កំពង់ស្ពឺៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកាលពីម្សិលមិញដោយអះអាងថា គណបក្សប្រជាជនកម្ពុជាមានសមាជិកជាង ៥ លាននាក់ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតប្រមាណជាង ៨ លាននាក់គឺគ្រប់គ្រាន់សម្រាប់ភាគរយទៅបោះឆ្នោត ខណៈលោក សម រង្ស៊ី អះអាងថារបបផ្ដាច់ការរបស់លោក ហ៊ុន សែន នឹងជិតមកដល់ទីបញ្ចប់ដោយប្រៀបធៀបទៅនឹងការបោះឆ្នោតនៅប្រទេសវ៉េណេស៊ុយអេឡា ដែលមានអត្រាអ្នកទៅបោះឆ្នោតតិចជាង ៥០ ភាគរយ។
លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោកកាលពីថ្ងៃទី ២២ ខែឧសភា ថា យុទ្ធនាការរបស់គណបក្សប្រឆាំងអំពាវនាវ ប្រជាពលរដ្ឋឲ្យធ្វើពហិការនៃការបោះឆ្នោតទទួលបានជោគជ័យក្នុងការបោះឆ្នោតក្លែងក្លាយដែលបានកើតឡើងនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា (Venezuela ទ្វីបអាមេរិកខាងត្បូង) ពីថ្ងៃអាទិត្យ ២០ ឧសភា ២០១៨ កន្លងទៅនេះ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជាង ១៩ ៩០០ នាក់មកពីរោងចក្រសហគ្រាសចំនួន ១៧ នៅក្នុងខេត្តកំពង់ស្ពឺកាលពីព្រឹកម្សិលមិញលោក ហ៊ុន សែន ថ្លែងថាយុទ្ធសាស្ត្របាតដៃស្អាតរបស់អតីតគណបក្សប្រឆាំងនឹងមិនទទួលបានជោគជ័យដូចនៅក្នុងប្រទេសវ៉េណេស៊ុយអេឡានោះទេ ដោយអះអាងថាស្ថានភាពអ្នកបោះឆ្នោតនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាខុសគ្នាស្រឡះពីប្រទេសកម្ពុជា។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំមិនចង់ឆ្លងឆ្លើយជាមួយអ្នកណាទេ ក៏ប៉ុន្តែអ្នកត្រូវចាំឲ្យច្បាស់ ចាំមើល បើកភ្នែកឲ្យធំៗ រង់ចាំថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។ អ្នកចាំមើលទៅរឿងនៅវ៉េណេស៊ុយអេឡាគឺជារឿងផ្សេង រឿងនៅកម្ពុជាគឺសមាជិកគណបក្សប្រជាជនទាំងអស់។ គ្រាន់តែសមាជិកគណបក្សប្រជាជនទៅបោះឆ្នោតវាគ្រប់គ្រាន់ និងច្រើនលើសលប់ជាភាគរយទៅហើយ។ អ្នកត្រូវចាំរឿងនេះឲ្យច្បាស់ យុទ្ធសាស្ត្របាតដៃស្អាតរបស់អ្នក ពិតជាមានកំហុស ហើយបើនិយាយពីបច្ចេកទេសនៃអ្នកបោះឆ្នោត ខ្ញុំគួរតែរុញទូកបណ្ដោយទឹកឲ្យអ្នកតែម្ដងទៅ»។
លោកថ្លែងថានៅកម្ពុជាគណបក្សប្រជាជនកម្ពុជាមានសមាជិកជាង ៥ លាននាក់ក្នុងចំណោមប្រជាជនប្រមាណ ៨ លាននាក់ដែលទៅចុះឈ្មោះបោះឆ្នោត ដែលជាចំនួនច្រើនលើសលប់ ហើយក៏មិនចង់ឲ្យពលរដ្ឋដែលមិនគាំទ្រគណបក្សប្រជាជនកម្ពុជាធ្វើពហិការក្នុងការបោះឆ្នោតដែរ ព្រោះចង់ឲ្យពួកគេចេះប្រើសិទ្ធិក្នុងនាមជាពលរដ្ឋ។
លោកថ្លែងថា៖ «ខ្ញុំគ្រាន់តែឲ្យអ្នកភ្លឺភ្នែកថា គ្រាន់តែសមាជិក សមាជិកាគណបក្សប្រជាជនមានជាង ៥ លាននាក់ក្នុងចំណោមអ្នកបោះឆ្នោតជាង ៨ លាននាក់ដូច្នេះអ្នកមិនអាចទៅរួចទេ»។
លោក ហ៊ុន សែន អះអាងថាគណបក្សប្រឆាំងបានប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដែលកំពុងកាន់កាប់ដោយគណបក្សប្រជាជនកម្ពុជាម្ដងរួចហើយក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ តាមរយៈកម្លាំងមហាជនចូលរួមធ្វើបាតុកម្ម ប៉ុន្តែមានពលរដ្ឋភាគតិចប៉ុណ្ណោះបានចូលរួម។
