ភ្នំពេញៈ បន្ទាប់ពីបានជាប់ឆ្នោតជាប្រធានគណៈមេធាវីជាថ្មីទៀតកាលពីម្សិលមិញដោយទទួលបានសំឡេងគាំទ្រចំនួន ៩៣០ លើ ១៣៩៣ សំឡេង លោក សួន វិសាល បានប្តេជ្ញាថាលោកនឹងខិតខំប្រឹងប្រែងធ្វើឲ្យស្ថាប័នគណៈមេធាវីកាន់តែរឹងមាំ និងប្រកបដោយកិត្តិយស និងជំរុញបន្ថែមឲ្យមេធាវីប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈរបស់មេធាវីដើម្បីរួមចំណែកធ្វើឲ្យប្រព័ន្ធយុត្តិធម៌កាន់តែមានភាពប្រសើរ។
គណៈមេធាវីបានរៀបចំពិធីបោះឆ្នោតជ្រើសរើសប្រធានសម្រាប់អាណត្តិថ្មីរយៈពេល ២ ឆ្នាំទៀតនៅសណ្ឋាគារសុខាក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកាលពីម្សិលមិញដោយលោក សួន វិសាល ទទួលបានសំឡេងគាំទ្រចំនួន ៩៣០ សំឡេង ខណៈគូប្រជែងរបស់លោកគឺលោក សំ សុគង់ ដែលល្បីឈ្មោះដោយសារតែហ៊ានចេញមុខការពារក្តីចម្រូងចម្រាសឲ្យអតីតមេដឹកនាំ និងសកម្មជនបក្សប្រឆាំងទទួលបានសំឡេងឆ្នោត ២៨៨ សំឡេង។
បន្ទាប់ពីបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីដែលក៏មានការចូលរួមពីលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរនោះលោក សួន វិសាល ក្នុងវ័យ ៥៣ ឆ្នាំដែលបានធ្វើជាមេធាវីអស់រយៈពេល ១៩ ឆ្នាំមកហើយនោះបានថ្លែងទៅកាន់សហភាតាដែលចូលរួមបោះឆ្នោតថា លោកនឹងបន្តខិតខំប្រឹងប្រែងជំរុញមេធាវីការពារក្តីឲ្យមានគុណភាព និងគោរពទៅតាមវិជ្ជាជីវៈដែលអាចជួយកាត់បន្ថយអំពើពុករលួយ និងធ្វើឲ្យប្រព័ន្ធយុត្តិធម៌កាន់តែល្អប្រសើរ។
លោកបញ្ជាក់ថា៖ «យើងខ្ញុំប្តេជ្ញាចិត្តធ្វើការងារសម្រាប់បម្រើឲ្យសហភាតាយើងនឹងធ្វើឲ្យស្ថាប័នគណៈមេធាវីយើងរឹងមាំ និងប្រកបទៅដោយកិត្តិយសហើយនិងប្តេជ្ញាចិត្តជួយជំរុញប្រព័ន្ធយុត្តិធម៌យើងឲ្យកាន់តែល្អប្រសើរ»។
ជាមួយគ្នានេះលោក វិសាល ក៏បានថ្លែងផងដែរថានៅក្នុងអាណត្តិថ្មីនេះលោកនឹងបង្ហើយការងារដែលនៅសល់កាលពីអាណត្តិមុនដូចជាការសាងសង់បន្ទប់មេធាវីសម្រាប់ជួបជាមួយកូនក្តីនៅតាមពន្ធនាគារ កសាងការិយាល័យប្រតិភូមេធាវីនៅតាមបណ្តាខេត្ត និងខំប្រឹងប្រែងពង្រីកទីផ្សាររបស់មេធាវីព្រមទាំងជំរុញបេសកកម្មមួយចំនួនទៀតទាក់ទងនឹងអន្តរជាតិដែលគណៈមេធាវីបាននិងកំពុងធ្វើជាបន្តបន្ទាប់។
