ភ្នំពេញៈ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានធ្វើអត្ថាធិប្បាយរិះគន់ដល់ក្រុមអ្នកវាយតម្លៃបញ្ហាសិទ្ធិមនុស្សថាមានស្តង់ដារ ២ បើប្រៀបធៀបពីការបង្ក្រាបទៅលើក្រុមបាតុកម្មអាវកាក់ពណ៌លឿងនៅក្នុងប្រទេសបារាំង និងការបង្ក្រាបលើក្រុមបាតុកម្មនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។
តាមរយៈការសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់ លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភាផងដែរនោះបានអះអាងថា នៅលើពិភពលោកនៅប្រទេសណាក៏ដូចប្រទេសណាដែរ ដើម្បីធានាសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ជាពិសេសដើម្បីការពាររដ្ឋអំណាចដឹកនាំ និងគ្រប់គ្រងប្រទេស គេមិនអាចបណ្តែតបណ្តោយឲ្យមានអំពើបាតុកម្ម ឬ កុបកម្ម អនាធិបតេយ្យ ធ្វើឲ្យបាត់សណ្តាប់ធ្នាប់សាធារណ:បានជាដាច់ខាតគឺចាំបាច់ត្រូវតែមានវិធានការទប់ស្កាត់ បើមិនព្រមស្តាប់ត្រូវតែចាត់វិធានការបង្ក្រាបដោយខានមិនបាន។
លោកថ្លែងថា៖ «បញ្ហានេះជារឿងធម្មតានៅគ្រប់ប្រទេសនៅលើពិភពលោក។ ប៉ុន្តែវាជារឿងចម្លែកណាស់រឿងកើតឡើងដូចគ្នា តែការវាយតម្លៃសន្និដ្ឋានមិនដូចគ្នាទេ អាស្រ័យលើអ្នកវាយតម្លៃ ចង់ថាឆ្វេង ឬស្តាំស្រេចលើអ្នកថា ជាពិសេសលើរបស់ដែលហៅថាអង្គការសិទ្ធិមនុស្សមួយចំនួនដែលតាំងខ្លួនជាអាទិទេពចាំដាក់ពិន្ទុឲ្យគេឯង»។
ការប្រៀបធៀបរបស់លោក សុខ ឥសាន ទោះបីជាលោកមិនបានបញ្ចេញឲ្យចំឈ្មោះប្រទេស តែសំដៅដល់ការបង្ក្រាបទៅលើបាតុករអាវកាក់លឿង នៅក្នុងប្រទេសបារាំងដែលធ្វើការតវ៉ាប្រឆាំងនឹងគម្រោងដំឡើងពន្ធលើប្រេងឥន្ធនៈ ព្រមទាំងពន្ធអាករផ្សេងៗទៀតពីសំណាក់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង។
យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន BBC ឲ្យដឹងថា យ៉ាងហោចណាស់មានបាតុករបារាំងចំនួន ១២៦ បានរងរបួស ខណៈបាតុករជាង ១ ពាន់ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងបាតុកម្មដែលឈានដល់អំពើហិង្សាកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នៅប្រទេសបារាំង។ ក្រុមអ្នតតវ៉ាប្រមាណ ១២៥ ០០០ នាក់បានធ្វើការប្រមូលផ្តុំតវ៉ានៅទូទាំងប្រទេសបារាំង និងប្រហែល ១ ម៉ឺននាក់ក្នុងទីក្រុងប៉ារីស។
លោក សុខ ឥសាន សរសេរថា៖ «ឥឡូវប្រទេសដែលហៅថាប្រទេសប្រជាធិបតេយ្យជឿនលឿននៅអឺរ៉ុបមួយកំពុងតែចាត់វិធានការបង្ក្រាបយ៉ាងចាស់ដៃលើហ្វូងបាតុករអាវកាក់លឿងមានទាំងស្លាប់ របួស ចាប់ខ្លួនរាប់ពាន់នាក់ ប្រើឧស្ម័នពុលបាញ់ទឹកនិង ឧបករណ៍បង្ក្រាបជាច្រើនទៀតដូចជាមិនឮពួកសិទ្ធិមនុស្ស ជានរក ជាប្រេត ស្រែក ១ ម៉ាត់នៅឡើយទេ»។
លោកសង្កត់ធ្ងន់ថា៖ «ប៉ុន្តែបើនៅកម្ពុជាវិញពួកវាពូកែមើលឃើញណាស់ ហើយនិយាយដាក់កំហុសមកលើរាជរដ្ឋាភិបាលភ្លាមដោយមិនបង្អង់ ថ្កោលទោសថាជាការរំលោភសិទ្ធិមនុស្សរំលោភលើបាតុករស្លូតត្រង់អហិង្សា។ នេះជាលក្ខណ:ស្តង់ដារ ២ របស់ពួកអ្នកវាយតម្លៃបញ្ហាសិទ្ធិមនុស្សនៅលើលោកដែលគ្មានយុត្តិធម៌»។
ទោះយ៉ាងណាក៏ដោយលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគម សិទ្ធិមនុស្សអាដហុកថ្លែងថាការអនុវត្តច្បាប់ចំពោះបាតុកម្មនៅក្នុងបណ្ដាប្រទេសនានាមានលក្ខណៈខុសគ្នា។
លោកបន្តថា៖ «ជាធម្មតាកាលណាមានបាតុកម្មមួយកើតឡើងដែលបណ្ដាលឲ្យមានអំពើហិង្សា ជាធម្មតាទេ អាជ្ញាធររបស់រដ្ឋាភិបាលត្រូវការបង្ក្រាប ប៉ុន្តែការបង្ក្រាបនៃប្រទេសនីមួយៗគឺមានលក្ខណៈខុសគ្នា។ ការបង្ក្រាបនៅប្រទេសខ្លះមានតុល្យភាពនៃកម្លាំងទៅតាមគោលការណ៍អង្គការសហប្រជាជាតិ»។
លោកបន្ថែមថា៖ «វាអាស្រ័យលើស្ថានភាពជាក់ស្ដែង។ យើងឃើញនៅក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យធំៗគឺគេធ្វើការបង្ក្រាបដូចគ្នា ប៉ុន្តែបង្ក្រាបដោយគោរពទៅតាមគោលការណ៍ច្បាប់អន្តរជាតិ ពិសេសគោលការណ៍សិទ្ធិមនុស្ស»៕