ភ្នំពេញៈ អនុប្រធាន​គណបក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចោទ​អតីតមន្ត្រី​គណបក្ស​ប្រឆាំង​ថា មាន​ចេតនា​បង្ក​សង្គ្រាម និង​អុកឡុក​ដល់​ការបោះឆ្នោត ហើយ​ថា​បក្ស​ដឹកនាំ​រដ្ឋាភិបាល​មិន​បណ្តែត​បណ្តោយ​ឲ្យ​ការប៉ុនប៉ង​ណា​មួយ​របស់​ក្រុម​បង្ក​បញ្ហា​នោះ​អាច​រំខាន​ដល់​ការបោះឆ្នោត​បាន​ឡើយ ប៉ុន្តែ​អ្នក​ឃ្លាំ​មើល និង​អតីត​តំណាងរាស្ត្រ​ថា អតីត​បក្សប្រឆាំង​មិន​មាន​កម្លាំង​ទៅ​បង្ក​សង្គ្រាម​ទេ ដោយសារ​ត្រូវ​បាន​រំលាយ​ទៅ​ហើយ​។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រាប់ពាន់​នាក់​នៅ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​កាលពី​ថ្ងៃទី​ ១៤ ខែ​កក្កដា​លោក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​មាន​ការ​លើក​ឡើង​ថា​ប្រទេស​កម្ពុជា​រអិល​ចេញ​ពី​លទ្ធិប្រជាធិបតេយ្យ​?

លោក​បាន​ថ្លែង​ថា​ ការនិយាយ​បែប​នេះ​គឺជា​ការ​ចោទ​របស់​បុគ្គល​មួយ​ក្តាប់​តូច​ និង​ជា​បុគ្គល​ដែល​ពួកគេ​មិន​ដែល​គិត​ពី​​សុខទុក្ខ​ប្រជាជន​ទេ​។

លោក ស ខេង ដែល​ជា​ឧបនាយក​រដ្ឋមន្ត្រី​ផង​នោះ​បាន​ថ្លែង​ថា​៖ «​គេ​ចេះ​ថា តែ​គេ​មិន​ចេះ​ធ្វើ​ទេ ហើយ​ក៏​គេ​មិន​ដែល​បាន​ធ្វើ​ទៅ​ទៀត​។ នៅពេល​ដែល​ប្រទេស​យើង​ជួប​គ្រោះមហន្តរាយ​ប្រល័យ​ពូជសាសន៍ ពួកនេះ​មិន​ដឹង​នៅ​ទី​ណា​ទេ​? ប៉ុន្តែ​នៅពេល​មក​សុទ្ធ​តែ​ថា ខ្លួនឯង​ពូកែ​ជាង​គេ​ហើយ​មិន​បាន​ធ្វើ​អី​ទេ​។ ខ្ញុំ​មិន​បាច់​បញ្ចេញ​ឈ្មោះ​ទេ ប្រហែល​អ្នក​ទាំងអស់​គ្នា​ដឹង​ហើយ​»​។

លោក​បាន​បន្ថែម​ថា​៖ «​អាពួក​មួយ​ចំនួន​ដែល​វា​រត់ចោល​ស្រុក​ហ្នឹង វា​ចង់​ឲ្យ​តែ​មាន​សង្គ្រាម​ទេ ហើយ​ឲ្យ​ការបោះឆ្នោត​ហ្នឹង​បរាជ័យ​ដើម្បី​ឲ្យ​គេ​ជោគជ័យ​»​។

ជាមួយ​នឹង​ការឆ្លើយតប​បែប​នេះ​លោក​ក៏​បាន​ថ្លែង​ការពារ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​បក្ស​កាន់​អំណាច​គឺ​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ដែល​ខុស​ពី​ការបកស្រាយ​យ៉ាង​នេះ​យ៉ាង​នោះ​របស់​បុគ្គល​មួយ​ចំនួន​។

កាលពី​សប្តាហ៍​មុន​លោក ស ខេង ក៏​បាន​ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​រាប់ពាន់​នាក់ នៅ​បាត់ដំបង​ដែរ​ថា​មាន​ក្រុម​មួយ​ដែល​ប្រឆាំង​នឹង​ការបោះឆ្នោត និង​មិន​ចង់ឲ្យ​មាន​ការ​បោះឆ្នោត និង​បន្ត​អុកឡុក រំខាន​ដល់​ការបោះឆ្នោត​ដែល​ជា​គណបក្ស​បាន​ចូលរួម​ការបោះឆ្នោត​កាលពី​ឆ្នាំ​ ២០១៣ ​រួច​ហើយ ប៉ុន្តែ​បាន​បដិសេធ​លទ្ធផល​បោះឆ្នោត​ដោយ​បាន​ប៉ុនប៉ង​ប្រើប្រាស់​វិធានការ​ផ្សេងៗ​ទៀត​ដែល​មិន​តាមរយៈ​ការ​បោះឆ្នោត​ដើម្បី​ឡើង​កាន់​អំណាច​។

លោក​ថា​៖ «​យើង​ប្រឆាំង​ដាច់ខាត​នឹង​អ្នក​រារាំង​ការបោះឆ្នោត​ និង​បំផ្លាញ​ការបោះឆ្នោត​។ យើង​ត្រូវ​តែ​ការពារ​ការបោះឆ្នោត​»​។

