ភ្នំពេញៈ បន្ទាប់ពីបានសម្រេចឲ្យយកឆ្នាំ ២០២០ ជាឆ្នាំដែលត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានដាក់ចេញនូវយន្តការថ្មីបន្ថែមទៀតគឺដូរចំណាត់ថ្នាក់ពីការអប់រំដែលជាអាទិភាពចម្បងទៅជាការអនុវត្តច្បាប់ជាចម្បង «ទោះបីអ្នកឯងដឹង ឬមិនដឹងក៏ដោយ» ជាវិធានការ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ ២០២០ នាព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនៅទីស្តីការក្រសួងមហាផ្ទៃលោក ស ខេង មានប្រសាសន៍ថា ការប្រកាសយកឆ្នាំ ២០២០ ជាឆ្នាំអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ មិនមែនមានន័យថា ឆ្នាំកន្លងទៅមិនមានការអនុវត្តច្បាប់ទេ។ ប៉ុន្តែឆ្នាំកន្លងទៅមានការយោគយល់ច្រើន ហើយបានយកការអប់រំជាសំខាន់។
លោកថ្លែងថា៖ «ឆ្នាំ ២០២០ នេះខ្ញុំគិតថា គួរតែយើងដូរចំណាត់ថ្នាក់ អាទិភាពពីការអប់រំដែលជាអាទិភាពចម្បងទៅជាការអនុវត្តច្បាប់ជាចម្បង។ មិនបានសេចក្ដីថា យើងបោះបង់ការអប់រំផ្សព្វផ្សាយទេ នៅតែធ្វើជាប្រចាំ ប៉ុន្តែយកការអនុវត្តច្បាប់ជាចម្បង ព្រោះច្បាប់គឺបានចាប់បង្ខំឲ្យមនុស្សទាំងអស់គ្នាគោរព អនុវត្ត ទោះបីអ្នកនោះបានរៀនសូត្របានដឹង ឬមិនបានដឹងក៏ដោយ។ មិនអាចយកលេសថា ច្បាប់នោះខ្ញុំអត់បានរៀនផងខ្ញុំអត់ដឹងផងអ៊ីចឹងខ្ញុំអត់មានទោសទេព្រោះខ្ញុំអត់បានដឹង។ អាហ្នឹងច្បាប់ដូចជាមិននិយាយអ៊ីចឹងទេ។ ច្បាប់គឺច្បាប់ហើយត្រង់អ្នកឯងដឹងឬមិនដឹង តែខុសច្បាប់គឺគេធ្វើហើយ»។
លោក ស ខេង បន្តថាចុងក្រោយនេះសមត្ថកិច្ចចរាចរណ៍ផ្លូវគោកបានធ្វើកិច្ចការតាមច្បាប់បានល្អ និងប្រកបដោយក្រមសីលធម៌រួមទាំងការប្រកាន់នូវសីលធម៌ និងវិជ្ជាជីវៈ។ លោកថា ការធ្វើតាមច្បាប់ និងដោយសីលធម៌ល្អ វាមានឥទ្ធិពលខ្លាំងដែលធ្វើឲ្យអ្នកធ្វើដំណើរខ្លាច។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «បើគាត់យកលេសថាគាត់មិនយល់ច្បាប់ ខ្ញុំថា មិនដឹងឆ្នាំណាបានគាត់យល់ដើម្បីជីវិតគាត់សោះហ្នឹងណា ហើយ១ឆ្នាំខាតអស់ប៉ុន្មាន គឺ ២ ភាគរយនៃ GDP ស្មើនឹង ៤០០ លានដុល្លារ»។
លោកបញ្ជាក់ថា៖ «ប្រទេសប្រជាធិបតេយ្យភាគច្រើនគេយកការអនុវត្តច្បាប់ជាធំតែម្ដង។ អប់រំគឺអប់រំហើយ ផ្សព្វផ្សាយគឺផ្សព្វផ្សាយហើយមិនមែនយើងមិនធ្វើទេ គឺធ្វើ។ ប៉ុន្តែគឺយកការអនុវត្តច្បាប់ ច្បាប់គឺច្បាប់ហើយសូមឲ្យយល់ទាំងអស់គ្នាថា តាមគោលការណ៍ច្បាប់មនុស្សទាំងអស់ស្មើភាពគ្នាចំពោះមុខច្បាប់។ ត្រង់ហ្នឹងមួយសូមឲ្យនគរបាលចរាចរណ៍ក្ដាប់ឲ្យជាប់។ ស្មើភាពចំពោះមុខច្បាប់»។
