ពោធិ៍សាត់ៈ លោក​ឧបនា​យករ​ដ្ឋ​មន្ត្រី​ ស ខេង រដ្ឋម​ន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ទទួល ស្គាល់កា​រអះអា​ងដែ​ល​ថាមា​ន​កា​រ​លួច​កាប់បំ​ផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិ​រក្ស​ភ្នំ​សំ​កុស​ក្នុង​ខេត្ត​ពោធិ៍​សាត់​ គឺ​ជា​ការ​ចោទ​ប្រកាន់​ត្រឹម​ត្រូវ​ ​ខណៈសង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​លើក​ឡើងនេះ ប៉ុន្តែ​ស្នើ​ឱ្យ​មាន​វិធាន​ការ​ច្បាប់​ជាបន្ទាន់​ដើម្បី​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ។

ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​ព្រះ​វិហារ​នៅ​ខេត្ត​ព្រៃវែ​ង​កាល​ពី​ថ្ងៃទី​ ២៥​ ឧស​ភា លោក ​ស ខេង បាន​បញ្ជាក់ថា លោក​បាន​បញ្ជា​ឱ្យ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ អ​ភិបា​លខេត្ត​ពោធិ៍​សាត់ និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ប្រើ​ឧទ្ធម្ភា​គចក្រ​ថត​តំបន់​ព្រៃអភិ​រក្ស​សត្វ​ព្រៃលើ​ភ្នំ​សំ​កុស​នៅ​ខេត្ត​ពោធិ៍​សាត់ និង​បាន​រក​ឃើញថា ​តំបន់​នោះ​ពិតជា​មានការលួច​កា​ប់ព្រៃឈើ​ដូច​ការចោទ​ប្រ​កាន់​មែន ប៉ុន្តែ​លោក​ថា មិន​មាន​ច្រើន​ប៉ុន្មាន​នោះ​ទេ។

លោក​ថា៖ «ថ្ងៃ​មុនគេ​ឱ្យ​ព័ត៌មាន​មក នៅ​ភ្នំ​សំ​កុស​នៅ​ខាង​ត្បូង​ពោធិ៍សាត់​ជួរ​ភ្នំក្រវាញ​មាន​ការ​លួច​កាប់ តែ​អត់​ច្រើន​ទេ វា​មាន​ត្រង់​នោះ​តិច​ ត្រង់​នេះ​តិច​អ៊ីចឹង។ គេ​ថត​ពីលើ​មក គេ​ថត​ពី​ផ្កាយរណប​មកឃើញ​ទាំងអស់ អ៊ីចឹង​មិនអាច​ភរ​គេ​បានទេហើយ​បើ​គ្រាន់តែ​ជិះឡាន​មើល​គឺ​មើល​អត់​ដឹង​ទេ ប៉ុន្តែ​គេ​ថត​ពី​ផ្កា​យមក​គឺ​ឃើញ​ទាំង​អស់​ហ្នឹង កន្លែង​ណា​តម្ពែក​កន្លែង​ណា​មិន​តម្ពែក»។

ទោះជា​យ៉ាង​ណា លោក ​ស ​ខេង មិន​បាន​ប្រាប់​អំពី​ជនល្មើស​ឡើយ​ ដោយ​គ្រាន់តែ​បញ្ជាក់​ថា លោក​កំពុង​ឱ្យ​មន្ត្រី​រៀបចំ​​របាយការណ៍​ដើម្បី​ចាត់​វិធានការ។

លោក​ ជា​ ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុក​រលួយ​ទប់ស្កាត់​ធនធានធ​ម្មជាតិ​ និង​ការពារ​សិទ្ធិពលរដ្ឋ​បាន ថ្លែងពីម្សិលមិញ​ថា កាល​ពី​ ២ ​ខែ​មុន ​លោក​បានដាក់​របាយ​ការណ៍​សុំ​អន្តរាគ​មន៍​ពីលោក ស ខេង ស្ដីពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​នៅ​ខេត្ត​កោះ​កុង កំព​ង់ស្ពឺ និង​ខេត្ត​ពោធិ៍​សាត់ ជា​ពិសេ​សនៅ​តំបន់​ជួរ​ភ្នំក្រ​វាញ​ខេត្តពោ​ធិ៍​សាត់​ ដែល​កើត​ឡើង​ខ្លាំង​ជាង​គេ។​

