កំពង់ស្ពឺ/កោះកុងៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា អ្នក​ដែល​ជេរប្រមាថ​រូប​លោក​ច្រើន​ជាង​គេ​គឺ​ពួក​ខ្មែរក្រហម ហើយ​ចុង​ក្រោយ​ពួកគេ​ខ្លះ​បាន​ស្លាប់​ដោយ​រក​ដី​កប់​ពុំ​បាន ខណៈ​អ្នក​ជេរ​លោក​ខ្លះ​ផ្សេង​ទៀត​ «​ត្រូវ​រន្ទះបាញ់​ស្លាប់​» ដូចជា​អ្នក​នៅ​តំបន់​អារ៉ែង​ក្នុង​ខេត្ត​កោះកុង​ជាដើម​។

នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​នឹង​កម្មករ កម្មការិនី ១៩៩៤៩ នាក់​នៅក្នុង​ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ​កាលពី​ម្សិលមិញ​លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​អ្នក​ដែល​ជេរប្រមាថ​ លោក​ច្រើន​ជាង​គេ​គឺ​ពួក​ខ្មែរក្រហម តែ​ចុងក្រោយ​ពួកគេ​ខ្លះ​បាន​ស្លាប់​ដោយ​រក​ដី​កប់​មិន​បាន ដូចជា ប៉ុល ពត ​ជាដើម​ហើយ សុន សេន​ «​ងាប់​តាយហោង​ដោយសារ​តែ​ការ​ពាល​ស៊ី​ពាល​ពួក​ ប៉ុល ពត ​បាន​បាញ់​សម្លាប់​ សុន សេន ទាំង​ពូជ​តែ​ម្តង​»​។ លោក​បន្ត​ថា​ថ្នាក់ដឹកនាំ​ក្នុង​របប​ ប៉ុល ពត ​ក្រៅពី​នោះ​ត្រូវ​ទទួល​រង​ការកាត់ទោស និង​ខ្លះ​ទៀត​បាន​ធ្វើ​សមាហរណកម្ម​ចូលរួម​រស់​ជាមួយ​រដ្ឋាភិបាល​។

លោក​នាយករដ្ឋមន្ត្រី​ថ្លែង​​ថា​៖ «​ដូច្នេះ​អ្នក​ដែល​ប្រទេច​ផ្តាសា​ពូ ក៏​ពូ​គិត​ថា​នឹង​ទទួល​រង​នូវ​ផល​ដែល​ពួកគេ​បាន​សាង​។ ពួក​ ប៉ុល ពត ដូច​គ្នា​ដែរ​។ គ្មាន​អ្នក​ណា​ជេរ​ពូ​ជាង​ពួក​ ប៉ុល ពត ​ទេ ហើយ​បើ​និយាយ​ពី​ ខៀវ សំផន ​វិញ​ថ្ងៃ​ចរចា​ជេរ​ ហ៊ុន សែន ​យ៉ាង​តិច ២០ ​ដង​។ ឲ្យ​តែ​ចរចា គឺថា​អង្គុយ​ជេរ​តែ​ម្តង​»​។ ប៉ុន្តែ​ដល់​ទីបញ្ចប់​លោក​ ខៀវ សំផន អតីត​ប្រមុខរដ្ឋ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​បាន​នាំ​គ្រួសារ​ទៅ​ចុះ​ចូល​ជាមួយ​នឹង​លោក​ដល់​ផ្ទះ​តែ​ម្តង​។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​មាន​អ្នក​គ្រូពេទ្យ​ម្នាក់​បាន​ឆ្ងល់​ពី​មូលហេតុ​ដែល​រន្ទះបាញ់​មនុស្ស​ស្លូតត្រង់​នៅ​តំបន់​អារ៉ែង​ក្នុង​ខេត្ត​កោះកុង​។