លោកបន្តថា៖ «កន្លងទៅអ្នកបានធ្វើរួចស្រេចទៅហើយ ២០១៣ មនុស្ស ១៥ លាននាក់ អ្នកឯងរកបានប៉ុន្មានម៉ឺននាក់មកធ្វើបាតុកម្មនេះអ្នកបានធ្វើរួចហើយ ប៉ុនប៉ងផ្ដួលរំលំរួចហើយ អ្នកធ្វើមិនបានក្នុងពេលដែលអ្នកបានដឹកនាំ ហើយបរទេសគាំទ្រទៀតផង អ្នកធ្វើមិនកើត។ ពេលនេះដងខ្លួនរបស់អ្នក ឆ្អឹងខ្នងរបស់អ្នកត្រូវវ៉ៃបំបាក់ កប់ទៅជាខ្មោចហើយអ្នកទៅនៅក្រៅប្រទេសអ្នកមិនអាចធ្វើរឿងនេះបានទេអ្នកត្រូវចាំ។ មេបញ្ជាការទ័ពគេនៅក្បែរទ័ព ទើបគេអាចបញ្ជាកងទ័ពទៅរួច អ្នកទៅតាមអាហ្វេសប៊ុកទៅមិនរួចទេ»។
លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកដោយប្រៀបធៀបកម្ពុជាទៅនឹងប្រទេសវ៉េណេស៊ុយអេឡាក្នុងទ្វីបអាមេរិកខាងត្បូងដែលធ្លាប់គ្រប់គ្រងដោយអំណាចផ្តាច់ការដឹកនាំដោយប្រធានាធិបតីលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro)។ លោក នីកូឡាស ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីក្រោយការបោះឆ្នោតថ្មីៗនេះ ប៉ុន្តែលទ្ធផលបោះឆ្នោតត្រូវបានច្រានចោលដោយបស្ចិមប្រទេសភាគច្រើន ពិសេសអាមេរិក។ ជាការកត់សម្គាល់អត្រាអ្នកទៅបោះឆ្នោតនៅប្រទេសនេះមានប្រមាណតែជាង ៤៦% ដែលជាអត្រាមួយដ៏ទាបមិនធ្លាប់មានទេ នៅក្នុងប្រវត្តិនៃការបោះឆ្នោតកន្លងមកនៅប្រទេសនេះ។
លោក សម រង្ស៊ី ថ្លែងថា៖ «តាំងពីយូរឆ្នាំមកហើយ ប្រទេសវ៉េណេស៊ុយអេឡា ត្រូវបានគ្រប់គ្រងដោយរបបផ្តាច់ការដូចប្រទេសកម្ពុជាអ៊ីចឹងដែរ។ របបផ្តាច់ការនោះតែងតែរៀបចំការបោះឆ្នោតក្លែងក្លាយដើម្បីបន្តកាន់អំណាចដោយបំភ្លៃឆន្ទៈប្រជារាស្ត្រ។ តែក្នុងការបោះឆ្នោតចុងក្រោយនេះប្រជាពលរដ្ឋភាគច្រើនបានធ្វើតាមសេចក្តីអំពាវនាវរបស់គណបក្សប្រឆាំងគឺមិនទៅបោះឆ្នោត ហើយក៏បានធ្វើឲ្យការបោះឆ្នោតក្លែងក្លាយនោះទទួលបរាជ័យ ដោយសារតែអ្នកមិនទៅបោះឆ្នោត (៥៣ ភាគរយ) ច្រើនជាងអ្នកទៅបោះឆ្នោត (៤៧ ភាគរយ)»។
លោកអះអាងថា៖ «សហគមន៍អន្តរជាតិបានច្រានចោលលទ្ធផលនៃការបោះឆ្នោតក្លែងក្លាយនេះ ហើយបានថ្កោលទោសព្រមទាំងដាក់ទណ្ឌកម្មបន្ថែមទៅលើរបបផ្តាច់ការនៅប្រទេសវ៉េណេស៊ុយអេឡា។ ចំពោះប្រទេសកម្ពុជាក្រោយថ្ងៃ ២៩ កក្កដា ២០១៨ ក៏អ៊ីចឹងដែរគឺរបបផ្តាច់ការមកដល់ទីបញ្ចប់របស់វាហើយ»។
លោក សម គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថា និកហ្វិក ថ្លែងថានៅកម្ពុជាគ្មានច្បាប់ណាកំណត់អត្រាអ្នកទៅបោះឆ្នោតនោះទេ ប៉ុន្តែភាពស្របច្បាប់របស់រដ្ឋាភិបាលថ្មីនឹងត្រូវចោទជាសំណួរបើអត្រាអ្នកទៅបោះឆ្នោតមានចំនួនតិចនោះ។
លោកថ្លែងថា៖ «ថ្វីដ្បិតតែគ្មានចែងក្នុងច្បាប់មែនតែលក្ខណៈជាក់ស្ដែងគេសម្លឹងមើលពីឆន្ទៈអ្នកបោះឆ្នោត តើអត្រាអ្នកទៅបោះឆ្នោតក្រោម ៥០ ភាគរយវាឆ្លុះបញ្ចាំងពីអ្នកបោះឆ្នោតយ៉ាងដូចម្ដេច?»។
លោកបន្តថា៖ «ការបោះឆ្នោតនីមួយៗរបៀបប្រជាធិបតេយ្យគេត្រូវការភាពពេញលេញការចូលរួមឲ្យបានគ្រប់ជ្រុងជ្រោយទាំងគណបក្សនយោបាយទាំងអ្នកបោះឆ្នោត សង្គមស៊ីវិល សារព័ត៌មាន។ តាមទស្សនៈខ្ញុំប្រទេសប្រជាធិបតេយ្យពេញលេញដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី គេនឹងពិនិត្យលើកត្ដាទាំងនេះ»។ «យើងប្រឈមបញ្ហាកាលណាគេមិនទទួលស្គាល់មានន័យថាគេមិនបើកចំហគេមិនមកវិនិយោគ ជំនួយនានាក៏គេមិនអាចឲ្យយើងទៀតដែរ បើគេមិនទទួលស្គាល់យើងនោះ»។