លោកបានបន្ថែមថា៖ «យើងបន្តពង្រឹងការងារកសាង (បន្ទប់មេធាវីនៅតាមពន្ធនាគារ) នេះដោយសារយើងទើបតែចាប់ផ្តើមធ្វើក្នុង ១ ឆ្នាំចុងក្រោយនេះដោយសារឆ្នាំដំបូង យើងផ្តោតទៅលើការកែទម្រង់ផ្នែករដ្ឋបាល។ យើងនឹងធ្វើបន្តធ្វើរហូតដល់ចប់សព្វគ្រប់ប្រកបដោយគុណភាពខ្ពស់...។ គណៈមេធាវីនឹងពង្រឹងសមត្ថភាពមេធាវី និងច្បាប់ផ្សេងៗដើម្បីឲ្យមេធាវីកម្ពុជាមានគុណភាពដូចមេធាវីអន្តរជាតិ និងព្យាយាមធ្វើយ៉ាងម៉េចឲ្យការប្រកបវិជ្ជាជីវៈ មេធាវីកាន់តែមានតម្លៃខ្ពង់ខ្ពស់ និងថ្លៃថ្នូរ»។
នៅមុនពេលបោះឆ្នោតលោក វិសាល បានថ្លែងប្រាប់សហភាតាថា ប្រទេសត្រូវការច្បាប់ល្អ ហើយគណៈមេធាវីនឹងបន្តយកចិត្តទុកដាក់លើការកែច្បាប់ និងលក្ខន្តិកៈមួយចំនួន ដើម្បីលុបបំបាត់អ្នករត់ការដើម្បីផ្តល់អំណាចបន្ថែម ដល់មេធាវីដើម្បីងាយស្រួលក្នុងការការពារក្តី។
លោកបញ្ជាក់ដូច្នេះថា៖ «ដូចដែលយើងដឹងហើយថា មេធាវីមានកិច្ចការច្រើនណាស់តាមច្បាប់កំណត់ ប៉ុន្តែរហូតមកដល់ពេលនេះស្ថាប័នមួយចំនួនបានធ្វើកិច្ចការរបស់យើង ដូច្នេះក្នុងឆ្នាំខាងមុខខ្ញុំព្យាយាមធ្វើយ៉ាងម៉េចរកទីផ្សារមេធាវីឲ្យបានច្រើន និងឲ្យគេទទួលស្គាល់តួនាទីរបស់មេធាវីឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ដូចជាការរត់ការចុះបញ្ជីដីធ្លីនៅសុរិយោដីដែលទិញលក់ ឬក៏ការដោះដូរអីផ្សេងៗគឺមានអ្នករត់ការជាអ្នកធ្វើជំនួស ដូច្នេះយើងនឹងទាមទារការងារនោះមកវិញដូចការងារការិយាល័យមួយចំនួន ដូចជាគយ ពាណិជ្ជកម្ម ឬឃុំ សង្កាត់ជាដើមគឺមានអ្នករត់ការធ្វើកិច្ចការមេធាវីរបស់យើង។ ដូច្នេះខ្ញុំធ្វើម៉េចទាមទារការងារនេះមកវិញជូនសហភាតារបស់យើងដើម្បីគណៈមេធាវីរបស់យើងមានតម្លៃ និងគោរពវិជ្ជាជីវៈកាន់តែល្អប្រសើរ»។
លោក សំ សុគង់ មិនអាចទាក់ទងសុំអធិប្បាយបានទេ បន្ទាប់ពីលោក សួន វិសាល បានជាប់ឆ្នោតជាថ្មីទៀត។
ប៉ុន្តែលោកបានថ្លែងនៅមុនពេលបោះឆ្នោតទៅកាន់សហភាតាថាលោកចង់ឃើញគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជាស្ថាប័នឯករាជ្យពិតប្រាកដ ហើយមេធាវីត្រូវមានគុណភាព និងត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈភាពថ្លៃថ្នូរ និងទំនុកចិត្ត។
