ស្ទឹងត្រែងៈ នាយឧត្ដមសេនីយ៍ សៅសុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាឱ្យរៀបចំគណៈកម្មការចំពោះកិច្ចដើម្បីស៊ើបអង្កេតករណីដកបញ្ឈរជើង និងចាប់ខ្លួនអតីតមេបញ្ជាការកងរាជអាវុធហត្ថស្រុកសៀមបូកខេត្តស្ទឹងត្រែងដាក់ពន្ធនាគារ។ នេះបើតាមលោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ការបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីស៊ើបអង្កេតនេះធ្វើឡើង បន្ទាប់ពីអ្នកស្រី ប៊ុត កញ្ញា ជាភរិយារបស់លោក វរសេនីយ៍ត្រី ចន សាម៉ន អតីតមេបញ្ជាការកងរាជអាវុធហត្ថស្រុកសៀមបូក ខេត្តស្ទឹងត្រែងបានធ្វើលិខិតសុំអន្តរាគមន៍ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ដើម្បីអន្តរាគមន៍ស្វែងរកភាពយុត្តិធម៌ជូនស្វាមីអ្នកស្រីដោយចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងថា បានដកបញ្ឈរជើង និងចាប់ស្វាមីគាត់ដាក់ពន្ធនាគារ។
លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក កាលពីព្រឹកម្សិលមិញថា៖ «ពាក់ព័ន្ធនឹងរឿងហេតុនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យរៀបចំគណៈកម្មការចំពោះកិច្ចចុះធ្វើការត្រួតពិនិត្យហើយ»។
លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបដិសេធធ្វើអត្ថាធិប្បាយបំភ្លឺជុំវិញករណីនេះដោយបង្វែរសំណួរឲ្យទៅសួរ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ។
បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ឲ្យដឹងថា គណៈកម្មការចំពោះកិច្ចកំពុងរៀបចំស៊ើបអង្កេតទៅលើករណីនេះហើយនៅពេលបិទបញ្ចប់ការស៊ើបអង្កេតនឹងផ្សព្វផ្សាយពីលទ្ធផល។
លោកបានបញ្ជាក់ថា៖ «នៅពេលគេធ្វើចប់ គេនឹងផ្សាយព័ត៌មាននេះ»។
គួររំឭកថាកាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំនេះ អ្នកស្រី ប៊ុត កញ្ញា បានធ្វើលិខិតសុំអន្តរាគមន៍ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ដើម្បីឲ្យជួយរកយុត្តិធម៌ជូនស្វាមីគាត់ ដោយអ្នកស្រីបានបញ្ជាក់ថានៅក្នុងអំឡុងឆ្នាំ ២០១៥ លោក វរសេនីយ៍ត្រី ចន សាម៉ន ជាស្វាមីដែលកាលនោះជាមេបញ្ជាការកងរាជអាវុធស្រុកសៀមបូក ត្រូវបានដកបញ្ឈរជើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តអស់រយៈពេលជិត ៥ ឆ្នាំ ដោយចោទថា មិនគោរពបទបញ្ជា។
អ្នកស្រីបានបន្តថាបន្ទាប់មកគេបានបញ្ជូនស្វាមីអ្នកស្រីឲ្យទៅធ្វើការនៅតំបន់ព្រំដែនក្នុងស្រុកសៀមប៉ាងជាបណ្តោះអាសន្ន ហើយនៅទីនោះស្វាមីអ្នកស្រីបានចែកគ្រាប់កាំភ្លើងឲ្យទៅមន្ត្រីកងកម្លាំងដូចគ្នា តែត្រូវបានមេបញ្ជាការកងរាជអាវុធហត្ថខេត្តចោទប្រកាន់ថាលក់គ្រាប់ខុសច្បាប់ ហើយដាក់ពិន័យនៅបន្ទាយអស់រយៈពេលជិត ៥ ឆ្នាំ។
លិខិតនោះបញ្ជាក់ថា៖ «ទើបតែនៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩ លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី (បានហៅគ្រួសារនាងខ្ញុំ) ឲ្យធ្វើពាក្យស្នើសុំទៅបម្រើការងារនៅអូរវែង ឬស្នើសុំជានាយរងសេនាធិការ តែគ្រួសារខ្ញុំមិនព្រម គាត់សុំទៅជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកសៀមបូកវិញដដែល»។
តាមលិខិតដដែលថា បន្ទាប់ពីស្វាមីអ្នកស្រីមិនព្រមធ្វើតាមក៏កើតជាកំហឹង រហូតដល់លោក អៀង វ៉ាន់ឌី ឈប់និយាយរកគាត់ (ស្វាមី) ហើយបានឲ្យកម្លាំងចាប់ខ្លួនស្វាមីអ្នកស្រីឈ្មោះ ចន សាម៉ន បញ្ជូនទៅឃុំឃាំងដោយឲ្យស្លៀកខោខ្លី ២ យប់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដោយចោទប្រកាន់ពីរឿងលក់គ្រាប់កាំភ្លើង និងបានលុបឈ្មោះចេញពីក្របខ័ណ្ឌ៕