ព្រៃវែងៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ថ្លែងកាលពីចុងសប្តាហ៍ថា ការកសាងវត្តអារាម គឺបានរីកចម្រើនខ្លាំងហើយ ប៉ុន្តែត្រូវរកវិធីយ៉ាងណាពង្រីកគុណភាពព្រះពុទ្ធសាសនា និងធ្វើឲ្យមានប្រយោជន៍ដល់សង្គម។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងដូច្នេះក្នុងពេលលោកធ្វើជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តនទីជោត្តនារាម ហៅវត្តខ្សោកជើង ស្ថិតក្នុងភូមិខ្សោកជើង ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃសៅរ៍កន្លងទៅ។
លោកបានថ្លែងថា៖ «យើងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង គឺបានឆាប់រហ័សណាស់។ ចង់និយាយថា យើងធ្វើវត្តធ្វើកុដិ ធ្វើព្រះវិហារ ឧបដ្ឋានសាលា គឺយើងធ្វើបានលឿនណាស់ ហើយចំណាយលុយរាប់ពាន់លាន រាប់រយបើមិនដល់ពាន់លានក៏រាប់រយលានដុល្លារ បើគិតជាលុយរៀលគឺថារាប់ពាន់លាន។ និយាយរួមគឺថាជាការចំណាយដ៏ធំ។ អ៊ីចឹងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្នែករឹងនេះគឺវាខ្លាំងហើយ។ តែខ្ញុំករុណាខ្ញុំចង់បង្វែរអារម្មណ៍ថែមទៀតដើម្បីធ្វើម៉េចឲ្យព្រះពុទ្ធសាសនារបស់យើងកាន់តែមានឥទ្ធិពលជ្រាលជ្រៅកាន់តែរឹងមាំថែមទៀត»។
លោកបានបន្តថា វត្តអារាមជាច្រើនត្រូវបានសាងសង់ហើយ ប៉ុន្តែបើមានវត្តអារាមហើយមិនមានអ្នកគោរពតាមធម៌ព្រះពុទ្ធបានច្រើន បានល្អទេ វត្តអារាមក៏អត់មានប្រយោជន៍ដែរ។ លោកក៏បានលើកឡើងថា នៅទូទាំងប្រទេស កម្ពុជា មានវត្តអារាមជាង ៥ ០០០ វត្ត និងព្រះសង្ឃមានចំនួនជាង ៦០ ០០០ អង្គ។
ដោយធ្វើការប្រៀបធៀបការគោរពសាសនាព្រះពុទ្ធនៅកម្ពុជាទៅនឹងសាសនាផ្សេង លោក ស ខេង លើកឡើងថា អ្នកដើរតាមសាសនាអ៊ិស្លាមគោរពបានខ្ជាប់ខ្ជួនទៀងពេលវេលា គឺអ្នកកាន់សាសនានេះគោរពនៅគ្រប់ទីកន្លែងដូចជានៅកន្លែងធ្វើការ ឬសូម្បីនៅពេលពួកគេចេញនេសាទ ដោយគេថ្វាយបង្គំព្រះសូម្បីនៅលើទូកនេសាទ។ ឯសាសនាគ្រិស្តវិញលោកថា អ្នកគោរពសាសនានេះក៏មានវិន័យរបស់គេ។
លោកបន្ថែមថា ខាងរដ្ឋាភិបាលមានភារកិច្ចកសាងសុខសន្តិភាពពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ប្រឆាំងអំពើឧក្រិដ្ឋកម្ម អំពើលួច អំពើប្លន់ អំពើអយុត្តិធម៌ផ្សេងៗ នៅក្នុងសង្គម។ បើមនុស្សគ្រប់គ្នាមិនប្រព្រឹត្តអំពើអាក្រក់ដូចជាមិនលួចមិនប្លន់ កេងប្រវ័ញ្ច អំពើហិង្សាជាដើមនោះមានន័យថា អ្នកគោរពធម៌ព្រះពុទ្ធបានខ្ជាប់ខ្ជួនហើយក៏ដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