ទោះយ៉ាងណារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបិទបញ្ចប់ពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ ២០១៧ និងទិសដៅអនុវត្តឆ្នាំ ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារថា ក្រសួងមហាផ្ទៃនឹងពិនិត្យមើលទិដ្ឋភាពផ្លូវច្បាប់ចំពោះអតីតគណបក្សសង្គ្រោះជាតិ ដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ដើម្បីចាត់វិធានការឲ្យសមស្របពីព្រោះមិនអាចទៅប្តឹងអតីតគណបក្សសង្គ្រោះជាតិបានទេដោយសារគណបក្សនេះត្រូវបានរំលាយដោយតុលាការរួចហើយ។
លោក ស ខេង ថ្លែងថា៖ «ខ្ញុំគិតថាគណបក្សសង្គ្រោះជាតិជាគណបក្សមួយដែលច្បាប់ និងតុលាការបានរំលាយហើយ អ៊ីចឹងហើយយើងនឹងពិនិត្យមើលទិដ្ឋភាពយ៉ាងណាដើម្បីឲ្យសមស្របពីព្រោះមិនអាចថាទៅប្តឹងគណបក្សសង្គ្រោះជាតិ ប្តឹងម៉េចពីព្រោះគណបក្សហ្នឹងរំលាយហើយ»។ «ជំនាញមិនទាន់ឲ្យខ្ញុំទេ ប៉ុន្តែអានេះវាមិនមានអ្វីថ្មីទេ គ្រាន់តែថាយើងមើលនៅក្នុងច្បាប់បោះឆ្នោត វាមាននិយាយអំពីរឿងនេះ។ គេមាននិយាយអំពីទោសទណ្ឌអ្នកដែលរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត»។
យោងតាមច្បាប់បោះឆ្នោតត្រង់មាត្រា ១៤២ បានចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ២០ លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលធ្វើគ្រប់មធ្យោបាយទុច្ចរិត រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោត ឬ រារាំងមិនឲ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។ បង្កការអុកឡុក ឬរារាំងសកម្មភាពជាប្រក្រតីក្នុងកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត។ ឲ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោតប្រព្រឹត្តអំពើរំលោភបំពានអំពើគំរាមកំហែងអំពើហិង្សាទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដទៃ។ រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត។
គ.ជ.ប បានព្រមានចាត់វិធានការចំពោះអង្គការល្បីឈ្មោះ ២ ដែលមានជំនាញឃ្លាំមើលការបោះឆ្នោតក្នុងករណីអង្គការទាំងនេះចេញរបាយការណ៍ណាមួយ ពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោត ខណៈដែលពួកគេមិនបានចូលរួមសង្កេតការណ៍ក្នុងអំឡុងពេលបោះឆ្នោតនោះក្រោយមានការព្រមានចាត់វិធានការផ្លូវច្បាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលដែលអង្គការទាំង ២ បានបង្កើតបន្ទប់ស្ថានការណ៍ដែលមានអង្គការជាច្រើនចូលរួមជាសមាជិក ហើយបានវាយតម្លៃពីចំណុចអវិជ្ជមានខ្លះៗនៃការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនាឆ្នាំមុន។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃកាលពីម្សិលមិញបានព្រមានចាប់ខ្លួនអ្នកអំពាវនាវពីក្រៅប្រទេសមិនឲ្យពលរដ្ឋទៅបោះឆ្នោតដូចជាលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក យ៉ែម បុញ្ញឫទ្ធិ នៅពេលណាពួកគេហ៊ានត្រឡប់ចូលប្រទេសវិញ៕