ភ្នំពេញ: លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៧ ឧសភា ខាងមុខនេះ នឹងធ្វើដំណើរទៅទីក្រុងបាងកក ប្រទេស ថៃ ដើម្បីចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) ក្រោមប្រធានបទ «ការផ្ដល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព»។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីម្សិលមិញបានឲ្យដឹងថា លោក ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំកម្មវិធីរបស់ UN-ESCAP ក្រោមប្រធានបទ «ការផ្ដល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព។
លោក កេត សុផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីម្សិលមិញបានថ្លែងដោយទទួលស្គាល់ពីសមិទ្ធផលដែលកម្ពុជាសម្រេចបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម UN-ESCAP បានអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកសន្និបាត ដោយផ្តោតជាសំខាន់ទៅលើបទពិសោធរបស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលបានលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប។
លោក សុផាន់ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ «នៅក្នុងកម្មវិធីនេះ សម្ដេចនឹងលើកយកពាក្យគន្លឹះសំខាន់ៗទាក់ទងភាពរីកចម្រើននៃសង្គមកម្ពុជា ដែលបានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកស្ទួយកម្រិតជីវភាពរបស់ពលរដ្ឋយើង ហើយចំពោះព័ត៌មានលម្អិត សូមរង់ចាំសម្ដេចឡើងថ្លែងរួចរាល់សិន»៕