ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃទី ២៩-៣១ ​ឧសភា​ ​ដើម្បី​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី២៥​ ស្ដីពី​អនាគត​របស់​អាស៊ី ​ដែល​ត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី ៣០​-៣១។ ក្រៅពី​នេះ​ លោក​ក៏​នឹងត្រូវ​ជួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុនលោក​ ស៊ីនហ្សូ អាបេ ​ធ្វើជា​សាក្សី​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ព្រមព្រៀង​មួយចំ​នួន​រវាង​កម្ពុជា-ជប៉ុន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​​ថ្ងៃទី​ ២៤​ ឧសភា​ បញ្ជាក់ថា ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន សែន ​នៅប្រទេស​ ជប៉ុន ​នឹង​អមដំណើរ​ដោយ​លោក​ ប៉ាន សូរ​ស័ក្ដិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ រួមទាំង​មន្ត្រី​ជាន់ខ្ពស់ ​និង​ថ្នាក់​ដឹកនាំ​ធុរកិច្ច​កម្ពុជា​មួយ​ចំនួន​ទៀត។

ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ​ស្ដីពី​អនាគត​អាស៊ី​ឆ្នាំ​ ២០១៩ ​ក្នុង​ទីក្រុង​តូ​ក្យូ​នេះ​លោក​ ហ៊ុន សែន ​នឹង​ថ្លែង​សុន្ទរកថា​អំពី​ការស្វែង​រក​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី ​ការ​ជម្នះភាពវឹកវរ ​បរិបទ​សកលលោក​បច្ចុ​ប្បន្ន ​ចក្ខុវិស័យ​នាពេល​អនាគត ​និង​ការប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​រួមចំណែក​លើក​កម្ពស់​សុខ​ដុម ​សន្ដិភាព​ និង​វិបុលភាព​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​និង​ក្នុង​ពិភពលោក។

ស​ន្និសីទ​អន្តរជាតិ​ស្ដីពី​អនាគត​របស់​អាស៊ី ​ត្រូវបាន​គេ​ចាត់ទុកថា ​ជា​សន្និសីទ​ពិភពលោក​ដ៏​សំខាន់​មួយ ​ដែល​បានរៀបចំ​ឡើងជា​រៀង​រាល់ឆ្នាំ​ក្នុង​ប្រទេស​ ជប៉ុន​ ដោយ​ទស្សនាវដ្ដី​សេដ្ឋកិច្ច​ជប៉ុន​ឈ្មោះ ​NIKKEI ចាប់ពី​ឆ្នាំ ១៩៩៥ ​ដើម្បី​ឱ្យ​ក្រុម​មេដឹកនាំ​ខាង​សិក្សា​ស្រាវជ្រាវ​ សេដ្ឋកិច្ច ​និង​នយោបាយ ​ជួប​ប្រជុំគ្នា​ដើម្បី​ផ្ដល់​គំនិត​ដោយ​ស្មោះ​ត្រង់​ និង​សេរី​ជុំវិញ​បញ្ហា​កំពុង​កើតឡើង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​និង​តួនាទី​របស់​អាស៊ី​នៅ​ក្នុង​ពិភពលោក។

លោក​ ហ៊ុន សែន ​ក្រោយពី​មាន​ភារកិច្ច​ក្នុង​សន្និសីទ​អន្តរជាតិ​នេះ​ លោក​នឹងត្រូវ​ឆ្លៀត​ជួប​ជាមួយ​លោក ស៊ីន​ហ្សូ អាបេ ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី តំបន់ ​និង​អន្តរជាតិ​ មុន​មេដឹកនាំ​ទាំង ២ នេះ​ ត្រូវ​អញ្ជើញ​ធ្វើជា​សាក្សី​ចុះហត្ថលេខា​លើ​លិខិត​ផ្លាស់ប្ដូរ​សារ​ព្រមព្រៀង​ស្ដីពី​ការផ្ដល់​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ចំនួន ២។

ការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម។ សាងសង់​ស្ថានីយ​កុង​តឺ​ន័រ​ក្នុង​ទំហំ​ទឹកប្រាក់​ ២០០ លាន​យ៉េន​ជប៉ុន ​និងការអនុវត្ត​គម្រោង​អាហា​រូប​ករណ៍​អភិវឌ្ឍធនធាន​មនុស្ស​ដែល​ទំហំ​ទឹកប្រាក់ ​៣៣៩ លានយ៉េន​ជប៉ុន។

ក្រៅពីនេះ​ លោក​ ហ៊ុន សែន ក៏​នឹងត្រូវ​ថ្លែង​សុន្ទរកថា​ដាច់​ដោយ​ឡែក​ក្នុង​សិក្ខាសាលា​ស្ដីពី​ការវិនិយោគ​នៅ​កម្ពុជា​ ដែល​សហ​ការ​រៀបចំ​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អង្គការ​ពាណិជ្ជកម្ម​​ក្រៅ​ប្រទេស​ជប៉ុន (JETRO) ​និង​ធនាគារ (Mizuho)។