បើ​ទោះបី​ជា​លោក ស ខេង ថ្លែង​មិន​ចំ​ឈ្មោះ​ក្រុម​ណា​មួយ ឬ គណបក្ស​ណា​មួយ​ក្តី ក៏​ប៉ុន្តែ​ការបញ្ចេញ​សារ​បែប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ លោក​ចង់​សំដៅ​ទៅរក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​អតីត​បក្សប្រឆាំង និង​ជា​គូប្រជែង​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​របស់​លោក​ដែល​បក្ស​ប្រឆាំង​មួយ​នេះ​ត្រូវ​បាន​ផាត់​ចេញ​ពី​សង្វៀន​នយោបាយ​។

ដោយឡែក​ហ្វេសប៊ុក​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​កាន់​អំណាច​ដែល​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​ ១៤ កក្កដា​លោក​ ហេង សំរិន បាន​ផ្តល់​អនុសាសន៍​ដល់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ សម្រាប់​ឱកាស​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ថា គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​គណបក្ស​ចាស់ទុំ​ខាង​ផ្នែក​នយោបាយ និង​មាន​ប្រវត្តិ​ក្នុង​ការ​តស៊ូ​រំដោះ​ប្រទេស​ជាតិ​ដឹកនាំ​កសាង​ជាតិ​ជា​យូរណាស់​មក​ហើយ និង​មន្ត្រី​សមាជិក​ទាំងអស់​ត្រូវ​រួម​គ្នា​ក្នុង​ការ​ថែរក្សា​តម្លៃ និង​ស្នាដៃ​របស់​គណបក្ស​ឲ្យ​បាន​ស្ថិតស្ថេរ គង់វង្ស​តទៅ​តាមរយៈ​ការស្រឡាញ់ ការគាំទ្រ និង​ការផ្តល់​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត​។

លោក​បញ្ជាក់​ថា​៖ «​សម្តេច​ប្រធាន​គណបក្ស​បាន​ជំរុញ​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់​ឲ្យ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ខ្លួន​លុបបំបាត់​ភាព​ក្រអឺតក្រទម​ភាព​ជា​នាហ្មឺន​និយម​ទៅ​ជា​មន្ត្រី​អ្នក​បម្រើ​ប្រជាពលរដ្ឋ​ដោយ​សាមញ្ញ​ដាក់​ខ្លួន​ឲ្យ​ទាប​ជាមួយ​ប្រជាពលរដ្ឋ អ្វី​ដែល​ប៉ះទង្គិច​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ត្រូវ​ចៀសវាង​ជា​ដាច់ខាត​»​។

លោក​ សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​កាត់​ថា និកហ្វិក ចាត់​ទុក​ការអំពាវនាវ​កន្លង​មក​របស់​គណបក្ស​ប្រឆាំង​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ទេ ដោយ​ថា​នេះ​គឺ​គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​វា​មិន​អាច​មាន​សង្គ្រាម​ទេ ដោយសារ​គណបក្ស​ប្រឆាំង​មិន​មាន​កម្លាំង​។

លោក​បន្ថែម​ថា​៖ «​ជាធម្មតា​ទេ​នៅ​ប្រទេស​គេ​ក៏​គេ​ធ្វើ​ដែរ នៅពេល​ដែល​គេ​ជួប​ស្ថានភាព​ដូច​គណបក្ស​ប្រឆាំង​។ កាលណា​បក្ស​របស់​ខ្លួន​ត្រូវ​បាន​រំលាយ​ពី​ឆាក​នយោបាយ​គេ​ត្រូវ​តែ​តស៊ូ​មតិ ដើម្បី​ចូលរួម​វិស័យ​នយោបាយ​ឡើង​វិញ និង​ក្នុង​ការបោះឆ្នោត​នេះ​មិនមែន​សង្គ្រាម​ទេ ដោយ​គណបក្ស​ប្រឆាំង​មាន​ការឈឺចាប់ ដូច្នេះ​ហើយ​គេ​ត្រូវ​តស៊ូ​មតិ​មិន​អាច​ដេក​ស្ងៀម​បាន​ទេ​»​។

លោក​ ជាម ច័ន្ទនី អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ផាត់​ចេញ​ពី​ការបោះឆ្នោត ដូច្នេះ​ គណបក្ស​របស់​លោក​មិន​មាន​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ដែល​អាច​រំខាន​ដូច​ការចោទប្រកាន់​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​អ្វី​ទាំងអស់​គឺ​សម្រេច​ទៅ​លើ​ប្រជាពលរដ្ឋ ហើយ​ការចោទ​ប្រកាន់​នេះ​មិនមែន​ជា​រឿង​ត្រឹមត្រូវ​ទេ​ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​យើង​ពុំ​មាន​អ្វី​ទៅ​អុកឡុក​ទេ​ដោយសារ​យើង​ត្រូវ​រំលាយ​ហើយ​។ ជា​រឿង​មិន​ត្រឹមត្រូវ​ទេ​ដែល​ថា​គណបក្ស​ប្រឆាំង​មិន​ដែល​បាន​ជួយ​អ្វី​សោះ ដោយសារ​គណបក្ស​ប្រឆាំង​ធ្វើ​អ្វី​ទៅ​តាម​តួនាទី​របស់​ខ្លួន​។ យើង​បាន​ជួយ​កែសម្រួល និង​រក​កំហុស​ឆ្គង និង​ចំណុច​ខ្សោយ​របស់​រដ្ឋាភិបាល ជាពិសេស​ក្នុង​សភា​កន្លង​ទៅ និង​បាន​ចូលរួម​រៀបចំ​ច្បាប់​ជាច្រើន​ក្នុង​រយៈពេល​ជិត​ ២០ ​ឆ្នាំ​»៕