ភ្នំពេញៈ តុលាការ​កំពូល​បាន​តម្កល់​ទោស​លោក សួន សេរីរដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ឲ្យ​ជាប់គុក​ ៥ ​ឆ្នាំ​ដដែល​ភ្លាមៗ បន្ទាប់ពី​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១៨ ខែ​ឧសភា​ក្នុង​សំណុំ​រឿង​ប្រមាថ​កងទ័ព​ប្រព្រឹត្ត​នៅ​ភ្នំពេញ​កាលពី​ឆ្នាំ​ ២០១៦ បើ​ទោះ​ជា​គាត់​បាន​សុំទោស​លោក​នាយក​រដ្ឋមន្ត្រី និង​នាយទាហាន​ក៏ដោយ​។

លោក​ចៅក្រម ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​សាលដីកា​នៅ​ចំពោះ​មុខ​ជន​ជាប់ចោទ​ បន្ទាប់ពី​ថយ​ទៅ​ពិភាក្សា​ថា ក្រោយ​ពី​បាន​ស្តាប់​ការសន្និដ្ឋាន​របស់​តំណាង​មហាអយ្យការ និង​ពី​មេធាវី​របស់​ជនជាប់ចោទ និង​ចម្លើយ​ជនជាប់ចោទ និង​ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​មក​តុលាការ​កំពូល​យល់​ឃើញ​ថា​៖ «​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បានការ​ដដែល​»​។

លោក ច័ន្ទ រ៉ាពិសិដ្ឋ មេធាវី ការពារ​សិទ្ធិ​ឲ្យ​លោក សួន សេរីរដ្ឋា បាន​ថ្លែង​ពី​ម្សិលមិញ​ថា​លោក​មិន​មាន​យោបល់​អ្វី​ពាក់ព័ន្ធ​ការតម្កល់​ទោស​នេះ​ទេ​។

លោក​ថា​៖ «​ខ្ញុំ​គ្មាន​អ្វី​ជម្រាប​ខាង​អ្នក​កាសែត​ផង​។ ​ខ្ញុំ​សូមទោស​គ្មាន​អ្វី​ត្រូវ​និយាយ​ទេ​»​។

គួររំឭក​ថា​លោក សួន សេរីរដ្ឋា ​អាយុ​ ៤៥ ​ឆ្នាំ​កាលពី​ថ្ងៃទី​ ១៥ ​ខែ​មករា​ឆ្នាំ​ ២០០៤ ធ្លាប់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់គុក​ ៧ ​ឆ្នាំ​ចោទ​ពី​បទ​រៀបចំ​គម្រោង​ការ​ផ្តួលរំលំ​រដ្ឋាភិបាល និង​ពិន័យ​ប្រាក់​ ២៥ ​លាន​រៀល​។

ប៉ុន្តែ​កាលពី​ខែ​កក្កដា ឆ្នាំ​ ២០១៥ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែង​ទោស​ហើយ​បាន​ត្រឡប់​មក​កម្ពុជា​វិញ​កាលពី​ខែ​តុលា ឆ្នាំ​ ២០១៥ និង​បាន​បង្កើត​គណបក្ស​មួយ​ឈ្មោះ​គណបក្ស​អំណាច​ខ្មែរ​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ផ្លូវការ​កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០១៥​។