ទោះជា​យ៉ាងណា ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន ក៏​កំពុង​ត្រៀម​ប្រ​មូលផ្ដុំ​ដើម្បី​ប្រឆាំង​វត្តមាន​របស់​លោក​ ហ៊ុន សែន ​ក្នុងពេល​បំពេញ​ទស្សនកិច្ច​ការងារ​នេះដែរ។

លោក​ ហៃ វណ្ណា ​ប្រធាន​ចលនា​យុវជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ​ការតវ៉ា​នេះ ​ដោយសារ​លោក​ ហ៊ុន សែន​ មិន​មែនជា​នាយករដ្ឋមន្ត្រី​ស្រប​ច្បាប់​ ដែល​កើតចេញពី​ការបោះ​ឆ្នោត​ដោយ​សេរី ​ត្រឹមត្រូវ​និង​យុត្តិធម៌។ ​

លោក​ថា​៖ «យើង​ចង់​ប្រាប់​ទៅ​មហាជន​ ពិសេស​ពលរដ្ឋ​ជប៉ុន ​និង​កាសែត​នី​កេ​ជប៉ុន​ថា ​ជន​ផ្ដាច់ការ​ដូច​លោក​ ហ៊ុន សែន ​មិនគួរណា​អញ្ជើញ​មក​ជប៉ុន​ជា​លើក​ទី​២ ​ទៀត​ទេ​ ហើយ​យើង​នៅតែ​ប្រកាន់​ជំហរ ​យើង​ជា​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ ជប៉ុន ​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី ២៩ ​ខែ កក្កដា​ ឆ្នាំ ២០១៨ ដាច់​ខាត»។

លោក ​ផៃ ស៊ី​ផាន ​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​លើកឡើងថា​ វា​ជា​រឿង​ធម្មតា​សម្រាប់​ប្រទេស​ប្រជា​​​ធិបតេយ្យ ​គឺ​សិទ្ធិ​សម្ដែង​មតិយោបល់​អាច​ធ្វើឡើង​គ្រប់​ទីកន្លែង។​ ការ​ត្រៀម​ធ្វើបាតុកម្ម​ប្រឆាំង​លោក​ ហ៊ុន សែន បង្ហាញថា ​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ។

លោក​​បញ្ជាក់​ថា​៖ «​ការ​លើកឡើង​របស់ ​[ហៃ វណ្ណា] ​គឺ​ចង់​ក្លាយទៅជា​ឧទ្ទាម​ហើយ ​ដែល​ប្រឆាំង​តាំងពី​ការ បោះ​ឆ្នោត​ ហើយ​អាហ្នឹង​ដែល​បង្ហាញ​អំពី​ការពុតត្បុត​របស់​ក្រុម​ហ្នឹង​ឯង ​ហើយ​អ្វីដែល​គេ​ចង់​ធ្វើ ​គឺ​បំបាក់មុខ​នាយករដ្ឋមន្ត្រី ​ដែល​កើតឡើង​ចេញពី​ការ​បោះឆ្នោត​នេះឯង»។

លោក​ ឡៅ ម៉ុងហៃ​ អ្ន​កវិ​ភាគ​នយោបាយ​យល់ឃើញថា​ ថ្វីដ្បិត​លោក ​ផៃ ស៊ីផាន ថា ​ការតវ៉ា​ក្នុង​ប្រទេស​ ជប៉ុន បង្ហាញ​ថា​កម្ពុជា​កំពុង​ស្ថិតក្នុង​របប​លទ្ធិប្រជា​ធិប​តេយ្យ ​ប៉ុន្តែ​លោក​បញ្ជាក់ថា ​ប្រសិនបើ​កម្ពុជា​មានការតវ៉ា​ស្រដៀង​គ្នានេះ​ គឺ​តែងត្រូវ​អាជ្ញាធរ​ហាម​ឃាត់។

លោក​ថ្លែងថា​៖ «​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​ គឺ​កំពុង​រស់​នៅ​ក្នុង​ប្រទេស ​ជប៉ុន​ ដែល​ជា​ប្រទេស​លទ្ធិ​ប្រជា​ធិ​បតេយ្យ​។ ការ​តវ៉ា​របស់​ពួក​គេ​នឹង​មិន​អត់ឱន​ឡើយ ​ប្រសិន​បើធ្វើ​ឡើង​នៅ​កម្ពុជា»។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​យល់​​ថា​ការត្រៀម​តវ៉ា​នេះ​នឹងមិន​ធ្វើឱ្យ​ប៉ះ​ពាល់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន សែន​​ ឡើយ​ ដោយ​លោក​ថា ​ជប៉ុន​មិន​ដែលមាន​ទស្សនៈ​អវិជ្ជមាន​ចំពោះ​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា​នោះ​ទេ។

លោក​​ថា​៖ «​ជាទូទៅ ​គឺ​ជប៉ុន​ចង់ឱ្យ​កម្ពុជា​មាន​ការ​រីកចម្រើន​ ចង់ឱ្យ​កម្ពុ​ជាមាន​ឯកភាព​ជាតិ ​អ៊ីចឹង​ទេ ​គំនិត​នាំឱ្យ​បែកបាក់​ជាតិ ​ខ្ញុំ​យល់ថា ​រដ្ឋាភិ​បាល​ជប៉ុន​មិន​សាទរ​ទេ»៕