងថា៖ «ការបំភ្លឺនេះគឺលក្ខណៈបច្ចេកទេស ហើយអ្វីដែលខ្ញុំសួរ ហើយគាត់បានធ្វើការបំភ្លឺគឺខ្ញុំអាចទទួលយកបាន តែបើខ្ញុំស្រាវជ្រាវជាក់ស្តែងមកប្រៀបធៀបអ្វីដែលគាត់បានឆ្លើយ ហើយវាខុសគ្នាយើងនឹងធ្វើការសើរើ ពីព្រោះរឿងនេះមិនមែនចប់ត្រឹមនេះទេ។ ទី ១ យើងទុកឲ្យគាត់ឆ្លើយបំភ្លឺពាក់ព័ន្ធនឹងបច្ចេកទេស និងអ្វីដែលគាត់បានធ្វើដោយសារតែក្នុងនាមគណបក្សនយោបាយមួយ យើងមិនត្រឹមតែស្តាប់ទេយើងថែមទាំងចុះស្រាវជ្រាវផងដែរ»។
លោក ពេជ្រ ស្រស់ បានចាត់ទុកការរិះគន់ និងការចោទប្រកាន់របស់គណបក្សប្រឆាំងគឺគ្រាន់តែជាវោហារស័ព្ទនយោបាយ ដើម្បីទទួលបានការចាប់អារម្មណ៍ពីមហាជនតែប៉ុណ្ណោះដែលវាផ្ទុយពីការអនុវត្តជាក់ស្តែងរបស់មន្ត្រីដែលទទួលបន្ទុកកិច្ចការព្រំដែនហើយថា ការបំភ្លឺរបស់លោក វ៉ា គឹមហុង ក៏អាចនឹងជួយផ្សព្វផ្សាយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនផងដែរ។
លោក ស្រស់ បានថ្លែងថា៖ «សម្រាប់ខ្ញុំជំនាន់ក្រោយខ្ញុំមិនចង់ប្រើវោហារស័ព្ទនយោបាយផ្ទុយពីការពិតដូច្នេះហើយបានខ្ញុំអញ្ជើញ ឯកឧត្តម វ៉ា គឹមហុង គឺមកឆ្លើយបំភ្លឺនៅថ្ងៃនេះពីកិច្ចការរបស់គាត់»។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនបានថ្លែងប្រាប់អ្នកសារព័ត៌មានដែរថា មានមន្ត្រីអតីតគណបក្ស ប្រឆាំងមួយចំនួនតែងតែយកបញ្ហាព្រំដែនយកមកធ្វើការវាយប្រហារទៅលើរាជរដ្ឋាភិបាល និងមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនដើម្បីបម្រើគោលនយោបាយរបស់គណបក្សគេ បើទោះបីជាគេដឹងថា ការចោទប្រកាន់ និងការរិះគន់នោះគ្មានមូលដ្ឋាន និងហេតុផលច្បាស់លាស់ក៏ដោយ។
លោក គឹមហុង បានថ្លែងថា៖ «វាមាននិន្នាការនយោបាយ វាយកបញ្ហាព្រំដែនជាអាជីពដើម្បីបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួន ទោះបីជាខ្លួនដឹងថា ការពិតវាមិនដូច្នេះទេ។ អ្នកខ្លះដឹងការពិតហើយតែនៅតែបន្តការភូតភររបស់ខ្លួន។ វានិយាយដើម្បីប្រយោជន៍បម្រើនយោបាយរបស់វា។ យើងមិនអាចឃាត់គេបានទេ។ យូរទៅគេលែងជឿហើយដូចគេថា ភូតច្រើនចាញ់អាត្មា»។
យោងតាមលិខិតរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ប្រតិភូគណបក្សយុវជនកម្ពុជាដែលដាក់សំណួរទៅលោក វ៉ា គីមហុង នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ លោក វ៉ា គឹមហុង បានឆ្លើយថា ការវាស់វែង និងកំណត់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងគឺយកផែនទីដែលបានមកពីការផ្ទៀងផ្ទាត់គ្នានៃផែនទីឧបសម្ព័ន្ធរវាងកម្ពុជា-ឡាវកម្ពុជា-វៀតណាម កម្ពុជា-ថៃ និងកម្ពុជា-ចិន ដែលដូចគ្នាជាមួយផែនទីដែលបានតម្កល់នៅអង្គការសហប្រជាជាតិ។
