ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមួយ ប្រាប់ឲ្យម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានទាំងអស់ទូទាំងប្រទេសត្រូវរាយការណ៍ពីវត្តមានជនបរទេសដែលបានចូលមកស្នាក់នៅទីតាំងរបស់ខ្លួន ក្រោយក្រសួងមហាផ្ទៃសង្កេតឃើញថា មានពលរដ្ឋមួយចំនួនពុំទាន់អនុវត្ដបានត្រឹមត្រូវ។
បើយោងតាមលិខិតរបស់ លោក ស ខេង កាលពីថ្ងៃសុក្រ ទី ១៩ ខែកក្កដាកន្លងទៅនេះ បានលើកឡើងថា កន្លងមកក្រសួងមហាផ្ទៃបានពិនិត្យឃើញថា អ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទជាច្រើនបានអនុវត្តតាមសេចក្តីណែនាំដោយស្មារតីភ្ញាក់រឭករួសរាន់ និងការទទួលខុសត្រូវខ្ពស់។ អ្នកកាន់កាប់លំនៅឋានមួយចំនួន ពុំទាន់យល់អំពីកាតព្វកិច្ច និងអនុវត្តន៍ត្រឹមត្រូវតាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅឡើយ។
បើតាមលោក ស ខេង ការណែនាំនេះ គឺដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ សំដៅបង្កើនការគ្រប់គ្រងវត្តមាននៃការស្នាក់នៅរបស់ជនបរទេសដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក៏ដូចជាសុវត្ថិភាពផ្ទាល់របស់ជនបរទេសគ្រប់រូប ដែលស្នាក់នៅកម្ពុជា។
លោកបានឲ្យដឹងថា អ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទត្រូវរាយការណ៍អំពីវត្តមានជនបរទេសដែលបានចូលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ នៅក្នុងមូលដ្ឋាននោះ តាមរយៈគំរូរបាយការណ៍ ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងវត្តមានជនបរទេស ដែលរៀបចំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនឲ្យលើសពីរយៈពេល ២៤ ម៉ោង។
ក្នុងករណីម្ចាស់ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទជាជនបរទេស ត្រូវរាយការណ៍បន្ថែមអំពីវត្តមានរបស់ខ្លួនឯង និងសមាជិកដែលជាជនបរទេសក្នុងបន្ទុក ក្នុងរយៈពេលមិនលើសពី ២៤ ម៉ោង។
តាមសេចក្ដីណែនាំនេះបានបញ្ជាក់ថា ខ្លឹមសារនៃសេចក្តីរាយការណ៍ ត្រូវបញ្ជាក់ច្បាស់អំពីរយៈពេលស្នាក់នៅ រយៈពេលបន្តការស្នាក់នៅ និងឧបទ្ទវហេតុនានា លើជនបរទេស ដើម្បីកម្លាំងសមត្ថកិច្ចមានវិធានការសមស្របទាន់ពេលវេលា។ ចំពោះម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានណា ដែលមិនបានរាយការណ៍ពីវត្តមាននៃការស្នាក់នៅរបស់ជនបរទេសតាមការកំណត់នៃច្បាប់ និងបទដ្ឋានគតិយុត្តនានា នឹងត្រូវផ្តន្ទាទោសទៅតាមបទប្បញ្ញតិដែលមានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ផ្សេងៗទៀតនៃព្រះរាជាណាចក្រកម្ពុជា។
លោក ស ខេង ក៏បានណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំងអស់ត្រូវផ្តល់គំរូរបាយការណ៍ និងពាក្យស្នើសុំបង្កើតគណនីប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងវត្តមានជនបរទេស ដែលរៀបចំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដល់ម្ចាស់ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដើម្បីធ្វើសេចក្តីរាយការណ៍ប្រចាំថ្ងៃ និងត្រូវបូកសរុបរបាយការណ៍ផ្ញើមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ស្នងការដ្ឋាននគរបាលរាជធានីខេត្ត ត្រូវរាយការណ៍មកក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អំពីមរណភាព ការបាត់ខ្លួន និងឧបទ្ទវហេតុនានារបស់ជនបរទេស និងត្រូវទទួលខុសត្រូវក្នុងការត្រួតពិនិត្យជនបរទេសអន្តោប្រវេសន្តដែលបានមកតាំងទីលំនៅ ឬទើបមកតាំងទីលំនៅ ក្នុងដែនដីក្រោមសមត្ថកិច្ចរបស់ខ្លួន។
ដោយឡែកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវរៀបចំផែនការអនុវត្តន៍ និងផ្សព្វផ្សាយណែនាំដល់ម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទ ស្នងការដ្ឋាននគរបាលរាជធានីខេត្ត សមត្ថកិច្ចពាក់ព័ន្ធ និងសាធារណជន និងចាត់តាំងមន្ត្រីជំនាញចុះត្រួតពិនិត្យការអនុវត្តសេចក្តីណែនាំនេះ ព្រមទាំងធ្វើការបូកសរុប វាយតម្លៃរាយការណ៍ជូនក្រសួងមហាផ្ទៃ ដើម្បីមានគោលការណ៍ដឹកនាំ។
លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE CAMBODIA Real Estate បានឲ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យ ដែលធ្វើការងារខាងផ្ដល់សេវាកម្មផ្នែកជួលសណ្ឋាគារ ខុនដូ និងការិយាល័យផ្សេងៗផងនោះ គឺតែងតែជូនដំណឹងទៅដល់ម្ចាស់អចលនទ្រព្យពីការជួលរបស់ជនបរទេសទៅសមត្ថកិច្ចដើម្បីចៀសវាងហានិភ័យកើតឡើងដោយប្រការណាមួយ ហើយការជូនដំណឹងទៅសមត្ថកិច្ចពីអត្ដសញ្ញាណរបស់អ្នកស្នាក់នៅបែបនេះក៏ផ្ដល់ភាពងាយស្រួលដល់ភ្ញៀវក្នុងការបំពេញបែបបទ៕