លោក​មាន​ប្រសាសន៍​ថា​៖ «​អ្នកគ្រូពេទ្យ ខ្ញុំ​សុំ​ផ្តាំ​ទៅ ខ្ញុំ​បាន​ស្តាប់ឮ​ហើយ​ក្នុង​ការ​និយាយ​ថា ម៉េច​បាន​រន្ទះបាញ់​សម្លាប់​អ្នក​នៅ​អារ៉ែង ព្រោះ​ហ្នុង​ជា​សមាជិក​បក្សប្រឆាំង រន្ទះបាញ់​។ បាន​ខ្ញុំ​មើល​ឃើញ​អាហ្នឹង​ស្តាប់ឮ​អាហ្នឹង ខ្ញុំ​ថា​មកពី​ជេរ ហ៊ុន សែន ច្រើន​ពេក​! ជួនកាល​រាសី​មិន​ដល់​វា​អ៊ីចឹង​ដែរ​ណា​! ជួនកាល​ជេរ ហ៊ុន សែន ស្រាប់​តែ​ភ្លូក​ឡាន​ងាប់​បាត់ ជួនកាល​រន្ទះបាញ់ ខ្សែភ្លើង​ឆក់ ភ្លើង​ឆេះ​ផ្ទះ​អ៊ីចឹង​ទៅ​»​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​រន្ទះ​បាន​បាញ់​ស្លាប់​មនុស្ស​ចំនួន​ ៥ ​នាក់ និង​ឆ្កែ​ ៣ ​ក្បាល​នៅ​តំបន់​អារ៉ែង​។ ក្នុង​នោះ​មាន​ក្មេង​ម្នាក់​អាយុ​ ៤ ​ឆ្នាំ​ផង​ដែរ​។

លោក Alejandro Gonzalez Davidson ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​នៅ​ក្នុង​តំបន់​អារ៉ែង​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​កម្ពុជា​បាន​យល់​ឃើញ​ថា​លោក​នាយក​រដ្ឋមន្ត្រី​បាន​យល់​ខុស ចំពោះ​ឧប្បត្តិហេតុ​រន្ទះបាញ់​នៅ​អារ៉ែង​នោះ​ព្រោះ​ថា អ្នក​ដែល​ត្រូវ​រន្ទះបាញ់​នោះ​មិនមែន​មាន​តែ​មនុស្ស​ចាស់​ទេ​គឺ​មាន​ទាំង​កូនក្មេង និង​ឆ្កែ​ជាដើម​។

លោក Alejandro ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​យ៉ាង​ច្បាស់​បាន​ចោទ​សួរ​ថា​៖ «​ក្នុង​ករណី​រន្ទះបាញ់​ហ្នឹង មាន​ក្មេង​ស្លាប់​ដែរ និង​ឆ្កែ​ងាប់​ដែរ​។ អ៊ីចឹង​សួរ​ថា​ក្មេង និង​ឆ្កែ​ដែល​ស្លាប់​ហ្នឹង​ជា​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ដែរ​ឬ​យ៉ាង​ម៉េច​? វា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​»​។

លោក Alejandro បាន​ថ្លែង​ដូច្នេះ​ទៀត​ថា​៖ «​ខុស​ទាំងស្រុង​ព្រោះ​ថា​ប្រជាជន​នៅ​អារ៉ែង​ហ្នឹង​មិន​ដែល​ជេរ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទេ​គឺ​គេ​មាន​ទម្លាប់​ប្រពៃណី​គោរព​អ្នក​ដទៃ​។ គេ​មិន​ដែល​ជេរ​គេ​ផ្តេសផ្តាស​ទេ ពិសេស​គឺ​នាយករដ្ឋមន្ត្រី​គឺ​គេ​មាន​តែ​គោរព និង​ខ្លាច​ហ្នឹង​»​។

លោក Alejandro ក៏​បាន​ថ្លែង​ផង​ដែរ​ថា អ្នក​ដែល​ស្លាប់​មិនមែន​ជា​សមាជិក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ហើយ​ថា​តាំងតែ​ពី​មុន​មក​នៅ​អារ៉ែង​ប្រជាពលរដ្ឋ​មាន​តែ​គោរព និង​ស្រឡាញ់​លោក​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​នេះ​លោក​មិន​ដឹង​នោះ​ទេ​។ លោក​បាន​បញ្ជាក់​ថា​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​គឺជា​ការមិន​គោរព​ដល់​សព​របស់​ជនរងគ្រោះ​៕