អង្គហេតុ​បង្ហាញ​ថា​ក្រោយ​មក​នៅ​ខែ​សីហា ឆ្នាំ​ ២០១៧ លោក សួន សេរីរដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន បន្ទាប់ពី​លោក​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​រិះគន់​ធ្ងន់ៗ​ដល់​នាយទាហាន​ដែល​មាន​ខ្លឹមសារ​ថា​៖ «​ពេល​សង្គ្រាម​កើតឡើង​ជាមួយ​ប្រទេស​ឡាវ​នោះ លទ្ធផល​វា​ហ្នឹង​មិន​ខុស​ពី​សង្គ្រាម​ដែល​កើតឡើង​ជាមួយ​នឹង​ប្រទេស​សៀម​ទេ គឺ​កូន​ខ្មែរ​កងទ័ព​ជាតិ​នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា​...​ហើយ​មេទ័ព​ចោរ​នឹង​ឡើង​បុណ្យស័ក្តិ​ប្រមូល​បាន​លុយកាក់​សប្បាយ​ជាមួយ​ស្រីញី​យ៉ាង​គគ្រឹកគគ្រេង​។ ​ពីព្រោះ​កន្លង​មក​ដូច​យើង​ដឹង​ហើយ​សង្គ្រាម​ដែល​កើតឡើង​ជាមួយ​នឹង​ប្រទេស​សៀម​គឺ​ស្លាប់​តែ​កូន​ខ្មែរ​អ្នក​ស្នេហា​ជាតិ​ដែល​ចូល​ប្រយុទ្ធ​នៅ​ជួរមុខ​ទេ​។ ​ចំណែកឯ​ពួក​មេៗ​ពាក់​ផ្កាយ និង​កូន​លោក​ធំៗ​ដែល​នៅ​ជួរ​ក្រោយ​ចេញ​មុខ​ចេញ​មាត់​នោះ​ប្រមូល​លុយ​ប្រមូល​លាភ​ហើយ​ដេក​តែ​ម៉ាស៊ីន​ត្រជាក់​ជាមួយ​ស្រី​កំដរ​ក៏​ឡើង​បុណ្យ​ឡើង​ផ្កាយ​ដែរ​...»​។

សំណុំ​រឿង​នេះ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ប្រកាស​សាលក្រម​ផ្តន្ទាទោស​កាលពី​ថ្ងៃទី​ ២៥ ខែ​សីហា​ឆ្នាំ​មុន​ដាក់គុក​ ៥ ​ឆ្នាំ​ដោយ​ចោទ​ ៣ ​ករណី​គឺ​បទ​ញុះញង់​កុំ​ឱ្យ​យោធិន​ស្តាប់​បង្គាប់​តាម​បញ្ញត្តិ​មាត្រា​ ៤៧១ ​ទី​ ២- ​បទ​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព​តាម​បញ្ញត្តិ​មាត្រា​ ៤៧២ និង​​ ៣- ​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​តាម​បញ្ញត្តិ​មាត្រា​ ៤៩៤ និង​មាត្រា​ ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

ប៉ុន្តែ​កាលពី​ថ្ងៃទី​ ១៥ ខែ​ឧសភា​ថ្មីៗ​នេះ​លោក សួន សេរីរដ្ឋា ​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​សុំទោស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយឧត្តម​សេនីយ៍​ព្រម​ទាំង​នាយទាហាន​គ្រប់​រូប​នៃ​កងយោធពល​ខេមរភូមិន្ទ​។

ក្នុង​លិខិត​នោះ​លោក រដ្ឋា បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការ​ធ្វើឲ្យ​ប៉ះពាល់​ដល់​លោក ហ៊ុន សែន និង​កងយោធពល​ខេមរភូមិន្ទ​ហើយ​បាន​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​លើកលែង​ទោស ។

លោក​បាន​បញ្ជាក់​ក្នុង​លិខិត​បង្ហោះ​នោះ​ថា​៖ «​ខ្ញុំបាទ សួន សេរីរដ្ឋា មាន​ការសោកស្តាយ​ដែល​បាន​សរសេរ​នូវ​សារ​នយោបាយ​ផ្សាយ​លើ​ទំព័រ​ហ្វេសបុក​របស់​ខ្ញុំ​កន្លង​មក​ដោយ​មិន​មាន​ការពិចារណា​ឲ្យ​បាន​ដិតដល់​ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​សម្តេច​តេជោ​...​ខ្ញុំបាទ​សុំទោស​ជា​សាធារណៈ​ដោយ​សុខចិត្ត​សុំទោស​ចំពោះ​សម្តេចតេជោ​នាយឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​ ៥» ៕