លោក​បន្តថា នៅ​ភ្នំ​សំ​កុស​ និង​នៅ​ជួរ​ភ្នំ​ក្រវាញគឺមាន​សកម្ម​ភាព​ប្រើប្រាស់​ពលរដ្ឋ​ឲ្យចូលកាប់​ឈើ​ខុស​ច្បាប់​ដើម្បី​ដឹក​មក​ដាក់​នៅ​ក្រុម​ហ៊ុន និង​ការ​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​រដ្ឋ​ខុស​ច្បាប់​ ដែល​លោក​ថា ​សកម្ម​ភាព​នេះ​បាន​កើត​ ៤-៥ ឆ្នាំ​មក​ហើយ​ តែ​មិនទាន់​មាន​ការ​បង្ក្រាប​ទេ។

លោក​ថា៖ «អត់​មាន​ចំណាត់ការ​ដោយ​សារ​យក​លេស​ថា​ជា​ដី​ក្រុមហ៊ុន​របស់​ឧក​ញ៉ា ទ្រី ភាព ប៉ុន្តែ​មានតែ​ឈ្មោះ​ទេ គឺ​ព្រៃ​នៅ​តំបន់​ហ្នឹង​អត់​មាន (ក្រុមហ៊ុន) ទេគឺ​ដឹក​ចេញពី​តំបន់​ក្រៅ​ចូលមក​ក្រុមហ៊ុន​ហ្នឹង​។ តាម​ពិត​ក្រុមហ៊ុន​ហ្នឹង​រលាយ​បាត់​ហើយ​ ប៉ុន្តែ​គ្រាន់​តែ​គាត់ (មន្ត្រី) យក​លេស​ថាឈើ​របស់​ក្រុមហ៊ុន»។

បើតាម​លោក ​ជា ហ៊ាន នៅ​រដូវវស្សាឈើ​ក្នុង​តំបន់​អភិរក្ស​ត្រូវបាន​កាប់​ស្ដុក​ទុក​ រង់ចាំ​ដឹក​​ទៅ​លក់​ក្នុងប្រទេស​វៀត​ណាម​នៅ​រដូ​វប្រាំង។បច្ចុប្បន្ន កម្ពុ​ជា​មាន​តំប​ន់កា​រពា​រ​ធ​ម្មជាតិឧ​ទ្យា​នជាតិ​លើ​ផ្ទៃដី​ ៧ លាន ៥ សែន​ហិកតា​ ​ស្មើនឹង ៤១% នៃ​ផ្ទៃដី​សរុប​របស់ប្រទេស​កម្ពុជា។ ក្រសួង​បរិ​ស្ថាន​ មាន​មន្ត្រី​អនុរក្ស ១២២០ ​នាក់​ដើម្បី​ចុះ​ល្បាត និង​បង្ក្រាប​ប​ទល្មើស​ធន​ធាន​ធម្មជាតិ​ ការ​បរ​បាញ់​សត្វ​ខុស​ច្បាប់ និង​អភិ​រក្ស​ធនធាន​ធម្ម​ជាតិ​។ នេះ​បើ​តាម​មន្ត្រី​ក្រសួង​បរិស្ថាន។

លោក​ នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែងថា លោក​មិន​អត្ថា​ធិប្បាយ​អ្វី​បន្ថែម​លើ​ការ​លើក​ឡើង​របស់​លោក ស ខេ​ង ឡើយ ប៉ុន្តែ​លោក​ថា ក្រសួង​បាន​រក​ឃើញ​មាន​ជន​ខិល​ខូច​មួយចំ​នួន​បន្ត​​ប្រព្រឹត្ត​បទល្មើស​ធន​ធាន​ធ​ម្ម​ជាតិ​នៅ​តំបន់ភ្នំ​សំ​កុស ហើយ​ក្រសួង​នឹង​ពង្រឹង​បន្ថែម​វិធានការ​ការ​ពារ ដូចជា​ បង្កើន​ការដើរ​ល្បាត​ ពង្រឹង​ការអនុ​វត្ត​ច្បាប់​ប្រឆាំង​ជនល្មើស និង​បង្កើត​ឱ្យ​មាន​យុទ្ធ​សាស្ដ្រ​ការពារ​ព្រៃ​ឈើ​បន្ថែម​ទៀត។