លោក សុគង់ ដែលមានវ័យ ៤១ ឆ្នាំហើយដែលបានធ្វើជាមេធាវីអស់រយៈពេល ១៥ ឆ្នាំហើយដោយបានចាប់ផ្តើមការពារក្តីក្នុងសំណុំរឿងចម្រូងចម្រាសជាច្រើនឲ្យមេដឹកនាំ និងសកម្មជនគណបក្សប្រឆាំងបានបញ្ជាក់ថា៖ «ទី ១ ពង្រឹងសាមគ្គីភាពក្នុងគណៈមេធាវីជាមហាគ្រួសារតែមួយ ចាត់ទុកសហភាតាទាំងអស់ជាសមាជិកនៃមហាគ្រួសារតែមួយស្ថិតនៅក្រោមស្ថាប័នគណៈមេធាវីដែលមានឯករាជភាព និងវិជ្ជាជីវៈ និងការមិនប្រកាន់និន្នាការណាមួយ។ លើកស្ទួយជីវភាពការពារវិជ្ជាជីវៈពង្រឹងសមត្ថភាពវិជ្ជាជីវៈមេធាវីប្រកបដោយគុណភាពគុណធម៌ឯករាជ្យប្រកបដោយសេចក្តីថ្លៃថ្នូរស្របតាមក្រមសីលធម៌តាមរយៈការបន្តពង្រឹងគុណភាព និងបណ្តុះបណ្តាលដល់សហភាតា»។
លោកបានបន្ថែមថាគណៈមេធាវីត្រូវធ្វើការងារប្រកបដោយតម្លាភាព គណនេយ្យភាព និងភាពស្អាតស្អំហើយការជ្រើសរើសមេធាវីគឺត្រូវផ្អែកលើសមត្ថភាពចំណេះដឹងបទពិសោធក្នុងវិស័យច្បាប់ និងពង្រឹងការងាររដ្ឋបាលមេធាវី។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកដែលអង្គការមិនយកប្រាក់កម្រៃមួយនេះតែងតែជួលមេធាវីឲ្យជួយការពារក្តីឲ្យប្រជាពលរដ្ឋក្រីក្របានកត់សម្គាល់ពីដំណើរការបោះឆ្នោតជ្រើសរើសគណៈមេធាវីកាលពីម្សិលមិញថា នីតិវិធីនៃការបោះឆ្នោតដែលគណៈមេធាវីបានរៀបចំធ្វើគឺបានផ្តល់ឱកាសសម្រាប់បេក្ខភាពដែលមានធនធាន មានឱកាសច្រើនក្នុងការកៀរគររកការគាំទ្រពីសមាជិកគណៈមេធាវីដោយមានការអញ្ជើញទៅចូលរួមពិធីជប់លៀង ខណៈដែលលោក សំ សុគង់ មិនមានធនធានសម្រាប់ប្រកួតប្រជែង។
លោកបញ្ជាក់ថា ការប្រកួតប្រជែងជ្រើសរើសប្រធានគណៈមេធាវីគឺហាក់ដូចជាការប្រកួតប្រជែងផ្នែកនយោបាយ ដោយសារស្ថាប័ននេះគេឃើញមាននិន្នាការនយោបាយ។
«យើងឃើញការរៀបចំការបោះឆ្នោតមានលក្ខណៈល្អ តែឱកាសក្នុងការកៀរគរមិនមានភាពស្មើគ្នានៅឡើយទេ...ស្ថាប័នគណៈមេធាវីគឺឯករាជ តែយើងឃើញថា មានការពាក់ព័ន្ធថ្នាក់ដឹកនាំនយោបាយនៅស្ថាប័ននោះដូច្នេះការបោះឆ្នោតនេះមិនបានប្រជែងគ្នាផ្នែកសមត្ថភាព ចំណេះដឹង ឬជំនាញទេគឺប្រណាំងប្រជែងគ្នាទៅដោយនិន្នាការបក្សនយោបាយទៅវិញ»៕