បើធ្វើដូច្នេះបានលោកថា៖ «ជាលទ្ធផលគឺសង្គមរបស់យើងល្អ ប្រជាជនរស់នៅដោយគ្មានការភ័យខ្លាច ហើយកាលណាសង្គមយើងរស់នៅដោយគ្មានការភ័យខ្លាច គឺការរីកចម្រើនវានឹងមកដល់ហើយ វានឹងចាប់ផ្ដើមមានហើយ។ ប្រជាជនមានឱកាសដើម្បីនឹងប្រកបរបរទទួលទានដោយសេរី ស្របទៅតាមច្បាប់ជាធរមាន។ ការធ្វើដំណើរមិនបារម្ភពីរឿងហានិភ័យ រឿងសន្តិសុខ អសន្តិសុខអីផ្សេងៗ»។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាថ្លែងពីម្សិលមិញថា ក្រសួងធម្មការកំពុងបំពេញបន្ថែមការខ្វះខាតមួយចំនួនទៅលើអ្វីដែលមានស្រាប់ ដូចជាការបំពេញសមត្ថភាពគណៈសង្ឃ អាចារ្យ គណៈកម្មការ ដោយមានការបើកវគ្គបណ្ដុះបណ្ដាលផ្សេងៗ។
លោកបញ្ជាក់ថា៖ «តាមរយៈវត្តអារាម គឺយើងបានបណ្ដុះបណ្ដាល ឬបំប៉នចំណេះដឹងខាងផ្នែកផ្លូវច្បាប់រដ្ឋបាលដល់គណៈសង្ឃ ដែលលោកមានមន្ទិលអំពីច្បាប់របស់រដ្ឋ ឬអន្តរជាតិ ហើយតាមរយៈអាចារ្យយើងបណ្ដុះបណ្ដាលអាចារ្យគណៈកម្មការតាមវត្តនៅទូទាំងប្រទេសឲ្យគាត់បានការអភិវឌ្ឍបន្ថែមលើចំណេះដឹង និងបែបបទរដ្ឋបាលនៅក្នុងព្រះពុទ្ធសាសនា»។
លោក សុមុនី បន្តថា នៅពុទ្ធិកសិក្សាក៏មានការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាល រួមទាំងការទេសនាផ្សព្វផ្សាយអំពីយន្តការច្បាប់ សារាចរនានា និងការអប់រំរឿងគ្រឿងញឿន ជំងឺអេដស៍ អំពើហិង្សា និងការប្រព្រឹត្តមិនសមរម្យនៅក្នុងសង្គមផងដែរ។ ការគោរពព្រះពុទ្ធសាសនានៅកម្ពុជាមិនមានការធ្លាក់ចុះទេ ប៉ុន្តែមានការវិវត្តយឺតជាងការរីកចម្រើនផ្នែកវិទ្យាសាស្ត្រឬផ្នែកអាណាចក្រ។
លោកពន្យល់ថា៖ «អាណាចក្រគឺអំណាចនៃការអភិវឌ្ឍប្រទេស សេដ្ឋកិច្ច វិទ្យាសាស្ត្រមានការរីកចម្រើនលឿនខ្លាំង ដល់អ៊ីចឹងខាងជំនឿសាសនា ហៅថាស្មារតីសន្តិភាព ស្មារតីជំនឿទាំងអស់ដែលជាសីលធម៌ក្នុងសង្គមហ្នឹងធ្វើដំណើរទៅដែរតែសន្សឹមៗ។ ដោយឡែកវិទ្យាសាស្ត្រលឿនខ្លាំង អ៊ីចឹងមើលទៅហាក់ដូចធ្លាក់ចុះ ប៉ុន្តែមិនមែនទេ។ ដូចយើងជិះរថយន្តលឿន រថយន្តដែលវ៉ាយើងលឿន តែរថយន្តយើងក៏លឿនដែរ។ អ៊ីចឹងមើលទៅដូចរត់ថយក្រោយ តែជាក់ស្ដែងទៅមុខ»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយថ្លែងថា ប្រាសាទនិងវត្តទាំងនោះពិតណាស់ដូចជាសម្បកទទេនៅពេលលោកសង្ឃជាច្រើនមានលក្ខណៈដូចជាមនុស្សធម្មតាមានស្បង់ជីពរតែអត់មានចំណេះដឹងមូលដ្ឋានអំពីធម៌ព្រះពុទ្ធសូត្រធម៌ដើម្បីបានទេយ្យទានពីពុទ្ធបរិស័ទ។
លោកថា៖ «វត្តព្រះពុទ្ធសាសនាគួរតែចូលរួមនៅក្នុងសង្គមខ្មែរឲ្យបានល្អ ហើយបម្រើសង្គមខ្មែរឡើងវិញនៅពេលសាងសង់ហើយផ្តល់ទេយ្យទានសម្រាប់ទំនុកបម្រុងព្រះសង្ឃ»៕