លោក គឹមហុង បានអះអាងថាការយកសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ មកអនុវត្តលើកិច្ចការព្រំដែននេះគឺកម្ពុជាមិនបានបាត់បង់ដីនោះទេ មានតែបានផលចំណេញមកវិញដូចជាការកំណត់ព្រំដែនរវាងប្រទេសទាំង ២ តាមខ្សែទឹកជ្រៅពោលគឺពាក់កណ្តាលម្នាក់នៃច្បាប់អន្តរជាតិដែលប្រជាពលរដ្ឋខ្មែរអាចប្រើប្រាស់ទឹកបានដោយមិនចាំបាច់ទិញទឹកដូចពីមុន ព្រោះកម្ពុជាប្រើប្រាស់សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ១៩៨៥ កន្លងមក។
លោក គឹមហុង ថ្លែងថា៖ «ចំពោះការផ្លាស់ប្ដូរដីគ្នារវាងកម្ពុជា និងវៀតណាម អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនអាចធានាបានថា កម្ពុជាមិនបានបាត់ដីនោះទេ ពោលគឺកម្ពុជាបានធ្វើការដោះដូរតំបន់ចំនួន ៣៤ តំបន់ជាមួយវៀតណាមដោយសន្តិវិធី និងព្រមព្រៀងគ្នាទាំងស្រុង»។
លោកក៏បានឲ្យដឹងទៀតថាចំពោះការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាមនៅសេសសល់ ១៦% ទៀតលោកថា កម្ពុជា-វៀតណាម មិនទាន់ឯកភាពគ្នានោះទេដោយតំបន់នោះភាគច្រើនសុទ្ធតែប្រជាជនវៀតណាម និងកំពុងចរចាគ្នាឲ្យមានការឯកភាពគ្នាលើគោលការណ៍អន្តរជាតិផងដែរ។
លោក វ៉ា គីមហុង បានអះអាងថា៖ «ចំពោះជំហររបស់ភាគីកម្ពុជាជុំវិញតំបន់ដាក់ដាំដាក់ហ៊ូត ដែលពីមុនជាតំបន់ កូសាំងស៊ីនគ្រប់គ្រងនោះមាន ៣ ចំណុចនៃគោលការណ៍គឺវៀតណាមមាន ២ ចំណុច រួមមាន ៖ ទី១- ប្រជាជនវៀតណាមបានកាន់កាប់លើដីជាក់ស្តែងផ្ទាល់ និងទី២- វៀតណាមមានផែនទី រីឯកម្ពុជាមានមួយចំណុចគឺមានច្បាប់។ ដូច្នេះចំពោះបញ្ហានេះ អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនទុកឲ្យសម្តេចតេជោជាអ្នកសម្រេច និងបន្តនីតិវិធីបន្តទៀត»។
អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន បានអះអាងថាគណបក្សប្រឆាំងគឺគ្រាន់តែចង់បង្ហាញបញ្ហាពីក្តីបារម្ភរបស់ខ្លួន ដោយខ្លាចបាត់បង់ទឹកដីកម្ពុជាតែប៉ុណ្ណោះហើយគណបក្សប្រឆាំងគ្រាន់តែលើកឡើងនូវការព្រួយបារម្ភរបស់ប្រជាពលរដ្ឋដែលបាត់បង់ដីតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «ការលើកឡើងពីបញ្ហាព្រំដែននេះគឺជាការព្រួយបារម្ភពីការបាត់បង់ទឹកដីដូច្នេះមិនមែនជារឿងដែលគណបក្សប្រឆាំងយកមកធ្វើជាប្រធានបទដើម្បីទាក់ទាញការគាំទ្រនោះទេ។ ប្រជាពលរដ្ឋខ្មែរតែងមានការព្រួយបារម្ភពីការបាត់បង់ទឹកដី។ ប្រជាពលរដ្ឋនៅមូលដ្ឋានដែលបានអះអាងថាបានបាត់បង់ដី»៕