លោក​ថា៖ ​«យើង​ទទួល​ស្គាល់​ថា​បទល្មើស​ព្រៃ​ឈើ​នៅ​បន្ត​កើត​មាន​ រួម​ទាំង​ការ​កាប់​រុករាន​ទន្ទ្រាន​ដីព្រៃ​ឈើ​ធ្វើជា​កម្មសិទ្ធិ​ផង​ដែរ ​ប៉ុន្តែ​ចំនួន​បទ​ល្មើស​មាន​ការ​ធ្លាក់​ចុះ ហើយ​បទ​ល្មើស​មួយ​ចំនួន​ធំ​ត្រូវបាន​បង្ក្រាប និង​ទប់​ស្កាត់ ហើយ​ជនល្មើស​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​សំណុំ​​រឿង​ទៅ​កាន់​តុលាការ»។

មន្ត្រី​បរិស្ថាន​រូបនេះ​ បន្ត​ថា ដើម្បី​ឱ្យ​ការ​ការ​ពារ​ធន​ធាន​ធម្មជាតិ​ព្រៃឈើ​មាន​ប្រសិទ្ធ​ភាពគឺ​ចាំបាច់​ត្រូវមាន​អង្គការ​សង្គមស៊ីវិល​ និង​ពលរដ្ឋ​ចូល​រួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល។

ចំណែក​លោក ប៉ែន ប៊ុណ្ណា​រ៍ មន្ត្រី​កម្មវិធី​របស់​អង្គការ​អាដហុក​ថ្លែងថា ការលើកឡើង​អំពី​ការបាត់បង់​ព្រៃឈើ​របស់លោក ស ខេង គឺជា​រឿង​មួយ​អាច​បញ្ជាក់​ថា បទ​ល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​នៅ​ភ្នំ​សំ​កុស អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹងមន្ត្រី​ក្នុង​ខេ​ត្ត ហើយ​ប្រសិនបើ​មិន​ជាប់​ពាក់ព័ន្ធកន្លង​មក​ទេ ប្រាកដ​ជា​អាច​បង្ក្រាប​បាន។

លោក​បានបន្តថា ដើម្បី​ឱ្យ​ការប្រកាស​របស់​លោក ស ខេង ​ក្លាយ​ជា​បានការ​ គឺ​តុលា​ការខេត្ត​គួរ​បើក​ការ​ស៊ើប​អ​ង្កេ​តរក​អ្នកពាក់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ព្រៃ​ឈើ ​យក​កាត់​ទោស​តាម​ផ្លូវ​ច្បាប់។

លោក​ថា៖ «អ៊ីចឹង​នៅពេលដែល​ប្រសា​សន៍​របស់​សម្ដេច​ក្រឡា​ហោម​ គាត់​លើកឡើង អ៊ីចឹង​ តំណាង​អយ្យការ​ត្រូវតែ​បើក​ការ​ស៊ើបអង្កេត​ និង​ត្រូវតែ​កោះហៅ​គ្រប់​មន្ត្រី​ទាំងអស់​ក្នុង​ខេត្តឬ​នគរបាល​យុត្តិ​ធម៌​ដើម្បី​មក​សាក​សួរ ពី​ព្រោះថា វា​មិនអាច​បទ​ល្មើស​កើត​ឡើង​ច្រើន​ឆ្នាំ អត់​មានការ​ទប់ស្កាត់ រហូត​ថ្នាក់​ដឹកនាំ​សម្ដេច​ក្រឡា​ហោម​បង្ហោះ​ឧទ្ធម្ភា​គចក្រ​ឃើញ​ហើយៗ​យក​ព្រមាន»។

លោក ហេង ដូ​នី​ន អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់​បាន​បញ្ជាក់​ថា លោក​មិនអាច​លើក​ឡើង​ជុំវិញ​បញ្ហា​នេះ​បាន​ទេ ហើយ​បាន​ជំរុញ​ឱ្យទៅ​សួរ​លោក ឆាយ​ ហុង ដែល​ជា​អ្នក​នាំ​ពាក្យ​តំណាង​អយ្យ​ការ​របស់​តុលាការ​វិញ ទើប​អាច​បកស្រាយ​បាន។

ប៉ុន្តែ​លេខ​ទូរ​ស័ព្ទ​របស់​លោក ​ឆាយ ហុង មិន​អាច​ទាក់ទង​បាន​ឡើយ កាល​ពី​ម្សិលមិញ៕