ភ្នំពេញ៖ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ស្នើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ផ្តល់​សិទ្ធិ​នយោបាយ​ពេញលេញ​ឡើងវិញ​ដល់​អតីតមន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ចំនួន ៧ រូប។

យោងតាម​លិខិត​របស់​លោក ស ខេង ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃទី ១៣ ខែមេសា បាន​លើកឡើង​ថា បុគ្គល​ចំនួន ៧ រូប ជា​អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយក អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​សំណើ​មក​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​មុន​កាលកំណត់​របស់​សាលដីកា​តុលាការ​កំពូល។

បុគ្គល​ទាំង ៧ រូបនេះ​រួមមាន លោក យ៉ែម បុញ្ញឫទ្ធិ, លោក មុត ចន្ថា, លោក ជុំ ច័ន្ទដាវិន, លោក ទួត ឃឿន, លោក ឡាត់ លិតេយ្យ, លោក ឡុង គឹមឃន និង​លោកស្រី យ៉ង់ ផាន់ណេត។

លោក ស ខេង បាន​បញ្ជាក់​ថា ផ្អែកលើ​សំណើសុំ​ខាងលើ​នេះ និង​ផ្អែក​តាម​បទប្បញ្ញត្តិ​មាត្រា ៤៥ ថ្មី (ស្ងួន​មួយ) នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម ច្បាប់​ស្តីពី​គណបក្សនយោបាយ ព្រមទាំង​តាម​ការពិនិត្យ​ក្នុង​រយៈពេល​នៃ​ការហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ គឺ​មាន​តែ​បុគ្គល​ឈ្មោះ យ៉ែម បុញ្ញឫទ្ធិ បាន​ធ្វើ​សកម្មភាព​ការទូត​ក្នុង​អំឡុងពេល​ដែល​បាន​ស្ថិតនៅ​ក្រៅ​ប្រទេស។

លោក​បន្តថា ដោយឡែក​សកម្មភាព​នៅ​ក្នុងប្រទេស បុគ្គល​ទាំង ៧ រូប​នេះ​បាន​អនុវត្តន៍​ខ្ជាប់​ខ្លួន​តាម​អំណាច​សាលដីកា​របស់​តុលាការ ដោយ​ពុំ​បានធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​នយោបាយ ឬ​បង្ក​ការរំខាន​ដល់​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សង្គម គួរ​ឲ្យ​កត់សម្គាល់​ឡើយ។

លោក ស ខេង បាន​បន្ថែម​ថា៖ «អាស្រ័យ​ហេតុនេះ ក្រសួង​មហាផ្ទៃ សូម​គោរព​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ផ្តល់​នីតិសម្បទា​ឡើងវិញ មុន​កាលកំណត់​ឲ្យ​បុគ្គល​ខាងលើ ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល ៥ (ប្រាំ) ឆ្នាំ ចុះ​ថ្ងៃទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០១៧»៕