លោកថា មន្ត្រីនគរបាលតាមដងផ្លូវមានឋានៈខុសៗគ្នា ប៉ុន្តែអ្នកធ្វើដំណើរនៅលើដងផ្លូវមានឥស្សរជនជាន់ខ្ពស់មានរហូតដល់ផ្កាយ ៤ ទាំងប៉ូលិស និងយោធា។ ប៉ុន្តែទោះអ្នកណាក៏ដោយ ក៏មន្ត្រីនគរបាលដែលអាចត្រឹមតែជាព្រិន្ទបាលទោមានសិទ្ធិអនុវត្តច្បាប់ទៅលើមន្ត្រីទាំងនោះ។ លោកថ្លែងបន្តថា សមត្ថកិច្ចចរាចរណ៍អាចអនុវត្តច្បាប់បានគ្រប់គ្នាចំពោះអ្នកប្រព្រឹត្ត មិនថាប៉ូលិស ឬយោធា និងពលរដ្ឋសាមញ្ញ។ ទោះយ៉ាងណាលោកប្រាប់ឲ្យមន្ត្រីអនុវត្តច្បាប់ប្រកាន់ខ្ជាប់នូវសីលធម៌។
លោក ស ខេង មានប្រសាសន៍ទៀតថា៖ «ប៉ុន្តែមុនយើងធ្វើទោះបីថា ប្រជាជនសាមញ្ញក្ដី យើងត្រូវគោរពគួរសម។ តិចថាពាក់ស័ក្តិនៅតាមដងផ្លូវ ដល់ប្រជាជនសាមញ្ញយើងទៅថា គាត់ជាប្រជាជន ហើយធ្វើអាកប្បកិរិយាមិនគោរពគាត់ មិនមែនតែយើងត្រូវលើកដៃគោរពគាត់ក្នុងឋានៈយើងជាមន្ត្រីអនុវត្តច្បាប់។ មិនមែនចាំបាច់ថាអ្នកនោះស័ក្តិធំជាងបានគោរពហើយអនុវត្តច្បាប់ទេ»។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៣៥៨ លើកបណ្តាលឲ្យមនុស្សស្លាប់ចំនួន ២០៦ នាក់ និងរបួសចំនួន ៥៥៨ នាក់។ ចំនួននេះធ្លាក់ចុះ ១២ លើក ឬ ៣ ភាគរយ បើប្រៀបធៀបទៅនឹងខែធ្នូ ឆ្នាំ ២០១៩។ ប៉ុន្តែចំនួនអ្នកស្លាប់កើនចំនួន ២០ នាក់ហើយរបួសកើន ៥៨ នាក់ស្មើនឹង ១២ ភាគរយ។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងពីម្សិលមិញថា លោកយល់ស្របជាមួយអ្វីដែលលោក ស ខេង លើកឡើងក្នុងការប្ដូរទិសដៅពីការអប់រំទៅលើការអនុវត្តច្បាប់ជាចម្បង។
លោកថ្លែងថា៖ «ខ្ញុំយល់ថា អ្វីដែលសម្ដេចក្រឡាហោមធ្វើនេះជាជំហានវិជ្ជមាន ហើយខ្ញុំគាំទ្រសម្រាប់ការប្ដូរទិសដៅ ប៉ុន្តែយើងអត់បោះបង់ចោលទេការអប់រំគឺយើងធ្វើទាំង ៣ ជ្រុងយើងធ្វើការបណ្ដុះបណ្ដាលប្រជាពលរដ្ឋផង យើងរឹតបន្តឹងច្បាប់ផង ហើយយើងពិចារណាផ្នែកវិស្វកម្មផងថា ផ្លូវយើងមានបញ្ហាអីខ្លះ»។
លោកបន្តថា កន្លងមកការអប់រំត្រូវបានធ្វើច្រើនហើយ ហើយការរឹតបន្តឹងច្បាប់មិនទាន់ត្រូវបានរឹតបន្តឹងទេ។ ការមិនបានរឹតបន្តឹងច្បាប់នេះលោកថា ដោយសារតែសមត្ថកិច្ចមួយចំនួនតូចនៅតែឆ្លៀតកេងប្រយោជន៍ ហើយអ្នកប្រព្រឹត្តខុសមួយចំនួនអាងអ្នកធំធ្វើឲ្យមន្ត្រីចរាចរណ៍តូចតាច គ្នាអត់ហ៊ានអនុវត្តច្បាប់។
ពាក់ព័ន្ធនឹងក្រមសីលធម៌របស់សមត្ថកិច្ចលោក គង់ រតនៈ បានលើកឡើងថា នៅមានសមត្ថកិច្ចមួយចំនួនតូចដែលមិនទាន់បានធ្វើល្អ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួននៅមិនទាន់អនុវត្តបានល្អដូចគ្នាដែរ។ លោកបន្តថា វប្បធម៌នៃការអាងខ្នងក៏នៅមានខ្លះដែរ។
លោកថ្លែងថា៖ «យើងចង់ឲ្យអ្នកដែលអនុវត្តច្បាប់បង្ហាញការគោរពច្បាប់ខ្លួនឯងដល់ប្រជាពលរដ្ឋទូទៅ ទៅដល់មន្ត្រីរាជការ ឬស្ថាប័នប្រដាប់អាវុធដូចគ្នា។ វាជាច្បាប់ មិនមែនថា យើងស្លៀកពាក់ឯកសណ្ឋានហើយមិនចាំបាច់គោរពនោះទេ»៕